ថ្នាក់​សិក្ខាសាលា
អេសេគាល ១–៣; ៣៣ ៖ « យើង​បានតាំង​ឯង​ឲ្យ​ជា​អ្នកយាម »


« អេសេគាល ១–៣; ៣៣ ៖ ‹ យើង​បានតាំង​ឯង​ឲ្យ​ជា​អ្នកយាម › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« អេសេគាល ១–៣; ៣៣ ៖ ‹ យើង​បានតាំង​ឯង​ឲ្យ​ជា​អ្នកយាម › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ មេរៀន​ទី ១២៨

អេសេគាល ១–៣; ៣៣

« យើង​បានតាំង​ឯង​ឲ្យ​ជា​អ្នកយាម »

A man standing under the awning of a small stone tower, looking out over the surrounding landscape.

តើ​យើង​អាច​រក្សា​សុវត្ថិភាព​បាន​យ៉ាងដូចម្តេច បើ​គ្រោះថ្នាក់​ខាងវិញ្ញាណ​មាន​ច្រើន​នៅក្នុង​ពិភពលោក​នេះ ? ព្រះអម្ចាស់​ហៅ​ពួកព្យាការី​ឲ្យ​បម្រើ​ជា​អ្នកយាម​ដើម្បី​ព្រមាន និង​ការពារ​យើង ។ ព្រះអម្ចាស់​បានហៅ​អេសេគាល​ឲ្យ​ធ្វើ​ជា​អ្នកយាម​សម្រាប់​ពួក​សាសន៍​អ៊ីស្រាអែល ខណៈ​ជាប់​ជា​ឈ្លើយ​​របស់​សាសន៍​បាប៊ីឡូន ( សូមមើល អេសេគាល ៣:១៦–១៧ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ស្តាប់​តាម​ការព្រមាន​នៃ​ព្យាការី​របស់​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន « ព្យាការី » នៅក្នុង សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ « Prophets » នៅក្នុង Topics and Questions នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ពួកគេ​អាច​រកមើល​តួនាទី​របស់​ព្យាការី ហើយ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​មើលឃើញ​ព្យាការី​បំពេញ​តួនាទី​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការ​មាន​អារម្មណ៍​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ។

សូម​ពិចារណា​អំពី​ការចាប់ផ្តើម​ថ្នាក់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្យាការី​របស់​ព្រះអម្ចាស់​នៅ​សព្វ​ថ្ងៃ​នេះ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ អាច​ជា​ការ​ដាក់បង្ហាញ​រូបភាព​របស់​ប្រធាន​នៃ​សាសនាចក្រ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀង ឬ​ស្តាប់​បទ « យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី » ( ទំនុកតម្កើង ល.រ. ១៩ ) ។ បន្ទាប់មក អ្នក​អាច​ផ្តល់​ការណែនាំ​ខាងក្រោម ។ សូម​ដឹង​ថា​អារម្មណ៍​របស់​សិស្ស​អំពី​ព្យាការី​អាច​នឹង​ខុស​គ្នា​ពីម្នាក់​ទៅម្នាក់ ហើយ​វា​មិន​ជា​ថ្វី​ទេ ។ លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ឆ្លើយតប​ដោយ​ស្មោះត្រង់ ។

96:16

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​បំពេញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ជាមួយនឹង​ការឆ្លើយតប​មួយ ឬ​ច្រើន ៖

នៅពេល​ខ្ញុំ​មើល​ព្យាការី ស្តាប់​លោក​មាន​ប្រសាសន៍ ឬ​អាន​ប្រសាសន៍​របស់​លោក ខ្ញុំ​មាន​អារម្មណ៍​ថា …

សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​អាច​ពន្យល់​ថា នៅពេល​ពួកគេ​ចែកចាយ ហើយ​ស្តាប់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំភ្លឺ​គំនិត​ពួកគេ ហើយ​បន្ទន់​ចិត្ត​ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​ហៅ​អេសេគាល​ថា​ជា​ព្យាការី

អេសេគាល​ត្រូវ​បាន​ចាប់យក​ទៅ​ក្រុង​បាប៊ីឡូន​ជាមួយ​នឹង​ពួក​សាសន៍​អ៊ីស្រាអែល​ឯ​ទៀត ។ ខណៈ​ជាប់ជា​ឈ្លើយ ព្រះអម្ចាស់​យាង​មក​ជួប​លោក ហើយ​បានហៅ​លោក​ឲ្យ​ធ្វើ​ជា​ព្យាការី ( សូមមើល អេសេគាល ១–២ ) ។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ពង្រឹង​អេសេគាល នៅពេល​លោក​បាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​ដែល​បះបោរ និង​មានចិត្ត​រឹងរូស ( សូមមើល អេសេគាល ៣:៧–៩ ) ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អេសេគាល ៣:១៦–១៧ គឺជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូមអាន អេសេគាល ៣:១០–១១, ១៦–១៧ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អេសេគាល​អំពី​តួនាទី​របស់​លោក​ជា​ព្យាការី ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

ដើម្បី​ជួយ​សិស្ស​យល់​ពី​រូបភាព​នៃ​អ្នកយាម​ម្នាក់ សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​របស់​ខាខាសសូន ដែល​បាន​បញ្ចូល​ក្នុង​មេរៀន​នេះ រួម​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​នេះ​មកពី​អែលឌើរ នែល អិល អាន់ឌើរសិន ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

16:4
Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

ខាខាសសូន​គឺ​ជា​ទីក្រុង​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស​បារាំង ដែល​បាន​សាងសង់​ឡើង​តាំង​ពី​មជ្ឈិម​សម័យ ។ ប៉ម​ខ្ពស់ៗ​ត្រូវ​បាន​សង់​ឡើង​ទៅលើ​ពី​ជញ្ជាំង​ការពារ​ទីក្រុង​នោះ​សម្រាប់​ឲ្យ​អ្នក​ចាំយាម​ឈរ​លើ​ប៉ម​ទាំង​នោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​យកចិត្ត​ទុកដាក់​ផ្តោត​មើល​ទី​ឆ្ងាយៗ​រកមើល​សត្រូវ​របស់​ពួកគេ ។ នៅពេល​អ្នក​ចាំយាម​បាន​ឃើញ​ពួក​ខ្មាំង​សត្រូវ​របស់​ពួកគេ​ចូល​មក នោះ​សំឡេង​ព្រមាន​របស់​គាត់​បាន​ការពារ​ប្រជាជន​នៅ​ទីក្រុង​ខាខាសសូន​ពី​គ្រោះថ្នាក់​ដែល​ហៀប​នឹងកើត​ឡើង​ដែល​ពួកគេ​ពុំ​អាច​មើល​ឃើញ ។

ព្យាការី​គឺ​ជា​អ្នក​ចាំយាម​នៅលើ​ប៉ម ដោយ​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​យើង​ពុំ​អាច​មើល​ឃើញ ។ ( « The Prophet of God » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ២៥ )

  • តើ​អ្នក​អាច​សង្ខេប​អ្វីខ្លះ​ដែល អេសេគាល ៣:១៦–១៧ និង អែលឌើរ អាន់ឌើរសិន បង្រៀន​អំពី​ពួកព្យាការី​ដោយ​របៀបណា ?

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់ថា ព្រះអម្ចាស់​ហៅ​ពួកព្យាការី​ដែល​បម្រើ​ជា​អ្នកយាម​ដើម្បី​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ខាងវិញ្ញាណ ។ សូម​ពន្យល់​ថា គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បម្រើ​ជា​ព្យាការី​របស់​ព្រះអម្ចាស់​នៅ​សព្វថ្ងៃ​នេះ ។ ប្រសិនបើ​សិស្ស​បាន​បញ្ចប់​សកម្មភាព​រៀបចំ​សិស្ស​រួចហើយ ពួកគេ​អាច​ចែកចាយ​អ្វីដែល​ពួកគេ​បានរៀន​ដែលជា​ផ្នែក​នៃ​ការពិភាក្សា​ខាងក្រោម ។

  • ហេតុអ្វី​« អ្នកយាម »​គឺជា​វិធី​ដ៏ល្អ​មួយ​ដើម្បី​ពិពណ៌នា​ពី​តួនាទី​របស់​ព្យាការី ?

នៅក្នុង អេសេគាល ៣៣ ព្រះអម្ចាស់​បាន​បង្រៀន​អេសេគាល​ម្តង​ទៀត​នូវ​ការទទួល​ខុសត្រូវ​របស់​លោក​ក្នុង​ការបម្រើ​ជា​អ្នកយាម ហើយ​ចែកចាយ​សារលិខិត​របស់​ព្រះ​ជាមួយ​អ៊ីស្រាអែល ( សូមមើល អេសេគាល ៣៣:១–៧ ) ។

សូមអាន អេសេគាល ៣៣:៩–១១ ដោយ​រកមើល​ហេតុផល​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ព្រមាន​រាស្ត្រ​របស់ទ្រង់ ។

  • តើ ខទី ១១ អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ចែកចាយ​ពី​របៀប​ដែល​ការព្យាករ​របស់​ព្យាការី​គឺជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ៖

15:15
Portrait of Elder D. Todd Christofferson.  Photographed in March 2020.

ជំនួស​ឲ្យ​ការ​ចង់​ថ្កោល​ទោស​យើង ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​យើង​ស្វែង​រក​សុភមង្គល​ឲ្យ​យើង ហើយ​អង្វរ​ឲ្យ​យើង​ប្រែ​ចិត្ត ដោយ​ត្រាស់​ដឹង​យ៉ាង​ច្បាស់​ថា « សេចក្ដី​ទុច្ចរិត​ពុំ​ដែល​[ និង​ពុំ ]​ជា​សុភមង្គល​ឡើយ » [ អាលម៉ា ៤១:១០ ] ។ ដូច្នេះ​អេសេគាល និង​ព្យាការី​គ្រប់​រូប​ពីមុន និង​ចាប់​ពី​នោះ​មក ដោយ​ថ្លែង​ពី​បន្ទូល​របស់​ព្រះ​ចេញ​ពី​ចិត្ត បាន​ព្រមាន​ដល់​ជន​ទាំងអស់​ដែល​នឹង​ងាក​ចេញ​ពី​សាតាំង ជា​មារសត្រូវ​នៃ​ព្រលឹង​ពួកគេ ហើយ​« រើសយក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច តាមរយៈ​ព្រះ​ជាអ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំងអស់ »​[ នីហ្វៃទី២ ២:២៧ ] ។ ( « The Voice of Warning » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ១០៨ )

  • តើ​ការ​យល់​ដឹង​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ហៅ​ព្យាការី​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​អ្នក​យាម​អាច​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​តាម​ពួកលោក​ដោយ​របៀបណា ?

ការព្រមាន​មកពី​អ្នកយាម

សកម្មភាព​ខាងក្រោម​នេះ​គឺមាន​គោលបំណង​ជួយ​សិស្ស​មើលឃើញ​ឧទាហរណ៍​នៃ​ការព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​យក​ជម្រើស​មួយ​ដូចខាងក្រោម​នេះ​ដើម្បី​សិក្សា ៖

  1. សុន្ទរកថា​ថ្មីៗ​មកពី​សមាជិក​នៃ​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់

  2. វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងនេះ ឬ​វគ្គបទគម្ពីរ​ផ្សេងទៀត​នៃ​ការជ្រើសរើស​របស់​អ្នក ៖ អេសាយ ៥:២០; កូរិនថូស ទី១ ៦:១៩–២០ ( សូមមើល​ផងដែរ ខទី ១៨ ); នីហ្វៃទី២ ២:២៧; នីហ្វៃទី២ ៣២:៨–៩; អាលម៉ា ៤១:១០ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៩–១១

បន្ទាប់ពី​សិស្ស​បាន​ជ្រើសរើស​ជម្រើស​មួយ​ដើម្បី​សិក្សា​រួចហើយ សូម​បង្ហាញ​ការណែនាំ​ដូចខាង​ក្រោម ៖

សិក្សា​ការបង្រៀន​ពី​ព្យាការី​របស់​ព្រះអម្ចាស់ ហើយ​រៀបចំខ្លួន​ចែកចាយ​ដូចតទៅ​នេះ ៖

  1. ការព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​តាមរយៈ​ព្យាការី​របស់ទ្រង់ ។

  2. ពរជ័យ​ដែល​យើង​អាច​ទទួល​បាន ឬ​បញ្ហា​ប្រឈម​នានា​ដែល​យើង​អាច​ជៀស​វាង​បាន​ដោយ​ការធ្វើ​តាម​ការ​ព្រមាន​ទាំងនេះ ។ ទាំងនេះ​អាច​មកពី​អ្វីដែល​អ្នក​បាន​សិក្សា ឬ​មកពី​គំនិត និង​បទពិសោធន៍​របស់​អ្នក ។

  3. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ថា​ការ​ព្រមាន​នេះ​គឺជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ឬ​បំណង​ប្រាថ្នា​របស់​ទ្រង់​សម្រាប់​យើង​ដើម្បី​មាន​សុភមង្គល ។

អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​ការព្រមាន​មួយ​របស់​ព្យាការី​ដែល​ពួកគេ​បាន​រកឃើញ​ក្នុង​ជំហាន​ទី ១ នៃ​ការសិក្សា​របស់ពួកគេ ហើយ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ ជាជម្រើស​មួយ​ផ្សេងទៀត សិស្ស​អាច​សរសេរ​ការព្រមាន​នោះ​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​បិទវា​នៅក្នុង​ថ្នាក់រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ការព្រមាន​ដែល​អ្នកដទៃ​បាន​សរសេរ ។ បន្ទាប់មក សិស្ស​អាច​ជ្រើសរើស​ការព្រមាន​ពីរបី ដើម្បី​ពិភាក្សា​លម្អិត​បន្ថែមទៀត ។ អ្នក​អាច​សុំ​សិស្ស​ដែល​បាន​សរសេរ​ការព្រមាន​ដែល​បាន​ជ្រើសរើស​នោះ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​ជំហាន​ទី ២ ឬ ៣ ចេញពី​ការសិក្សា​របស់​ពួកគេ ។

នៅពេល​សិស្ស​ស្តាប់ និង​ចូលរួម​ក្នុង​ការពិភាក្សា សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិតពិចារណា​ពីស្ថានភាព និង​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​ថាតើ​ព្រះអម្ចាស់​មាន​ការព្រមាន ឬ​មាន​សារលិខិត​ជាក់លាក់​សម្រាប់​ពួកគេ​ដែរ​ឬ​អត់ ។

ការធ្វើ​តាម​ព្យាការី

សូម​គិតពិចារណា​ពី​គំនិត និង​អារម្មណ៍​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​មាន​ព្រះបន្ទូល​មកកាន់​អ្នក​នៅក្នុង​មេរៀន​នេះ​អំពី​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ ។ សូម​បន្ថែម​ឃ្លា​មួយ ឬ​ទាំងពីរ​ខាងក្រោម​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ហើយ​បំពេញ​វា​ដោយ​គំនិត ឬ​អារម្មណ៍​របស់អ្នក ៖

អ្វីមួយ​ដែល​ខ្ញុំ​ចង់​ចងចាំ​អំពី​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​គឺ …

ខ្ញុំ​ចង់​ធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយសារ …

អ្នក​អាច​បញ្ចប់​ដោយ​សុំឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​ក៏​អាច​ចែកចាយ​អារម្មណ៍​ដែល​អ្នក​មាន​អំពី​ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់ នៅពេល​អ្នក​រៀបចំ និង​បង្រៀន​មេរៀននេះ​ផងដែរ ។

ទន្ទេញ

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អេសេគាល ៣:១៦–១៧ គឺ​« ព្យាការី​គឺជា ‹ អ្នក​យាម​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល › »។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។