« ការអប់រំសម្រាប់ព្រលឹងទាំងមូល ៖ ការផ្ដល់អាទិភាពដល់ការអប់រំចិត្ត និងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការអប់រំសម្រាប់ព្រលឹងទាំងមូល ៖ ការផ្ដល់អាទិភាពដល់ការអប់រំចិត្ត និងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ៖ មេរៀនទី ១៨៩
ការអប់រំសម្រាប់ព្រលឹងទាំងមូល
ការផ្ដល់អាទិភាពដល់ការអប់រំចិត្ត និងវិញ្ញាណ
ព្រះអម្ចាស់លើកទឹកចិត្តយើងឲ្យដាក់ការអប់រំទាំងខាងលោកិយ និងខាងសាសនាជាអាទិភាពនៅក្នុងជីវិតរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៧–៨០ ) ។ ការអប់រំខាងលោកិយ និងខាងសាសនាអាចពង្រឹងសមត្ថភាពរបស់យើងក្នុងការបម្រើព្រះ និងអ្នកដទៃ ហើយមានភាពខ្លួនទីពឹងខ្លួន ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើតផែនការដើម្បីបន្តការអប់រំខាងសាសនា និងខាងលោកិយក្រោយថ្នាក់វិទ្យាល័យ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយត្រៀមខ្លួនរួចរាល់ដើម្បីចែកចាយយ៉ាងហោចណាស់នូវជម្រើសពីរ ដែលពួកគេកំពុងពិចារណាសម្រាប់អ្វីដែលពួកគេនឹងធ្វើបន្ទាប់ពីថ្នាក់វិទ្យាល័យ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការកំណត់អាទិភាពដល់ការអប់រំ
សូមគូររូបមនុស្សចង្កឹះមួយនៅលើក្ដារខៀន ។ អ្នកអាចបន្ថែម ឬកែតម្រូវព័ត៌មានលម្អិតនៃសាច់រឿងតាមដែលអ្នកចង់បាន ដើម្បីឲ្យសិស្សអាចប្រដូចទៅនឹងសាច់រឿងនេះ បានកាន់តែច្រើន ។
បន្ទាប់ពីថ្នាក់វិទ្យាល័យ រ៉េជីចង់បន្ដឆ្ពោះទៅមុខក្នុងជីវិតរបស់គាត់ ដោយមិនបន្ដការសិក្សានោះទេ ។ គាត់ចង់ធ្វើការច្រើនម៉ោងបន្ថែមទៀតនៅការងារបច្ចុប្បន្នរបស់គាត់ ។ មុនពេលសន្មតការសម្រេចចិត្ដរបស់គាត់ គាត់សម្រេចចិត្ដដើម្បីពិចារណាពីគុណសម្បត្ដិ និងគុណវិបត្ដិនៃការបន្ដការអប់រំរបស់គាត់ ។
-
តើមានគុណសម្បត្ដិអ្វីខ្លះ ដែលរ៉េជីអាចរាយបញ្ជីបានសម្រាប់ការបន្ដការអប់រំរបស់គាត់ ?
-
តើមានគុណវិបត្តិអ្វីខ្លះ ?
សិស្សអាចចាប់ផ្តើមធ្វើបញ្ជីមួយជាមួយដៃគូ ឬក្រុមតូច ។ អ្នកអាចសរសេរ គុណសម្បត្តិ និង គុណវិបត្តិ នៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយដែលពួកគេបានមាននៅលើក្ដារខៀន ។ ប្រសិនបើថ្មីៗនេះអ្នកបានបង្រៀនមេរៀនទី ១៨៨ « សារៈសំខាន់នៃការអប់រំ » អ្នកអាចរំឭកសិស្សអំពីអ្វីដែលពួកគេបានពិភាក្សាជាមួយមេរៀនវត្ថុជីឡាវ ។ សិស្សអាចបន្តបន្ថែមទៅក្នុងបញ្ជីនេះពេញមួយមេរៀនទាំងមូល ។
ការអប់រំខាងលោកិយ និងខាងសាសនា
ថ្នាក់ដឹកនាំសាសនាចក្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ការអប់រំដែលថ្នាក់ដឹកនាំសាសនាចក្រសង្កត់ធ្ងន់គឺរួមបញ្ចូលទាំងការអប់រំខាងលោកិយ និងខាងសាសនា ។
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀននៅក្រោម គុណសម្បត្តិ ហើយអញ្ជើញសិស្សឲ្យសរសេរវានៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
ការបន្តការអប់រំទាំងខាងលោកិយ និងខាងសាសនាជួយយើង …
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយរកមើលរបៀបផ្សេងៗដែលអ្នកអាចបំពេញប្រយោគនេះ ។
អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃពួកចិតសិបនាក់បានបង្រៀន ៖
តើអ្នកដឹងទេថាហេតុអ្វីបានជាសាសនាចក្រវិនិយោគធនធានយ៉ាងច្រើនទៅក្នុងការអប់រំ ? វាគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នក ។ ទ្រង់ចង់ឲ្យអ្នកកាន់តែខិតទៅជិតទ្រង់ ហើយស្វែងរកកម្លាំងខាងផ្លូវអារម្មណ៍ ខាងបញ្ញា និងខាងវិញ្ញាណ ។ ថ្នាក់ដឹកនាំសាសនាចក្រប្រាថ្នានូវរឿងដូចគ្នានេះ ! យើងអធិស្ឋានសម្រាប់អ្នក និងសម្រាប់ភាពជោគជ័យរបស់អ្នក ។ យើងបានវិនិយោគលើអ្នក និងនៅក្នុងការជួយអ្នកឲ្យឈានដល់សក្តានុពលដ៏ទេវភាពរបស់អ្នក ។ ( « Church Education: There Is a Place for Everyone » ដើម្បីកម្លាំងនៃយុវជន ខែតុលា ឆ្នាំ២០២៣ ទំព័រ ១៨ )
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ហើយសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន។ ការឆ្លើយតបរបស់សិស្សអាចរួមមាន ៖
… ខិតកាន់តែជិតព្រះអម្ចាស់ ។
… ទទួលបានកម្លាំងពីព្រះ ។
… ឈានដល់សក្តានុពលដ៏ទេវភាពរបស់ខ្ញុំ ។
-
ហេតុអ្វីបានជាការអប់រំខាងលោកិយ និងខាងសាសនាអាចជាការចាំបាច់ ដើម្បីអញ្ជើញពរជ័យទាំងនេះមកពីព្រះអម្ចាស់ ?
ការអប់រំខាងលោកិយ
សូមពិចារណាគូររូបសៀវភៅពីរក្បាលនៅលើក្ដារខៀន ដូចខាងក្រោម ។ ដាក់ស្លាកសៀវភៅទីមួយ « ខាងលោកិយ » និងទីពីរ « ខាងសាសនា » ។ សូមអញ្ជើញសិស្សឲ្យគូររូបសៀវភៅស្រដៀងគ្នានេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
នៅក្រោមសៀវភៅដែលមានស្លាកថា « ខាងលោកិយ » អញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។ អ្នកអាចអញ្ជើញពួកគេឲ្យធ្វើការជាគូៗ ឬជាក្រុមតូចៗ ។
-
តើមានជម្រើសអ្វីខ្លះសម្រាប់អ្នក សម្រាប់ការអប់រំខាងលោកិយបន្ទាប់ពីថ្នាក់វិទ្យាល័យ ?
អ្នកអាចចែកចាយជម្រើសបន្ថែមដែលសិស្សមិនបានលើកឡើងដូចជា សាលារៀនអនឡាញ មហាវិទ្យាល័យសហគមន៍ សាលាពាណិជ្ជកម្ម ឱកាសហាត់ការ វគ្គបណ្ដុះបណ្ដាលលើការងារជាដើម ។
-
តើជម្រើសអ្វីខ្លះដែលមានតាមរយៈប្រព័ន្ធអប់រំសាសនាចក្រ ( ស៊ី.អ៊ី.អេស. ) ?
ដើម្បីណែនាំសិស្សឲ្យស្គាល់ជម្រើស ស៊ី.អ៊ី.អេស. អ្នកអាចបង្ហាញវីដេអូ « The Growth and Momentum of the Church Educational System » ( ៥:២៥ ) ដែលផ្តល់ការពន្យល់សង្ខេបអំពីជម្រើសទាំងនេះមួយចំនួន ។ វីដេអូនេះមាននៅលើគេហទំព័រ Newsroom.ChurchofJesusChrist.org ។
សូមបន្ថែមជម្រើសទាំងនេះទៅក្នុងបញ្ជីនៅលើក្តារខៀន ។ សិស្សក៏អាចបន្ថែមទៅក្នុងបញ្ជីរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេផងដែរ ។
អ្នកអាចចែកចាយសំណៅមេរៀន « Church Educational System Options » ហើយអនុញ្ញាតឲ្យសិស្សស្វែងយល់បន្ថែមអំពីជម្រើសដែលពួកគេចាប់អារម្មណ៍ ។ ( វិទ្យាស្ថានទាំងនេះ នឹងត្រូវបានពិភាក្សានៅក្នុងផ្នែកបន្ទាប់ ) ។ សម្រាប់សិស្សដែលនឹងបញ្ចប់ការសិក្សានាពេលឆាប់ៗនេះ សូមពិចារណាបង្ហាញកាលបរិច្ឆេទនៃការដាក់ពាក្យសម្រាប់សាលា ស៊ី.អ៊ី.អេស. ដែលបង្ហាញនៅក្នុងសកម្មភាពសិក្សាបន្ថែមនៃមេរៀននេះនៅលើបណ្ណាល័យដំណឹងល្អ ។
មុននឹងបន្ដទៅផ្នែកបន្ទាប់នៃមេរៀននេះ វាអាចមានអត្ថប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យសួរសំណួរដែលពួកគេអាចមានអំពីស្ថាប័ន ស៊ី.អ៊ី.អេស. ផ្សេងៗគ្នា ។
ការអប់រំខាងសាសនា
-
តើជម្រើសការអប់រំខាងសាសនាអ្វីខ្លះ ដែលមានសម្រាប់ជម្រើសការអប់រំខាងលោកិយនីមួយៗដែលបានរាយបញ្ជី ?
សម្រាប់ចំណុចនីមួយៗដែលបានរាយបញ្ជីនៅក្រោមការអប់រំខាងលោកិយ សូមឲ្យសិស្សកត់ត្រាជម្រើសនៃការអប់រំខាងសាសនាដែលអាចអមជាមួយវាបាន ។ ត្រូវប្រាកដថាសិស្សយល់ថាសាលា ស៊ី.អ៊ី.អេស. នីមួយៗមានការអប់រំខាងសាសនាដែលជាផ្នែកមួយនៃការទាមទារនៅក្នុងកម្មវិធីសិក្សារបស់សាលានីមួយៗនោះ ។ សិស្សអាចសរសេរ ថ្នាក់សាសនា នៅជាប់នឹងជួរនៃសាលា ស៊ី.អ៊ី.អេស. ណាមួយ ។
ប្រសិនបើសិស្សមិនបានលើកឡើងទេ សូមអញ្ជើញពួកគេឲ្យសរសេរថ្នាក់វិទ្យាស្ថាន នៅជាប់ជាមួយជម្រើសការអប់រំខាងលោកិយផ្សេងទៀតដែលបានរាយបញ្ជី ។ ប្រសិនបើចាំបាច់ សូមពន្យល់ថាសម្រាប់អ្នកដែលមិនចូលរៀននៅសាលា ស៊ី.អ៊ី.អេស. នោះថ្នាក់វិទ្យាស្ថានគឺជាកន្លែងដែលយុវមជ្ឈិមវ័យ ( អាយុ១៨–៣៥ឆ្នាំ ) គ្រប់ទិសទីនៅក្នុងពិភពលោកអាចចូលរៀនថ្នាក់អប់រំខាងសាសនាដោយឥតគិតថ្លៃ ។
សូមគិតអំពីវិធីដែលអ្នកអាចជួយសិស្សថ្នាក់សិក្ខាសាលាឲ្យឃើញពីរបៀបដែលការចូលរៀនថ្នាក់វិទ្យាស្ថានអាចជួយពួកគេនៅពេលអនាគត ។ ការពិភាក្សាអំពីសាច់រឿងនេះ និងសំណួរមួយចំនួនខាងក្រោមគឺជារបៀបមួយដែលអ្នកអាចធ្វើសកម្មភាពនេះបាន ។
ឧបមាថា រ៉េជីបានសម្រេចចិត្តទទួលការអប់រំបន្ថែមបន្ទាប់ពីថ្នាក់វិទ្យាល័យនៅសាលាពាណិជ្ជកម្ម ហើយកំពុងពិចារណាថាតើគាត់គួរចូលរៀនថ្នាក់វិទ្យាស្ថានទៀតដែរឬអត់ ។
-
តើហេតុផលអ្វីខ្លះដែលរ៉េជីអាចផ្តល់ឲ្យ សម្រាប់ការមិនចូលរៀនថ្នាក់វិទ្យាស្ថាន ?
-
តើថ្នាក់សិក្ខាសាលាមានប្រយោជន៍ប៉ុនណាចំពោះអ្នក ខណៈដែលអ្នកកំពុងទៅសាលារៀនផងដែរនោះ?
-
តើការបន្តរៀនសូត្រអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចមានប្រយោជន៍ដល់រ៉េជីយ៉ាងដូចម្ដេចខ្លះ ខណៈពេលដែលគាត់កំពុងរៀននៅសាលាពាណិជ្ជកម្ម ?
សូមបង្ហាញវីដេអូ « ការអញ្ជើញផ្ទាល់ខ្លួនឲ្យចូលរៀនថ្នាក់វិទ្យាស្ថាន » ( ២:៤៤ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យរកមើលពរជ័យដែលបានសន្យាសម្រាប់ការចូលរៀនថ្នាក់វិទ្យាស្ថាន ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យអានអំពីថ្នាក់វិទ្យាស្ថាននៅលើសំណៅមេរៀនផងដែរ ។
2:51អ្នកអាចបន្ថែមគំនិតបន្ថែមទៀតទៅក្នុងបញ្ជីនៅលើក្ដារខៀននៅក្រោម គុណសម្បត្តិដែលសិស្សចែកចាយជាផ្នែកនៃការពិភាក្សានេះ ។
-
តើពរជ័យអ្វីខ្លះចេញពីពរជ័យដែលប្រធានណិលសុនបានសន្យាសម្រាប់ការចូលរួមថ្នាក់វិទ្យាស្ថាន ដែលលេចធ្លោបំផុតចំពោះអ្នក ?
-
ចេញពីអ្វីដែលអ្នកបានពិភាក្សា តើអ្នកគិតថាអ្វីអាចជំរុញរ៉េជីឲ្យចូលរៀនថ្នាក់វិទ្យាស្ថាន ?
ជួយសិស្សឲ្យយល់ពីរបៀបស្វែងរកថ្នាក់វិទ្យាស្ថាននៅគ្រប់ទីកន្លែងដែលពួកគេរស់នៅ បន្ទាប់ពីវិទ្យាល័យដោយចូលទៅកាន់គេហទំព័រ myinstitute.ChurchofJesusChrist.org/findInstitute ។ សូមពិចារណាជ្រើសរើសជម្រើសការអប់រំមួយចំនួនដែលបានរៀបរាប់ពីមុននេះនៅក្រោមសៀវភៅទីមួយ ។ កំណត់ទីតាំងនៃជម្រើសទាំងនោះ ហើយបញ្ចូលទីក្រុងទៅក្នុងគេហទំព័រ ដើម្បីបង្ហាញពីរបៀបកំណត់ទីតាំង និងចុះឈ្មោះសម្រាប់ថ្នាក់វិទ្យាស្ថាន ។ អ្នកក៏អាចបង្ហាញពីរបៀបស្វែងរកថ្នាក់វិទ្យាស្ថានអនឡាញតាមតំណភ្ជាប់ដូចគ្នានេះផងដែរ ។
ដាក់ផែនការ
ចែកចាយជាមួយសិស្សថា មិនថាពួកគេរៀនចប់វិទ្យាល័យនៅឆ្នាំនេះ ឬអត់នោះទេ ពួកគេអាចទទួលបានអត្ថប្រយោជន៍ពីការរៀបចំផែនការសម្រាប់ការអប់រំខាងលោកិយ និងខាងសាសនារបស់ពួកគេ ។ ដើម្បីជួយសិស្សដាក់ផែនការ សូមបង្ហាញការណែនាំ និងសំណួរខាងក្រោម ។ អញ្ជើញពួកគេឲ្យឆ្លើយសំណួរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ដោយការប្រើសំណួរខាងក្រោមដើម្បីណែនាំអ្នក ចូរបង្កើតផែនការសម្រាប់ការអប់រំខាងលោកិយ និងខាងសាសនានាពេលអនាគតរបស់អ្នក ។ ស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពិចារណា និងសរសេរចម្លើយរបស់អ្នក ។
-
តើអ្នកមានគោលដៅអនាគតអ្វីខ្លះ ?
-
តើជម្រើសអប់រំអ្វីខ្លះដែលនឹងជួយអ្នកសម្រេចបានគោលដៅទាំងនោះ ?
-
តើអ្នកអាចរៀបចំផែនការអ្វីខ្លះសម្រាប់ការអប់រំខាងសាសនារបស់អ្នកនៅឆ្នាំក្រោយ ? នៅឆ្នាំក្រោយៗទៀត ?
ជារឿយៗវាមានប្រយោជន៍សម្រាប់សិស្សក្នុងការស្តាប់ឮគំនិតពីសិស្សផ្សេងទៀត ។ សូមពិចារណាអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយផែនការរបស់ពួកគេ ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការរៀនសូត្រខាងលោកិយ និងខាងសាសនាពេញមួយជីវិត ។