« យ៉ូណាស ៖ ‹ ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូណា ៖ ‹ ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេម៉ុស; អូបាឌា; យ៉ូណាស ៖ មេរៀនទី ១៥១
យ៉ូណាស
« ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ »
ព្រះអម្ចាស់បានលាព្រះហស្ដនៃសេចក្តីមេត្តាករុណារបស់ទ្រង់ទៅកាន់យ៉ូណាស និងពួកបណ្តាជននៅក្រុងនីនីវេ ទោះជាពួកគេបានធ្វើកំហុសដ៏ធំក៏ដោយ ។ ពេលយើងដឹងថាសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដូចគ្នានេះត្រូវបានប្រទានឲ្យយើង នោះយើងក៏អាចប្រកាសថា ព្រះអម្ចាស់គឺជា « ព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ » ផងដែរ ( យ៉ូណាស ៤:២ ) ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់ពួកគេ និងអ្នកដទៃ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សាដំណើររឿងរបស់យ៉ូណាស ជាមួយគ្រួសាររបស់ពួកគេ ឬមើលដំណើររឿងនេះដោយខ្លួនឯង ហើយពិចារណាពីអ្វីដែលពួកគេមានអារម្មណ៍ថាជាសារសំខាន់របស់ដំណើររឿងនេះ ។ ពួកគេក៏អាចបង្កើតជាសំណួរ ឬការយល់ដឹងចេញពីការសិក្សារបស់ពួកគេបានផងដែរ ។
ការអញ្ជើញនេះគឺជាឧទាហរណ៍នៃការជួយសិស្សភ្ជាប់អ្វីដែលពួកគេកំពុងរៀននៅផ្ទះជាមួយនឹងការសិក្សារបស់ពួកគេនៅក្នុងថ្នាក់ ។ ការណ៍នេះអាចជួយសិស្សពង្រឹងការរៀនសូត្ររបស់ពួកគេអំពីព្រះគម្ពីរ និងព្រះអង្គសង្រ្គោះ ។ សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការភ្ជាប់អ្វីដែលសិស្សកំពុងរៀននៅផ្ទះជាមួយបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់រៀន សូមមើល « អភិវឌ្ឍ និងសួរសំណួរដែលជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់ពួកគេ ទៅនឹងបទពិសោធន៍នៅក្នុងថ្នាក់រៀន » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់ឃើញរបស់យើង
សូមពិចារណាពីការចាប់ផ្តើមថ្នាក់ដោយគូររង្វាស់ខាងក្រោមនៅលើក្តារខៀនជាមួយនឹងពាក្យដែលភ្ជាប់មកជាមួយនៅសងខាង ។ នៅពេលអ្នកសួរសិស្សពីរបៀបដែលអ្នកដទៃអាចគិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អ្នកអាចដាក់បន្ទាត់ខុសៗគ្នាពីរបីនៅកន្លែងផ្សេងគ្នានៅលើមាត្រដ្ឋាន ដើម្បីតំណាងឲ្យការឆ្លើយតបរបស់ពួកគេ ។
សូមស្រមៃមើលពីមាត្រដ្ឋាននេះដែលតំណាងឲ្យរបៀបដែលនរណាម្នាក់អាចគិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីមនុស្សមួយចំនួនអាចចាត់ទុកទ្រង់ទាំងទ្វេថាជាសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីសប្បុរស ខណៈដែលអ្នកផ្សេងទៀតមិនគិតបែបនោះ ?
ដើម្បីជួយសិស្សវាយតម្លៃពីរបៀបដែលពួកគេយល់ឃើញពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សូមពិចារណាអញ្ជើញពួកគេឲ្យគិតពិចារណាអំពីរឿងខាងក្រោម ។
សូមពិចារណាពីកន្លែងដែលអ្នកនឹងដាក់ទស្សនៈរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាហេតុអ្វីអ្នកបានជ្រើសរើសកន្លែងនោះនៅលើបន្ទាត់នោះ ។
ឥឡូវនេះ ស្រមៃថាមាត្រដ្ឋាននេះតំណាងឲ្យរបៀបដែលអ្នកគិតអំពី ឬប្រព្រឹត្តចំពោះអ្នកដទៃ ។
-
តើហេតុផលអ្វីខ្លះដែលយើងអាចប្រព្រឹត្តចំពោះមនុស្សមួយចំនួនតាមរបៀបមួយ និងមនុស្សផ្សេងទៀតតាមរបៀបខុសគ្នាទាំងស្រុងផ្សេងទៀត ?
នៅពេលអ្នកសិក្សាដំណើររឿងរបស់យ៉ូណាស សូមស្វែងរកព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យមើលឃើញពីនិស្ស័យពិតប្រាកដរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាពីរបៀបដែលអ្នករៀនអំពីទ្រង់ទាំងទ្វេអាចជះឥទ្ធិពលដល់របៀបដែលអ្នកមើលឃើញ គិតអំពី ឬប្រព្រឹត្តចំពោះអ្នកដទៃ ។
ដំណើររឿងរបស់យ៉ូណាស
វាប្រហែលជាមានប្រយោជន៍ក្នុងការពន្យល់ថា យ៉ូណាសបានរស់នៅអ៊ីស្រាអែលក្នុងរជ្ជកាលស្តេចយេរ៉ូបោមទី ២ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៣–១៥ ជាពិសេស ១៤:២៥ ) ។ ព្យាការីអេម៉ុស និងហូសេក៏បានព្យាករនៅគ្រានេះផងដែរ ។ អ្នកអាចនឹងចង់ដាក់បង្ហាញរូបភាពដែលផ្តល់នូវទិដ្ឋភាពទូទៅនៃព្រះគម្ពីរសញ្ញាចាស់ ហើយអញ្ជើញសិស្សឲ្យស្វែងរកយ៉ូណាស ។
សូមអាន យ៉ូណាស ១:១–៣ ដោយរកមើលការណែនាំរបស់ព្រះអម្ចាស់ចំពោះយ៉ូណាស និងរបៀបដែលយ៉ូណាសបានឆ្លើយតប ។
សូមពិចារណាពន្យល់ថា នីនីវេជាទីក្រុងដ៏ធំមួយរបស់ពួកសាសន៍អាសស៊ើរ ។ ពួកស្តេចអាសស៊ើរ និងពួកទាហានត្រូវបានស្គាល់ថាមានភាពឃោរឃៅដូចជាការធ្វើទារុណកម្ម និងការសម្លាប់មនុស្សដែលពួកគេបានយកឈ្នះ ។
អ្នកក៏អាចពន្យល់ថាក្រុងតើស៊ីសប្រហែលជាបច្ចុប្បន្នមាននៅប្រទេសអេស្ប៉ាញ ដែលបង្ហាញថាយ៉ូណាសបានចាកចេញពីអ៊ីស្រាអែល និងបានធ្វើដំណើរក្នុងទិសដៅផ្ទុយពីនីនីវេ ។ អ្នកប្រហែលជាចង់បង្ហាញផែនទីសម្រាប់សិស្ស ហើយឲ្យពួកគេកំណត់ទីតាំងនីនីវេ និងតើស៊ីស ។
-
តើការឆ្លើយតបរបស់យ៉ូណាសបង្ហាញអ្វីដល់អ្នកអំពីអារម្មណ៍របស់លោកពីការណែនាំរបស់ព្រះអម្ចាស់ដើម្បីផ្សព្វផ្សាយដល់ពួកបណ្តាជននៅក្រុងនីនីវេ ?
ដើម្បីជួយសិស្សសិក្សាពីដំណើររឿងរបស់យ៉ូណាស នោះអ្នកអាចអញ្ជើញពួកគេឲ្យបំពេញសំណៅមេរៀន « ដំណើររឿងរបស់យ៉ូណាស » រៀងៗខ្លួន ជាដៃគូ ឬជាក្រុមតូចៗ ។ ជាជម្រើសមួយផ្សេងទៀត អ្នកអាចផ្តល់ឲ្យសិស្សតែវគ្គបទគម្ពីរចេញពីសំណៅមេរៀន ហើយអញ្ជើញពួកគេឲ្យគូរគំនូរព្រាងពីរូបភាពរចនាសាមញ្ញមួយ ហើយសរសេរសេចក្ដីសង្ខេបនៃវគ្គបទគម្ពីរនីមួយៗ ។
បន្ទាប់ពីផ្តល់ពេលដល់សិស្សដើម្បីបញ្ចប់លំហាត់នេះហើយ សូមអញ្ជើញពួកគេឲ្យសួរសំណួរដែលពួកគេមាន ឬចែកចាយការយល់ដឹងដែលពួកគេទទួលបានពីការសិក្សាដំណើររឿងនេះ ។
ប្រសិនបើចាំបាច់ សូមពន្យល់ថា យ៉ូណាស ៤ បង្ហាញថា ទោះជាយ៉ូណាសមានអំណរគុណក្តី ក៏ព្រះអម្ចាស់មានព្រះហឫទ័យមេត្ដាករុណា និងអត់ទោសចំពោះលោក លោកបានអន់ចិត្តនឹងគុណលក្ខណៈទាំងនេះ នៅពេលដែលព្រះអម្ចាស់បង្ហាញវាដល់ពួកបណ្តាជននៅក្រុងនីនីវេ ។ ព្រះអម្ចាស់បានបង្រៀនយ៉ូណាសថា ពួកបណ្តាជននៅក្រុងនីនីវេមានតម្លៃយ៉ាងខ្លាំងចំពោះទ្រង់ លើសពីដើមវល្លិទៅទៀត ។
សូមពិចារណាសរសេរសេចក្តីពិតដែលមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីពិតដោយប្រើអ្វីដែលពួកគេទើបតែបានរៀនពីដំណើររឿងរបស់យ៉ូណាស ។
ព្រះអម្ចាស់គឺ …
ដើម្បីប្រែក្លាយដូចជាព្រះអម្ចាស់ យើងត្រូវ …
សូមពិចារណាអំពីការបំពេញសេចក្តីថ្លែងការណ៍នេះនៅលើក្ដារខៀនដោយពាក្យ ឬឃ្លាដែលសិស្សចែកចាយដូចជា ៖
ព្រះអម្ចាស់គឺប្រកបដោយសេចក្តីមេត្តាករុណា សប្បុរស និងអភ័យទោស ។
ដើម្បីប្រែក្លាយដូចជាព្រះអម្ចាស់ យើងត្រូវតែប្រកបដោយសេចក្តីមេត្តាករុណា សប្បុរស និងអភ័យទោសដូចជាទ្រង់ ។
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍ជាក់លាក់ពីដំណើររឿងរបស់យ៉ូណាស ដែលបង្ហាញពីសេចក្ដីពិតទាំងនេះ ។ ពួកគេក៏អាចចែកចាយពីមូលហេតុដែលពួកគេមានអារម្មណ៍ថាពាក្យ ឬឃ្លាដែលពួកគេបានជ្រើសរើសមានសារៈសំខាន់សម្រាប់ពួកគេដើម្បីដឹង ។
-
ហេតុអ្វីបានជាពិបាកសម្រាប់យើងនៅពេលខ្លះ ដើម្បីស្រឡាញ់ ឬប្រកបដោយសេចក្តីមេត្តាករុណាចំពោះអ្នកដទៃ ?
-
តើការរៀនសូត្រអំពីសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់អាចជះឥទ្ធិពលដល់របៀបដែលយើងមើលឃើញ គិតអំពី ឬប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងដូចម្ដេច ?
ការប្រែក្លាយដូចជាព្រះអម្ចាស់
សិស្សអាចបានស្វែងរកសេចក្តីពិតផ្សេងទៀតលើសពីអ្វីដែលបានរៀបរាប់ខាងលើ ។ ប្រសិនបើពួកគេធ្វើបាន សូមពិចារណាពីរបៀបដើម្បីពង្រឹងការយល់ដឹងរបស់សិស្សអំពីសេចក្តីពិតដែលពួកគេបានរកឃើញ ។ សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ពីសេចក្តីពិតខាងលើ និងមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេ និងអ្នកដទៃ ។
អ្នកអាចរៀបចំសិស្សជាគូៗ ហើយឲ្យសិស្សម្នាក់ៗបំពេញសកម្មភាពមួយរៀងៗខ្លួន ។ បន្ទាប់មកពួកគេអាចបង្រៀនគ្នាទៅវិញទៅមកពីអ្វីដែលពួកគេបានរកឃើញ ។ ឬដៃគូអាចបំពេញសកម្មភាពដូចគ្នា ហើយចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន ។
សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងខាងក្រោម ។
សាច់រឿង ក ៖ សូមស្រមៃថា អ្នកមានមិត្តភក្តិម្នាក់ដែលមានអារម្មណ៍ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឃោរឃៅ គ្មានសេចក្តីមេត្តាករុណា ឬមិនចេះប្រទានការអភ័យទោស ។
សាច់រឿង ខ ៖ សូមស្រមៃថា អ្នកមានមិត្ដភក្ដិម្នាក់ដែលពុះពារដើម្បីប្រកបដោយសេចក្តីមេត្តាករុណា សប្បុរស និងអភ័យទោសចំពោះនរណាម្នាក់ទៀត ។
សូមធ្វើដូចខាងក្រោម ៖
-
ស្វែងរកខគម្ពីរមួយពីដំណើររឿងរបស់យ៉ូណាស ដែលអ្នកនឹងចែកចាយជាមួយមិត្តភក្តិរបស់អ្នក ។ ( អ្នកក៏អាចស្វែងរកវគ្គបទគម្ពីរបន្ថែមទៀត ដែលអាចជួយបាន ) ។
-
គិតអំពីបទពិសោធន៍ដែលអាចជួយបាន ។ សម្រាប់សាច់រឿង ក ៖ សូមពិចារណានៅពេលដែលព្រះអម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់ ឬសេចក្តីមេត្តាករុណាចំពោះអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ។ សម្រាប់សាច់រឿង ខ ៖ សូមពិចារណានៅពេលដែលព្រះអម្ចាស់បានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បង្ហាញសេចក្ដីស្រឡាញ់ ឬសេចក្ដីមេត្ដាករុណាចំពោះអ្នកដទៃ ។
ឧទាហរណ៍មួយចំនួនពីបទគម្ពីរបន្ថែមដែលអាចជួយរួមបញ្ចូលដូចខាងក្រោម ៖ សាច់រឿង ក ៖ អេសាយ ១:១៨ ឬ អេធើរ ១២:២៧; សម្រាប់សាច់រឿង ខ ៖ មរ៉ូណៃ ៧:៤៥–៤៨ ឬ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៩–១១ ។
បន្ទាប់មក សិស្សដែលស្ម័គ្រចិត្តអាចពន្យល់ដល់សិស្សក្នុងថ្នាក់ថា តើខគម្ពីរ ឬខគម្ពីរទាំងឡាយណាដែលពួកគេនឹងចែកចាយជាមួយមិត្តភក្តិរបស់ពួកគេ និងមូលហេតុ ។ ពួកគេក៏អាចចែកចាយបទពិសោធន៍របស់ពួកគេផងដែរ ។ ចម្លើយរបស់សិស្សអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយពួកគេទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេ និងចំពោះអ្នកដទៃ ។
ប្រសិនបើពេលវេលាអនុញ្ញាត សូមពិចារណាបង្ហាញវីដេអូដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ ដូចជា « Moving On from Past Mistakes » ( ៣:៤៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែលព្រះអម្ចាស់បានបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាចំពោះ រ៉ាជែល បន្ទាប់ពីនាងបានធ្វើកំហុស កាលពីក្មេងវ័យជំទង់ ។
តើអ្នកបានរៀនអ្វីខ្លះ ?
ដើម្បីជួយសិស្សមើលឃើញ និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ចំពោះពួកគេ និងសម្រាប់អ្នកដទៃ សូមពិចារណាអញ្ជើញពួកគេឲ្យគូររូបអ្វីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដែលអាចរំឭកពួកគេអំពីដំណើររឿងរបស់យ៉ូណាស ដូចជាត្រីបាឡែន ឬរុក្ខជាតិដ៏ធំមួយ ។ បន្ទាប់មក ពួកគេអាចសរសេរចម្លើយរបស់ពួកគេទៅនឹងសំណួរមួយខាងក្រោម ខាងក្នុង ឬនៅជិតនឹងគំនូររបស់ពួកគេ ។
សូមពិចារណាឆ្លើយសំណួរមួយនៃសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចិត្តប្រកបដោយសេចក្តីមេត្តាករុណា សប្បុរស និងអភ័យទោស ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះនៅថ្ងៃនេះ ដែលជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ ទ្រង់ទាំងទ្វេចំពោះអស់អ្នកទាំងឡាយដែលអ្នកអាចនឹងពិបាកដើម្បីស្រឡាញ់ ឬអត់ទោសឲ្យ ?