លោកុប្បត្តិ ៣៧–៤១; មេរៀនទី ៣៤
លោកុប្បត្តិ ៣៩
ការយកឈ្នះលើការល្បួង
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
បន្ទាប់ពីយ៉ូសែបបានក្លាយជាអ្នកមើលការខុសត្រូវក្នុងផ្ទះរបស់ប៉ូទីផារ ប្រពន្ធរបស់ប៉ូទីផារបានល្បួងលោកឲ្យបំពានច្បាប់ព្រហ្មចារីភាព ។ យ៉ូសែបបានដឹងថា ការបន្ទន់ទៅតាមការល្បួងនោះគឺនឹង « មានបាបនៅចំពោះព្រះ » ហើយបានជ្រើសរើសគេចចេញពីការល្បួងនោះ ( សូមមើល លោកុប្បត្តិ ៣៩:៩, ១២ ) ។ មេរៀននេះអាចបង្រៀនអ្នកពីរបៀបដែលអ្នកអាចទប់ទល់នឹងការល្បួងឲ្យបំពានច្បាប់ព្រហ្មចារីភាពបាន ដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា អ្នកបានជ្រមុជទឹកតែពីរបីខែមុនប៉ុណ្ណោះ ។ សមាជិកម្នាក់ក្នុងគ្រួសាររបស់អ្នកបានឮអំពីច្បាប់ព្រហ្មចារីភាព ។ ពួកគេនិយាយថា « ស្ដាប់ទៅដូចឡប់ៗ ! ហេតុអ្វីបានជាឯងព្រមរស់នៅតាមរបៀបនោះ ? »
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវការយល់ដឹង និងអារម្មណ៍របស់អ្នកអំពីច្បាប់ព្រហ្មចារីភាព ។
បន្ទាប់ពីយ៉ូសែបត្រូវបានលក់ទៅស្រុកអេស៊ីព្ទ នោះគេដាក់លោកនៅក្នុងផ្ទះរបស់ប៉ូទីផារ ។ នៅទីបំផុត លោកបានឡើងធ្វើជាអ្នកត្រួតត្រា ដែលទទួលខុសត្រូវលើអ្វីៗទាំងអស់ដែលប៉ូទីផារមាន ។ អ្វីៗហាក់ដូចជាដំណើរការយ៉ាងល្អ ( សូមមើល លោកុប្បត្តិ ៣៩:១–៦ ) ។
សូមអាន លោកុប្បត្តិ ៣៩:៧–៨ ។ សូមគូសសម្គាល់អ្វីដែលបានកើតឡើងចំពោះយ៉ូសែប ខណៈពេលនៅក្នុងផ្ទះរបស់ប៉ូទីផារ ។ ចំណាំ ៖ ឃ្លា « ចូរមកដេកនឹងអញ » មានន័យថា ការមានទំនាក់ទំនងផ្លូវភេទ ។
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស មានចែងអំពីច្បាប់ព្រហ្មចារីភាពដូចតទៅ ៖
អារម្មណ៍ខាងផ្លូវភេទគឺជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះ ដើម្បីបង្កើតឲ្យមានអាពាហ៍ពិពាហ៍ដ៏រីករាយ និងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ អារម្មណ៍នេះមិនមែនជាអំពើបាបនោះទេ—អារម្មណ៍ទាំងនេះគឺពិសិដ្ឋ ។ …
ច្បាប់ព្រហ្មចារីភាពចែងថា ព្រះអនុម័តសកម្មភាពខាងផ្លូវភេទរបស់យើងតែរវាងបុរស និងស្រ្តីដែលបានរៀបការហើយប៉ុណ្ណោះ ។ …
រវាងបុរស និងស្រ្តីដែលនៅក្រៅចំណងអាពាហ៍ពិពាហ៍ គឺវាខុសដែលត្រូវប៉ះពាល់ផ្នែកសម្ងាត់ ពិសិដ្ឋលើរូបកាយរបស់មនុស្សផ្សេង សូម្បីតែវាបានបិទបាំងដោយសម្លៀកបំពាក់ក៏ដោយ ។ នៅក្នុងជម្រើសរបស់អ្នកអំពីអ្វីដែលអ្នកធ្វើ មើល អាន ស្តាប់ គិត ចុះផ្សាយ ឬផ្ញើសារ សូមចៀសវាងពីអ្វីៗដែលមានចេតនាដាស់អារម្មណ៍ចំណង់ចំពោះអ្នកដទៃ ឬខ្លួនអ្នកផ្ទាល់ ។ អ្វីៗទាំងនេះរួមមានរូបអាសគ្រាមតាមគ្រប់ទម្រង់ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ទំព័រ ២៣, ២៥ )
តើច្បាប់នេះប្រៀបធៀបទៅនឹងជំនឿបច្ចុប្បន្នរបស់ពិភពលោកនេះបានយ៉ាងដូចម្តេច ?
វាអាចជាការលំបាកដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងការល្បួងរបស់ពិភពលោក ។ ប្រសិនបើអ្នកបានធ្វើខុស សូមចាំថា ព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទមក ដែលទ្រង់បានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់អ្នក ដើម្បីអ្នកអាចប្រែចិត្តបាន ។
សូមមើលការពន្យល់របស់អ្នកអំពីច្បាប់ព្រហ្មចារីភាពឡើងវិញ ។ សូមបន្ថែមព័ត៌មានថ្មីៗនានា ដែលអ្នកចង់រួមបញ្ចូល ។ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌ប្រទានច្បាប់ព្រហ្មចារីភាពដល់យើង ?
-
តើសាតាំងល្បួងយុវវ័យឲ្យបំពានច្បាប់ព្រហ្មចារីភាពតាមវិធីណាខ្លះ ?
សូមអាន លោកុប្បត្តិ ៣៩:៩ ដើម្បីមើលពីរបៀបដែលយ៉ូសែបបានឆ្លើយតប ។
លោកុប្បត្តិ ៣៩:៩ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ « ដូច្នេះធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ? » វិធីមួយគឺត្រូវសូត្រសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះពីរបីដង ។ បន្ទាប់មក សូមឲ្យនរណាម្នាក់និយាយពាក្យមួយ ហើយចាំមើលថា តើអ្នកអាចប្រាប់ពួកគេពាក្យបន្ទាប់នៃបទគម្ពីរនេះបានដែរឬទេ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ហេតុអ្វីបានជាខ្ញុំគួរតែរស់នៅតាមច្បាប់ព្រហ្មចារីភាព ?
យ៉ូសែបយល់ពីសារៈសំខាន់នៃការមានព្រហ្មចារីភាព ។ សូមសិក្សាបទគម្ពីរខាងក្រោមចំនួនបី ឬច្រើនជាងនេះ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីព្រហ្មចារីភាព ។ អ្នកអាចដាក់ស្លាកវគ្គបទគម្ពីរទាំងនេះថា « ច្បាប់ព្រហ្មចារីភាព » ។
-
កូរិនថូស ទី១ ៦:១៨–២០
សូមអាន ចំណុចខាងក្រោមយ៉ាងហោចណាស់ឲ្យបានមួយ ៖
-
ដើម្បីកម្លាំងនៃយុវជន ទំព័រ២៣, ២៥–២៨
-
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ទំនាក់ទំនងបែបនេះពុំមែនគ្រាន់តែជាការចង់ដឹងចង់ឃើញ ការបំពេញភាពត្រេកត្រអាល ឬជាទម្លាប់ ឬការកម្សាន្តមួយដែលត្រូវធ្វើប្រកបដោយភាពអាត្មានិយមនោះឡើយ ។ វាពុំមែនជាការច្បាំងដណ្ដើមយកអ្វីមួយ ឬគ្រាន់តែជាការសម្ដែងនោះទេ ។ ផ្ទុយទៅវិញ វាជាការសម្ដែងនូវមនោសញ្ចេតនាមួយដ៏ធំធេងនៃលក្ខណៈ និងសក្ដានុភាពដ៏ទេវភាពរបស់យើង និងជាវិធីមួយនៃការពង្រឹងនូវចំណងចិត្ត និងខាងវិញ្ញាណរវាងប្ដីប្រពន្ធក្នុងជីវិតរមែងស្លាប់ ។ ( « We Believe in Being Chaste » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ៤២ )
-
ប្រធានបទ និងសំណួរ « ព្រហ្មចារីភាព » នៅលើបណ្ណាល័យដំណឹងល្អ ៖
ព្រះវរបិតាសួគ៌របស់យើងបានប្រទានដល់យើងនូវច្បាប់ព្រហ្មចារីភាពដើម្បីការពារយើង ។ ការគោរពប្រតិបត្តិតាមច្បាប់នេះ គឺជាការចាំបាច់ណាស់ចំពោះភាពសុខសាន្តផ្ទាល់ខ្លួន និងភាពមុតមាំនៃបុគ្គលិកលក្ខណៈ ព្រមទាំងសុភមង្គលនៅក្នុងគេហដ្ឋាន ។ អ្នកដែលរក្សាខ្លួនឯងឲ្យមានភាពបរិសុទ្ធខាងផ្លូវភេទនឹងចៀសវាងពីការខូចខាតខាងវិញ្ញាណ និងផ្លូវចិត្តដែលតែងតែមកពីការចែករំលែកភាពស្និទ្ធស្នាលខាងរាងកាយជាមួយនរណាម្នាក់ក្រៅចំណងអាពាហ៍ពិពាហ៍ ។ អ្នកដែលរក្សាខ្លួនឯងឲ្យមានភាពបរិសុទ្ធខាងផ្លូវភេទនឹងមានភាពងាយស្រួលចំពោះការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ កម្លាំង ការលួងលោម និងការការពារ ។
សូមបន្ថែមការយល់ដឹងដែលអ្នកចង់ចងចាំទៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមរួមបញ្ចូលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើតាមការបង្គាប់របស់ព្រះអម្ចាស់ឲ្យរស់នៅតាមច្បាប់ព្រហ្មចារីភាព ។
ជម្រើស ខ
តើព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យយកឈ្នះលើការល្បួងបានយ៉ាងដូចម្តេច ?
យ៉ូសែបប្រឆាំងនឹងភរិយារបស់ប៉ូទីផារ ដោយ ឌេល ផាសុន
យ៉ូសែបបានប្រឈមមុខនឹងការល្បួង ។ ព្រះយេស៊ូវគ្រីស្ទក៏បានប្រឈមមុខនឹងការល្បួងដែរ ។ គំរូរបស់ទ្រង់ និងលោកអាចជួយអ្នកឲ្យទប់ទល់នឹងការល្បួងបាន ។ សូមអានវគ្គបទគម្ពីរដូចខាងក្រោម ហើយរកមើលអ្វីដែលមនុស្សម្នាក់ៗបានធ្វើ ដើម្បីទប់ទល់នឹងការល្បួង ។ អ្នកអាចដាក់ស្លាកឃ្លាមួយចំនួនថា « ការទប់ទល់នឹងការល្បួង » ។
-
យ៉ូសែប—លោកុប្បត្តិ ៣៩:៨–១២
-
ព្រះយេស៊ូវគ្រីស្ទ—ម៉ាថាយ ៤:២–១១
សូមមើលវីដេអូ « Overcoming Pornography with His Atoning Help » ( ២:២៧ ) ។
សូមគិតអំពីគ្រួសារនាពេលអនាគតរបស់អ្នក ។ តើអ្នកចង់ឲ្យកូនៗរបស់អ្នកដឹងអ្វីខ្លះ ដែលអាចជួយពួកគេឲ្យទប់ទល់នឹងការល្បួងបាន ? សូមកត់ត្រាអ្វីដែលអ្នកអាចចែកចាយបាននៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមរួមបញ្ចូលអ្វីដែលអ្នកបានរៀនមកពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទ និងរបស់យ៉ូសែប ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីបង្រៀនអ្នកពីរបៀបដែលអ្នកអាចទប់ទល់នឹងការល្បួងឲ្យបំពានច្បាប់ព្រហ្មចារីភាពបាន ដោយមានជំនួយរបស់ព្រះអង្គសង្គ្រោះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីច្បាប់ព្រហ្មចារីភាព ។ សូមពន្យល់ពីរបៀបដែលច្បាប់នេះគឺជាអំណោយទានមកពីព្រះវរបិតាសួគ៌ ។
-
អ្វីដែលអ្នកបានរៀបចំដើម្បីចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ និងការទប់ទល់នឹងការល្បួង ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?