ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៤២–៤៥—« ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​ប្រុស​អ្នករាល់គ្នា »


យ៉ូសែប​ជាមួយ​ពួក​បងប្រុស​របស់​លោក

យ៉ូសែប​អភ័យទោស​ឲ្យ​ពួក​បងប្រុស​របស់​លោក ដោយ ថិត ហិននីងហ្គឺ

លោកុប្បត្តិ ៤២–៥០; មេរៀន​ទី ៣៥

លោកុប្បត្តិ ៤២–៤៥

« ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​ប្រុស​អ្នករាល់គ្នា »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ជាច្រើន​ឆ្នាំ​បន្ទាប់ពី​លក់​លោក​ធ្វើជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​ក៏​បាន​ជួបជុំ​ជាមួយ​ពួកបងប្រុស​របស់​លោក​វិញ ។ លោក​អាច​ជ្រើសរើស​ដើម្បី​ខឹង និង​អន់ចិត្ត ដោយសារ​តែ​ទុក្ខវេទនា​ទាំងអស់​ដែល​លោក​បាន​ទទួល​រង ។ ទោះជា​យ៉ាងណា​ក៏ដោយ ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ យ៉ូសែប​បាន​ជ្រើសរើស​ផ្ដល់​នូវ​សេចក្ដី​មេត្តា​ករុណា និង​ការអភ័យទោស​ដល់​ពួក​បងប្រុស​របស់​លោក ដែល​ធ្លាប់​បាន​ធ្វើ​បាប​លោក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ផ្ដល់​ការអភ័យទោស​ឲ្យ​បាន​កាន់តែ​ច្រើន ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​ធ្លាប់​ត្រូវ​នរណាម្នាក់​ធ្វើបាប ហើយ​ឃើញ​ថា​វា​ពិបាក​អភ័យទោស​ឲ្យ​ដែរ​ឬទេ ? យើង​ត្រូវបាន​បង្គាប់​ឲ្យ « អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:១០ ) ។ វា​មិនមែន​ងាយស្រួល​ជានិច្ច​នោះ​ទេ ។ ពេលខ្លះ វា​អាច​ថែមទាំង​មាន​អារម្មណ៍​ថា​មិន​អាច​ទៅ​រួច​ទៀត​ផង ។ ប្រសិនបើ​មាន សូម​មើល​វីដេអូ « Joseph and the Famine » ( ២:២៥ ) ហើយ​រកមើល​អ្វី​ដែល​ដំណើររឿង​របស់​យ៉ូសែប​អាច​បង្រៀន​អ្នក​អំពី​ការអត់ទោស​ឲ្យ​អ្នកដទៃ ។

2:26

នៅក្នុង លោកុប្បត្តិ ៣៧ ពួកបងប្រុស​ដែល​ច្រណែន​នឹង​យ៉ូសែប​បាន​គ្រោង​សម្លាប់​លោក ( សូម​មើល លោកុប្បត្តិ ៣៧:១៨ ) ។ នៅ​ទីបំផុត ពួកគេ​បាន​ទុក​ជីវិត​ឲ្យ​លោក ប៉ុន្តែ​បាន​លក់​លោក​ជា​ទាសករ ( សូម​មើល លោកុប្បត្តិ ៣៧:២៨ ) ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក មាន​អំណត់​អត់​ដ៏ធំ​មួយ ។ ពួក​បងប្អូន​ប្រុស​ទាំង​ដប់​នាក់​បាន​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​ទិញ​ស្បៀង​អាហារ ។ ពួកគេ​បាន​ជួប​យ៉ូសែប ដែល​ត្រួតត្រា​លើ​គ្រាប់​ធញ្ញជាតិ​របស់​ស្រុក​អេស៊ីព្ទ​ទាំងអស់ ។ ប៉ុន្ដែ​ពួកគេ​មិន​បាន​ស្គាល់​លោក​ទេ ។ ប្រសិនបើ​អ្នក​ជា​យ៉ូសែប​វិញ តើ​អ្នក​នឹង​ឆ្លើយតប​ទៅ​ពួកបងប្រុស​របស់​អ្នក​យ៉ាង​ដូចម្តេច ?

សូម​អាន លោកុប្បត្តិ ៤២:២១–២៤ ហើយ​រកមើល​របៀប​ដែល​យ៉ូសែប​បាន​មាន​ប្រតិកម្ម នៅពេល​ឮ​ពួក​បងប្រុស​របស់​លោក​និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ដាក់​លោក ។ យ៉ូសែប​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​លោក​នោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​បាន​ផ្ដល់​អាហារ​ដល់​ពួក​បងប្រុស​របស់​លោក ប៉ុន្ដែ​បាន​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់​មកវិញ ដោយ​នាំ​បេនយ៉ាមីន​មក​ជាមួយ ។

សូម​អាន លោកុប្បត្តិ ៤៣:៣០ ហើយ​រកមើល​របៀប​ដែល​យ៉ូសែប​បាន​មាន​ប្រតិកម្ម នៅពេល​ឃើញ​បេនយ៉ាមីន ដែល​ជា​ប្អូនប្រុស​របស់​លោក ។ យ៉ូសែប​បាន​សាកល្បង​សេចក្ដី​ស្រឡាញ់​របស់​ពួក​បងប្រុស​លោក​ចំពោះ​បេនយ៉ាមីន ដោយ​ចោទ​គាត់​ពី​បទ​លួច និង​គំរាម​ចាប់​គាត់​ដាក់​គុក ។ យូដា​បាន​ប្រគល់​ជីវិត​ខ្លួន​ជា​ថ្នូរ​នឹង​ជីវិត​របស់​បេនយ៉ាមីន ។

សូម​អាន លោកុប្បត្តិ ៤៥:១–២ ដោយ​រកមើល​របៀប​ដែល​យ៉ូសែប​បាន​មាន​ប្រតិកម្ម បន្ទាប់ពី​យូដា​បាន​ស្ម័គ្រចិត្ត​លះបង់​ជីវិត ដើម្បី​ការពារ​បេនយ៉ាមីន ។

នៅ​ទីបំផុត យ៉ូសែប​បាន​បង្ហាញ​អត្តសញ្ញាណ​របស់​លោក​ដល់​ពួក​បងប្រុស​របស់​លោក ។

សូម​អាន លោកុប្បត្តិ ៤៥:៣–៨ ហើយ​គូស​ពណ៌​ចំណាំ​ឃ្លា​ណាមួយ ដែល​បង្ហាញ​ថា យ៉ូសែប​បាន​ជ្រើសរើស​អភ័យទោស​ឲ្យ​ពួក​បងប្រុស​របស់​លោក ។ ហេតុអ្វី​បានជា​មនុស្ស​មួយ​ចំនួន​អាច​ជ្រើសរើស​មិន​ព្រម​អភ័យទោស​ឲ្យ ប្រសិនបើ​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​យ៉ូសែប​នោះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​យ៉ូសែប​បាន​សម្រេច​ចិត្ត​អភ័យទោស​ឲ្យ​ពួក​បងប្រុស​របស់​លោក ?

សូម​មើល ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន ប៊យដ៏ ខេ ផាកកឺ ( ឆ្នាំ​១៩២៤–២០១៥ ) អំពី​ការបដិសេធ​មិន​ព្រម​អភ័យទោស​ឲ្យ ៖

15:59
ប្រធាន ប៊យដ៏ ខេ ផាកកឺ

អាកប្បកិរិយា​នោះ​គឺ​ហាក់​ដូចជា​បុរស​ម្នាក់ ដែល​ត្រូវ​គេ​វាយ​នឹង​ដំបង​អ៊ីចឹង ។ ដោយសារ​កំហឹង គាត់​យក​ដំបង​មក​វាយ​ខ្លួនឯង​ចំ​លើ​ក្បាល​ពេញ​មួយ​ជីវិត​របស់​គាត់ ។ វា​ជា​រឿង​ដ៏​ល្ងង់ខ្លៅ ! វា​គួរឲ្យ​សោកស្តាយ​ណាស់ ! ការសងសឹក​បែបនោះ​គឺ​នាំឲ្យ​ខ្លួនឯង​វេទនា ។ ប្រសិនបើ​អ្នក​ត្រូវ​គេ​ប្រមថា សូម​អភ័យទោស បំភ្លេច​វា​ចោល ហើយ​កុំ​គិត​ពី​វា​ទៀត ។ ( « Guided by the Holy Spirit » Liahona ខែ​ឧសភា ឆ្នាំ​២០១១ ទំព័រ​៣២ )

នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ជីវិត​របស់​អ្នក​អាច​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្តេច ដោយសារ​ការធ្វើតាម​គំរូ​របស់​ព្រះគ្រីស្ទ និង​ផ្ដល់​ការអភ័យទោស ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ហេតុអ្វី​បានជា​ខ្ញុំ​គួរតែ​អភ័យទោស​ឲ្យ​អ្នកដទៃ ?

រូបតំណាង​ស្លាក
នៅ​ពេញ​ទាំង​ព្រះគម្ពីរ ព្រះអម្ចាស់​បាន​បង្គាប់​យើង​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​អភ័យទោស ។ សូម​អាន​យ៉ាង​ហោច​ណាស់​បទគម្ពីរ​ចំនួន​ពីរ នៅ​ខាងក្រោម ហើយ​ដាក់​ស្លាក​វា​ថា « ការអភ័យទោស​ឲ្យ​អ្នកដទៃ » ។

  • ម៉ាកុស ១១:២៥–២៦

  • លូកា ៦:៣៦

  • អេភេសូរ ៤:៣១–៣២

  • កូល៉ុស ៣:១៣

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ ៖

ប្រធាន ជែហ្វ្រី អ័រ ហូឡិន

ប្រាកដ​ណាស់ រឿង​ដែល​ព្រះ​សព្វ​ព្រះទ័យ​ខ្លាំង​បំផុត​អំពី​ការធ្វើ​ជា​ព្រះ​នោះ​គឺ ការរំភើប​ព្រះទ័យ​ក្នុង​ការ​មាន​ក្តីមេត្តា​ករុណា ជាពិសេស​ដល់​អស់​អ្នក​ទាំង​ឡាយ​ណា ដែល​ពុំ​រំពឹង​ថា​នឹង​ទទួល​បាន​វា ហើយ​ដែល​ជារឿយៗ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​ពុំ​សម​នឹង​ទទួល​វា ។ ( « The Laborers in the Vineyard » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ​៣៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ ដែល​សង្ខេប​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​ការខិតខំ​របស់​អ្នក​ក្នុង​ការអភ័យទោស​ឲ្យ​អ្នកដទៃ ។ សូម​រាយបញ្ជី​នៃ​អ្វី​ដែល​អ្នក​បាន​ធ្វើ ដើម្បី​បញ្ចូល​ព្រះអង្គ​សង្គ្រោះ​ទៅក្នុង​ការខិតខំ​របស់​អ្នក ។ តើ​អ្នក​មាន​អារម្មណ៍​ថា​អ្វី​ដែល​សំខាន់​ត្រូវ​ចងចាំ នៅ​ពេល​អ្នក​ត្រូវការអភ័យទោស​ឲ្យ​នរណា​ម្នាក់​នៅពេល​ក្រោយ ?

ជម្រើស ខ

តើ​ព្រះ​រំពឹង​ឲ្យ​ខ្ញុំ​អភ័យទោស​ឲ្យ​មនុស្ស​គ្រប់គ្នា​មែន​ទេ ?

បុរស និង​ស្ត្រី​ដែល​កំពុង​ខឹង​ឈរ​បែរ​ខ្នង​ដាក់​គ្នា

ព្រះអម្ចាស់​បាន​បញ្ជាក់​ច្បាស់ណាស់​អំពី​ការរំពឹង​ទុក​របស់​ទ្រង់​ថា​ឲ្យ​ពួកយើង​ម្នាក់ៗ​ត្រូវ​ចេះ​អភ័យទោស ។

រូបតំណាង​ស្លាក
សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​ស្វែងរក​ឃ្លា​ដែល​អ្នក​អាច​ដាក់​ស្លាក​ថា « អភ័យទោស​ឲ្យ​អ្នកដទៃ » ។

តើ​ការរំពឹង​ទុក​របស់​ព្រះ​ឲ្យ​អភ័យទោស​ដល់​អ្នកដទៃ អាច​នាំមក​នូវ​សុភមង្គល​ដ៏​កាន់តែ​ខ្លាំង​នៅក្នុង​ជីវិត​របស់​អ្នក​បាន​យ៉ាង​ដូចម្តេច ? តើ​ការដឹង​ថា ព្រះ​នឹង​ជំនុំជម្រះ​ពួកយើង​ម្នាក់ៗ ធ្វើឲ្យ​វា​ងាយស្រួល​ក្នុង​ការអភ័យទោស​ដោយ​របៀប​ណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាងក្រោម​អំពី​ការអភ័យទោស​ឲ្យ​អ្នកដទៃ ៖

17:18
ប្រធាន រ័សុល អិម ណិលសុន

បើ​មិន​អាច​អភ័យទោស​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ សូម​ទូល​អង្វរ​សូម​អំណាច​នៃ​ព្រះលោហិត​ដ៏ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ជួយ​ដល់​បងប្អូន ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ ខ្ញុំ​សន្យា​ថា បងប្អូន​នឹង​មាន​ភាព​សុខសាន្ដ​ផ្ទាល់ខ្លួន និង​មាន​សន្ទុះ​ខាងវិញ្ញាណកាន់តែខ្លាំង ។

ពេល​ព្រះអង្គសង្គ្រោះ​ធ្វើ​ដង្វាយធួន​សម្រាប់​មនុស្ស​ទាំងអស់ នោះ​ទ្រង់​បាន​បើក​ផ្លូវ​ឲ្យ​អ្នក​ដែល​ធ្វើតាម​ទ្រង់​ទទួល​បាន​នូវ​ព្រះចេស្ដា​នៃ​ការព្យាបាល ការពង្រឹង និង​ការប្រោសលោះ​របស់​ទ្រង់ ។ អភ័យឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងនេះ​នឹង​កើត​មាន​ដល់​អ្នក​ទាំងអស់​ណា ដែល​ព្យាយាម​ស្ដាប់ និង​ធ្វើតាម​ទ្រង់ ។ ( « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​១០០ )

ប្រសិនបើ​មាន វា​អាច​មាន​ប្រយោជន៍​ដើម្បី​មើល​វីដេអូ​នេះ « Forgiving Others: An Easter Message from President Russell M. Nelson » ( ៥:០១ ) ។

5:1

រូបតំណាង​សៀវភៅ​កត់ចំណាំ
ឥឡូវ​នេះ ដោយសារ​អ្នក​បាន​សិក្សា​អំពី​ការអភ័យទោស សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ថា​តើ​មាន​នរណា​ម្នាក់​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ត្រូវ​អភ័យទោស​ឲ្យ​ដែរ​ឬ​ទេ ។

សូម​សរសេរ​កថាខណ្ឌ​មួយ ដែល​បញ្ជាក់​ពី​អារម្មណ៍​របស់​អ្នក​អំពី​ការអភ័យទោស​ឲ្យ​បុគ្គល​នោះ ។ តើ​អ្នក​សម្គាល់​ឃើញ​អ្វីខ្លះ ដែល​អាច​នឹង​រារាំង​សមត្ថភាព​របស់​អ្នក​ក្នុង​ការផ្ដល់​ការអភ័យទោស ? សូម​រាយបញ្ជី​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការខិតខំ​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ផ្ដល់​ការអភ័យទោស​ឲ្យ​បាន​កាន់តែ​ច្រើន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កថាខណ្ឌ​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

  • អ្វី​ដែល​អ្នក​បាន​រៀន​មកពី​គំរូ​របស់​យ៉ូសែប និង​របស់​ព្រះយេស៊ូវ​ស្ដីពី​ការអភ័យទោស ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?