« ការស្វែងរកអ្នកណែនាំ ៖ ព្រះអម្ចាស់ដាក់បុគ្គលគំរូនៅលើផ្លូវរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការស្វែងរកអ្នកណែនាំ ៖ ព្រះអម្ចាស់ដាក់បុគ្គលគំរូនៅលើផ្លូវរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ៖ មេរៀនទី ១៩១
ការស្វែងរកអ្នកណែនាំ
ព្រះអម្ចាស់ដាក់បុគ្គលគំរូនៅលើផ្លូវរបស់យើង
នៅពេលអ្នកជញ្ជឹងគិតពីជីវិតរបស់អ្នក តើអ្នកណែនាំដែលគួរឲ្យទុកចិត្តបានជួយអ្នកយ៉ាងដូចម្ដេចខ្លះ ? ចាប់ពីម៉ូសេ និងយ៉ូស្វេ ដល់អេលី និងសាំយូអែល ដំណើររឿងពីបទគម្ពីរទាំងឡាយបង្ហាញពីគុណតម្លៃនៃទំនាក់ទំនងការណែនាំ ។ ដំណើររឿងទាំងនេះចង្អុលបង្ហាញយើងទៅកាន់អ្នកណែនាំដ៏ល្អឥតខ្ចោះរបស់យើង គឺព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើតផែនការដើម្បីសម្គាល់ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកណែនាំផ្នែកការអប់រំ និងផ្នែកអាជីពដែលមានសក្តានុពល ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីគោលដៅការអប់រំ និងអាជីពនាពេលបច្ចុប្បន្ន និងអនាគត ។ សូមឲ្យសិស្សធ្វើបញ្ជីអំពីមនុស្សពេញវ័យដែលគួរឲ្យទុកចិត្តមួយចំនួន ដែលអាចធ្វើជាគំរូ ឬអ្នកណែនាំដើម្បីជួយពួកគេសម្រេចបាននូវគោលដៅទាំងនេះ ហើយយកបញ្ជីរបស់ពួកគេមកថ្នាក់រៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកចង់ធ្វើតាមអ្នកណា ?
សូមពិចារណាចាប់ផ្តើមមេរៀនដោយការអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេជាផ្នែកនៃមិត្តភក្តិមួយក្រុមដែលហៀបនឹងចាប់ផ្តើមដំណើរឆ្លងកាត់ព្រៃស្ដុកមួយ ។ មានគេប្រាប់ដល់ក្រុមនេះថា ការធ្វើដំណើរនឹងមានការលំបាក ប៉ុន្តែទីកន្លែងដែលជាគោលដៅនឹងមានភាពអស្ចារ្យហើយស័ក្ដិសមនឹងការខិតខំប្រឹងប្រែងនោះណាស់ ។ ក្រុមនេះត្រូវបានអញ្ជើញឲ្យជ្រើសរើសនរណាម្នាក់ដើម្បីនាំផ្លូវពួកគេ ។
-
តើលក្ខណសម្បត្តិអ្វីខ្លះដែលអ្នកចង់ឲ្យអ្នកនាំផ្លូវរបស់អ្នកមាន ? ហេតុអ្វី ?
-
តើអ្នកនឹងឆ្លើយតបយ៉ាងណា បើសមាជិកក្នុងក្រុមបានស្នើថាអ្នកនឹងមិនចាំបាច់មានអ្នកនាំផ្លូវនោះទេ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលសាច់រឿងនេះអាចអនុវត្តចំពោះផែនការអប់រំ និងអាជីពរបស់ពួកគេ ។ អ្នកអាចនិយាយថា មេរៀននេះនឹងផ្តោតលើការស្វែងរក និងការទាក់ទងទៅអ្នកណែនាំ ។
ចំណាំ ៖ អ្នកអាចមានសិស្សដែលគិតថាមិនចាំបាច់មានអ្នកណែនាំនោះទេ ។ អ្នកអាចស្វែងរកឱកាស ដើម្បីជួយពួកគេឲ្យយល់ពីតម្លៃរបស់អ្នកណែនាំ និងផ្នែកដែលពួកគេអាចទទួលបានជំនួយនៅថ្ងៃនេះ ។ សូមជួយសិស្សឲ្យទទួលស្គាល់ថា ដូចជាអ្នកនាំផ្លូវដែរ អ្នកណែនាំអាចនាំមកនូវបទពិសោធន៍ និងការយល់ដឹងដែលអាចជួយតម្រែតម្រង់យើងលើការសម្រេចចិត្ដអំពីការអប់រំ និងអាជីព ។
សិក្សាសេចក្ដីថ្លែងការណ៍ទាំងនេះ ដោយរកមើលរបៀបដែលព្រះអម្ចាស់អាចដឹកនាំអ្នកតាមរយៈការប្រឹក្សារបស់អ្នកណែនាំ ។
បងប្រុស មៀលធិន ខាម៉ាហ្គូ ដែលជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យ បានមានប្រសាសន៍ ៖
នៅចំណុចខ្លះអំឡុងការធ្វើដំណើររបស់អ្នក [ នៅក្នុង ] ការអប់រំ … អ្នកប្រហែលជាមានអារម្មណ៍លើសលប់ជាមួយនឹងរឿងជាច្រើនដែលត្រូវធ្វើ ។ សូមចងចាំថា អ្នកមិននៅម្នាក់ឯងក្នុងអំឡុងពេលលំបាករបស់អ្នកនោះទេ ។ ព្រះអម្ចាស់បានប្រទានដល់អ្នកនូវមនុស្សជាច្រើនដែលអាចគាំទ្រដល់អ្នក—សមាជិកគ្រួសារ ថ្នាក់ដឹកនាំសាសនាចក្រ មិត្តភក្តិ ក៏ដូចជាគ្រូបង្រៀន អ្នកណែនាំ ឬគ្រូរបស់អ្នកផងដែរ ។ ហើយជាការពិតណាស់ ព្រះអម្ចាស់ផ្ទាល់តែងតែត្រៀមព្រះកាយជានិច្ចដើម្បីលួងលោម និងពង្រឹងអ្នក ។ ( « Persevere with the Lord’s Help » [ ការប្រជុំធម្មនិដ្ឋានBYU Worldwid ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ] ទំព័រ ២ នៅលើគេហទំព័រ byupathway.edu )
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
[ អ្នកណែនាំ ] បានដើរមុនយើង ហើយពួកគេស្គាល់ពីផ្លូវនោះ ។ … បុគ្គលដែលមានបទពិសោធន៍ និងគួរឲ្យទុកចិត្ត បម្រើជាអ្នកណែនាំដ៏មានប្រសិទ្ធភាព និងជាទីប្រឹក្សាដល់បុគ្គលដែលមិនសូវមានបទពិសោធន៍ ដោយការជួយតម្រង់ការយល់ដឹងរបស់បុគ្គលនោះ ហើយបង្រៀនគោលការណ៍ដែលនឹងធ្វើឲ្យគាត់កាន់តែមានប្រសិទ្ធភាព កាន់តែរឹងមាំ កាន់តែឆ្លាតវៃ និងមានតម្លៃក្នុងនាមជាអ្នកបម្រើរបស់ព្រះ » ( « Thy Friends Do Stand by Thee » [ Brigham Young University devotional ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១០ ] ទំព័រ ៣ speeches.byu.edu ) ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីដំបូន្មាននេះ ?
បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់អាចដឹកនាំយើងតាមរយៈអ្នកណែនាំដែលគួរឲ្យទុកចិត្ត ។
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតចំណុចខាងក្រោមនេះ ៖
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលជំនួយពីអ្នកណែនាំ ?
-
តើផ្នែកណាខ្លះនៃផែនការការអប់រំ ឬអាជីពរបស់អ្នក ដែលអាចទទួលបានអត្ថប្រយោជន៍ពីព្រះអម្ចាស់ដែលដឹកនាំអ្នកតាមរយៈការប្រឹក្សារបស់អ្នកណែនាំ ?
អ្នកអាចចែកចាយឧទាហរណ៍អំពីនរណាម្នាក់ដែលបានបម្រើជាអ្នកណែនាំដល់អ្នក ។ សូមពិចារណាចែកចាយបទពិសោធន៍របស់អ្នកក្នុងការធ្វើការជាមួយបុគ្គលនោះ និងរបៀបដែលពួកគេបានជួយអ្នកឲ្យមើលឃើញការណែនាំរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកកំណត់អត្តសញ្ញាណអ្នកណែនាំដែលគួរឲ្យទុកចិត្តបាននៅក្នុងជីវិតអ្នក ដែលអាចជួយអ្នកស្វែងរកការណែនាំរបស់ព្រះអម្ចាស់ នៅពេលអ្នកធ្វើការសម្រេចចិត្តអំពីផែនការអប់រំ និងអាជីព ។
គំរូមកពីបទគម្ពីរអំពីការណែនាំ
វាអាចនឹងមានប្រយោជន៍ក្នុងការចែកចាយថា ព្រះនាមមួយដែលបានប្រទានដល់ព្រះវរបិតាសួគ៌គឺ « មនុស្សនៃដំបូន្មាន » ( សូមមើល ម៉ូសេ ៧:៣៥ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យអាន យ៉ូហាន ៥:១៩–២០ និង យ៉ូហាន ៨:២៦–២៨ ដោយរកមើលរបៀបដែលព្រះវរបិតាសួគ៌បានណែនាំដល់ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចសួរសំណួរដូចជា ៖
-
តើការណ៍នេះអាចជួយយើងឲ្យយល់អ្វីខ្លះ អំពីតម្រូវការរបស់ព្រះអង្គសង្គ្រោះក្នុងការមានអ្នកណែនាំ ?
សិស្សអាចនឹងនិយាយថា ព្រះយេស៊ូវបានរៀនមកពីគំរូរបស់ព្រះវរបិតាទ្រង់ ហើយបានស្វែងរកដំបូន្មាន និងការដឹកនាំរបស់ព្រះវរបិតាទ្រង់ ។
បន្ទាប់ពីសិស្សចែកចាយ អ្នកអាចផ្តល់នូវគំរូចេញពីបទគម្ពីរខាងក្រោមអំពីព្រះអម្ចាស់ដឹកនាំរាស្ដ្ររបស់ទ្រង់តាមរយៈអ្នកណែនាំដែលមានការបំផុសគំនិត ។ សិស្សអាចធ្វើការជាមួយដៃគូ ហើយជ្រើសរើសដំណើររឿងមួយដើម្បីសិក្សា និងឆ្លើយសំណួរដែលមានបន្ទាប់ពីនោះ ។
ម៉ូសេ និងយ៉ូស្វេ ៖ ចោទិយកថា ៣:២១–២២ ( ម៉ូសេណែនាំយ៉ូស្វេ ) ២៨ ( ការណែនាំរបស់ព្រះអម្ចាស់ដល់ម៉ូសេ )
ហោរាស្រី ឈ្មោះដេបូរ៉ា និងបារ៉ាក់ ជាមេទ័ពរបស់នាង ៖ ពួកចៅហ្វាយ ៤:៤–១០, ១៤; ពួកចៅហ្វាយ ៥:១–៣ ( អបអរជ័យជម្នះរបស់អ៊ីស្រាអែល )
សង្ឃជាន់ខ្ពស់ ឈ្មោះអេលី និងព្យាការីវ័យក្មេង ឈ្មោះសាំយូអែល៖ សាំយូអែល ទី១ ៣:១–១០
-
តើព្រះអម្ចាស់បានប្រទានការណែនាំរបស់ទ្រង់តាមរយៈអ្នកណែនាំនេះដោយរបៀបណា ?
-
តើដំណើររឿងនេះអាចជួយអ្នកណាម្នាក់ដែលស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីអ្នកណែនាំដោយរបៀបណា ?
សកម្មភាពខាងក្រោមអាចជួយសិស្សកំណត់ និងបង្កើតផែនការដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកណែនាំដែលមានសក្តានុពល ។
ផ្តល់សំណៅមេរៀន « ការស្វែងរកអ្នកណែនាំ » ដល់សិស្សម្នាក់ៗ ។ ចាត់សិស្សជាក្រុម ឬជាគូ ដើម្បីបំពេញសំណៅមេរៀននោះ ។ ជាជម្រើសមួយ អ្នកអាចដាក់ផ្នែកនីមួយៗនៃសំណៅមេរៀននៅជុំវិញបន្ទប់ បន្ទាប់មកអញ្ជើញសិស្សឲ្យឆ្លាស់គ្នា ហើយបំពេញសកម្មភាពនីមួយៗ ។
ព្រះអម្ចាស់នឹងដឹកនាំយើងតាមរយៈអ្នកណែនាំដែលគួរឲ្យទុកចិត្ត
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ចែកចាយអ្វីដែលពួកគេបានពិភាក្សាក្នុងក្រុម ។ បន្ទាប់មកអ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្ដឲ្យចែកចាយផែនការរបស់ពួកគេជាមួយថ្នាក់ទាំងមូល ។
វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា ឪពុកម្តាយ គ្រូបង្រៀន ទីប្រឹក្សាក្នុងសាលា និងអ្នកផ្សេងទៀតអាចជួយសិស្សកំណត់អត្តសញ្ញាណអ្នកណែនាំដែលសមស្រប ។ សាខា វួដ និងស្តេកមួយចំនួន ថែមទាំងអាចមានអ្នកជំនាញផ្នែកអប់រំ និងអាជីពទៀតផង ។ សូមពិចារណាធានាដល់សិស្សថា ព្រះអម្ចាស់ដាក់មនុស្សដែលគួរឲ្យទុកចិត្ដជាច្រើននៅលើផ្លូវរបស់យើង ដែលអាចបម្រើជាអ្នកណែនាំបាន ។ មនុស្សមួយចំនួនជាអ្នកណែនាំរយៈពេលខ្លី ហើយបំពេញតម្រូវការជាក់លាក់ដែលយើងមាន ។ អ្នកណែនាំផ្សេងទៀតអាចធ្វើការជាមួយយើងក្នុងរយៈពេលយូរជាងនេះ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកណែនាំដែលអាចជួយពួកគេ ។ ថ្លែងទីបន្ទាល់ថាទ្រង់នឹងប្រទានជំនួយដែលពួកគេត្រូវការ ។