Joseph Smith among the Prophets [ យ៉ូសែប ស្ម៊ីធ នៅក្នុងចំណោមពួកព្យាការី ] ដោយ ផល ម៉ាន
លោកុប្បត្តិ ៤២–៥០; មេរៀនទី ៣៦
ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ ៥០
« អ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងសុបិនរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ ព្រះអម្ចាស់បានបើកសម្ដែងរឿងជាច្រើន ដែលនឹងកើតឡើងនៅច្រើនថ្ងៃ និងច្រើនឆ្នាំនាពេលអនាគត ។ ប៉ុន្តែព្រះអម្ចាស់ក៏បានបើកសម្តែងនូវអ្វីដែលនឹងកើតឡើងនៅច្រើនសតវត្សរ៍ខាងមុខផងដែរ ។ មុនពេលលោកបានទទួលមរណភាព យ៉ូសែបនៃស្រុកអេស៊ីព្ទបានព្យាករថា ព្រះអម្ចាស់នឹងលើកអ្នកមើលឆុតម្នាក់ឈ្មោះ « យ៉ូសែប » ឲ្យឡើងធ្វើកិច្ចការរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។ មេរៀននេះអាចជួយអ្នកឲ្យពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។
សិក្សាព្រះគម្ពីរ
ព្រះគម្ពីរមាននូវដំណើររឿងជាច្រើនអំពីមនុស្សដែលស្វែងរកការរំដោះពីការសាកល្បងរបស់ពួកគេ ។ ដំណើររឿងទាំងនេះចង្អុលបង្ហាញយើងទៅកាន់ព្រះដ៏ប្រោសឲ្យរួចមួយអង្គ ។ សូមមើលរូបភាពខាងក្រោមអំពីយ៉ូសែបនៃស្រុកអេស៊ីព្ទ និងព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេលមួយសន្ទុះ ដើម្បីជញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន និងរបៀបដែលយ៉ូសែប និងព្រះយេស៊ូវគ្រីស្ទគឺជាអ្នកជួយរំដោះ ។
នៅចុងបញ្ចប់នៃជីវិតរបស់លោក យ៉ូសែបនៃស្រុកអេស៊ីព្ទបានព្យាករថា ព្រះអម្ចាស់នឹងប្រោសព្យាការីពីររូបដែលជាកូនចៅរបស់យ៉ាកុប ដើម្បីជួយរំដោះប្រជារាស្រ្តរបស់ទ្រង់ឲ្យរួចពីសេវកភាព ។ ម៉ូសេបានមករំដោះពួកសាសន៏អ៊ីស្រាអែលចេញពីការជាប់ឃុំឃាំងខាងរូបកាយនៅស្រុកអេស៊ីព្ទ ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤, ២៩ ) ។ បន្ទាប់មក ព្រះអម្ចាស់នឹងប្រោសរាស្ដ្ររបស់ទ្រង់ពីភាពងងឹតខាងវិញ្ញាណតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ នៅថ្ងៃចុងក្រោយ ។
ជំនួយការសិក្សា ។ អ្នកអាចរកឃើញឧបសម្ព័ន្ធការបកប្រែដោយ យ៉ូសែប ស៊្មីធ នៅខាងក្រោយព្រះគម្ពីររបស់អ្នក ឬនៅក្នុងជំនួយការសិក្សានៅក្នុងបណ្ណាល័យដំណឹងល្អ ។
កំណត់ចំណាំ ៖ « ផលនៃពោះអ្នក » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៧ ) សំដៅទៅលើកូនចៅរបស់យ៉ូសែបនៃស្រុកអេស៊ីព្ទ ការសរសេររបស់ពូជយ៉ូសែបសំដៅទៅលើព្រះគម្ពីរមរមន ហើយការសរសេររបស់ពូជយូដាសំដៅទៅលើព្រះគម្ពីរប៊ីប ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:៣១ ) ។
-
តើគំនិត ឬអារម្មណ៍អ្វីខ្លះចូលមកក្នុងចិត្តអ្នក ពេលអ្នកគិតអំពីព្យាការី យ៉ូសែប ស៊្មីធ ?
-
តើអ្នកនឹងពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននៃទីបន្ទាល់របស់អ្នកថា ព្រះបានហៅលោកឲ្យបម្រើជាព្យាការីដោយរបៀបណា ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្តាប់នូវចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណដែលបញ្ជាក់ថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យបម្រើជាព្យាការី ។ ព្រះវរបិតាសួគ៌អាចបញ្ជូនយោបល់ទៅកាន់គំនិត ឬអារម្មណ៍របស់អ្នក ទៅកាន់ដួងចិត្តរបស់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលប្រាប់អ្នកថា អ្វីដែលអ្នកកំពុងសិក្សាគឺជាការពិត ។
|
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ |
វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ |
|---|---|
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « អ្នកនោះនឹងត្រូវបានតម្កើងខ្ពស់ » ( ខទី ២៧ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ អ្នកជឿរាប់លាននាក់ចាត់ទុក យ៉ូសែប ស្ម៊ីធ ជាព្យាការីនៃការស្ដារឡើងវិញ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « គាត់នឹងនាំពួកគេឲ្យស្គាល់ពីសេចក្ដីសញ្ញាទាំងឡាយ ដែលយើងបានធ្វើជាមួយនឹងពួកអយ្យកោរបស់អ្នក » ( ខទី ២៨ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ តាមរយៈ យ៉ូសែប ស៊្មីធ នោះបព្វជិតភាពត្រូវបានស្ដារឡើងវិញ ។ យើងអាចធ្វើសេចក្ដីសញ្ញាជាមួយព្រះតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធផ្សេងទៀត ។ គោលបំណងមួយនៃព្រះគម្ពីរមរមន គឺដើម្បីនាំពួកសាសន៏អ៊ីស្រាអែលឲ្យស្គាល់សេចក្ដីសញ្ញានៃព្រះអម្ចាស់ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « យើងនឹងឲ្យអ្នកនោះមានអំណាចនឹងនាំពាក្យរបស់យើង » ( ខទី ៣០ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ ព្រះអម្ចាស់បានបើកសម្តែងព្រះគម្ពីរមរមន ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ និងការសរសេរដ៏បំផុសគំនិតផ្សេងទៀតតាមរយៈ យ៉ូសែប ស្ម៊ីធ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « ចេញពីភាពទន់ខ្សោយ អ្នកនោះនឹងត្រូវបានធ្វើឲ្យមាំមួន » ( ខទី ៣២ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ ចេញពីការចាប់ផ្តើមដ៏រាបទាប និងការអប់រំផ្លូវការបន្តិចបន្តួច យ៉ូសែប ស៊្មីធ បានក្លាយជាព្យាការីដ៏អស្ចារ្យម្នាក់ ។ |
ពាក្យព្យាករអំពី យ៉ូសែប ស្ម៊ីធ ( រួមទាំងខគម្ពីរ ) ៖ « អ្នកណាដែលស្វែងរកបំផ្លាញអ្នក នោះនឹងត្រូវបានខ្មាស » ( ខទី ៣៣ ) | វិធីដែលអាចឲ្យពាក្យព្យាករនេះបំពេញទៅបាន ៖ អ្នកដែលព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះ យ៉ូសែប ស្ម៊ីធ និងកិច្ចការរបស់លោក នឹងមិនទទួលបានជោគជ័យឡើយ ។ |
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
អ្នកជឿម្នាក់ៗត្រូវការការបញ្ជាក់ខាងវិញ្ញាណមួយអំពីបេសកកម្មដ៏ទេវភាព និងបុគ្គលិកលក្ខណៈរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ រឿងនេះពិតនៅគ្រប់ជំនាន់ ។ ( « Joseph Smith » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ២៩–៣០ )
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដែលយើងម្នាក់ៗត្រូវទទួលបានការបញ្ជាក់ខាងវិញ្ញាណមកពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ អំពីបេសកកម្មដ៏ទេវភាពរបស់ យ៉ូសែប ស្ម៊ីធ ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចទទួលបានទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ តាមរយៈព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានបង្រៀន ៖
ពេលយើងដឹងថា ព្រះគម្ពីរមរមនពិត នោះយើងនឹងដឹងថា យ៉ូសែប ស្ម៊ីធ គឺពិតជាព្យាការី ហើយថាលោកបានឃើញព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមែន ។ ( « Dare to Stand Alone » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ៦៧ )
សូមស្រាវជ្រាវក្នុងព្រះគម្ពីរមរមនរកមើលវគ្គបទគម្ពីរ ពីរ ឬច្រើនជាងនេះ ដែលមានអត្ថន័យចំពោះខ្លួនអ្នកផ្ទាល់ ឬដែលពង្រឹងដល់ទីបន្ទាល់របស់អ្នកថា យ៉ូសែបគឺជាព្យាការី ។
ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចស្រាវជ្រាវរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរមរមនបាន ។ ឬសូមមើលក្នុងច្បាប់ព្រះគម្ពីរមរមនរបស់អ្នក រកមើលខគម្ពីរដែលអ្នកបានគូសសម្គាល់ ។
សូមជ្រើសរើសវគ្គបទគម្ពីរមួយដែលអ្នកបានរកឃើញ ។ សូមចែកចាយវាជាមួយមិត្តភក្ដិ ឬសមាជិកគ្រួសារម្នាក់ ។ សូមរួមបញ្ចូលមូលហេតុដែលវគ្គបទគម្ពីរនេះមានសារៈសំខាន់ចំពោះអ្នក និងរបៀបដែលវាជួយបញ្ជាក់ថា យ៉ូសែបគឺជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។
ជម្រើស ខ
តើខ្ញុំអាចទទួលបានទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ តាមរយៈទីបន្ទាល់របស់លោកយ៉ាងដូចម្ដេច ?
អ្នកអាចទទួលបាន ឬពង្រឹងសាក្សីផ្ទាល់ខ្លួនរបស់អ្នកអំពីការហៅជាព្យាការីរបស់ យ៉ូសែប ស្ម៊ីធ ដោយការសិក្សាទីបន្ទាល់របស់លោក ។
សូមអានទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ។
អ្នកក៏អាចមើលវីដេអូ « Ask of God: Joseph Smith’s First Vision » ( ៦:៣៥ ) បានផងដែរ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះអម្ចាស់បានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
វគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរនៃព្រះគម្ពីរមរមន ដែលអ្នកបានរកឃើញ និងមូលហេតុដែលអ្នកបានជ្រើសរើសយកវា ។
-
អ្វីដែលអ្នកបានបង្កើត ដើម្បីធ្វើជាតំណាងឲ្យទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?