ម៉ូសេ និងអើរ៉ុននៅក្នុងវាំងរបស់ផារ៉ោន ដោយ រ៉ូប៊ើត ធី បារេត
និក្ខមនំ ១–៦; មេរៀនទី ៤០
និក្ខមនំ ៥–៦
ការធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ មិនថាលទ្ធផលយ៉ាងណាក៏ដោយ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួល ឬកាន់តែលំបាក ? បន្ទាប់ពីព្រះអម្ចាស់បានត្រាស់ហៅម៉ូសេឲ្យរំដោះអ៊ីស្រាអែលពីការជាប់ឃុំឃាំងដោយពួកអេស៊ីព្ទហើយ ម៉ូសេបានទូលសូមផារ៉ោនឲ្យអនុញ្ញាតឲ្យរាស្ដ្ររបស់ព្រះអម្ចាស់ទៅ ។ លទ្ធផលបានសាកល្បងទាំងសេចក្ដីជំនឿរបស់ម៉ូសេ និងសេចក្ដីជំនឿរបស់ពួកសាសន៍អ៊ីស្រាអែល ។ ប៉ុន្ដែ ម៉ូសេនៅតែបន្ដទុកចិត្តលើព្រះអម្ចាស់ ។ មេរៀននេះអាចជួយអ្នកឲ្យពឹងផ្អែកលើការសន្យារបស់ព្រះអម្ចាស់ មិនថាលទ្ធផលភ្លាមៗទៅជាយ៉ាងណានោះទេ ។
សិក្សាព្រះគម្ពីរ
នៅក្នុងស្ថានភាពខាងក្រោម តើវានឹងត្រូវចំណាយពេលប៉ុន្មាន ដើម្បីឲ្យអ្នកលែងមានការអត់ធ្មត់បាន ?
-
គេហទំព័រមិនដំណើរការទេ ។
-
អ្នកកំពុងតម្រង់ជួរឈរចាំបង់ប្រាក់នៅក្នុងហាងមួយ ។
-
មិត្តភក្តិដែលអ្នកគ្រោងនឹងជួបគ្នានោះបានមកយឺត ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
យើងរស់នៅក្នុងពិភពលោកមួយ ដែលមានលក់អាហារលឿនទាន់ចិត្ត ការផ្ញើសារ ខ្សែភាពយន្តដែលអាចរើសបានតាមចិត្ត និងការឆ្លើយតបភ្លាមៗលើសំណួរជ្រៅៗ ឬសំណួរកំប៉ិកកំប៉ុក ។ យើងមិនចូលចិត្តរង់ចាំនោះទេ ។ មានអ្នកខ្លះមានអារម្មណ៍ថា សម្ពាធឈាមរបស់ពួកគេបានឡើង នៅពេលពួកគេឈរតម្រង់ជួរទិញអីវ៉ាន់នៅហាងលក់គ្រឿងទេស ដោយរំកិលទៅមុខយឺតជាងអ្នកដែលនៅជុំវិញពួកគេ ។ ( « Continue in Patience » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ៥៦ )
បន្ទាប់ពីទទួលបានសំណើពីម៉ូសេរួច ស្ដេចផារ៉ោនបានទ្វេគុណបន្ទុកការងាររបស់ពួកសាសន៍អ៊ីស្រាអែល ( សូមមើល និក្ខមនំ ៥:៦–៩ ) ។ ហើយមិនគួរឲ្យភ្ញាក់ផ្អើលឡើយ ការណ៍នេះបានធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនខឹងសម្បារនឹងម៉ូសេ ( សូមមើល និក្ខមនំ ៥:២០–២១ ) ។
-
នៅពេលខ្ញុំមិនឃើញពរជ័យភ្លាមៗបន្ទាប់ពីការគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខ្ញុំមានអារម្មណ៍ថា …
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមនេះអំពីពរជ័យរបស់ព្រះ ៖
អ្នកខ្លះយល់ខុសចំពោះអត្ថន័យនៃការសន្យារបស់ព្រះថា ការស្តាប់បង្គាប់ទ្រង់អាចផ្តល់លទ្ធផលច្បាស់លាស់តាមកាលវិភាគជាក់លាក់ ។ ពួកគេប្រហែលជាគិតថា « បើខ្ញុំខិតខំបម្រើបេសកកម្មពេញម៉ោង នោះព្រះនឹងប្រទានពរដល់ខ្ញុំឲ្យមានអាពាហ៍ពិពាហ៍ និងមានកូនចៅដ៏រីករាយ » ឬ « បើខ្ញុំតមមិនធ្វើកិច្ចការសាលានៅថ្ងៃបរិសុទ្ធ នោះព្រះនឹងប្រទានពរដល់ខ្ញុំឲ្យទទួលបានចំណាត់ថ្នាក់ល្អ » ឬ « បើខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់ នោះព្រះនឹងប្រទានពរដល់ខ្ញុំដោយផ្តល់ការងារដែលខ្ញុំចង់បាន » ។ … យើងមិនគួរគិតថា ផែនការរបស់ព្រះជាកន្លែងលក់លោហធាតុ ជាកន្លែងដែលយើង ( ១ ) អាចជ្រើសរើសពរជ័យដែលចង់បាន ( ២ ) បញ្ចូលចំនួនសរុបនៃកិច្ចការល្អដែលតម្រូវឲ្យធ្វើ ហើយ ( ៣ ) ការបញ្ជាទិញត្រូវបានបញ្ចូនមកភ្លាមៗនោះទេ ។
ព្រះពិតជាគោរពសេចក្តីសញ្ញា និងការសន្យារបស់ទ្រង់ចំពោះយើងម្នាក់ៗ ។ យើងមិនចាំបាច់បារម្ភអំពីរឿងនោះទេ ។ អំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ … អះអាងថា ព្រះអាច ហើយនឹងបំពេញតាមការសន្យារបស់ទ្រង់ ។ វាចាំបាច់ណាស់ដែលយើងគោរព និងធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ ប៉ុន្តែមិនមែនរាល់គ្រប់ពរជ័យដែលបានមក ដោយការគោរពដល់ក្រឹត្យវិន័យ ត្រូវកែលម្អ រៀបចំ និងកំណត់ពេលវេលាតាមការរំពឹងទុករបស់យើងនោះទេ ។ យើងខិតខំអស់ពីសមត្ថភាព ប៉ុន្តែត្រូវទុកឲ្យទ្រង់ចាត់ចែងរាល់គ្រប់ពរជ័យទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ( « ទំនាក់ទំនងរបស់យើងជាមួយព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៧៨ )
-
តើអ្នកអាចរៀនអ្វីខ្លះ អំពីការទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ចេញពីដំណើររឿងរបស់ម៉ូសេ និងអើរ៉ុន ? មកពីអែលឌើរ គ្រីស្តូហ្វឺសិន ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះអម្ចាស់បានសន្យាពរជ័យអ្វីខ្លះ ?
ដូចដែលព្រះអម្ចាស់បានបង្រៀនម៉ូសេបន្ថែមទៀតអំពីអង្គទ្រង់តាមរយៈការរំឭកឡើងវិញនូវការសន្យារបស់ទ្រង់ យើងក៏អាចស្គាល់ព្រះអម្ចាស់បានកាន់តែច្បាស់តាមរយៈការស្វែងរកការសន្យាដែលទ្រង់បានធ្វើចំពោះយើងបានផងដែរ ។ ការរំឭកឡើងវិញនូវការសន្យាទាំងនេះអាចជួយយើងឲ្យគោរពតាមទ្រង់ ទោះបីជាយើងមិនទទួលបានលទ្ធផលភ្លាមៗក៏ដោយ ។
កំណត់ការសន្យាបីយ៉ាងដែលព្រះអម្ចាស់បានធ្វើចំពោះអ្នកនៅក្នុងបទគម្ពីរ ឬពីការបង្រៀនថ្មីៗតាមរយៈពួកអ្នកបម្រើទ្រង់ដែលបានជ្រើសរើស ។ អ្នកអាចនឹងរកឃើញការសន្យាទាំងឡាយនៅក្នុង ៖
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬព្រះគម្ពីរផ្សេងៗ ។
-
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។
-
សុន្ទរកថាសន្និសីទទូទៅថ្មីៗ ។
ជម្រើស ខ
ហេតុអ្វីបានជាពេលខ្លះព្រះអម្ចាស់ពន្យារពេលប្រទានពរជ័យ ?
ការរង់ចាំគឺជាទង្វើនៃសេចក្ដីជំនឿ ។ ព្រះគម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលបានរង់ចាំដោយចិត្តអត់ធ្មត់ ហើយទទួលបានការសន្យាពីព្រះអម្ចាស់ ។
-
ថែស្សាឡូនីច ទី២ ២:១–៣ ។ ប៉ុលប្រឹក្សាដល់ប្រជាជននៅថែស្សាឡូនីចអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
នីហ្វៃទី៣ ១:៥–៩, ១៥ ។ ពួកសាសន៍នីហ្វៃមើលឃើញទីសម្គាល់ដែលបានព្យាករដោយសាំយូអែល ជាសាសន៍លេមិនអំពីការប្រសូតរបស់ព្រះយេស៊ូវ ។
-
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥១–៥៤ ។ យ៉ូសែប ស្ម៊ីធ ព្យាយាមដើម្បីទទួលបានព្រះគម្ពីរមរមន ។
ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនដូចខាងក្រោមអំពីការពន្យារពេលរបស់ព្រះអម្ចាស់ ៖
ជារឿយៗ ការពន្យារពេលរបស់ព្រះអម្ចាស់មើលទៅយូរ ពេលខ្លះអស់ពេលពេញមួយជីវិត ។ ប៉ុន្ដែវាតែងតែត្រូវរាប់ដើម្បីបានប្រទានពរ ។ ការពន្យារពេលនោះមិនចាំបាច់ជាពេលឯកោ ឬសោកសង្រេង ឬការមិនអំណត់នោះទេ ។
ទោះជាពេលវេលារបស់ទ្រង់មិនតែងតែជាពេលវេលារបស់យើងក្តី យើងអាចប្រាកដថា ព្រះអម្ចាស់រក្សាសេចក្ដីសន្យារបស់ទ្រង់ ។ ( « Where Is the Pavilion? » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ៧៤ )
-
តើយើងអាចទទួលបានអត្ថប្រយោជន៍ ដោយសារការរង់ចាំដើម្បីទទួលបានពរជ័យពីព្រះតាមរបៀបណាខ្លះ ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យពឹងផ្អែកលើការសន្យារបស់ព្រះអម្ចាស់ មិនថាលទ្ធផលភ្លាមៗទៅជាយ៉ាងណានោះទេ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ការសន្យាដែលអ្នកបានរកឃើញមកពីការសិក្សារបស់អ្នក និងរបៀបដែលវាផ្ដល់ទំនុកចិត្តឲ្យអ្នកបន្ដឆ្ពោះទៅមុខក្នុងការទុកចិត្តលើព្រះ ។
-
កំណត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកមកពីជម្រើស ខ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?