ថ្នាក់​សិក្ខាសាលា
ការយកឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ ៖ ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​មាន


« ការយកឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ ៖ ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​មាន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការយកឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ ៖ ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​មាន » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ មេរៀនទី ១៩០

ការយក​ឈ្នះ​លើ​ឧបសគ្គ​ក្នុងការ​បន្ត​ការអប់រំ

ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែល​មាន

Young adult male studying in Bolivia

ព្រះអម្ចាស់​បាន​បង្រៀន​ថា « សិរីល្អ​នៃ​ព្រះ​គឺ​ជា​បញ្ញា » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:៣៦ ) ។ បន្ថែម​ពីលើ​នេះទៀត ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សារៈសំខាន់​នៃ​ការអប់រំ ។ ទោះ​យ៉ាង​ណា​ក៏ដោយ ពេលខ្លះ​ឧបសគ្គ​ធ្វើ​ឲ្យ​ការបន្ត​ការសិក្សា​របស់​យើង​មាន​ការពិបាក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​កំណត់​ធនធាន​ដែល​មាន ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ដើម្បី​ការបន្ត​ការអប់រំ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កំណត់​ឧបសគ្គ​ទាំងឡាយ

ចំណាំ ៖ ឧបសគ្គ​ក្នុង​ការបន្ត​ការអប់រំ​មាន​ភាពខុសគ្នា​នៅ​ជុំវិញ​ពិភពលោក ។ អ្នក​ប្រហែល​ជា​ត្រូវ​កែសម្រួល​សាច់រឿង ឬ​ឧបសគ្គ​ដែល​អាច​កើតមាន​ដោយ​ផ្អែក​លើ​តំបន់​របស់​អ្នក និង​តម្រូវការ​របស់​សិស្ស​អ្នក ។

ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​ការគូរ ឬ​បង្ហាញ​រូបភាព​របស់​ក្មេង​ជំទង់​ដែល​កំពុង​សម្លឹង​មើល​ម្ខាងទៀត​នៃ​ទន្លេ ដើម្បី​តំណាង​ឲ្យ​ការអប់រំ​នា​ពេល​អនាគត​ដូច​រូបភាព​ខាងក្រោម ។ បន្ទាប់មក សូម​ចែកចាយ​សាច់រឿង​ដូចខាង​ក្រោមនេះ ។

Mountain Scene

នៅក្នុង​មេរៀន​ថ្នាក់​សិក្ខាសាលា​នាពេល​ថ្មីៗ​នេះ គ្រូ​បង្រៀន​របស់​លៀម បាន​ចែកចាយ​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​បន្ទាប់ពី​ថ្នាក់វិទ្យាល័យ ។ លៀម​ជឿ​លើ​ដំបូន្មាន​នេះ ហើយ​ចង់​ធ្វើ​តាម​ដំបូន្មាន​នេះ ។ ប៉ុន្តែ​នៅពេល​គាត់​គិត​អំពី​អនាគត គំនិត​របស់​គាត់​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ​ទាំងអស់ ដែល​អាច​រារាំង​គាត់​មិន​ឲ្យ​សម្រេច​គោលដៅ​របស់​គាត់ ។

បន្ទាប់ពី​ចែកចាយ​បទពិសោធន៍​របស់​លៀម អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រាយបញ្ជី​ឧបសគ្គ​ដែល​អាច​កើត​មាន​នៅ​លើ ឬ​នៅជិត​រូបភាព​នៃ​ទន្លេ ដែល​អាច​រារាំង​លៀម ឬ​ក្មេង​ជំទង់​ផ្សេងទៀត​មិន​ឲ្យ​បន្ត​ការអប់រំ​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​បានធ្វើ​សកម្មភាព ការរៀបចំ​សិស្ស អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ឧបសគ្គ​មួយ​ចំនួន​ពី​បញ្ជី​របស់​ពួកគេ ។

លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ទាំង​ឧបសគ្គ​ខាងក្រៅ និង​ខាងក្នុង ។ ឧបសគ្គ​ខាងក្រៅ​អាច​រួម​មាន​ការមានកម្រិត​ផ្នែក​ហិរញ្ញវត្ថុ ចំណាត់​ថ្នាក់ទាប ឬ​មាន​ការរាំងស្ទះ​ផ្សេងៗ ។ ឧបសគ្គ​ខាងក្នុង​អាច​រួម​បញ្ចូល​ទាំង​ការខ្វះ​ទំនុកចិត្ដ ឬ​ការខ្វះ​សេចក្ដីសង្ឃឹម ឬ​បំណងប្រាថ្នា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ​ដែល​អាច​កើតមាន​ចំពោះ​ការបន្ដ​ការអប់រំ​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ខាងក្រោម ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងនេះ ៖

  • តើ​ឧបសគ្គ​មួយ​ណា ( ពីលើ​ក្តារខៀន ឬ​អ្នក​ដទៃ ) ដែល​អ្នក​បារម្ភ​ថា​អាច​រារាំង​ដល់​ការបន្ដ​ការអប់រំ​របស់​អ្នក ?

  • តើ​អ្នក​មាន​ទំនុកចិត្ត​កម្រិត​ណា​ថា​អ្នក​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន ?

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​ដោយ​របៀបណា ?

ក្នុង​អំឡុង​ពេល​មេរៀន​នៅ​ថ្ងៃនេះ សូម​ស្វែង​រក​ចំណាប់អារម្មណ៍​ពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​កំណត់​របៀប​ជាក់លាក់ ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​របស់​អ្នក​ចំពោះ​ការអប់រំ ។

ការឆ្លង​ទន្លេ​យ័រដាន់

ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើ​ព្រះគម្ពីរ​ដើម្បី​រៀន​ពី​របៀប​ជម្នះ​ឧបសគ្គ​ចំពោះ​ការអប់រំ​របស់​ពួកគេ សូម​ពិចារណា​ពិភាក្សា​អំពី​ដំណើរ​រឿង​របស់​យ៉ូស្វេ និង​កូនចៅ​អ៊ីស្រាអែល​ដែល​ឆ្លង​ទន្លេ​យ័រដាន់ ( សូមមើល មេរៀនទី ៦២ ៖ « យ៉ូស្វេ ២–៤ » សម្រាប់​សេចក្ដី​លម្អិត​បន្ថែម​ទៀត ) ។ អ្នក​អាច​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាង​ក្រោម​នេះ​តាម​ដែល​ត្រូវការ ។

នៅពេល​យ៉ូស្វេ និង​កូន​ចៅ​អ៊ីស្រាអែល​បាន​មក​ដល់​ស្រុក​កាណាន ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកគេ​នូវ​ដែនដី​ទាំងអស់​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ ( សូម​មើល យ៉ូស្វេ ១:១–៧ ) ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួកគេ​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ការឆ្លងកាត់​ទន្លេ​ដែល​ហូរហៀរ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់​ពួកគេ ( សូម​មើល យ៉ូស្វេ ៣:១៥ ) ។

អ្នក​អាច​រៀបចំ​សិស្ស​ជា​គូ ឲ្យ​​អាន និង​ពិភាក្សា​ខគម្ពីរ​ខាងក្រោម ។ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ពន្យល់​ថា ឃ្លា « កល់​នៅ​នឹង​ជា​គំនរ » ( ខទី ១៣ ) និង « ឡើង​ជា​គំនរ » ( ខទី ១៦ ) សំដៅ​លើ​លំហូរ​នៃ​ទន្លេ​យ័រដាន់​ដែល​បាន​នៅនឹង ។

សូម​អាន យ៉ូស្វេ ៣:៦–៨, ១៣–១៧ ដោយ​រកមើល​ចំណុច​ដូច​ខាងក្រោម ៖

  • សកម្មភាព​ដ៏​ស្មោះត្រង់​ដែល​ពួកសង្ឃ​បាន​ធ្វើ​ដើម្បី​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ័រដាន់

  • ជំនួយ​របស់​ព្រះ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ឆ្លងកាត់​ទន្លេ​យ័រដាន់

    សិស្ស​អាច​ចែកចាយ​ជាមួយ​ដៃគូ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ពួកគេ​អាច​ពិភាក្សា​អំពី​របៀប​ដែល​ទង្វើ​ដ៏​ស្មោះត្រង់​របស់​ពួកសង្ឃ និង​ជំនួយ​របស់​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​កូនចៅ​អ៊ីស្រាអែល​យកឈ្នះ​លើ​ឧបសគ្គ​នោះ ។

    បន្ទាប់មក អ្នក​អាច​សួរ​សិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​ដំណើរ​រឿង​នេះ​អាច​ជួយ​ក្មេង​ជំទង់​ដែល​ប្រឈម​មុខ​នឹង​ឧបសគ្គ​ចំពោះ​ការបន្ដ​ការអប់រំ​របស់​ពួកគេ​បាន​យ៉ាងដូចម្ដេច ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​សេចក្តីថ្លែងការណ៍​នៃ​សេចក្តីពិត​ដោយ​ផ្អែក​លើអ្វី​ដែល​អ្នក​បាន​រៀន ដែល​អាច​អនុវត្ត​ចំពោះ​ការយកឈ្នះ​លើ​ឧបសគ្គ​ក្នុង​ការបន្ត​ការអប់រំ​របស់​អ្នក ។

សិស្ស​អាច​នឹង​ប្រើ​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ចែកចាយ​សេចក្ដីពិត​មួយ​ដូចជា ៖ នៅពេល​យើង​ឆ្ពោះទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​នឹង​ជួយ​យើង​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​យើង​ប្រឈមមុខ ។

  • ហេតុអ្វី​បាន​ជា​ការឈាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ( ការធ្វើ​គ្រប់យ៉ាង​ក្នុង​អំណាច​របស់​យើង ) ចាំបាច់​ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះ​ការអប់រំ ?

  • ហេតុអ្វី​បាន​ជា​ការស្វែងរក ជំនួយ​របស់​ព្រះ ដោយ​ស្មោះត្រង់​អាច​ចាំបាច់​ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះ​ការអប់រំ ?

អ្នក​អាច​រំឭក​សិស្ស​ថា​ការឈានទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ រួម​បញ្ចូល​នូវ​គ្រប់​ការខិតខំ​ទាំងអស់​ដែល​ពួកគេ​អាចនឹង​ធ្វើ ។ ឧទាហរណ៍ ការនិយាយ​ទៅកាន់​អ្នកប្រឹក្សា ការរកប្រាក់ និង​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ គឺជា​របៀប​ទាំងអស់​ដើម្បី​ឆ្ពោះទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ចំពោះ​ការអប់រំ ។

សាច់រឿង​អនុវត្ត

សកម្មភាព​ខាង​ក្រោម​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការត្រិះរិះ​ពិចារណា ។ អ្នក​អាច​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ការត្រិះរិះ​ពិចារណា គឺជា​ជំនាញ​ដែល​អាច​ជួយ​យើង​ធ្វើការ​សម្រេចចិត្ត​ល្អៗ ។ វា​រួម​មាន ( ១ ) ការសង្កេត និង​ការប្រមូល​ព័ត៌មាន​អំពី​ការសម្រេចចិត្ត ( ២ ) ការសួរ​សំណួរ​អំពី​អ្វី​ដែល​អ្នក​កំពុង​សង្កេត ( ៣ ) ការពិភាក្សា​អំពី​ការសង្កេត​របស់​អ្នក​ជាមួយ​អ្នកដទៃ និង ( ៤ ) ការដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​រៀន ។ អ្នក​អាច​ឲ្យ​សិស្ស​បំពេញ​ជំហាន​ទាំងនេះ​ជា​ផ្នែក​នៃ​សកម្មភាព​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សាច់រឿង​មួយ​នៅលើ​ក្រដាស​មួយ​ដែលមាន​ឧបសគ្គ​ដែល​ទាក់ទង​នឹង​ក្មេងជំទង់ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ពួកគេ​អាច​បំពេញ​ចន្លោះ​នៅ​ក្នុង​ប្រយោគ​ខាងក្រោម ។

( ឈ្មោះ​ក្មេងជំទង់ ) ដឹង​ថា​ការអប់រំ​បន្ទាប់ពី​វិទ្យាល័យ​មាន​សារៈសំខាន់ ។ ប៉ុន្តែ​ឧបសគ្គ​មួយ​ក្នុង​ការបន្ត​ការអប់រំ​របស់​ពួកគេ​គឺ ( រៀបរាប់​ពី​ឧបសគ្គ ) ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា បន្ទាប់​មក អ្នក​អាច​ប្រមូល​សាច់រឿង​ដែល​បាន​បញ្ចប់ ដាក់​វា​បញ្ចូលគ្នា ហើយ​ចែកចាយ​វា​ទៅ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ។

សិស្ស​អាច​ប្រើ​សំណៅ​មេរៀន « ការ​ប្រមូល​ព័ត៌មាន​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ក្នុង​ការអប់រំ » និង​មេរៀន​ដែល​ពួកគេ​បាន​រៀន​ចេញពី យ៉ូស្វេ ៣ ដើម្បី​ជួយ​ពួកគេ​ឆ្លើយសំណួរ​ខាងក្រោម​អំពី​សាច់រឿង​ដែល​ពួកគេ​បាន​ទទួល ។ ពួកគេ​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ខាងក្រោយ​ក្រដាស​សាច់រឿង ។

  • តើ​បុគ្គល​នេះ​អាច​សួរ​សំណួរ​អ្វីខ្លះ នៅពេល​ពួកគេ​ពិចារណា​អំពី​ធនធាន​ដែល​មាន ? តើ​ពួកគេ​អាច​ពិភាក្សា​សំណួរ​មួយចំនួន​របស់​ពួកគេ​ជាមួយ​នរណា ?

  • តើ​បុគ្គល​នេះ​អាច​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ដើម្បី​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យកឈ្នះ​ឧបសគ្គ​របស់​ពួកគេ ?

  • តើ​ព្រះ​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​យកឈ្នះ​ឧបសគ្គ​របស់​ពួកគេ​ដោយ​របៀប​ណា ?

អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ដ​ឲ្យ​ចែកចាយ​សាច់រឿង និង​ដំបូន្មាន​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​អ្នក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ព្រះ​បាន​ជួយ​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ចំពោះ​ការបន្ត​ការអប់រំ​របស់​ពួកគេ ។ ឬ​អ្នក​អាច​ចែកចាយ​ឧទាហរណ៍​មួយ​ពី « ការអធិប្បាយ​របស់​អែលឌើរ និង ស៊ីស្ទើរ ហ្គីលប៊ឺត » ចាប់ពី​នាទី​ទី ៣:២៥ ដល់ ៥:៤៨ នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ខែឧសភា ឆ្នាំ២០២៤ ។

6:20

សេចក្ដី​បញ្ចប់

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​បញ្ជី​នៃ​ឧបសគ្គ​ផ្ទាល់ខ្លួន​ដែល​ពួកគេ​បាន​កំណត់​នៅ​ពេល​ចាប់ផ្តើម​ថ្នាក់ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ នៅពេល​ពួកគេ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។

  • តើ​ធនធាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ប្រើ​បាន​ពី​ការពិភាក្សា​ថ្ងៃ​នេះ​ដើម្បី​ជួយ​អ្នក​យកឈ្នះ​លើ​ឧបសគ្គ និង​ត្រៀមខ្លួន​សម្រាប់​ការអប់រំ​នា​ពេល​អនាគត ?

  • តើ​សកម្មភាព​ស្មោះត្រង់​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​យកឈ្នះ​លើ​ឧបសគ្គ​របស់​អ្នក ?

អ្នក​អាច​បិទ​ថ្នាក់​ដោយការ​ថ្លែងទីបន្ទាល់​ថា នៅពេល​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​អររីករាយ​ក្នុង​អំណាច​របស់​យើង ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នឹង​ជួយ​យើង​យកឈ្នះ​ឧបសគ្គ​របស់​យើង​ចំពោះ​ការបន្ត​ការអប់រំ​របស់​យើង ។