« អេសេគាល ៤៧ ៖ ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសេគាល ៣៧ ៖ ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀនទី ១៤១
អេសេគាល ៤៧
ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ
ព្រះអម្ចាស់ប្រទានពរជ័យជាច្រើនដល់យើងតាមរយៈការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ អេសេគាលបានមើលឃើញក្នុងការនិមិត្តមួយនូវព្រះវិហារបរិសុទ្ធថ្ងៃចុងក្រោយ ដែលនឹងសាងសង់ឡើងនៅយេរូសាឡិម ។ លោកបានឃើញទឹកហូរចេញពីព្រះវិហារបរិសុទ្ធនេះ ដោយព្យាបាលដីជុំវិញ និងនាំមកនូវជីវិតទៅដល់សមុទ្រស្លាប់ ។ ការនិមិត្តតំណាងឲ្យពរជ័យដែលព្រះអម្ចាស់ប្រទានឲ្យយើងពេលដែលយើងថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យកាន់តែមានអារម្មណ៍ចង់ថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះខ្លាំងឡើង ។
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់ឲ្យសិស្សនូវសំណួរដូចខាងក្រោម ហើយអញ្ជើញពួកគេឲ្យមករៀនដោយត្រៀមរៀបចំខ្លួនដើម្បីចែកចាយចម្លើយរបស់ពួកគេ ៖
សកម្មភាពរៀនសូត្រដែលអាចមាន
មានបំណងចង់ថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ
សូមចាប់ផ្តើមមេរៀនតាមរបៀបមួយដែលជួយសិស្សគិតអំពីបំណងប្រាថ្នារបស់ពួកគេក្នុងការចូលរួម និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ដើម្បីធ្វើការណ៍នេះ អ្នកអាចដាក់បង្ហាញរូបភាពព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក សរសេរចម្លើយរបស់សិស្សចំពោះសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនៅម្ខាងនៃព្រះវិហារបរិសុទ្ធ និងចម្លើយរបស់ពួកគេចំពោះសំណួរមួយទៀតនៅម្ខាងទៀត ។
-
តើហេតុផលអ្វីខ្លះដែលក្មេងវ័យជំទង់អាចចង់ចូលរួម និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ?
-
តើហេតុផលអ្វីខ្លះដែលពួកគេប្រហែលជាមិនចង់ចូលរួមក្នុងព្រះវិហារបរិសុទ្ធ ? តើអ្វីខ្លះដែលអាចធ្វើឲ្យមានការលំបាក ?
សំណួរស្វ័យវាយតម្លៃអាចជួយសិស្សស្វែងរកឱកាសសម្រាប់ការរីកចម្រើន និងការៀនសូត្រផ្ទាល់ខ្លួន ។ សូមអញ្ជើញសិស្សឲ្យចំណាយពេលបន្តិចដើម្បីពិចារណាសំណួរខាងក្រោមអំពីខ្លួនរបស់ពួកគេ ។
-
តើបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធខ្លាំងប៉ុនណា ? ហេតុអ្វី ?
-
តើអ្វីដែលអាចរារាំងអ្នកពីការចង់ចូលរួមនៅព្រះវិហារបរិសុទ្ធ ?
ពេលដែលអ្នកសិក្សាអេសេគាលនៅថ្ងៃនេះ សូមស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការចូលរួម និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
ការនិមិត្តរបស់អេសេគាលអំពីព្រះវិហារបរិសុទ្ធ
ចំណាំ ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ វាមានសារៈសំខាន់ណាស់នៅក្នុងមេរៀននេះដើម្បីសំដៅទៅលើពរជ័យដែលមកពីព្រះអម្ចាស់តាមរយៈព្រះវិហារបរិសុទ្ធ មិនមែនមកពីព្រះវិហារបរិសុទ្ធនោះទេ ។
នៅក្នុង អេសេគាល ៤៧ អេសេគាលបានឃើញការនិមិត្តមួយដែលអាចជានិមិត្តរូបនៃពរជ័យដែលព្រះអម្ចាស់បានប្រទានដល់មនុស្សទាំងអស់ដែលធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ វាចាប់ផ្ដើមជាមួយនឹងសារទូតសួគ៌ានាំអេសេគាលទៅកាន់ទ្វារព្រះវិហារបរិសុទ្ធនៅយេរ៉ូសាឡិម ។
សូមអាន អេសេគាល ៤៧:១ ដោយរកមើលអ្វីដែលអេសេគាលបានឃើញចេញមកពីព្រះវិហារបរិសុទ្ធ ។
-
តើទឹកអាចសមជានិមិត្តរូបសម្រាប់ពរជ័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
ចម្លើយដែលអាចទៅរួចមួយចំនួនអាចរួមបញ្ចូលថា ទឹកផ្តល់ជីវិត ដែលមនុស្សគ្រប់គ្នាត្រូវការ លាងសម្អាត និងមានសម្រាប់មនុស្សគ្រប់គ្នា ។ នៅក្នុងអំឡុងពេលផ្ដល់ការងារបម្រើក្នុងជីវិតរមែងស្លាប់ ព្រះអង្គសង្គ្រោះបានប្រៀបធៀបអង្គទ្រង់ផ្ទាល់ និងពរជ័យដែលទ្រង់ប្រទានឲ្យចំពោះទឹករស់ ( សូមមើល យ៉ូហាន ៤:១០; ៧:៣៧–៣៩ ) ។
វាអាចមានប្រយោជន៍សម្រាប់សកម្មភាពខាងក្រោមដើម្បីពន្យល់ថា មួយហត្ថគឺជាខ្នាតរង្វាស់ប្រវែងចាប់ពីកែងដៃដល់ចុងម្រាមដៃប្រហែល ១៨ ទៅ ២១ អ៊ីញ ឬ ៤៥ ទៅ ៥៣ សង់ទីម៉ែត្រ ។
សូមអាន អេសេគាល ៤៧:២–៥ ដោយរកមើលថាតើទឹកមានជម្រៅប៉ុនណា នៅពេលវាហូរចេញពីព្រះវិហារបរិសុទ្ធ ។
ដោយសារតែការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងដំណើររឿងនេះគឺទិដ្ឋភាពជាក់ស្តែង វាអាចជួយក្នុងការគូរនូវអ្វីដែលយើងកំពុងរៀន ។ នៅពាក់កណ្ដាលទំព័រខាងលើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបព្រះវិហារបរិសុទ្ធសាមញ្ញមួយ និងទឹកហូរចេញពីព្រះវិហារបរិសុទ្ធនោះ ។ ( អ្នកនឹងគូរបន្ថែមទៀតនូវកន្លែងដែលទឹកចូលពាក់កណ្តាលខាងក្រោម នៅពេលក្រោយ ) ។
ប្រសិនបើមានប្រយោជន៍ សិស្សអាចមើល « And the River Will Grow » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org មកពីនាទីទី ០:២៦–១:២៩ ។
-
តើអ្នកគិតថាព្រះអម្ចាស់បានបង្រៀនអ្វីខ្លះនៅក្នុងការនិមិត្តនេះ អំពីពរជ័យដែលទ្រង់ប្រទានមកតាមរយៈព្រះវិហារបរិសុទ្ធ ?
សូមសួរសិស្ស ៖
-
ប្រសិនបើអ្នកត្រូវគូរអ្វីមួយនៅលើរូបភាពរបស់អ្នកដើម្បីតំណាងឲ្យកន្លែងដែលគ្មានអ្វីរស់នៅ ឬរីកចម្រើន តើវានឹងជាអ្វី ហើយហេតុអ្វី ?
ប្រសិនបើសំណួរដូចគ្នានេះត្រូវបានសួរទៅអ្នកនៅក្នុងយេរូសាឡិមក្នុងសម័យអេសេគាល ចម្លើយអាចទំនងជាទីរហោស្ថាន ឬសមុទ្រស្លាប់ ។ សមុទ្រស្លាប់មានឈ្មោះរបស់វានេះដោយសារតែវាអសមត្ថភាពក្នុងការទ្រទ្រង់ជីវិតសត្វ ឬរុក្ខជាតិ ។ វាក៏មានទឹកអំបិល ហើយមិនអាចផឹកបានទេ ។ ប្រសិនបើមានប្រយោជន៍ សូមបង្ហាញ ឬណែនាំសិស្សទៅកាន់រូបភាព « Judean Wilderness » ( Bible Photographs ល.រ. ៣ ) នៅក្នុងជំនួយការសិក្សាក្នុងបណ្ណាល័យដំណឹងល្អ ឬនៅក្នុងBible Appendix ដើម្បីមើលពាក្យទីរហោស្ថានដោយសមុទ្រស្លាប់ ។ ពួកគេក៏អាចរកមើលនៅឯ « ផែនទីខាងភូមិសាស្ត្ររូបនិយម អំពីដែនដីបរិសុទ្ធ » ( ផែនទី និងរូបថតទាំងឡាយអំពីព្រះគម្ពីរប៊ីប ល.រ. ១ ) ហើយស្វែងរកទីរហោស្ថាននៃខេត្តយូដា និងសមុទ្រស្លាប់ ។
សូមអាន អេសេគាល ៤៧:៨–៩, ១២ ដោយរកមើលអ្វីដែលនឹងកើតឡើងចំពោះអ្វីគ្រប់យ៉ាងដែលទឹកមកពីព្រះវិហារបរិសុទ្ធបានប៉ះ ដោយរួមទាំងសមុទ្រស្លាប់ផងដែរ ។
សូមអញ្ជើញសិស្សឲ្យបញ្ចប់រូបភាពរបស់ពួកគេ ដោយការគូររូបអ្វីដែលពួកគេទើបបានអាននៅខាងក្រោមពាក់កណ្ដាលនៃក្រដាសរបស់ពួកគេ ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃសំណួរត្រិះរិះ ដែលជួយអ្នករៀនរកឃើញគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អសម្រាប់ខ្លួនពួកគេ ។ វិធីសាស្ត្រនេះអាចធ្វើឲ្យការសិក្សាបទគម្ពីររបស់សិស្សកាន់តែទាក់ទង និងអនុញ្ញាតឲ្យព្រះអម្ចាស់បង្រៀន និងបំផុសគំនិតដល់ពួកគេដោយផ្ទាល់ ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីជំនាញនេះ សូមមើល ៖ « បង្កើតសំណួរបើកឲ្យត្រិះរិះស្រាវជ្រាវ ដែលជួយសិស្សឲ្យរកឃើញគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដោយខ្លួនឯង ហើយមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ) ។
-
តើអ្នកនឹងសង្ខេបអ្វីដែលអ្នកបានរៀនចេញពីការនិមិត្តរបស់អេសេគាលដោយរបៀបណា ?
សិស្សអាចចែកចាយគោលការណ៍ផ្សេងៗ ។ សូមអរគុណពួកគេចំពោះការឆ្លើយតបរបស់ពួកគេ និងសួរថាហេតុអ្វីបានជាអ្វីដែលពួកគេបានរៀនមានសារៈសំខាន់ ។
គោលការណ៍មួយក្នុងចំណោមគោលការណ៍ដែលសិស្សអាចស្វែងរកគឺ ៖ ពេលយើងថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធ ទ្រង់ប្រទានពរដល់យើងដោយនូវការព្យាបាល ជីវិតថ្មី និងការរីកចម្រើន ។ សិស្សប្រហែលជាចង់សរសេរគោលការណ៍នេះ ឬគោលការណ៍មួយដែលពួកគេបានរកឃើញនៅក្នុងព្រះគម្ពីររបស់ពួកគេនៅជាប់នឹងអេសេគាល អេសេគាល ៤៧:១–៩ ។
ប្រសិនបើមានប្រយោជន៍សម្រាប់ការយល់ដឹងបន្ថែមទៀត សូមបន្តវីដេអូរបស់អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ និងគ្រួសាររបស់លោក ចាប់ពីនាទីទី ១:៥៨–២:៣៣ ។
ធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅ
សូមរៀបចំសំណៅមេរៀន « ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ » សម្រាប់សិស្សម្នាក់ៗ ។
សូមអានសំណៅមេរៀន « ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ » ហើយគូសបន្ទាត់ពីក្រោម ឬគូររង្វង់មូលរាល់ពរជ័យណាមួយដែលលេចធ្លោចំពោះអ្នក ។
នៅលើគំនូររបស់ពួកគេ សិស្សអាចសរសេរពរជ័យទាំងនេះនៅក្នុងទឹកដែលហូរចេញមកពីព្រះវិហារបរិសុទ្ធ ។ ពួកគេក៏អាចបន្ថែមពរជ័យបន្ថែមណាមួយដែលពួកគេអាចគិតថា ព្រះអម្ចាស់ប្រទានឲ្យយើងតាមរយៈព្រះវិហារបរិសុទ្ធ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយគំនូររបស់ពួកគេ ហើយសរសេរនូវពរជ័យទាំងឡាយជាមួយដៃគូ ឬក្រុមតូច ។ ជាជម្រើសមួយផ្សេងទៀត អ្នកអាចគូររូបទន្លេនៅលើក្តារខៀន ហើយស្នើសុំសិស្សឲ្យសរសេរពរជ័យដែលពួកគេគិតដល់នៅទីនោះ ។ បន្ទាប់មកសិស្សអាចបន្ថែមទៅលើគំនូររបស់ពួកគេនូវពរជ័យទាំងឡាយដែលពួកគេចង់ចងចាំពីអ្វីដែលអ្នកដទៃបានចែកចាយ ។
-
តើពរជ័យអ្វីដែលលេចធ្លោចំពោះអ្នក ?
សូមអញ្ជើញសិស្សឲ្យគិតអំពីចម្លើយចំពោះសំណួរខាងក្រោមនេះបន្តិចសិន មុនអ្នកសួរពួកគេ ។ នៅពេលពួកគេចែកចាយ អ្នកអាចសួរសំណួរដូចខាងក្រោមនេះ ៖ « ហេតុអ្វីបានជាវាមានអត្ថន័យចំពោះអ្នក ? » « តើមាននរណាផ្សេងទៀតមានបទពិសោធន៍ស្រដៀងគ្នាដែរឬទេ ? » និង « តើអ្នកចង់បន្ថែមអ្វីដែលបានចែកចាយដែរឬទេ ? »
ប្រសិនបើសិស្សរស់នៅក្នុងតំបន់ដែលមនុស្សជាច្រើនមិនបានចូលរួមព្រះវិហារបរិសុទ្ធដោយសាររយៈចម្ងាយ ហើយពួកគេមិនស្គាល់មនុស្សជាច្រើនដែលបានចូលរួមព្រះវិហារបរិសុទ្ធ សូមពិចារណាផ្លាស់ប្តូរសំណួរទីពីរដើម្បីសួរអំពីពរជ័យដែលសិស្ស ឬអ្នកដទៃបានដកពិសោធន៍នៅពេលដែលពួកគេបានរៀបចំខ្លួនថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
តើពរជ័យណាមួយដែលអ្នកបានរកឃើញដែលបានព្យាបាល ឬផ្ដល់ជីវិត ?
-
តើនៅពេលណាដែលអ្នក ឬអស់អ្នកដែលអ្នកស្គាល់បានដកពិសោធន៍នូវពរជ័យមួយក្នុងចំណោមពរជ័យទាំងនេះ មកពីព្រះអម្ចាស់តាមរយៈការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ?
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍មកពីការមើលឧទាហរណ៍ផ្សេងទៀតនៃពរជ័យមួយចំនួនដែលអាចរកបានមកពីការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ នោះអ្នកអាចបង្ហាញវីដេអូមួយខាងក្រោម ៖
-
« Temples Are a Beacon » ( ២:៥០ )
-
« កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ៖ ការផ្សារភ្ជាប់ និងការព្យាបាល » ( ១៤:៤៣ ) ចាប់ពីនាទីទី ៧:៣៦–១២:២០ ។
របៀបដែលអ្នកមានអារម្មណ៍អំពីព្រះវិហារបរិសុទ្ធ
ដើម្បីបញ្ចប់មេរៀន សូមពិចារណាស្វែងរកកន្លែងមួយនៅលើរូបភាពរបស់អ្នក ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីសរសេរអារម្មណ៍របស់អ្នកអំពីការចូលរួម និងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការទទួលពរជ័យទាំងឡាយរបស់ព្រះអម្ចាស់ ។ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីសរសេរអារម្មណ៍របស់អ្នកឲ្យបានល្អ និងត្រឹមត្រូវ ។
សូមពិចារណាអញ្ជើញសិស្សណាម្នាក់ដែលចង់ចែកចាយគំនិត និងទីបន្ទាល់របស់ពួកគេ ។ សូមពិចារណាចែកចាយពីគំនិតរបស់អ្នកផ្ទាល់ផងដែរ ។