« ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ៖ ‹ នឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ៖ ‹ នឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ៖ មេរៀនទី ២០៤
ការចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
« នឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន »
ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និងជាព្រះដ៏ជួយសង្គ្រោះគឺជាព្រះបរមងារដែលថ្វាយព្រះយេស៊ូវគ្រីស្ទជាអង្គដែលព្រះវរបិតាសួគ៌បានតែងតាំងឲ្យសង្រ្គោះយើងចេញពីស្ថានភាពធ្លាក់របស់យើង ( សូមមើល អេសាយ ៦១:១–៣ ) ។ ព្រះអង្គសង្រ្គោះអញ្ជើញយើងឲ្យចូលរួមជាមួយទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ជា « អ្នកដែលបានសង្គ្រោះ » ( សូមមើល អូបាឌា ១:២១ ) នៅពេលយើងចូលរួមនៅក្នុងការសង្រ្គោះបុព្វការីជនដែលបានទទួលមរណភាពរបស់យើង ។ មេរៀននេះអាចជួយសិស្សដាក់គោលដៅមួយដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះកាន់តែខ្លាំងដោយការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើអ្វីមួយដែលទាក់ទងនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដូចជាកិច្ចការមួយក្នុងចំណោមកិច្ចការខាងក្រោមនេះ ៖
បង្កើតគណនីនៅលើគេហទំព័រ FamilySearch.org ។
ចំណាយពេលពីរបីនាទីដើម្បីស្វែងរកព័ត៌មានអំពីគ្រួសាររបស់អ្នកនៅលើគេហទំព័រ FamilySearch.org ។
ស្វែងរកឈ្មោះបុព្វការីជនរបស់អ្នក ដែលនៅតែត្រូវការទទួលពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។
សុំឲ្យឪពុកម្តាយ ឬលោកតាលោកយាយចែកចាយអ្វីមួយអំពីជីវិតរបស់ពួកគាត់ ឬអំពីបុព្វការីជនមួយរូប ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទៅដើម្បីជួយសង្រ្គោះ
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការសរសេរពាក្យ ការជួយសង្រ្គោះ នៅលើក្ដារខៀន ។
បន្ទាប់មក សូមដាក់បង្ហាញរូបភាពរបស់ក្រុមរទះរុញអ្នកត្រួសត្រាយរបស់ ម៉ាទិន និងវិលី ហើយអញ្ជើញសិស្សឲ្យចែកចាយព័ត៌មានលម្អិតចេញពីរូបភាពដែលបង្ហាញតម្រូវការដើម្បីការជួយសង្រ្គោះ ។ ឬអ្នកអាចសួរសិស្សពីអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍ដែលបានបង្ហាញនៅក្នុងរូបភាពនេះ ។ សេចក្តីសង្ខេបដូចខាងក្រោមនេះអាចមានប្រយោជន៍ ។
ចាប់ពីឆ្នាំ១៨៥៦ ដល់ឆ្នាំ១៨៦០ ពួកអ្នកត្រួសត្រាយនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់បានធ្វើដំណើរទៅកាន់ជ្រលងភ្នំសលត៍លេកដោយប្រើរទេះរុញ ។ នៅខែតុលា ឆ្នាំ១៨៥៦ ព្រិកហាំ យ៉ង់ បានបញ្ជូនពួកអ្នកជួយសង្គ្រោះទៅជួយក្រុមរទេះរុញ ម៉ាទិន និង វិលី ដែលនៅឆ្ងាយរាប់រយម៉ាយល៍ ខណៈរដូវរងាជិតមកដល់ ។
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល នៃគណៈប៊ីស្សពជាអធិបតីបានចែកចាយដូចខាងក្រោម ៖
សមាជិកម្នាក់នៃក្រុមវិលី បានរៀបរាប់អំពីស្ថានភាពអស់សង្ឃឹម មុនពេលក្រុមសង្គ្រោះដ៏សំខាន់នេះមកដល់ ។ លោកបានចែកចាយថា « [ គ្រាន់តែ ]ពេលគ្រប់គ្នាហៀបនឹងស្លាប់ ហើយនៅសល់តិចតួចសម្រាប់បន្តជីវិត… ចម្លើយមកពីព្រះចំពោះការអធិស្ឋានរបស់យើង ហាក់ដូចជាផ្គរលាន់ចេញពីផ្ទៃមេឃស្រឡះ ។ ក្រុមជួយសង្គ្រោះ នាំយកអាហារ និងសម្ភារមក… ឲ្យឃើញ ។ … តើយើងអាចអរគុណព្រះសម្រាប់ការជួយសង្គ្រោះយើងដោយរបៀបណា » ។
ក្រុមសង្គ្រោះទាំងនោះ គឺជាវីរបុរសសម្រាប់ពួកអ្នកត្រួសត្រាយផ្លូវ ដោយហ៊ានប្រថុយជីវិតផ្សងគ្រោះថ្នាក់ក្នុងលក្ខខណ្ឌអាកាសធាតុដ៏កាចសាហាវ ដើម្បីនាំមនុស្សទាំងអស់ទៅផ្ទះដោយសុវត្ថិភាពតាមដែលអាចធ្វើបាន ។ ( « លើសពីវីរបុរសធម្មតា » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៨៩ )
-
ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមពួកអ្នកត្រួសត្រាយដែលជាប់គាំងទាំងនេះ ហេតុអ្វីអ្នកចាត់ទុកពួកអ្នកជួយសង្រ្គោះទាំងនេះជាវីរបុរស ?
សូមពិចារណាបង្ហាញរូបភាពបុព្វការីជនម្នាក់របស់អ្នក ។ អ្នកអាចចែកចាយជាមួយសិស្សបន្តិចអំពីបុព្វការីជនរូបនេះ។
ស្រដៀងគ្នានេះដែរ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានដាក់យើងដើម្បីសង្គ្រោះដល់បុព្វការីជនរបស់យើងដែលបានស្លាប់ទៅ ។ យើងអាចធ្វើវាបានដោយការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
តើបុព្វការីជនដែលបានស្លាប់ទៅរបស់យើងអាចស្ថិតនៅក្នុងស្ថានភាពដែលត្រូវការការសង្គ្រោះដូចពួកអ្នកត្រួសត្រាយរទេះរុញទាំងនេះដោយរបៀបណា ?
ប្រសិនបើចាំបាច់ អ្នកអាចពន្យល់ថា យើងទាំងអស់គ្នាត្រូវការពិធីបរិសុទ្ធសំខាន់ៗ ដើម្បីត្រឡប់ទៅរកព្រះវរបិតាសួគ៌ រួមមានពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ។ បុព្វការីជនដែលបានស្លាប់ទៅរបស់យើងមិនអាចទទួលពិធីបរិសុទ្ធទាំងនេះដោយខ្លួនគាត់បានទេ ។ ព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ពួកគាត់ដើម្បីទទួលពិធីបរិសុទ្ធទាំងនេះ តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់មនុស្សស្លាប់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១៥ ) ។
សូមជញ្ជឹងគិតដូចខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការចូលរួមនៅក្នុងកិច្ចព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? ហេតុអ្វី ?
នៅពេញមួយមេរៀននេះ សូមកត់ត្រាការបំផុសគំនិតខាងវិញ្ញាណណាមួយដែលជួយអ្នករកឃើញរបៀបដែលអ្នកអាចធ្វើជាអ្នកជួយសង្រ្គោះម្នាក់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសម្រាប់បុព្វការីជនរបស់អ្នក ។
ពួកអ្នកដែលបានសង្រ្គោះនៅលើភ្នំស៊ីយ៉ូន
សូមពិចារណាគូររូបភាពសាមញ្ញនៃភ្នំ និងព្រះវិហារបរិសុទ្ធ ហើយអញ្ជើញសិស្សឲ្យធ្វើដូចគ្នានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ដាក់ចំណងជើងរូបគំនូរនេះថា ភ្នំស៊ីយ៉ូន ។ បន្ទាប់មក សូមសង្ខេប ឬអានការណ៍ខាងក្រោម ដើម្បីជួយសិស្សយល់អំពីបរិបទសម្រាប់អូបាឌា ។
ក្រោយពីវាយយកក្រុងយេរូសាឡិមបានហើយ ព្យាការីអូបាឌាបានព្យាករថា កូនចៅរបស់អេសាវជាច្រើន ( បងប្រុសភ្លោះរបស់ព្យាការីយ៉ាកុប ) នឹងត្រូវបំផ្លាញដោយសារអំពើទុច្ចរិត ។ អូបាឌាក៏បានព្យាករអំពីការខិតខំជួយសង្គ្រោះសម្រាប់កូនចៅទាំងនេះ និងអ្នកដទៃទៀតជាច្រើននាក់ទៀត ។ វាអាចមានប្រយោជន៍ដើម្បីដឹងថានៅក្នុងខគម្ពីរនេះ « ភ្នំស៊ីយ៉ូន » អាចសំដៅទៅលើទីក្រុងនៃយេរូសាឡិម និងព្រះវិហារបរិសុទ្ធរបស់ទីក្រុងនេះ ។
សូមអាន អូបាឌា ១:១៧, ២១ ដោយរកមើលពាក្យដែលរំឭកអ្នកពីព្រះវិហារបរិសុទ្ធ ។
សិស្សអាចចង្អុលបង្ហាញពាក្យដូចជាការរំដោះ ភាពបរិសុទ្ធ ឬពួកអ្នកដែលបានសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យគូសចំណាំឃ្លា « នឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន » ( អូបាឌា ១:២១ ) ។
-
តើអ្នកគិតថាវាមានអត្ថន័យយ៉ាងណាដើម្បីធ្វើជា « ពួកអ្នកដែលបានសង្គ្រោះ … ឯភ្នំស៊ីយ៉ូន » ( អូបាឌា ១:២១ ) ?
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
ព្រះអម្ចាស់ប្រទានឱកាសដ៏ទេវភាពឲ្យយើងក្លាយកាន់តែដូចជាទ្រង់នៅពេលយើងផ្តល់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដ៏សង្គ្រោះជំនួសដល់អ្នកដទៃដែលត្រូវការ ប៉ុន្តែមិនអាចធ្វើពិធីនោះដោយខ្លួនឯងបាន ។ យើងប្រែកាន់តែមានភាពពេញលេញ និងល្អឥតខ្ចោះ នៅពេលយើងក្លាយជា « ពួកអ្នកដែលបានសង្គ្រោះ … ឡើងមកឯភ្នំស៊ីយ៉ូន » ។ ( « រីករាយជារៀងរហូត » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៨៥ )
អ្នកប្រហែលជាត្រូវពន្យល់ថា ជំនួស មានន័យថា តំណាងឲ្យនរណាម្នាក់ ។
សិស្សអាចសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនៅក្រោមរូបគំនូរព្រះវិហារបរិសុទ្ធរបស់ពួកគេ ។
-
តើអ្នកបានរៀនអ្វីមកពីអូបាឌា និងអែលឌើរ ហ្គង អំពីការធ្វើជា « ពួកអ្នកដែលបានសង្គ្រោះ … ឯភ្នំស៊ីយ៉ូន » ( អូបាឌា ១:២១ ) ?
ទោះជាសិស្សអាចប្រើពាក្យខុសគ្នាក៏ដោយ ពួកគេអាចចែកចាយសេចក្តីពិតដូចខាងក្រោម ៖ យើងអាចប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ នៅពេលយើងស្វែងរកបុព្វការីជនរបស់យើង និងធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។
-
តើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនដែលបានស្លាប់ទៅរបស់អ្នកអាចប្រៀបធៀបតាមរបៀបដ៏តូចតាចទៅនឹងអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងបានយ៉ាងដូចម្ដេច ?
អ្នកអាចពន្យល់ថា តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះអាចសង្គ្រោះយើងពីអំពើបាប និងសេចក្តីស្លាប់—ជាអ្វីដែលយើងមិនអាចធ្វើសម្រាប់ខ្លួនយើងបានទេ ( សូមមើល អាលម៉ា ៣៤:៨–១២ ) ។ ដូចគ្នានេះដែរ យើងអាចជួយសង្គ្រោះបុព្វការីជនរបស់យើង នៅពេលយើងធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះសម្រាប់ពួកគាត់—ជាអ្វីដែលពួកគាត់មិនអាចធ្វើសម្រាប់ខ្លួនពួកគាត់បាន ។
-
តើគុណលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះដែលយើងអាចអភិវឌ្ឍ នៅពេលយើងស្វែងរកបុព្វការីជនរបស់យើង ហើយធ្វើពិធីបរិសុទ្ធសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ?
ការចាប់ផ្ដើម
រៀបចំសិស្សជាក្រុមតូចៗ និងអញ្ជើញពួកគេឲ្យជ្រើសរើសលេខរវាង ១ និង ៤ ។ បន្ទាប់មកចែកសំណៅមេរៀន « របៀបបួនយ៉ាងដើម្បីចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ » ។ អញ្ជើញក្រុមនីមួយៗឲ្យអានកថាខណ្ឌដែលត្រូវនឹងលេខដែលពួកគេជ្រើសរើស បន្ទាប់មកពិភាក្សាសំណួរខាងក្រោមនៅក្នុងក្រុមរបស់ពួកគេ ។ ឬពួកគេអាចអានរបៀបទាំងបួននេះ ហើយជ្រើសរើសរបៀបមួយដែលពួកគេចង់ផ្តោតលើ ។
សូមដាក់បង្ហាញសំណួរខាងក្រោម ។ សិស្សអាចសរសេរចម្លើយរបស់ពួកគេជុំវិញរូបគំនូរព្រះវិហារបរិសុទ្ធរបស់ពួកគេ ។
-
តើរបៀបជាក់ស្តែងអ្វីខ្លះដែលក្មេងជំទង់អាចធ្វើដូចដែលអែលឌើរ ហ្គង បានផ្ដល់យោបល់ ?
-
តើមានវិធីជាក់លាក់អ្វីខ្លះដែលយើងអាចចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? ( អ្នកអាចរួមបញ្ចូលបទពិសោធន៍ពីអ្នក ឬអ្នកដទៃ ) ។
សូមអញ្ជើញសិស្សជាច្រើនឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ សិស្សអាចសរសេរចម្លើយរបស់ពួកគេជុំវិញរូបគំនូរព្រះវិហារបរិសុទ្ធនៅលើក្ដារខៀន ។ អ្នកអាចស្វែងរកគំនិតបន្ថែមទៀតនៅក្នុងអត្ថបទនេះ « Family History Is for Everyone: 9 Fun Ways to Participate [ ពង្សប្រវត្ដិគឺសម្រាប់មនុស្សគ្រប់គ្នា ៖ របៀបសប្បាយៗ ៩ យ៉ាងដើម្បីចូលរួម ] » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ប្រសិនបើមានពេល សូមប្រើមុខងារ Ordinances Ready [ ពិធីបរិសុទ្ធត្រៀមរួច ] នៅលើគេហទំព័រ FamilySearch.org ដើម្បីបង្ហាញសិស្សពីរបៀបដើម្បីបម្រុងឈ្មោះសម្រាប់ព្រះវិហារបរិសុទ្ធ ។
-
តើពរជ័យ ឬបទពិសោធន៍អ្វីខ្លះដែលអ្នកមាន នៅពេលអ្នកបានចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
គោលដៅរបស់អ្នក
ស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកដាក់គោលដៅមួយដើម្បីធ្វើការណែនាំមួយដែលបានសរសេរនៅលើក្ដារខៀន នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ គំនិតយោបល់ខាងក្រោមអាចជួយអ្នកបាន ៖
-
របៀប និងពេលណាដែលអ្នកអាចធ្វើកិច្ចការពង្សប្រវត្តិ
-
តើនរណាដែលអាចជួយអ្នក
-
របៀបដែលគោលដៅនេះអាចជួយអ្នកប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាពីការលើកឡើងថា វួដ និងសាខាជាច្រើនមានអ្នកជំនាញផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដែលអាចជួយសិស្សចាប់ផ្តើមក្នុងការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
សូមបញ្ចប់ដោយការបង្ហាញទំនុកចិត្តនៅលើសមត្ថភាពសិស្សរបស់អ្នកដើម្បីធ្វើជាអ្នកជួយសង្រ្គោះ និង « ពួកអ្នកដែលបានសង្គ្រោះ … ឯភ្នំស៊ីយ៉ូន » ( អូបាឌា ១:២១ ) ។