« សារៈសំខាន់នៃការអប់រំ ៖ ពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណនៃការអប់រំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សារៈសំខាន់នៃការអប់រំ ៖ ពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណនៃការអប់រំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ៖ មេរៀនទី ១៨៨
សារៈសំខាន់នៃការអប់រំ
ពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណនៃការអប់រំ
ខណៈពេលដែលការទទួលបានការអប់រំអាចជាការលំបាកខ្លាំង វាពិតជាមានតម្លៃក្នុងការលះបង់ និងការខិតខំប្រឹងប្រែង ។ ការអប់រំមិនត្រឹមតែអាចផ្ដល់ពរដល់ជីវិតយើង និងអ្នកនៅជុំវិញយើងប៉ុណ្ណោះទេ ប៉ុន្តែវារៀបចំយើងឲ្យក្លាយជាឧបករណ៍ដ៏ប្រសើរនៅក្នុងការសម្រេចកិច្ចការរបស់ព្រះអម្ចាស់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការអប់រំទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអ្វីមួយដែលពួកគេចូលចិត្តរៀន និងរបៀបដែលពួកគេបង្កើតនូវចំណាប់អារម្មណ៍នោះ ។ ពួកគេក៏អាចជញ្ជឹងគិតពីរបៀបដែលការរៀនសូត្រអំពីចំណាប់អារម្មណ៍អាចនេះមានតម្លៃសម្រាប់ពួកគេផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេរីភាព ឬដែនកំណត់
ពិចារណាគូររូបជីឡាវពីរនៅលើក្តារខៀន ដូចដែលបានបង្ហាញខាងក្រោម ។ សិស្សអាចគូររូបជីឡាវទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ អ្នកក៏អាចយកជីឡាវមួយទៅថ្នាក់រៀន ឬបង្កើតជីឡាវសាមញ្ញមួយពីក្រដាស ។
អញ្ជើញសិស្សឲ្យចង្អុលបង្ហាញពីចុងនៃជីឡាវដែលមើលទៅបិតជិតខ្លាំង និងចុងដែលមើលទៅធំជាង ឬទូលាយជាង។ បន្ទាប់មកសរសេរ ការទទួលបានការអប់រំ នៅខាងលើរូបភាពដំបូង ។
ស្រមៃថាខាងចុងដែលបើកតូចនៃជីឡាវនេះតំណាងឲ្យការទទួលបានការអប់រំ ។
-
តើតាមរបៀបណាខ្លះ ដែលការទទួលបានការអប់រំអាចមើលទៅហាក់ដូចជាការរឹតត្បិត ឬដែនកំណត់ចំពោះមនុស្សមួយចំនួននៅពីដំបូង ?
-
តើជីឡាវដែលមានខាងចុងធំជាងអាចតំណាងឲ្យអ្វី ? ហេតុអ្វី ?
សិស្សអាចពន្យល់ថា ខណៈដែលការទទួលបានការអប់រំតម្រូវឲ្យមានការខិតខំប្រឹងប្រែង ការមានវិន័យ និងការលះបង់ច្រើន វាអាចនាំទៅរកពរជ័យពីព្រះអម្ចាស់ រួមទាំងការបង្កើនសេរីភាព ឱកាសនានា និងការរីកចម្រើន ។
សរសេរ ការជ្រើសរើសមិនទទួលយកការអប់រំ ខាងលើរូបភាពទីពីរ ។
ឥឡូវសូមស្រមៃថា ជីឡាវដែលមានខាងចុងធំជាងនេះតំណាងឲ្យការជ្រើសរើសមិនទទួលយកការអប់រំ ។
-
តើជីឡាវដែលមានខាងចុងតូចអាចតំណាងឲ្យអ្វី ? ហេតុអ្វី ?
សិស្សអាចពន្យល់ថា ពីដំបូងការជ្រើសរើសមិនខិតខំប្រឹងប្រែងដើម្បីទទួលបានការអប់រំអាចហាក់ដូចជាការមានសេរីភាព ប៉ុន្តែអាចនាំឲ្យមានដែនកំណត់ ឬការរឹតត្បិតសេរីភាព ឱកាសនានា និងការរីកចម្រើនវិញ ។
សូមជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើការអប់រំមានសារៈសំខាន់ប៉ុនណាចំពោះអ្នក ? ហេតុអ្វី ?
-
តើជម្រើសរបស់អ្នកដើម្បីទទួល ឬមិនទទួលយកការអប់រំអាចប៉ះពាល់ដល់អ្នក និងអ្នកដែលនៅជុំវិញអ្នកយ៉ាងដូចម្តេច ?
ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យស្គាល់សារលិខិតដែលសម្រាប់តែអ្នកប៉ុណ្ណោះ ។ នៅពេលអ្នករៀនអំពីការអប់រំ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ដែលអាចជួយអ្នកក្នុងគោលដៅការអប់រំ និងគោលដៅជីវិតរបស់អ្នក ។
សូមបន្ដការរៀនសូត្រជានិច្ច
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។ អ្នកអាចចែកសេចក្តីណែនាំ ដើម្បីកម្លាំងនៃយុវជន ដល់សិស្សម្នាក់ៗ ឬអញ្ជើញពួកគេឲ្យរកវានៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាសេចក្ដីថ្លែងការណ៍រៀងៗខ្លួន រួចពិភាក្សាអំពីសំណួរដែលមានបន្ទាប់ពីសេចក្ដីថ្លែងការណ៍នោះជាក្រុមតូចៗ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ដោយរកមើលអ្វីដែលអ្នករៀនអំពីការរៀនសូត្រ និងការអប់រំ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
អង្គបង្កបង្កើតរបស់យើងរំពឹងថា បុត្រាបុត្រីរបស់ទ្រង់នៅគ្រប់ទីកន្លែងនឹងទទួលបានការអប់រំជាកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ។ ( « Education—A Religious Responsibility » [ Brigham Young University–Idaho devotional ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ] នៅលើគេទំព័រ byui.edu )
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើសពន្យល់ ៖
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យបុត្រា និងបុត្រីរបស់ទ្រង់រៀនសូត្រជានិច្ច ។ អ្នកមានហេតុផលទាំងខាងសាច់ឈាម និងខាងវិញ្ញាណក្នុងការស្វែងរក និងការស្រឡាញ់ការរៀនសូត្រ ។ ការអប់រំមិនមែនគ្រាន់តែអំពីការរកប្រាក់ប៉ុណ្ណោះនោះទេ ។ ការអប់រំគឺជាផ្នែកមួយនៃគោលដៅដ៏អស់កល្បរបស់អ្នកដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ ។ …
សូមធ្វើជាមនុស្សរៀនសូត្រជានិច្ច ។ សូមស្វែងរកឱកាសដើម្បីពង្រីកគំនិត និងជំនាញរបស់អ្នក ។ ឱកាសទាំងនេះអាចរួមបញ្ចូលការអប់រំផ្លូវការនៅសាលា ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការរៀនក្រៅផ្លូវការពីប្រភពដែលអ្នកទុកចិត្តផងដែរ ។ សូមរាប់បញ្ចូលព្រះអម្ចាស់នៅក្នុងការខិតខំរបស់អ្នក ហើយទ្រង់នឹងដឹកនាំអ្នក ។ នៅពេលអ្នករៀនអំពីពិភពលោកជុំវិញអ្នក សូមរៀនផងដែរអំពីព្រះអង្គសង្គ្រោះដែលបានបង្កើតពិភពលោកនេះ ។ សូមសិក្សាអំពីព្រះជន្ម និងការបង្រៀនរបស់ទ្រង់ ។ សូមធ្វើឲ្យថ្នាក់សិក្ខាសាលា ថ្នាក់វិទ្យាស្ថាន និងការសិក្សាដំណឹងល្អផ្ទាល់ខ្លួនក្លាយជាផ្នែកមួយនៃការសិក្សាពេញមួយជីវិតរបស់អ្នក ។ …
ការអប់រំបង្កើនសមត្ថភាពរបស់អ្នកដើម្បីបម្រើព្រះអម្ចាស់ ។ វាផ្តល់អំណាចឲ្យអ្នកក្នុងការប្រទានពរដល់អ្នកដទៃ ជាពិសេសគ្រួសាររបស់អ្នក ។ អ្នករៀនកាន់តែច្រើន នោះអ្នកក៏កាន់តែអាចជួយស្ថាបនានគររបស់ព្រះ និងមានឥទ្ធិពលលើពិភពលោកសម្រាប់ការល្អផងដែរ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២២ ] ទំព័រ ៣១–៣២ )
-
តើឃ្លាណាខ្លះពីសេចក្តីថ្លែងការណ៍ទាំងនេះដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើសេចក្ដីពិតដ៏អស់កល្បអ្វីខ្លះ ដែលយើងអាចរៀនពីសេចក្ដីថ្លែងការណ៍ទាំងនេះ ?
កត់ត្រាសេចក្ដីពិតដែលសិស្សចែកចាយនៅជាប់នឹងជីឡាវទីមួយនៅលើក្ដារខៀន ។ សិស្សអាចធ្វើដូចគ្នាជាមួយគំនូររបស់ពួកគេ ។ ពួកគេអាចចែកចាយសេចក្ដីពិតដូចខាងក្រោម ៖
-
ការអប់រំគឺជាផ្នែកមួយនៃគោលដៅដ៏អស់កល្បរបស់យើង ដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ ។
-
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យបុត្រា និងបុត្រីរបស់ទ្រង់រៀនសូត្រជានិច្ច ។
-
ការអប់រំបង្កើនសមត្ថភាពរបស់យើងដើម្បីបម្រើព្រះអម្ចាស់ និងផ្ដល់ពរដល់អ្នកដទៃ ។
-
-
ហេតុអ្វីបានជាការរៀនសូត្រ និងការអប់រំជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើសេចក្ដីពិតទាំងនេះអាចជួយនរណាម្នាក់ដែលមើលឃើញថាការអប់រំជាការរឹតត្បិត និងការដាក់កំហិត បានយ៉ាងដូចម្ដេចខ្លះ ?
សារៈសំខាន់នៃការអប់រំ
ការរៀនសូត្រ និងការអប់រំតែងតែជាផ្នែកដ៏សំខាន់នៃភាពរីកចម្រើនសម្រាប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ ឧទាហរណ៍ លោកអ័ដាម និងនាងអេវ៉ាបានបង្រៀនកូនៗរបស់ពួកគេទាំងរឿងខាងវិញ្ញាណ និងសាច់ឈាម ( សូមមើល ម៉ូសេ ៥:១០–១២; ៦:៥–៦ ) ដូច្នេះហើយជួយពួកគេឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ ។
អាស្រ័យលើពេលវេលា សូមពិចារណាប្រើជម្រើសមួយ ឬច្រើនខាងក្រោម ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរដល់ពួកគេបន្ថែមទៀតសម្រាប់ការស្វែងរកការអប់រំ ។ ពួកគេអាចកត់ត្រាពរជ័យទាំងឡាយដែលពួកគេរកឃើញនៅក្រោមគំនូរនៃជីឡាវទីមួយ ។
-
សិស្សអាចធ្វើតាមការណែនាំនៅលើសំណៅមេរៀន « សារៈសំខាន់នៃការអប់រំ » ។
-
សិស្សអាចមើលវីដេអូដូចជា « Education for a Better Life » ( ៤:៥៥ ) ឬ « Love of Learning » ( ២:៥៧ ) ដោយរកមើលរបៀបដែលការរៀនសូត្រ និងការអប់រំអាចនាំទៅរកពរជ័យ និងឱកាស ។ វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
សិស្សអាចស្វែងរកបទគម្ពីរ ឬសម្រង់ដែលបំផុសគំនិតពួកគេឲ្យស្វែងរកការរៀនសូត្រ និងការអប់រំ ។ ពួកគេអាចស្វែងរក « Education » នៅក្នុង ប្រធានបទ និងសំណួរ ឬបណ្ណាល័យដំណឹងល្អ ។ បទគម្ពីរខាងក្រោមអាចមានប្រយោជន៍ ៖ សុភាសិត ៣:១៣–២០; ៤:៥–៨; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:១៨–១៩ ។
បន្ទាប់មក សិស្សអាចចែកចាយនូវអ្វីដែលពួកគេបានរៀន ឬរកឃើញ ។ ពួកគេក៏អាចចែកចាយពីរបៀបដែលពរជ័យដែលពួកគេបានរកឃើញជាភស្តុតាងនៃសេចក្តីពិតណាមួយនៅលើក្ដារខៀន ។ បន្ទាប់មក សិស្សដែលស្ម័គ្រចិត្ដអាចឆ្លើយសំណួរមួយ ឬទាំងពីរខាងក្រោម ៖
-
តើពរជ័យមកពីព្រះអម្ចាស់អ្វីខ្លះ ដែលអ្នកបានឃើញនៅក្នុងជីវិតរបស់អ្នក ឬជីវិតអ្នកដទៃដោយសារការរៀនសូត្រ និងការអប់រំ ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកមានដែលជួយអ្នកឲ្យឃើញថា ព្រះវរបិតាសួគ៌យកព្រះទ័យទុកដាក់ចំពោះការអប់រំរបស់អ្នក ?
សេចក្ដីបញ្ចប់
ស្រមៃថា អ្នកមានមិត្តម្នាក់ដែលស្អប់សាលារៀន ហើយកំពុងពិចារណាជម្រើសដែលនឹងមិនត្រូវការការអប់រំបន្ថែមទៀតបន្ទាប់ពីថ្នាក់វិទ្យាល័យ ។ សរសេរអ្វីដែលអ្នកនឹងចែកចាយជាមួយមិត្តរបស់អ្នកដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ។ ខាងក្រោមនេះជាឧទាហរណ៍នៃអ្វីដែលអ្នកអាចរួមបញ្ចូល ៖
-
ពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចប្រទានពរដល់យើងពីការទទួលយកការអប់រំ ។
-
បទគម្ពីរ សម្រង់សម្ដី ឬការគិតផ្ទាល់ខ្លួន ឬបទពិសោធន៍ដែលមានអត្ថន័យចំពោះអ្នក ។
សូមឲ្យសិស្សពីរបីនាក់ចែកចាយជាមួយសិស្សនៅក្នុងថ្នាក់ ។ ពិចារណាថ្លែងទីបន្ទាល់អំពីពរជ័យដ៏អស្ចារ្យដែលការអប់រំអាចមានក្នុងជីវិតរបស់យើង—ជាពិសេសក្នុងការជួយយើងឲ្យក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។