« អេម៉ុស ៨ ៖ ការយកឈ្នះភាពស្រេកឃ្លានខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេម៉ុស; អូបាឌា; យ៉ូណាស ៖ មេរៀនទី ១៥០
អេម៉ុស ៨
ការយកឈ្នះភាពស្រេកឃ្លានខាងវិញ្ញាណ
យើងទាំងអស់គ្នាបានទទួលអារម្មណ៍ស្រេកឃ្លាននោះ ។ សូមស្រមៃថាតើការរងនូវការស្រេកឃ្លានខាងវិញ្ញាណអាចមានសភាពបែបណ ? ព្រះអម្ចាស់បានបង្រៀនពួកសាសន៍អ៊ីស្រាអែលតាមរយៈអេម៉ុស ដោយប្រើរូបភាពនេះ ។ អេម៉ុសបានព្យាករថា ប្រជាជនរបស់លោកនឹងលែងទទួលបានព្រះបន្ទូលរបស់ទ្រង់ទៀតហើយ ដោយសារពួកគេបានបដិសេធព្រះបន្ទូលនោះ ។ ការបាត់បង់ព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងនាំទៅរកសេចក្តីអំណត់ ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើនទំនុកចិត្តរបស់ពួកគេថា ព្រះបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបំពេញភាពស្រេកឃ្លានខាងវិញ្ញាណរបស់ពួកគេបាន តាមរយៈការស្តារឡើងវិញនៃដំណឹងល្អ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលជីវិតរបស់ពួកគេនឹងខុសពីនេះ ប្រសិនបើពួកគេមិនមានព្រះគម្ពីរ ឬប្រសាសន៍របស់ព្យាការីទេនោះ ។ សិស្សអាចមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយអ្វីដែលពួកគេបានគិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភាពស្រេកឃ្លានខាងវិញ្ញាណ
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយការបង្ហាញរូបភាពអាហារ ឬនាំយកមុខម្ហូបសាមញ្ញមួយ ហើយសួរសំណួរខាងក្រោម ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ស្រេកឃ្លានជាពិសេស ?
-
តើយើងអាចប្រព្រឹត្តយ៉ាងណាពេលយើងស្រេកឃ្លាន ?
ចម្លើយអាចរួមមានអារម្មណ៍ឆាប់ខឹង មិនសូវមានថាមពល ឬឃ្លានអាហារគ្រប់ប្រភេទទាំងអស់ ។
សូមសរសេរឃ្លា ភាពស្រេកឃ្លានខាងវិញ្ញាណ នៅលើក្ដារខៀន ។
-
តើមនុស្សអាចស្រេកឃ្លានខាងវិញ្ញាណ ហើយពុះពារស្វែងរកអ្វីខ្លះ ?
សូមពិចារណាសរសេរការឆ្លើយតបរបស់សិស្សនៅលើក្ដារខៀន ។ សិស្សអាចនិយាយអ្វីៗដូចជា សេចក្តីស្រឡាញ់របស់ព្រះ គោលបំណងក្នុងជីវិតរបស់ពួកគេ ការដឹងអំពីសេចក្តីពិត ការណែនាំក្នុងការសម្រេចចិត្តលំបាកៗ ។ល ។
សូមចំណាយពេលបន្តិចដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បច្ចុប្បន្នអាចមានអារម្មណ៍ស្រេកឃ្លានខាងវិញ្ញាណ ។
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះ នៅពេលពួកគេពិចារណាអំពីអ្វីដែលពួកគេអាចធ្វើដើម្បីទទួលបានអាហារបំប៉នខាងវិញ្ញាណដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ។
អំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ា
ព្យាការីអេម៉ុសបានព្យាករពីការស្រេកឃ្លានខាងវិញ្ញាណ ។ លោកបានបើកសម្ដែងព្រះបន្ទូលរបស់ព្រះអម្ចាស់ដល់ប្រជាជនអ៊ីស្រាអែល ប៉ុន្តែពួកគេមិនចង់ឮព្រះបន្ទូលទាំងនោះឡើយ ( សូមមើល អេម៉ុស ២:១២; ៧:១១–១៦ ) ។
ប្រសិនបើអ្នកមានអារម្មណ៍ថាវានឹងមានប្រយោជន៍ សូមអញ្ជើញសិស្សឲ្យអាន អេម៉ុស ៧:១២–១៣ ដើម្បីយល់ពីរបៀបដែលពួកសាសន៍អ៊ីស្រាងែលបានឆ្លើយតបទៅនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់ តាមរយៈអេម៉ុស ។
សូមអាន អេម៉ុស ៨:១១–១២ ស្វែងរកលទ្ធផលរបស់មនុស្សដែលបដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
បើចាំបាច់ សូមពន្យល់ថា អំណត់គឺជាការខ្វះខាតអាហារយ៉ាងធ្ងន់ធ្ងរ ។
-
តើអ្នកបានឃើញលទ្ធផលអ្វីខ្លះ ?
ប្រសិនបើសិស្សមិនបានលើកឡើងទេ សូមចែកចាយសេចក្តីពិតដូចខាងក្រោម ៖ នៅពេលប្រជាជនបដិសេធន៍ពួកព្យាការីរបស់ព្រះអម្ចាស់ នោះពួកគេបាត់បង់ពរជ័យទាំងឡាយនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ បើគ្មានព្រះបន្ទូលរបស់ព្រះ នោះយើងស្រេកឃ្លានខាងវិញ្ញាណ ។
-
អ្នកគិតថា ហេតុអ្វីអំណត់គឺជាការប្រៀបធៀបដ៏ល្អសម្រាប់ការរស់នៅដោយគ្មានព្រះបន្ទូលរបស់ព្រះអម្ចាស់ ?
-
តើការព្យាកររបស់អេម៉ុសបានសម្រេចតាមរបៀបណាខ្លះ ?
ប្រសិនបើចាំបាច់ សូមចែកចាយជាមួយសិស្សថា ខគម្ពីរទាំងនេះសំដៅទៅលើរយៈពេលដែលត្រូវបានស្គាល់ថាជាការក្បត់សាសនា ។ ការក្បត់សាសនា គឺនៅពេលដែលបុគ្គល ឬក្រុមមនុស្សបដិសេធគោលការណ៍នៃដំណឹងល្អ ហើយព្រះអម្ចាស់លែងបញ្ជូនពួកព្យាការីទៅកាន់ពួកគេ ។ ការសម្រេចមួយនៃការព្យាកររបស់អេម៉ុសបានកើតឡើងបន្ទាប់ពីការស្លាប់របស់ពួកសាវករបស់ព្រះគ្រីស្ទ ហើយត្រូវបានស្គាល់ថា ជាការក្បត់សាសនាដ៏ធំ ។ ការក្បត់សាសនាដ៏ធំមានរយៈពេលរហូតដល់ព្រះអម្ចាស់បានស្ដារឡើងវិញនូវដំណឹងល្អរបស់ទ្រង់ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។
អ្នកអាចចង់ចែកចាយវីដេអូ « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដើម្បីបំពេញភាពចាំបាច់នៃការស្ដារដំណឹងល្អឡើងវិញ ។
បំពេញភាពស្រេកឃ្លានខាងវិញ្ញាណ
នៅក្នុងសេចក្តីសប្បុរសរបស់ព្រះអម្ចាស់ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ដល់ប្រជារាស្រ្តរបស់ទ្រង់តាមរយៈព្យាការីរបស់ទ្រង់ថា ទ្រង់នឹងសង្គ្រោះរាស្ដ្ររបស់ទ្រង់ពីឥទ្ធិពលនៃការក្បត់សាសនា ហើយប្រទានពរដល់រាស្ដ្ររបស់ទ្រង់ ។ ព្រះអម្ចាស់បានព្យាករតាមរយៈអេម៉ុសថា ទ្រង់នឹងប្រមូលរាស្ត្រទ្រង់ម្ដងទៀតនៅថ្ងៃអនាគត ហើយទ្រង់នឹងប្រទានពរដល់ពួកគេតាមរបៀបជាច្រើន ( សូមមើល អេម៉ុស ៩:១៤–១៥ ) ។
សូមអានខគម្ពីរខាងក្រោមដោយរកមើលអ្វីដែលព្រះអម្ចាស់បានបើកសម្តែងតាមរយៈព្យាការីរបស់ទ្រង់ ដែលទ្រង់នឹងធ្វើនៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ មុនពេលការយាងមកជាលើកទីពីររបស់ទ្រង់ ៖
ដានីយ៉ែល ២:៤៤–៤៥
កិច្ចការ ៣:១៩–២១
អេភេសូរ ១:៣, ១០
គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៣; ១១២:៣០; ១២៨:១៨
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន ហើយសួរសំណួរដែលពួកគេមានអំពីខគម្ពីរទាំងនេះ ។ សម្រាប់ជំនួយបន្ថែម អ្នកអាចចង់ណែនាំពួកគេទៅកាន់ « ការស្តារឡើងវិញនៃដំណឹងល្អ » នៅក្នុង ប្រធានបទ និង សំណួរ ។
-
តើពរជ័យអ្វីខ្លះដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ពិភពលោកដែលស្រេកឃ្លានខាងវិញ្ញាណ តាមរយៈការស្ដារឡើងវិញ ?
សិស្សអាចរៀបរាប់ពីកូនសោបព្វជិតភាព និងសិទ្ធិអំណាច ពួកព្យាការី វិវរណៈ ព្រះគម្ពីរ អង្គការសាសនាចក្រ ពិធីបរិសុទ្ធ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមគិតពីរបៀបដែលអ្នកអាចជួយសិស្សមើលឃើញពីរបៀបដែលពរជ័យទាំងនេះអាចបំពេញតាមតម្រូវការរបស់ពួកគេ និងមនុស្សដែលពួកគេយកចិត្តទុកដាក់ ។ ខាងក្រោមនេះគឺជារបៀបមួយដែលអ្នកអាចធ្វើការណ៍នេះបាន ។
សូមអញ្ជើញសិស្សឲ្យបង្កើតសាច់រឿងនៃបុគ្គលម្នាក់ដែលស្រេកឃ្លាននឹងប្រធានបទមួយក្នុងចំណោមប្រធានបទដែលបានសរសេរនៅលើក្ដារខៀន ក្រោម ភាពស្រេកឃ្លានខាងវិញ្ញាណ ។ អ្នកអាចឲ្យសិស្សបន្ថែមព័ត៌មានលម្អិត ដើម្បីឲ្យសាច់រឿងមានអារម្មណ៍ទាក់ទងគ្នាកាន់តែច្រើន ។ អ្នកអាចចែកចាយដូចតទៅអំពី ម៉ាតា ជាឧទាហរណ៍ ។ បន្ទាប់មក សិស្សអាចធ្វើការរួមគ្នា ជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ ដើម្បីឆ្លើយតបទៅនឹងសាច់រឿងនេះ ។
សាច់រឿង ៖ ម៉ាតា មានអាយុ ១៥ឆ្នាំ ហើយមិនចង់បានអ្វីក្រៅពីចង់ស្វែងរកគោលបំណងសម្រាប់ជីវិតរបស់នាងនោះទេ ។ នាងពុះពារជាមួយនឹងទំនុកចិត្តលើខ្លួនឯង ហើយនាងមិនច្បាស់ថានាងគួរទៅទិសដៅណានោះទេ ។
-
តើអ្នកអាចចែកចាយអ្វីខ្លះដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើជាផ្នែកនៃការស្ដារឡើងវិញនៃដំណឹងល្អ ដែលអាចជួយបំពេញការស្រេកឃ្លានខាងវិញ្ញាណរបស់ ម៉ាតា ?
ជាផ្នែកនៃការឆ្លើយតបរបស់អ្នក ត្រូវប្រាកដថារួមបញ្ចូលខគម្ពីរ ។ សម្រង់មកពីថ្នាក់ដឹកនាំសាសនាចក្រ ហើយប្រសិនបើអាចធ្វើទៅបាន បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ។
ប្រសិនបើសិស្សពិបាកឆ្លើយ នោះអ្នកអាចឲ្យពួកគេរកមើលតាមរយៈ សេចក្តីណែនាំអំពីដើម្បីកម្លាំងនៃយុវជន ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយចំនួន ។
ប្រសិនបើសិស្សឆ្លើយតបទៅនឹងសាច់រឿងអំពី ម៉ាតា នោះអ្នកអាចចង្អុលបង្ហាញពួកគេទៅកាន់ក្បាលជំពូក « ធ្វើការជ្រើសរើសដែលបំផុសគំនិត » ផ្នែកនៃ សេចក្តីណែនាំអំពីដើម្បីកម្លាំងនៃយុវជន ឬ ម៉ូសេ ១:៣៩ ៖ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ សិស្សអាចជញ្ជឹងគិតពីរបៀបដែលការដឹងថា ព្រះអម្ចាស់យកព្រះទ័យទុកដាក់ចំពោះពួកគេ ហើយកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការវិលត្រឡប់របស់ពួកគេទៅកាន់ទីវត្តមានរបស់ទ្រង់វិញ អាចនឹងបំពេញនូវភាពស្រេកឃ្លានខាងវិញ្ញាណសម្រាប់ការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ ឬយល់ពីគោលបំណងនៅក្នុងជីវិតរបស់ពួកគេ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសរសេរ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀបចំ ។ ពួកគេក៏អាចចែកចាយនូវអ្វីដែលពួកគេបានរៀនចេញពីបទពិសោធន៍នេះផងដែរ ។
ការពិចារណាផ្ទាល់ខ្លួន
ដើម្បីបញ្ចប់ សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបំពេញការស្រេកឃ្លានខាងវិញ្ញាណរបស់យើង ?
-
តើអ្វីជារបៀបមួយដែលអ្នកអាចចង់ធ្វើតាមអ្វីដែលអ្នកបានរៀន ឬបានទទួលអារម្មណ៍ ?