ថ្នាក់​សិក្ខាសាលា
សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការនាំ​អ្នកដទៃ​មកកាន់​ព្រះគ្រីស្ទ ៖ ការគោរព​ប្រតិបត្តិ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា


« សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការនាំ​អ្នកដទៃ​មកកាន់​ព្រះគ្រីស្ទ ៖ ការគោរព​ប្រតិបត្តិ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការនាំ​អ្នកដទៃ​មកកាន់​ព្រះគ្រីស្ទ ៖ ការគោរព​ប្រតិបត្តិ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ៖ មេរៀនទី ២០០

សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការនាំ​អ្នកដទៃ​មក​កាន់​ព្រះគ្រីស្ទ

ការគោរព​ប្រតិបត្តិ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

Sister missionaries teaching family outside in Bolivia

ការជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ ដោយសារ​យើង​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង ( សូម​មើល យ៉ូហាន ១៤:១៥ ) ។ ការគោរព​ប្រតិបត្តិ​ផ្ទាល់ខ្លួន​របស់​យើង​មាន​សារៈសំខាន់​ជាពិសេស​នៅពេល​យើង​តំណាង​ឲ្យ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ និង​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ​ក្នុងនាម​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ចំណុច​មួយ​ចំនួន​នៅក្នុង​បទដ្ឋាន​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដែល​មាន​នៅ​ក្នុង​ផ្នែកទី ៣ នៃ « បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ម្យ៉ាង​វិញ​ទៀត សិស្ស​អាច​និយាយ​ជាមួយ​នរណាម្នាក់​ដែល​បាន​បម្រើ​បេសកកម្ម ហើយ​សួរថា​តើ​បទដ្ឋាន​បេសកកម្ម​អ្វី​ដែល​ពួក​គេ​ចងចាំ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ការ​បង្ហាញ​រូបភាព​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ធនធាន បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពី​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​អាច​ពន្យល់​សិស្ស​ថា ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​តាម​បទដ្ឋាន​ជាក់លាក់​មួយ​ចំនួន ខណៈពេល​ដែល​ពួកគេ​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ ។

  • តើ​បទដ្ឋាន​អ្វី​ខ្លះ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​រំពឹងទុក​ថា​នឹង​គោរពតាម ?

ប្រសិនបើ​ចាំបាច់ អ្នក​អាច​ចែកចាយ​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ដែល​មាន​រាយ​នៅ​ខាងក្រោម​នេះ ចេញពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ផ្សេងទៀត​ដែល​មាន​នៅ​ក្នុង ផ្នែកទី ៣ ឬ​ផ្នែកទី ៧ នៃ​បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ពី​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ក៏​ត្រូវ​បាន​រំពឹងទុក​ថា​នឹង​ធ្វើ​តាម​ការប្រឹក្សា​របស់​ថ្នាក់​ដឹកនាំ​បេសកកម្ម​របស់​ពួកគេ​ផងដែរ នៅពេល​ពួកគេ​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​ដោយ​សុចរិត ។

បទដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយចំនួន ៖

  • ចូរ​មាន​ចិត្តល្អ វិជ្ជមាន និង​លើក​ស្ទួយ ។

  • តែងតែ​នៅ​ជាមួយ​ដៃគូ​អ្នក​ជានិច្ច ។

  • ចៀសវាង​ស្ថានភាព​ទាំងឡាយ​ដែល​អាច​ប្រែ​ជា​មាន​គ្រោះថ្នាក់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ ។ កុំ​ប្រើ​ឧបករណ៍​ដែល​មាន​ថាមពល ដំណើរការ​គ្រឿងចក្រ​ធនធ្ងន់ ឬ​ជិះ​ត្រាក់ទ័រ រថយន្ត​សណ្ដោង ឬ​កុងទុន័រ​សន្តោង ។

  • ចៀសវាង ទូរទស្សន៍ ភាពយន្ដ វីដេអូ​ហ្គេម និង​វីដេអូ​ដែល​មិន​មាន​ការអនុញ្ញាត ។

  • ដាក់​កម្រិត​ទំនាក់ទំនង​ខាង​រាងកាយ​ជាមួយ​នរណាម្នាក់​ដែល​មាន​ភេទ​ផ្ទុយគ្នា នៅ​តឹ្រម​ការ​ចាប់ដៃ​ប៉ុណ្ណោះ ។

  • ហេតុអ្វី​បាន​ជា​បទដ្ឋាន​មួយ​ចំនួន​នេះ​អាច​ជា​ការពិបាក​ដើម្បី​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​គោរព​តាម ? ហេតុ​អ្វី​បាន​ជា​បទដ្ឋាន​ទាំងនោះ​មាន​សារៈ​សំខាន់​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ធ្វើ​តាម ?

អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំរូ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ពួកគេ​ស្គាល់ បទដ្ឋាន​ដែល​ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​ប្រកាន់ខ្ជាប់ និង​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទានពរ​ដល់​ពួកគេ​សម្រាប់​កិច្ចខិតខំ​របស់​ពួកគេ ។

ភាពសុចរិត​ផ្ទាល់ខ្លួន និង​ការគោរព​ប្រតិបត្តិ

អ្នក​អាច​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​អែលឌើរ សូរ៉េស ដើម្បី​ជួយ​សិស្ស​ឲ្យ​កំណត់​នូវ​សេចក្តី​ពិត​អំពី​ទំនាក់ទំនង​នៃ​ការគោរពប្រតិបត្តិ និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

នៅ​ក្នុង​ការមាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

ភាពសុចរិត​ផ្ទាល់ខ្លួន​គឺជា​លក្ខណសម្បត្តិ​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​តំណាង​ឲ្យ​ព្រះអង្គសង្គ្រោះ​នៅ​ចំពោះមុខ​ពិភពលោក ។ វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​ភាពស័ក្តិសម​ក្នុងការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​របស់​យើង​ផងដែរ ។ …

ប្រសិនបើ​យើង​ជ្រើសរើស​មិន​គោរព​ប្រតិបត្ដិ​ទេ នោះ​យើង​នឹង​មិន​អាច​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ​បានទេ ហើយ​យើង​ក៏​នឹង​មិន​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង​ដែរ ។ … ដើម្បី​ធ្វើជា​ឥទ្ធិពល​វិជ្ជមាន​នៅក្នុង​ជីវិត​របស់​បុគ្គល​ដែល​អ្នក​បង្រៀន អ្នក​ត្រូវតែ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក ។ …

ប្រសិនបើ​អ្នក​គោរព​តាម​ដោយ​ដួងចិត្ដ​ស្មោះស្ម័គ្រ នោះ​អ្នក​នឹង​បង្ហាញ​ដល់​ព្រះអម្ចាស់​នូវ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការធ្វើតាម​ទ្រង់ សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់ និង​ចំពោះ​ព្រះវរបិតាសួគ៌​របស់​យើង ។ ការ​រីកចម្រើន​ខាងវិញ្ញាណ​របស់​អ្នក​នឹង​កាន់តែ​ទូលំទូលាយ ។ អ្នក​នឹង​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ទាំង​ស្រុង​នៅក្នុង​បេសកកម្ម និង​ក្នុង​ជីវិត​របស់​អ្នក ។ ( ស្កត ថៃលឺ « Obedience Is Critical for Missionaries to Fulfill Their Responsibilities, Elder Soares Teaches »newsroom.ChurchofJesusChrist.org ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ )

  • តើ​យើង​រៀន​អ្វី​ខ្លះ​ពី​អែលឌើរ សូរ៉េស អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ?

    សិស្ស​អាច​នឹង​ប្រើ​ពាក្យ​សម្ដី​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដើម្បី​កំណត់​នូវ​សេចក្ដីពិត​មួយ​ដូចជា​ភាពសុចរិត​ផ្ទាល់ខ្លួន និង​ការគោរព​ប្រតិបត្តិ​ធ្វើ​ឲ្យ​យើង​មាន​លក្ខណសម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ និង​មាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។

    វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា ការគោរព​ប្រតិបត្តិ​រួម​បញ្ចូល​ទាំង​ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការគោរព​ប្រតិបត្តិ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាពសុចរិត​ផ្ទាល់ខ្លួន និង​ជា​ការបង្ហាញ​នៃ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល យ៉ូហាន ១៤:១៥ ) ។

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​នរណាម្នាក់​ដែល​ព្យាយាម​គោរព​តាម​ទ្រង់​ទាំងទ្វេ ?

  • តើ​អ្នក​បាន​ឃើញ​ពរជ័យ​ទាំង​នេះ​ក្នុង​ជីវិត​របស់​អ្នក ឬ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ពិចារណា​ពី​ការខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​អ្នក​ប្រកបដោយ​ការ​អធិស្ឋាន នៅក្នុង​ការគោរព​ប្រតិបត្ដិ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ដឹង​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​បាន​ល្អ ឬ​អ្វី​ដែល​អ្នក​ប្រហែល​ជា​ត្រូវ​កែតម្រូវ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់​ទាំងទ្វេ​ឲ្យ​កាន់តែ​ប្រសើរ​ ហើយ​នាំ​អ្នក​ដទៃ​មក​រក​ទ្រង់​ទាំងទ្វេ ។

ការគោរព​ប្រតិបត្តិ​ដ៏​ស្មោះត្រង់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពី​របៀប​ដែល​ការគោរព​ប្រតិបត្តិ​អាច​ជួយ​យើង​នាំ​អ្នក​ដទៃ​មក​រក​ព្រះគ្រីស្ទ​បាន សូម​ពិចារណា​ពិភាក្សា​អំពី​ដំណើរ​រឿង​នៃ​ឥទ្ធិពល​របស់​ដានីយ៉ែល​លើ​ស្ដេច​ដារីយុស​ពី ដានីយ៉ែល ៦ ។ សិស្ស​ប្រហែល​ជា​បាន​សិក្សា​ដំណើរ​រឿង​នេះ​នៅ​ក្នុង មេរៀន​ទី ១៤៥ ៖ « ដានីយ៉ែល ៦ » ។ អ្នក​អាច​សង្ខេប​ដំណើរ​នេះ​យ៉ាងខ្លី​ជាមួយ​កថាខណ្ឌ​ខាងក្រោម ។

ទោះ​ជា​បានក្លាយ​ជា​ទាសករ​នៅ​បាប៊ីឡូន និង​ពើស៊ី​ក៏​ដោយ ដានីយ៉ែល​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ស្មោះ​ត្រង់ ។ ស្តេច​ដារីយុស​លើក​​ដានីយ៉ែល​ឡើង​ជា « កំពូល​លើ​ពួក​អធិបតី និង​ពួក​នាយក​ទាំង​ប៉ុន្មាន » នៅក្នុង​នគរ​របស់​ទ្រង់ « ដ្បិត​លោក [ ដានីយ៉ែល ] មាន​វិញ្ញាណ​យ៉ាងស្រួចស្រាល់ » ( ដានីយ៉ែល ៦:៣ ) ។ ក្នុង​ការខិតខំង​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ដានីយ៉ែល​នៅក្នុង​ក្រសែភ្នែក​របស់​ស្តេច​ដារីយុស អធិបតី​ផ្សេងទៀត​បាន​រៀបចំ​ផែនការ​មួយ​ដើម្បី​ធ្វើឲ្យ​ភាពស្មោះត្រង់​របស់​ដានីយ៉ែល​ចំពោះ​ស្តេច​ដារីយុស​ប្រឆាំងទាស់​នឹង​ភាពស្មោះត្រង់​របស់​ដានីយ៉ែល​ចំពោះ​ព្រះ ។ ពួកគេ​បាន​ដាក់​សម្ពាធ​ដល់​ដារីយុស​ឲ្យ​ប្រកាស​ថា ការសូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​អ្នកណា​ផ្សេង​ក្រៅ​ពី​ស្ដេច​ដារីយុស នោះ​នឹង​​ត្រូវ​ទទួល​ទោស​ប្រហារជីវិត​នៅ​ក្នុង​រូង​សិង្ហ ( សូម​មើល ដានីយ៉ែល ៦:៤–៩ ) ។ ទោះ​ជា​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ ដានីយ៉ែល​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការគោរព​ប្រតិបត្ដិ​ដោយ​ការបន្ត​អធិស្ឋាន​ទៅ​ព្រះ ។ នៅពេល​ដែល​ការ​អធិស្ឋាន​របស់​ដានីយ៉ែល​ត្រូវ​បាន​រាយការណ៍ ដារីយុស​បាន​យល់ព្រម​ដោយ​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះ​លោក​ចូល​ទៅ​ក្នុង​រូង ។

សូម​អាន ដានីយ៉ែល ៦:១៨–២៨ ដោយ​រកមើល​ឥទ្ធិពល​ដែល​ការគោរព​ប្រតិបត្ដិ​របស់​ដានីយ៉ែល​ចំពោះ​ព្រះអម្ចាស់​មាន​ទៅលើ​ស្តេច​ដារីយុស ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​ការខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​គោរព​តាម​ព្រះអម្ចាស់​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​របៀប​ដែល​អ្នក​ដទៃ​មាន​មើល​ទៅ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចែកចាយ​ពីអ្វី​ដែល​អ្នក​បានរៀន

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​គម្រោង​ដែល​អាច​ប្រើ​សម្រាប់​សុន្ទរកថា​ដែល​មាន​រយៈពេល​ពី​បី​ទៅ​ប្រាំ​នាទី ។ ដើម្បី​ជួយ​សិស្ស​បង្កើត​គម្រោង​របស់​ពួកគេ អ្នក​អាច​ផ្តល់​សំណៅ​មេរៀន « សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​នៅពេល​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ការ​ណែនាំ​ខាងក្រោម​អាច​ត្រូវ​បាន​បង្ហាញ​ដើម្បី​ជួយ​សិស្ស​បង្កើត​គម្រោង​នេះ ។

បង្កើត​គម្រោង​មួយ​ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ថ្លែង​សុន្ទរកថា​ពី​បី​ទៅ​ប្រាំ​នាទី​អំពី​សារៈសំខាន់​នៃ​ការ​គោរពប្រតិបត្តិ នៅពេល​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នក​ដទៃ ។

រួមបញ្ចូល​យ៉ាងហោចណាស់​បី​ចំណុច​ខាងក្រោម​នៅក្នុង​គម្រោង​របស់​អ្នក ។

  1. ខគម្ពីរ​អំពី​ការ​គោរព​ប្រតិបត្តិ និង​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​ការ​ចែកចាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  2. គំរូ​មួយ​ចេញ​ពី​ព្រះជន្ម ឬ​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​ខិតខំ​គោរព​ប្រតិបត្តិ ។

  3. គំរូ​សម័យ​ទំនើប​អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ និង​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រទាន​ពរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង ។

  4. សម្រង់​ប្រសាសន៍​ខ្លី​មួយ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​សង្កត់ធ្ងន់​លើ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​គោរពប្រតិបត្តិ និង​ពរជ័យ​សម្រាប់​ការ​ធ្វើ​ដូច្នេះ ។

  5. អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​មូលហេតុ​ដែល​ការគោរព​ប្រតិបត្តិ​មាន​សារៈសំខាន់ នៅពេល​យើង​តំណាង​ឲ្យ​ព្រះអង្គសង្គ្រោះ​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ និង​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់ ។

អ្នក​ក៏​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណៅ​មេរៀន​ទីពីរ​នៅ​ក្នុង​មេរៀន​នេះ ដើម្បី​រៀបចំ​គម្រោង​សម្រាប់​ការឡើង​និយាយ​របស់​ពួកគេ ។ ពួកគេ​អាច​ដាក់​ចំណងជើង​នៅ​ក្នុង​ប្រអប់​ទីមួយ ការណែនាំ​ដ៏​សាមញ្ញ​មួយ​អំពី​សុន្ទរកថា​របស់​ពួកគេ​នៅ​ក្នុង​ប្រអប់​ទីពីរ ដំណើររឿង​ចំនួន​បី​ដែល​ពួកគេ​បាន​សម្រេចចិត្ត​បញ្ចូល​ចេញពី​បញ្ជី​ខាងលើ​នៅក្នុង​ប្រអប់​បី​បន្ទាប់ និង​ទីបន្ទាល់​របស់​ពួកគេ​នៅក្នុង​ប្រអប់​ចុងក្រោយ ។

បន្ទាប់ពី​សិស្ស​បាន​បង្កើត​គម្រោង​របស់​ពួកគេ​ហើយ ពួកគេ​អាច​ធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ហាត់ ឬ​កែលម្អ​សុន្ទរកថា​របស់​ពួកគេ ។ បន្ទាប់មក​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សុន្ទរកថា​របស់​ពួកគេ​ជាមួយ​ថ្នាក់​ទាំងមូល ។ សិស្ស​មួយចំនួន​ប្រហែល​ជា​មិន​ស្រួលចិត្ត​ក្នុង​ការចែកចាយ​ឮៗ​នោះទេ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​យក​គម្រោង​របស់​ពួកគេ​ទៅ​ផ្ទះ ហើយ​បង្រៀន​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ភាពសុចរិត​ផ្ទាល់ខ្លួន នៅពេល​យើង​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់​អ្នកដទៃ ។