« ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់របស់យើង ៖ ‹ ដើម្បីឲ្យយើងបាននៅកណ្តាលគេ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់របស់យើង ៖ ‹ ដើម្បីឲ្យយើងបាននៅកណ្តាលគេ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ៖ មេរៀនទី ២០១
ព្រះយេស៊ូវគ្រីស្ទគឺជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធទាំងអស់
« ដើម្បីឲ្យយើងបាននៅកណ្តាលគេ »
ព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏បរិសុទ្ធដែលត្រូវបានឧទ្ទិស និងញែកចេញពីពិភពលោក ដើម្បីជួយយើងខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ចំណុចសំខាន់នៃការថ្វាយបង្គំរបស់យើងអាចរកឃើញនៅក្នុងអ្វីដែលបានសរសេរនៅលើព្រះវិហារបរិសុទ្ធនីមួយៗ ៖ « ដំណាក់នៃព្រះអម្ចាស់ » ។ អ្វីៗគ្រប់យ៉ាងនៅក្នុងព្រះវិហារបរិសុទ្ធគឺផ្ដោតសំខាន់ទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យមាននូវបំណងប្រាថ្នាចង់នៅជិតព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះដំណាក់របស់ទ្រង់កាន់តែខ្លាំងឡើង ។
ការរៀបចំសិស្ស ៖ ដើម្បីជួយសិស្សរៀបចំសម្រាប់មេរៀននេះ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីពរជ័យដែលពួកគេ ឬអ្នកផ្សេងទៀតដែលពួកគេស្គាល់ បានទទួលតាមរយៈការចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណុចសំខាន់នៃការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ
សូមពិចារណាចាប់ផ្ដើមថ្នាក់ដោយការបង្ហាញសម្បកកង់ ឬវត្ថុផ្សេងទៀតដែលមានចំណុចកណ្តាលដ៏សំខាន់ ។ អ្នកអាចសម្របសំណួរទាំងនេះដោយផ្អែកលើវត្ថុដែលអ្នកជ្រើសរើសបង្ហាញ ។
-
ហេតុអ្វីបានជាចំណុចកណ្តាលនៃសម្បកកង់មានសារៈសំខាន់ ?
-
តើការដកចំណុចកណ្តាលចេញអាចប៉ះពាល់ដល់គោលបំណងរបស់សម្បកកង់ដោយរបៀបណា ?
នៅពេលមានប្រសាសន៍អំពីព្រះវិហារបរិសុទ្ធ អែលឌើរ អាឡែន ឌី ហៃនី នៃពួកចិតសិបនាក់បានបង្រៀន ៖
[ ព្រះយេស៊ូវគ្រីស្ទ ] គឺជាមូលហេតុដែលយើងមកព្រះវិហារបរិសុទ្ធ ។ ទ្រង់គឺជាអង្គដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌មានព្រះទ័យចង់ឲ្យយើងជួបនៅក្នុងព្រះវិហារបរិសុទ្ធ ។ ទ្រង់គឺជាចំណុចកណ្ដាលនៃរាល់និមិត្តសញ្ញា រាល់ពិធីបរិសុទ្ធ រាល់សេចក្តីសញ្ញា និងរាល់សេចក្តីសង្ឃឹមសម្រាប់ទទួលបានពរជ័យនៅក្នុងព្រះវិហារបរិសុទ្ធ ។ ការស្វែងរកព្រះយេស៊ូវនៅក្នុងព្រះវិហារបរិសុទ្ធអនុញ្ញាតឲ្យយើងយល់ពីមូលហេតុដែលយើងនៅក្នុងព្រះវិហារបរិសុទ្ធ និងមូលហេតុដែលយើងគួរតែត្រឡប់ទៅកាន់ព្រះវិហារបរិសុទ្ធវិញ ។ ( « Meeting Jesus in the House of the Lord » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ] ទំព័រ ៦ នៅលើគេហទំព័រ speeches.byu.edu )
-
តើការចងចាំថាព្រះអង្គសង្គ្រោះគឺជាចំណុចសំខាន់នៃអ្វីគ្រប់យ៉ាងដែលយើងធ្វើក្នុងព្រះវិហារបរិសុទ្ធមានឥទិ្ធពលដល់បទពិសោធន៍ដែលអ្នកមាននៅទីនោះដោយរបៀបណា ?
សូមជួយសិស្សឲ្យយល់ថា ខណៈដែលព្រះវិហារបរិសុទ្ធជាអគារដ៏ស្រស់ស្អាត យើងក៏ចូលទៅជិតព្រះយេស៊ូវគ្រីស្ទ តាមរយៈអ្វីដែលកើតឡើងនៅក្នុងព្រះវិហារបរិសុទ្ធដែរ ។
ដើម្បីបង្ហាញពីចំណុចនេះបន្ថែមទៀត អ្នកអាចបង្ហាញវីដេអូ « A Symbol of Jesus Christ » ( ១:១១ ) ។
ដើម្បីជួយសិស្សគិតពិចារណាពីអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ សូមពិចារណាបង្ហាញរង្វាស់ និងការណែនាំខាងក្រោម ។
ដោយប្រើរង្វាស់ដែលបានផ្តល់ឲ្យ សូមពិចារណាពីរបៀបដែលអ្នកនឹងចាត់ថ្នាក់ថាតើអ្នកយល់ស្របខ្លាំងប៉ុនណាជាមួយនឹងសេចក្តីថ្លែងការណ៍នីមួយៗខាងក្រោមនេះ ៖
-
ព្រះវិហារបរិសុទ្ធគឺជាកន្លែងដែលខ្ញុំទៅដើម្បីមានអារម្មណ៍ជិតស្និទ្ធនឹងព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំចង់ពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះអង្គសង្គ្រោះនៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។
ពេញមួយមេរៀននៅថ្ងៃនេះ សូមសរសេរចំណាប់អារម្មណ៍ ដែលអ្នកអាចទទួលបានពីព្រះវិញ្ញាណ ដែលបង្កើននូវបំណងប្រាថ្នារបស់អ្នក ដើម្បីនៅក្នុងព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាចាស់
ដើម្បីជួយសិស្សរបស់អ្នកយល់ពីគោលបំណងនៃព្រះវិហារបរិសុទ្ធដោយការប្រើព្រះគម្ពីរសញ្ញាចាស់ សូមពិចារណាសរសេរ « រោងឧបោសថ » និង « ព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូន » នៅលើក្ដារខៀន ។ អ្នកអាចបង្ហាញរូបភាពអគារដែលអមមកជាមួយទាំងនេះ ហើយអញ្ជើញសិស្សឲ្យព្យាយាមផ្គូផ្គងរូបភាពជាមួយឈ្មោះ និងចែកចាយអ្វីដែលពួកគេដឹងអំពីអគារនីមួយៗ ។
បើមានប្រយោជន៍ អ្នកអាចចែកចាយដូចខាងក្រោម ៖
រោងឧបោសថគឺជាដំណាក់ទីមួយរបស់ព្រះ ឬព្រះវិហារបរិសុទ្ធដែលបានលើកឡើងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ( ប្រហែលឆ្នាំ១៣០០ មុន.គ.ស. ) ។ រោងឧបោសថនោះគឺជារចនាសម្ព័ន្ធចល័តមួយសម្រាប់ពួកសាសន៍អ៊ីស្រាអែលពេលពួកគេធ្វើដំណើរក្នុងទីរហោស្ថាន ។ ព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូនគឺជាដំណាក់អចិន្ត្រៃយ៍នៃព្រះអម្ចាស់ដែលបានសាងសង់នៅក្រុងយេរូសាឡិម ( ប្រហែលឆ្នាំ១០០០ មុន.គ.ស. ) ។ ក្រោយមកព្រះវិហារបរិសុទ្ធនេះត្រូវបានបំផ្លាញ និងសាងសង់ឡើងវិញ ( ប្រហែលឆ្នាំ៥០០ មុន.គ.ស. ) ។ រាល់ពេលដែលព្រះអម្ចាស់បានបញ្ជារាស្រ្តរបស់ទ្រង់ឲ្យសាងសង់ដំណាក់មួយថ្វាយទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ្រង់បានចែកចាយការសន្យាស្រដៀងគ្នានេះ ។
អ្នកអាចរៀបចំសិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយអញ្ជើញសមាជិកក្រុមនីមួយៗឲ្យអាន និងរាយការណ៍អំពីវគ្គបទគម្ពីរណាមួយខាងក្រោម ។ ដើម្បីជួយសិស្សចងចាំគោលបំណងរបស់ព្រះអម្ចាស់សម្រាប់ព្រះវិហារបរិសុទ្ធ អ្នកក៏អាចអញ្ជើញពួកគេឲ្យភ្ជាប់ខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេផងដែរ ។
សូមអានសេចក្តីយោងបទគម្ពីរខាងក្រោម ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសន្យាជាមួយរាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ប្រសិនបើពួកគេសាងសង់ដំណាក់មួយថ្វាយទ្រង់ ។
-
និក្ខមនំ ២៥:៨ ( រោងឧបោសថ )
-
ពង្សាវតារក្សត្រ ទី១ ៦:១២–១៣
-
ហាកាយ ២:៧
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ក្រុមនីមួយៗអាចសង្ខេបសេចក្តីពិតមួយ ដែលយើងអាចរៀនពីវគ្គបទគម្ពីរទាំងបីនេះ ដែលអាចអនុវត្តចំពោះព្រះវិហារបរិសុទ្ធសព្វថ្ងៃនេះ ។
សិស្សអាចរកឃើញអ្វីមួយដែលស្រដៀងទៅនឹង ព្រះអម្ចាស់បានបញ្ជាឲ្យរាស្រ្តរបស់ទ្រង់សាងសង់ព្រះវិហារបិរសុទ្ធ ដើម្បីទ្រង់អាចគង់នៅក្នុងចំណោមពួកគេ ។
-
តើអ្នកគិតថាវាមានអត្ថន័យយ៉ាងណាដែលថា តាមរយៈព្រះវិហារបរិសុទ្ធព្រះអម្ចាស់អាច « គង់នៅ » ក្នុងចំណោមពួកយើង ?
ការមានព្រះអម្ចាស់ « គង់នៅ » ក្នុងចំណោមពួកយើង អាចមានន័យថាការទទួលអារម្មណ៍ដឹងពីទីវត្តមាន និងព្រះចេស្ដារបស់ទ្រង់ ដោយការមកស្គាល់ទ្រង់កាន់តែច្បាស់ ហើយពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ។
ពរជ័យពីការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់
របៀបមួយដែលយើងមើលឃើញភស្តុតាងថាព្រះអម្ចាស់គង់នៅក្នុងចំណោមយើងក្នុងដំណាក់របស់ទ្រង់ គឺតាមរយៈពរជ័យដែលទ្រង់ប្រទានដល់យើង នៅពេលយើងចូលរួមព្រះវិហារបរិសុទ្ធ ។
-
តើមានពរជ័យអ្វីខ្លះដែលអ្នកបានមើលឃើញ ឬដែលអ្នកគិតថាអាចបានមកពីការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់ ?
សូមពិចារណារៀបរាប់ចម្លើយរបស់សិស្សដាក់លើក្ដារខៀន ។
ការសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមអាចជួយសិស្សឲ្យរកឃើញពរជ័យបន្ថែមទៀតដែលបានមកពីការថ្វាយបង្គំព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់ ។ សូមពិចារណារៀបចំសិស្សជាគូៗ ។ សូមអញ្ជើញពួកគេឲ្យអានសេចក្តីថ្លែងការណ៍នេះជាមួយគ្នា ហើយឆ្លើយសំណួរដែលអមមកជាមួយ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
[ ចំ ] ពោះអ្នកដែលបម្រើ និងថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់អាច … រំពឹង ថានឹងទទួលបានចម្លើយចំពោះការអធិស្ឋាន វិវរណៈផ្ទាល់ខ្លួន មានសេចក្ដីជំនឿកាន់តែខ្លាំង មានភាពរឹងមាំ មានការលួងលោមចិត្ត បង្កើនចំណេះដឹង និងបង្កើនអំណាច ។
ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយបងប្អូនឲ្យ គិតដល់សេឡេស្ទាល និងចាប់យកចក្ខុវិស័យថាបងប្អូនជានរណាពិតប្រាកដ បងប្អូនអាចប្រែក្លាយជាយ៉ាងណា និងប្រភេទនៃជីវិតដែលបងប្អូនអាចមានជារៀងរហូត ។ ការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់នឹងអភិវឌ្ឍរបៀបដែលបងប្អូនមើលមកខ្លួនឯង និងរបៀបដែលបងប្អូនចុះចូលក្នុងផែនការដ៏អស្ចារ្យរបស់ព្រះ ។ ខ្ញុំសូមសន្យានឹងបងប្អូនដូច្នោះ ។
… បងប្អូនប្រុសស្រីជាទីស្រឡាញ់នេះជាការសន្យារបស់ខ្ញុំ ។ គ្មានអ្វីនឹងជួយបងប្អូន ច្រើនជាង ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់តាមដែលកាលៈទេសៈរបស់បងប្អូនអនុញ្ញាតឲ្យ ដើម្បីកាន់ដំបងដែកយ៉ាងខ្ជាប់ខ្ជួនជានិច្ចនោះទេ ។ គ្មានអ្វីដែលនឹងការពារបងប្អូន ពេលដែលបងប្អូនជួបនឹងភាពងងឹតនៃពិភពលោក ជាង នេះនោះទេ ។ គ្មានអ្វីដែលនឹងពង្រឹងទីបន្ទាល់របស់បងប្អូនអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ឬជួយបងប្អូនឲ្យយល់ពីផែនការដ៏អស្ចារ្យរបស់ព្រះ ជាង នេះនោះទេ ។ គ្មានអ្វីដែលនឹងធ្វើឲ្យវិញ្ញាណរបស់បងប្អូនធូរស្រាលក្នុងអំឡុងពេលឈឺចាប់ ជាង នេះនោះទេ ។ គ្មានអ្វីដែលនឹងបើកស្ថានសួគ៌ ជាងនេះនោះទេ ។ គ្មានទាល់តែសោះ ! ( « រីករាយនៅក្នុងអំណោយទាននៃកូនសោបព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១២១, ១២២ )
-
តើពរជ័យអ្វីខ្លះដែលប្រធាន ណិលសុន បានសន្យាដែលអាចដោះស្រាយតម្រូវការពិតប្រាកដរបស់ក្មេងជំទង់ ?
-
តើពរជ័យមួយណាក្នុងចំណោមពរជ័យទាំងនេះមកពីព្រះអម្ចាស់ដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដកពិសោធ ?
បន្ទាប់ពីសិស្សមានឱកាសពិភាក្សាសំណួរជាគូៗហើយ អ្នកអាចអញ្ជើញពួកគេមួយចំនួនឲ្យចែកចាយអ្វីដែលពួកគេបានពិភាក្សាជាមួយនឹងសំណួរដែលពួកគេអាចមានអំពីពរជ័យទាំងឡាយ ។
ធ្វើឲ្យវាមានលក្ខណៈផ្ទាល់ខ្លួន
ដើម្បីជួយសិស្សឲ្យយល់ពីតម្លៃនៃពរជ័យទាំងនេះ សូមពិចារណាផ្តល់ឱកាសឲ្យពួកគេសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមួយ ឬទាំងអស់ខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ អ្នកអាចអញ្ជើញសិស្សស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
-
តើអ្នកបានមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធដោយរបៀបណា ?
-
តើអ្នកបានដកពិសោធនូវពរជ័យណាមួយដែលបានរៀបរាប់ដែលជាលទ្ធផលនៃការទៅព្រះវិហារបរិសុទ្ធដោយរបៀបណា ?
សូមជ្រើសរើសពរជ័យមួយដែលបានរៀបរាប់ ដែលអ្នកចង់ទទួលបាន ។
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាអ្នកអាចប្រើប្រាស់ពរជ័យនេះនៅក្នុងជីវិតរបស់អ្នកនាពេលឥឡូវនេះ ?
សូមពិចារណាបញ្ចប់ថ្នាក់ដោយទីបន្ទាល់ ឬបទពិសោធន៍ផ្ទាល់ខ្លួនអំពីរបៀបដែលយើងអាចមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះអម្ចាស់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។