« អេសេគាល ៣៤ ៖ ‹ គាត់នឹង … ធ្វើជាអ្នកគង្វាលដល់ហ្វូង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសេគាល ៣៤ ៖ ‹ គាត់នឹង … ធ្វើជាអ្នកគង្វាលដល់ហ្វូង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀនទី ១៣៩
អេសេគាល ៣៤
« គាត់នឹង … ធ្វើជាអ្នកគង្វាលដល់ហ្វូង »
យើងទាំងអស់គ្នាមានអារម្មណ៍ថាវង្វេង ខូចចិត្ត ឈឺ ឬខ្វះខាត នៅពេលខ្លះ ។ ព្រះវរបិតាសួគ៌បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យ« សត្វណាដែលបាក់ជើង … នឹងរុំអបឲ្យ » និង « ចម្រើនកម្លាំងដល់ណាដែលឈឺ » ( អេសេគាល ៣៤:១៦ ) ។ នៅក្នុង អេសេគាល ៣៤ ព្យាការីអេសេគាលប្រដូចរបៀបដែលអ្នកគង្វាលល្អមើលថែហ្វូងចៀមរបស់គាត់ទៅនឹងរបៀបដែលព្រះយេស៊ូវគ្រីស្ទមើលថែបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីស្វែងរក និងមើលថែដល់អ្នកដទៃ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតពីវិធីដែល « អ្នកគង្វាលល្អ » ( យ៉ូហាន ១០:១១, ១៤ ) គឺជាព្រះនាមដ៏សមរម្យសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចជញ្ជឹងគិតពីរបៀបដែលព្រះនាមនេះសម្រាប់ព្រះអង្គសង្គ្រោះជួយពួកគេឲ្យយល់ពីសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នារបស់ទ្រង់ក្នុងការមើលថែបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
និមិត្តរូបមួយតំណាងឲ្យព្រះអង្គសង្គ្រោះ
សូមពិចារណាចែកចាយបទពិសោធន៍ និងសេចក្តីថ្លែងការណ៍ខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យស្វែងរកទង្វើរបស់អ្នកគង្វាលដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកគេ ។ ជាជម្រើសមួយផ្សេងទៀត អ្នកអាចបង្ហាញ « Shepherds of Israel » ចាប់ពីនាទីទី ១:០៧ ដល់ ៤:០៩ ។
នៅក្នុងដំណើរទៅប្រទេសម៉ារ៉ុក អែលឌើរ ចន អ័រ ឡាសសេទ័រ នៃពួកចិតសិបនាក់ បានរៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ នៅពេលចៀមមួយត្រូវបានរថយន្តរាជវង្សបុក ដោយអ្នកគង្វាលត្រូវទទួលបានសំណងដ៏ច្រើន ។ អ្នកបកប្រែរបស់អែលឌើរ ឡាសសេទ័រ បាននិយាយថា អ្នកគង្វាលនឹងមិនទទួលយកប្រាក់នោះទេ ។ បន្ទាប់មកអែលឌើរ ឡាសសេទ័រ បានចែកចាយអ្វីដែលបានកើតឡើងបន្ទាប់ ៖
ដោយភ្ញាក់ផ្អើល ខ្ញុំបានសួរគាត់ពីមូលហេតុ ។ គាត់បានបន្ថែមទៀតថា « ដោយសារតែសេចក្តីស្រឡាញ់ដែលគាត់មានចំពោះចៀមមួយក្បាលៗរបស់គាត់ » ។ គឺពេលនោះហើយដែលខ្ញុំបានសង្កេតឃើញអ្នកគង្វាលដែលមានវ័យចំណាស់លូកដៃទៅលើកចៀមដែលត្រូវរបួសដាក់នៅក្នុងដៃរបស់គាត់ ហើយដាក់វានៅក្នុងថង់យាមដ៏ធំនៅខាងមុខរ៉ូបរបស់គាត់ ។ គាត់បន្តគ្រវីក្បាលដោយនិយាយពាក្យដដែលនេះម្តងហើយម្តងទៀត ។ ពេលខ្ញុំសួរពីអត្ថន័យនៃពាក្យនេះ ខ្ញុំត្រូវបានប្រាប់ថា « អូ គាត់ហៅឈ្មោះរបស់សត្វចៀមនោះ ។ ចៀមរបស់គាត់ទាំងអស់មានឈ្មោះមួយ ដោយសារគាត់គឺជាអ្នកគង្វាលរបស់វា ហើយអ្នកគង្វាលល្អស្គាល់ឈ្មោះចៀមមួយក្បាលៗរបស់ពួកគេ » ។ ( « Shepherds of Israel » Ensign ខែឧសភា ឆ្នាំ១៩៨៨ ទំព័រ ៧៤ )
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញពីទង្វើរបស់អ្នកគង្វាលរូបនេះ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរៀនពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការមើលថែដល់បុត្រាបុត្រីរបស់ព្រះបិតាសួគ៌ ។
អ្នកគង្វាល
នៅក្នុង អេសេគាល ៣៤ ព្រះអម្ចាស់បានប្រៀបធៀបថ្នាក់ដឹកនាំអ៊ីស្រាអែលទៅនឹងអ្នកគង្វាល ដែលមិនបានមើលថែហ្វូងចៀមរបស់ខ្លួន ។ សូមអាន អេសេគាល ៣៤:១–៦ ដោយគូសចំណាំឃ្លាដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីថ្នាក់ដឹកនាំរបស់អ៊ីស្រាអែល ។
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីកង្វល់របស់ទ្រង់ដែលបានបង្ហាញ នៅក្នុងខគម្ពីរទាំងនេះ ?
ដើម្បីជួយថ្នាក់ដឹកនាំរបស់អ៊ីស្រាអែលឲ្យមើលថែហ្វូងចៀមរបស់ពួកគេបានល្អប្រសើរ ព្រះយេស៊ូវគ្រីស្ទបានពិពណ៌នាពីរបៀបដែលទ្រង់មើលថែដល់ហ្វូងចៀមរបស់ទ្រង់ ( សូមមើល យ៉ូហាន ១០:១១, ១៤ ដែលព្រះយេស៊ូវក៏បានពិពណ៌នាអំពីអង្គទ្រង់ថា « អ្នកគង្វាលល្អ » ) ។
សូមពិចារណាដាក់បង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទដែលពិពណ៌នាអំពីទ្រង់ថាជាអ្នកគង្វាល ដូចជារូបភាពនៅឯដើមមេរៀននេះ ។ នៅផ្នែកខាងឆ្វេងនៃរូបភាព សូមពិចារណាសរសេរ « ដូចជាអ្នកគង្វាលល្អ ព្រះអង្គសង្រ្គោះ … » សិស្សអាចសង្ខេបអ្វីដែលពួកគេគូសចំណាំនៅក្នុង អេសេគាល ៣៤:១១–១៦ នៅខាងក្រោមចំណងជើងនេះបាន ។
សូមអាន អេសេគាល ៣៤:១១–១៦ ដោយគូសចំណាំឃ្លាដែលពិពណ៌នាពីអ្វីដែលព្រះយេស៊ូវគ្រីស្ទធ្វើសម្រាប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
សេចក្តីសង្ខេបដែលសិស្សផ្តល់ឲ្យចេញពីខគម្ពីរទាំងនេះ អាចរួមមាន ៖
-
ស្វែងរកអ្នកដែលវង្វេងបាត់ ( ខទី ១១–១២, ១៦ )
-
ជួយសង្រ្គោះពួកគេចេញពីសេចក្តីងងឹត ( ខទី ១២ )
-
ចិញ្ចឹមបីបាច់ពួកគេ និងផ្គត់ផ្គង់តម្រូវការរបស់ពួកគេ ( ខទី ១៣–១៥ )
-
រុំអបឲ្យជើងដែលបាក់ ( ខទី ១៦ )
-
ចម្រើនដល់អ្នកដែលឈឺ ( ខទី ១៦ )
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយដំណើររឿងមួយចំនួនចេញពីព្រះគម្ពីរអំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្ហាញពីសកម្មភាពមួយចំនួននេះចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
ដើម្បីជួយសិស្សគិតពិចារណាពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដើម្បីយកចិត្តទុកដាក់ចំពោះអ្នកដទៃ សូមពិចារណាបង្ហាញស្វ័យវាយតម្លៃខាងក្រោម ។
ប្រៀបធៀបអ្វីដែលអ្នកបានគូសចំណាំខគម្ពីរទាំងពីរវគ្គដែលអ្នកបានសិក្សានៅក្នុង អេសេគាល ៣៤ បន្ទាប់មកពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយតបចំពោះសំណួរខាងក្រោម ៖
-
តើមានវិធីអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា អ្នកដូចជាព្រះអង្គសង្គ្រោះ ?
-
តើមានវិធីណាខ្លះដែលអ្នកអាចកាន់តែដូចជាអ្នកគង្វាលនៅអ៊ីស្រាអែល ?
-
តើឧបសគ្គអ្វីខ្លះដែលអ្នកប្រឈមមុខក្នុងការមើលថែអ្នកដទៃដូចជាព្រះអង្គសង្គ្រោះ ?
ការមើលថែកូនចៀមរបស់ទ្រង់
សូមពិចារណាសរសេរឃ្លា « ខ្ញុំអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះតាមរយៈ … »នៅផ្នែកខាងស្ដាំនៃរូបភាពរបស់ព្រះអង្គសង្គ្រោះ ។ ដាក់សិស្សជាក្រុមតូចៗ ហើយផ្តល់ការណែនាំដូចខាងក្រោម ។
ដោយប្រើអ្វីដែលអ្នករកឃើញនៅក្នុង អេសេគាល ៣៤:១១–១៦ ចូរធ្វើបញ្ជីនៃវិធីជាក់ស្តែងមួយដែលយុវវ័យអាចមើលថែអ្នកដទៃដូចដែលព្រះអង្គសង្គ្រោះធ្វើ ។
គំនិតដែលអាចកើតមានមួយចំនួនដែលសិស្សអាចបង្កើតបាន អាចមានដូចខាងក្រោម ៖
-
ការទៅសួរសុខទុក្ខនរណាម្នាក់ដែលពួកគេមិនឃើញមួយរយៈមកហើយ ( យើង« នឹងស្វែងរកចៀមរបស់យើងទាំងស៊ើបសួររកទាល់តែឃើញផង » [ អេសេគាល ៣៤:១១ ] )
-
ការមានសេចក្ដីសប្បុរសជាមួយនឹងពេលវេលា ឬធនធានរបស់ពួកគេ ( « យើងនឹងធ្វើជាអ្នកគង្វាលដល់ហ្វូងចៀមរបស់យើង » [ អេសេគាល ៣៤:១៥ ] )
-
ការអញ្ជើញនរណាម្នាក់ឲ្យចូលរួមនៅក្នុងសកម្មភាពមួយជាមួយអ្នក ( « យើងនឹង…នាំណាដែលត្រូវប្រដេញ ឲ្យមកវិញ » [ អេសេគាល ៣៤:១៦ ] )
-
ការដឹងអំពីតម្រូវការខាងរាងកាយ ឬអារម្មណ៍របស់អ្នកដទៃ ( « សត្វណាដែលបាក់ជើង … យើងនឹងរុំអបឲ្យ ហើយយើងនឹងចម្រើនកម្លាំងដល់ណាដែលឈឺ » [ អេសេគាល ៣៤:១៦ ] )
បន្ទាប់ពីការធ្វើបញ្ជីនេះជាក្រុម អ្នកគួរតែឲ្យក្រុមនីមួយៗសរសេរគំនិតរបស់ពួកគេមួយនៅលើក្ដារខៀន ។ បន្ទាប់ពីមានគំនិតមួយចំនួនបានសរសេរនៅលើក្ដារខៀន វាអាចជាប្រយោជន៍ក្នុងការឲ្យសិស្សពិភាក្សាអំពីសំណួរដូចខាងក្រោម ៖
-
តើអ្វីខ្លះដែលអាចធ្វើឲ្យមានការលំបាកក្នុងការធ្វើកិច្ចការទាំងនេះ ?
-
តើព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យយកឈ្នះលើការលំបាកទាំងនេះដោយរបៀបណា ?
ពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យជ្រើសរើសយ៉ាងហោចណាស់សំណួរមួយដើម្បីឆ្លើយ ។ នៅពេលសិស្សជញ្ជឹងគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួន ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេឲ្យមានអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃអ្វីដែលពួកគេកំពុងរៀន ។
-
តើព្រះអង្គសង្គ្រោះបានប្រទានពរដល់អ្នក ឬគ្រួសាររបស់អ្នកដោយចាត់នរណាម្នាក់ឲ្យស្វែងរក និងមើលថែអ្នកដោយរបៀបណា ?
-
តើព្រះអង្គសង្គ្រោះបានប្រើអ្នក ឬគ្រួសាររបស់អ្នកដើម្បីស្វែងរក និងមើលថែអ្នកដទៃដោយរបៀបណា ?
ប្រសិនបើអ្នកមានអារម្មណ៍ថាវានឹងជួយសិស្សឲ្យមើលឃើញគំរូមួយរបស់យុវវ័យដែលមើលថែអ្នកដទៃដូចដែលព្រះយេស៊ូវបានធ្វើ សូមពិចារណាបង្ហាញ« Face to Face with President and Sister Oaks (Strive to Be) » ចាប់ពីនាទីទី ៥៧:៥០ ដល់ ៥៩:៥៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ យុវវ័យចែកចាយគំនិតខ្លះៗអំពីរបៀបដែលពួកគេស្វែងរក និងមើលថែអ្នកដទៃ ។
ដាក់ផែនការ
ការធ្វើផែនការនៅក្នុងថ្នាក់ ដើម្បីធ្វើសកម្មភាពលើអ្វីដែលពួកគេបានរៀន អាចជួយសិស្សឲ្យពង្រឹងការប្រែចិត្តជឿរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីមនុស្សក្នុងជីវិតរបស់អ្នក ដែលអាចដូចជាចៀមដែល ( វង្វេង ខ្ចាត់ខ្ចាយ បាក់ ខ្សោយ ) នៅក្នុង អេសេគាល ៣៤ ។ មនុស្សទាំងនេះអាចជាអ្នកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់អ្នក ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ឬមនុស្សនៅសាលារៀន ។ ស្វែងរកជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងការពិចារណាថានរណាអាចត្រូវការជំនួយរបស់អ្នក ។
ចេញពីគំនិតដែលយើងបានពិភាក្សា ឬផ្សេងទៀតដែលអ្នកមានអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើ សូមសរសេរពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីស្វែងរក និងយកចិត្តទុកដាក់ចំពោះបុគ្គលនេះ ។
ដើម្បីរំឭកខ្លួនអ្នកពីផែនការរបស់អ្នក នោះអ្នកអាចសរសេរនៅលើក្រដាស ឬដាក់វាជាការរំឭកនៅលើទូរសព្ទរបស់អ្នក ។
អ្នកប្រហែលជាចង់រៀបចំផែនការពីរបីនាទីនៅក្នុងមេរៀននាពេលខាងមុខ ដើម្បីតាមដានជាមួយសិស្សអំពីផែនការរបស់ពួកគេ និងពិនិត្យមើលលើការរីកចម្រើនរបស់ពួកគេ ។ ដើម្បីបញ្ចប់ អ្នកអាចចែកចាយពីរបៀបដែលនរណាម្នាក់បានមើលថែដល់អ្នក ឬរបៀបដែលអ្នកបានមើលថែអ្នកដទៃ ដូចព្រះអង្គសង្គ្រោះធ្វើដែរ ។