« ការទទួលខុសត្រូវលើសេចក្តីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ ៖ ‹ គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារ … ពូជឯង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការទទួលខុសត្រូវលើសេចក្តីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ ៖ ‹ គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារ … ពូជឯង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា ៖ មេរៀនទី ១៩៦
ការទទួលខុសត្រូវលើសេចក្តីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ
« គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារ … ពូជឯង »
នៅពេលយើងជ្រើសរើសធ្វើតាមព្រះអង្គសង្គ្រោះ ហើយដើរតាមផ្លូវនៃសេចក្តីសញ្ញានេះ ទ្រង់សន្យានឹងយើងនូវពរជ័យដូចគ្នាដែលទ្រង់បានប្រទានដល់អ័ប្រាហាំដែរ ។ ពរជ័យទាំងនេះរួមមានអំណាចបព្វជិតភាព ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច និងមរតកក្នុងនគរសេឡេស្ទាល ។ ដោយជាផ្នែកនៃសេចក្តីសញ្ញានេះ យើងមានការទទួលខុសត្រូវដ៏ពិសិដ្ឋក្នុងការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅទូទាំងពិភពលោក ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចទទួលបានពរជ័យដ៏អស្ចារ្យទាំងនេះ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីការទទួលខុសត្រូវនៃសេចក្ដីសញ្ញារបស់ពួកគេក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីក្នុងពេលសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ឲ្យរកមើលពរជ័យ និងការទទួលខុសត្រូវនៃសេចក្ដីសញ្ញាអ័ប្រាហាំ ។ ពួកគេអាចសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អ័ប្រាហាំ ២:៩–១១ ឬស្វែងរក « សេចក្ដីសញ្ញាអ័ប្រាហាំ » នៅក្នុងបណ្ណាល័យដំណឹងល្អ ។ ក្នុងអំឡុងមេរៀន អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬសំណួរដែលពួកគេមាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ក្រុមគ្រួសារនៅលើផែនដី
រៀបចំស្រោមសំបុត្រចំនួនបួន ដែលស្រោមសំបុត្រនីមួយៗមានស្លាកលេខ ៖ ១, ២, ៣ ឬ ៤ ។
សូមបោះពុម្ពសំណៅមេរៀនដែលមានទាំងសងខាង « ក្រុមគ្រួសារនៅលើផែនដី » ខាងមុខ និងខាងក្រោយ ។ កាត់តាមបន្ទាត់ចុចៗ ដោយបង្កើតល្បែងផ្គុំរូបដែលមានទាំងសងខាង ។ ដោយប្រើលេខចំណងជើងនៅខាងក្រោយបំណែកនីមួយៗ ដាក់វានៅក្នុងស្រោមសំបុត្រដែលមានលេខដែលដូចគ្នា ។ រៀបចំសិស្សជាបួនក្រុម ហើយប្រគល់ស្រោមសំបុត្រមួយដាច់ដោយឡែកដល់ក្រុមនីមួយៗ ។ ប្រសិនបើអ្នកមានសិស្សច្រើន សូមពិចារណាចម្លងការណែនាំនេះជាពីរ ហើយរៀបចំសិស្សជាប្រាំបីក្រុម ។
អញ្ជើញក្រុមនីមួយៗឲ្យមើលរូបភាពនៅលើបំណែករូបផ្គុំរបស់ពួកគេ ហើយផ្តល់ការណែនាំដូចខាងក្រោម ។
សូមជ្រើសរើសរូបភាពមួយក្នុងចំណោមរូបភាពរបស់មនុស្សនៅលើបំណែករូបផ្គុំរបស់អ្នកជាក្រុម ហើយបង្កើតការពិពណ៌នាខ្លីមួយសម្រាប់បុគ្គលរូបនោះ ។ នេះអាចរួមមាន ៖
-
ឈ្មោះ
-
តើពួកគេមកពីណា
-
ព័ត៌មានលម្អិតអំពីគ្រួសាររបស់ពួកគេ
-
អ្វីដែលកំពុងដំណើរការល្អក្នុងជីវិតរបស់ពួកគេ
-
បញ្ហាប្រឈមដែលពួកគេកំពុងប្រឈមមុខ
អញ្ជើញក្រុមនីមួយៗឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវព័ត៌មានលម្អិតដែលពួកគេបានបង្កើតសម្រាប់បុគ្គលដែលពួកគេជ្រើសរើសពីបំណែករូបផ្គុំរបស់ពួកគេ ។ បន្ទាប់ពីពួកគេបានចែកចាយហើយ សូមអញ្ជើញសិស្សឲ្យរកមើលនៅក្នុងមេរៀនទាំងមូលនូវអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ ដើម្បីផ្ដល់ពរដល់មនុស្សជុំវិញពិភពលោក ដូចអ្វីដែលក្រុមនីមួយៗបានពិពណ៌នា ។ សូមពន្យល់ថា សិស្សនឹងបញ្ចប់ល្បែងផ្គុំរូបទាំងមូលជាមួយគ្នាក្នុងមេរៀននេះនៅពេលក្រោយ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាវគ្គបទគម្ពីរខាងក្រោមជាមួយក្រុមរបស់ពួកគេ ។
សូមអាន អ័ប្រាហាំ ២:៩–១១ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់អ័ប្រាហាំថាទ្រង់នឹងធ្វើដើម្បីប្រទានពរដល់ប្រជាជាតិ និងក្រុមគ្រួសារទាំងឡាយនៅលើផែនដី ។ កំណត់ចំណាំ ៖ ខគម្ពីរទាំងនេះមានផ្នែកមួយនៃអ្វីដែលត្រូវបានស្គាល់ថាជាសេចក្ដីសញ្ញាអ័ប្រាហាំ ។
-
តើនរណាជាពូជរបស់អ័ប្រាហាំ ។ ( សូមមើល ខទី ១០–១១ ) ។
-
តើមានរបៀបអ្វីខ្លះដែលព្រះអម្ចាស់អាចប្រទានពរដល់ក្រុមគ្រួសារនៅលើផែនដីតាមរយៈពូជរបស់អ័ប្រាហាំ ?
សេចក្តីថ្លែងការណ៍ខាងក្រោមនេះអាចចែកចាយដើម្បីគាំទ្រ ឬបន្ថែមទៅលើចម្លើយរបស់សិស្ស ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីពូជរបស់អ័ប្រាហាំដូចខាងក្រោម ៖
យើងគឺជាពូជរបស់អ័ប្រាហាំ ។ …
កិច្ចការផ្សព្វផ្សាយសាសនាគឺជាការបង្ហាញអំពីអត្តសញ្ញាណ និងមរតកខាងវិញ្ញាណរបស់យើង ។ យើងត្រូវបានតែងតាំងជាមុនពីមុនឆាកជីវិតនេះ និងបានកើតនៅក្នុងជីវិតរមែងស្លាប់ដើម្បីបំពេញតាមសេចក្ដីសញ្ញា និងសេចក្ដីសន្យាដែលព្រះបានធ្វើជាមួយនឹងអ័ប្រាហាំ ។ យើងនៅលើផែនដីនៅពេលនេះដើម្បីតម្កើងបព្វជិតភាព និងដើម្បីផ្សព្វផ្សាយដំណឹងល្អ ។ នោះហើយជាអត្តសញ្ញាណរបស់យើង ហើយនោះហើយជាមូលហេតុដែលយើងនៅទីនេះ—នៅថ្ងៃនេះ និងជានិច្ចតទៅ ។ ( « Becoming a Missionary » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ៤៧ )
-
តើអ្នកនឹងសង្ខេបសេចក្តីថ្លែងការណ៍នេះដោយរបៀបណា ?
សិស្សអាចថ្លែងអ្វីមួយដូចជា ក្នុងនាមជាពូជរបស់អ័ប្រាហាំ យើងមានទំនួលខុសត្រូវលើសេចក្តីសញ្ញាក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅទូទាំងពិភពលោក ។ សូមពិចារណាប្រើប្រាស់ពាក្យសម្តីរបស់សិស្សដើម្បីសរសេរសេចក្តីពិតនេះនៅលើក្ដារខៀន ។
ដើម្បីយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការទទួលខុសត្រូវនេះ សូមឲ្យសិស្សអាន កថាខណ្ឌបីដំបូង នៅលើទំព័រទី ១ នៃ ប្រកាសដំណឹងល្អរបស់យើង នៅក្រោមចំណងជើង « សិទ្ធិអំណាចរបស់អ្នកដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ » ។
-
ហេតុអ្វីបានជាមនុស្សខ្លះរំភើបរីករាយចំពោះការទទួលខុសត្រូវនេះ ? ហេតុអ្វីបានជាអ្នកខ្លះមានចិត្តស្ទាក់ស្ទើរ ?
-
តើអ្នកគិតថាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអាចផ្ដល់ពរដល់មនុស្សដូចដែលអ្នកបានពិពណ៌នានៅលើបំណែករូបផ្គុំរបស់អ្នកដោយរបៀបណា ?
ដើម្បីជួយសិស្សមើលឃើញពីគុណតម្លៃនៃការចែកចាយដំណឹងល្អ អ្នកអាចសួរពីអ្វីដែលពួកគេចងចាំអំពីសេចក្ដីសញ្ញាអ័ប្រាហាំ ឬពន្យល់ដូចតទៅនេះ ( សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមមើល « មេរៀនទី ២៣ ៖ ‹ លោកុប្បត្តិ ១២; ១៧ › » និង « មេរៀនទី ២៤ ៖ ‹ អ័ប្រាហាំ ២:៩–១១ › » ) ៖
ដោយជាផ្នែកនៃសេចក្តីសញ្ញាអ័ប្រាហាំ ព្រះបានសន្យាដល់យើងនូវពរជ័យនៃបព្វជិតភាពរបស់ទ្រង់ ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច និងមរតកក្នុងនគរសេឡេស្ទាល ។ ទាំងនេះគឺជាពរជ័យដែលទ្រង់ប្រាថ្នាចង់បានសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ហើយយើងមានអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវក្នុងការចែកចាយពរជ័យទាំងនេះជាមួយពិភពលោក ។
-
តើការចងចាំពីពរជ័យទាំងនេះជំរុញយើងឲ្យចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃដោយរបៀបណា ?
សូមគិតពិចារណាអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ បន្តស្វែងរកការយល់ដឹងដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីពរជ័យ និងអភ័យឯកសិទ្ធិនៃការទទួលខុសត្រូវដ៏ពិសិដ្ឋនេះ ។
ការបំពេញការទទួលខុសត្រូវនៃសេចក្តីសញ្ញារបស់យើង
អេសាយ ៤៩ មានការព្យាករអំពីការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ រួមទាំងការផ្សព្វផ្សាយដំណឹងល្អផងដែរ ។ ព្យាការីនីហ្វៃនៃព្រះគម្ពីរមរមនបានពន្យល់ថា ការព្យាករទាំងនេះគឺជាការរំឭកថា ព្រះនឹងរក្សាសេចក្តីសញ្ញារបស់ទ្រង់ដើម្បីប្រទានពរដល់ក្រុមគ្រួសារនៃផែនដីតាមរយៈពូជរបស់អ័ប្រាហាំ ( សូមមើល នីហ្វៃទី១ ២២:៧–៩ ) ។ កំណត់ចំណាំ ៖ អ្នកបម្រើដែលបានយោងនៅក្នុង អេសាយ ៤៩:៣ និង ៥ អាចពិពណ៌នាអំពីបុគ្គលដែលដឹកនាំមនុស្សទៅរកព្រះគ្រីស្ទ រួមទាំងសមាជិកនៃវង្សអ៊ីស្រាអែល ពួកព្យាការី និងព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ផងដែរ ។
សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ។ សិស្សអាចបំពេញកិច្ចការនេះជាមួយក្រុមរបស់ពួកគេ ។
សូមស្វែងយល់អំពីការព្យាកររបស់អេសាយដោយអានបទគម្ពីរ និងសេចក្ដីថ្លែងការណ៍នៅខាងក្រោយបំណែករូបផ្គុំរបស់អ្នក ។ ពិភាក្សា និងរៀបចំដើម្បីចែកចាយអ្វីៗដូចខាងក្រោមជាមួយសិស្សក្នុងថ្នាក់ ៖
-
ការណ៍ទាំងឡាយដែលអ្នករៀនអំពីការទទួលខុសត្រូវនៃសេចក្ដីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ ។
-
របៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចគាំទ្រយើង នៅពេលយើងបំពេញភារកិច្ចនេះ ។
-
ឧទាហរណ៍ពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកផ្សេងទៀតនៃសាសនាចក្ររបស់ព្រះអម្ចាស់អាចអនុវត្តការណ៍នេះ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញក្រុមនីមួយៗឲ្យចែកចាយដោយសង្ខេបៗនូវការរកឃើញរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ លើកទឹកចិត្តសមាជិកជាច្រើននាក់នៃក្រុមនីមួយៗឲ្យចែកចាយអ្វីមួយ ។ បន្ទាប់ពីក្រុមនីមួយៗចែកចាយហើយ ពួកគេអាចដាក់បំណែករូបផ្ដុំរបស់ពួកគេនៅលើក្ដារខៀននៅក្រោមសេចក្តីពិតដែលបានសរសេរពីមុន ។ បំណែកពីក្រុមនីមួយៗនឹងរួមបញ្ចូលគ្នាដើម្បីបង្កើតរូបភាពនៃមនុស្សជាច្រើន និងឃ្លាថា « ក្រុមគ្រួសារនៅលើផែនដី » ។ នៅពេលពួកគេធ្វើរួចរាល់ហើយ សូមពិចារណាមើល « President Russell M. Nelson Introduces Preach My Gospel, Second Edition » ចាប់ពីនាទីទី ០:០០ ដល់ ០:៥៥ ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ។ សិស្សអាចស្វែងរកការយល់ដឹងបន្ថែមអំពីការទទួលខុសត្រូវលើសេចក្ដីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ ។
សេចក្ដីបញ្ចប់
បំពេញសេចក្តីថ្លែងការណ៍មួយ ឬច្រើនដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយសារវាទាក់ទងនឹងការទទួលខុសត្រូវលើសេចក្ដីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អ ៖
ថ្ងៃនេះខ្ញុំបានដឹងថា មនុស្សជុំវិញពិភពលោក …
ថ្ងៃនេះខ្ញុំបានដឹងថា …
ថ្ងៃនេះខ្ញុំបានដឹងថា ព្រះអង្គសង្រ្គោះ …
សូមអញ្ជើញពួកអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមបញ្ចប់ដោយការចែកចាយអារម្មណ៍របស់អ្នកអំពីការទទួលខុសត្រូវលើសេចក្តីសញ្ញារបស់យើងក្នុងការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ សូមរំឭកសិស្សថា នេះគឺជាកិច្ចការរបស់ព្រះអង្គសង្គ្រោះ ហើយទ្រង់នឹងជួយពួកគេក្នុងការខិតខំរបស់ពួកគេ ។