« បរិទេវ ១; ៣ ៖ ‹ សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« បរិទេវ ១; ៣ ៖ ‹ សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ មេរៀនទី ១៣៦
បរិទេវ ១; ៣
« សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ »
ដោយសារព្រះអង្គសង្គ្រោះពោរពេញទៅដោយសេចក្ដីអាណិតអាសូរ ទ្រង់មានព្រះទ័យក្នុងការព្យាបាល លួងលោម និងអភ័យទោស សូម្បីតែពេលយើងមានអំពើបាបទាស់នឹងទ្រង់ក៏ដោយ ។ បន្ទាប់ពីក្រុងយេរូសាឡិមត្រូវបានបំផ្លាញដោយសារអំពើបាប និងការបះបោរ យេរេមាបានព្យាយាមជួយពួកសាសន៍យូដាឲ្យយល់ពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ហើយស្វែងរកសេចក្ដីសង្ឃឹមក្នុងនោះ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេ សូម្បីតែនៅពេលពួកគេមានអំពើបាបក៏ដោយ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭករឿងមួយពីព្រះគម្ពីរដែលបង្ហាញពីនិស្ស័យដ៏អាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ។ សិស្សនឹងមានឱកាសមើលរឿងនេះនៅក្នុងមេរៀននេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បន្ទាប់ពីយើងមានអំពើបាប
សូមពិចារណាចាប់ផ្តើមថ្នាក់រៀន ដោយការចែកចាយសាច់រឿងដូចខាងក្រោមនេះ ។
ជាជម្រើសផ្សេងទៀត អ្នកអាចបង្ហាញវីដេអូ « Painted into a Corner » ចាប់ពីនាទីទី ០:០០ ដល់១:៤៧ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អ្នកអាចបង្ហាញវីដេអូទាំងមូលនៅពេលក្រោយក្នុងមេរៀននេះ ។
សូមស្រមៃថា យុវជនម្នាក់បានខិតខំអស់ពីសមត្ថភាពដើម្បីបង្កើតជម្រើសល្អក្នុងជីវិតរបស់គាត់ ។ ថ្ងៃមួយ ខណៈពេលគាត់ចូលរួមពិធីជប់លៀង គាត់រងសម្ពាធពីមិត្តភក្តិ ហើយផឹកស្រា ព្រោះគាត់ចង់ចូលចំណោមគេចុះ ។ នៅព្រឹកស្អែក គាត់ភ្ញាក់ពីគេងដោយមានអារម្មណ៍ឯកោ មានកំហុស និងតានតឹង ។ គាត់ចាប់ផ្តើមធ្វើការជម្រើសមិនល្អផ្សេងទៀត ហើយចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមសម្រាប់អនាគតរបស់គាត់ ។
សូមសរសេរចម្លើយរបស់សិស្សដែលឆ្លើយតបទៅនឹងសំណួរខាងក្រោមនៅលើក្តារខៀន ។ ការឆ្លើយតបជាលាយលក្ខណ៍អក្សរនេះនឹងត្រូវបានយោងទៅពេញមួយមេរៀន ។
-
នៅពេលមនុស្សមានអំពើបាប តើគេអាចមើលឃើញ ឬទទួលអារម្មណ៍យ៉ាងណាចំពោះខ្លួន ?
-
តើពួកគេអាចមើលឃើញ ឬទទួលអារម្មណ៍យ៉ាងណាអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតសំណួរខាងក្រោមនេះ ដើម្បីវាយតម្លៃពីអារម្មណ៍របស់ពួកគេផ្ទាល់ ។
-
តើអ្នកធ្លាប់គិតពីសេចក្តីថ្លែងការណ៍ណាមួយនៅលើក្ដារខៀននេះដែរឬទេ ?
-
តើសេចក្តីថ្លែងការណ៍មួយណាដែលអ្នកដឹងថាមិនពិត ? តើអ្នកមិនប្រាកដអំពីសេចក្តីថ្លែងការណ៍មួយណា ?
វាជាការសំខាន់ក្នុងការចងចាំថា យើងទាំងអស់គ្នាប្រព្រឹត្តអំពើបាប ហើយ « ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ( រ៉ូម ៣:២៣ ) ។ នៅពេលអ្នកសិក្សាគម្ពីរបរិទេវថ្ងៃនេះ សូមរកមើលចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យស្គាល់ពីអារម្មណ៍របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក សូម្បីតែពេលអ្នកធ្វើខុសក៏ដោយ ។
ទុក្ខព្រួយចំពោះអំពើបាប
សូមពិចារណាបង្ហាញរូបភាពខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេមើលឃើញក្នុងរូបភាពនេះ ឬពីអារម្មណ៍របស់ពួកគេ ។ សូមពន្យល់ថា រូបភាពនេះបង្ហាញពីយេរេមា និងទុក្ខព្រួយយ៉ាងខ្លាំងរបស់លោក ។ សិស្សអាចចែកចាយអ្វីដែលពួកគេចងចាំអំពីរឿងរបស់យេរេមា និងមូលហេតុដែលលោកនឹងមានអារម្មណ៍ទុក្ខព្រួយ ។ បើចាំបាច់ សូមចែកចាយព័ត៌មានលម្អិតមកពីកថាខណ្ឌខាងក្រោម ។
អស់រយៈពេលប្រហែល ៤០ ឆ្នាំ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់យេរេមាឲ្យព្យាករដល់វង្សអ៊ីស្រាអែលអំពីការបំផ្លិចបំផ្លាញ និងសេវកភាពរបស់ក្រុងយេរូសាឡិម ប្រសិនបើពួកគេជ្រើសរើសមិនប្រែចិត្ត ហើយវិលត្រឡប់មករកព្រះវិញទេនោះ ( សូមមើល យេរេមា ១៦:១–១៣ ) ។ ក្នុងរជ្ជកាលស្តេចសេដេគា ពួកបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ហើយបាននាំមនុស្សជាច្រើនមកធ្វើជាសេវកភាព ដោយបំពេញតាមការព្យាកររបស់ព្រះអម្ចាស់ ( សូមមើល យេរេមា ៥២ ) ។ មួយរយៈក្រោយពីព្រឹត្តិការណ៍ទាំងនេះ យេរេមាបានកត់ត្រាគម្ពីរបរិទេវ ។
អ្នកប្រហែលជាចង់ពន្យល់ថា ពាក្យ បរិទេវ សំដៅលើការបង្ហាញនៃសេចក្តីទុក្ខព្រួយ ឬឈឺចាប់យ៉ាងខ្លាំង ។
សកម្មភាពខាងក្រោមអាចជួយសិស្សយល់ពីការរងទុក្ខដែលរាស្ដ្ររបស់ព្រះអម្ចាស់បានជួបប្រទះ ។ អ្នកអាចរៀបចំសិស្សជាគូៗ ឬក្រុមតូចៗ ដើម្បីសិក្សាវគ្គបទគម្ពីរ ។ សូមពន្យល់ថា យេរេមាបានសរសេរខគម្ពីរទាំងនេះភាគច្រើនចេញពីទស្សនវិស័យរបស់ក្រុងយេរូសាឡិមដូចជាទីក្រុងផ្ទាល់កំពុងនិយាយ ។
សូមអានវគ្គមួយ ឬពីរខាងក្រោម ដោយរកមើលពាក្យ ឬឃ្លាដែលបង្ហាញពីអារម្មណ៍របស់មនុស្សបន្ទាប់ពីរងទុក្ខដោយសារអំពើបាបរបស់ពួកគេ ។
បរិទេវ ១:១–៤
បរិទេវ ១:១៦–១៨
បរិទេវ ១:២០–២២
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានរកឃើញ ?
ដើម្បីជួយសិស្សពិនិត្យមើលនូវអ្វីដែលពួកគេបានរកឃើញពីទស្សនវិស័យដ៏អស់កល្បមួយ អ្នកអាចសួរសំណួរខាងក្រោម ។
-
ដោយដឹងថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហេតុអ្វីបានជាអ្នកគិតថាទ្រង់អនុញ្ញាតឲ្យយើងជួបនឹងការរងទុក្ខបែបនេះនៅពេលយើងមានអំពើបាប ?
ប្រសិនបើសិស្សត្រូវការជំនួយដើម្បីឆ្លើយសំណួរនេះ អ្នកអាចអញ្ជើញពួកគេឲ្យអានវគ្គបទគម្ពីរដូចជា កូរិនថូស ទី២ ៧:៩–១០; អាលម៉ា ៤២:១៨, ២៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៥:១ ដោយស្វែងរកចម្លើយដែលអាចធ្វើទៅបាន ។
សេចក្តីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ
មេរៀនដែលនៅសេសសល់អាចជួយសិស្សឲ្យមានឲ្យទទួលអារម្មណ៍នៃសេចក្តីអាណិតអាសូរដែលព្រះអង្គសង្គ្រោះមានចំពោះយើង សូម្បីតែនៅពេលយើងមានអំពើបាបក៏ដោយ ។
អ្នកអាចរៀបចំសិស្សជាគូៗដើម្បីសិក្សាវគ្គបទគម្ពីរខាងក្រោម ហើយឆ្លើយសំណួរដែលភ្ជាប់មកជាមួយ ។ ឧទាហរណ៍ សិស្សម្នាក់អាចសិក្សា ខទី ២២–២៦ និង ខទី ៣១–៣៣ ផ្សេងទៀត ។
សូមគិតពិចារណាលើសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន តាំងពីដើមមេរៀន ។ សូមអាន បរិទេវ ៣:២២–២៦, ៣១–៣៣ ដោយស្វែងរកពាក្យ ឬឃ្លាដែលអ្នកនឹងចែកចាយជាមួយនរណាម្នាក់ដែលមានអារម្មណ៍បែបនេះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកចង់ចែកចាយ ? ហេតុអ្វី ?
-
តើសេចក្ដីពិតអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលអ្នកចង់ឲ្យពួកគេយល់ ?
នៅពេលសិស្សចែកចាយ ពួកគេអាចស្វែងរកសេចក្តីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរដល់យើង សូម្បីតែពេលយើងមានអំពើបាបក៏ដោយ ។
ប្រសិនបើសិស្សត្រូវការជំនួយដើម្បីយល់ពីពាក្យ សេចក្ដីអាណិតអាសូរ អ្នកអាចចែកចាយនិយមន័យដូចខាងក្រោម ៖ « នៅក្នុងព្រះគម្ពីរ សេចក្ដីអាណិតអាសូរមានន័យត្រង់ថា ‹ រងទុក្ខជាមួយ › ។ ក៏មានន័យថា ដើម្បីសម្ដែងនូវសេចក្ដីអាណិតអាសូរ និងសេចក្ដីមេត្តាករុណាដល់អ្នកដទៃ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « អាណិត » នៅលើបណ្ណាល័យដំណឹងល្អ ) ។
ដើម្បីយល់កាន់តែច្បាស់អំពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ សិស្សអាចធ្វើសកម្មភាពដូចខាងក្រោម ។ ជំនួសឲ្យការសិក្សាជម្រើសមួយក្នុងចំណោមខាងក្រោម សិស្សអាចគិត និងសិក្សារឿងផ្សេងពីព្រះគម្ពីរ ដែលបង្ហាញពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ។
បំពេញជម្រើសសិក្សាមួយក្នុងចំណោមខាងក្រោមនេះ ដោយរកមើលអ្វីដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលអ្នកអាចទទួលបទពិសោធន៍ពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់អ្នក ។
-
សិក្សាដំណើររឿងមួយក្នុងចំណោមដំណើររឿងខាងក្រោមនេះ ដែលបង្ហាញពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ៖ ម៉ាថាយ ១៨:២៣–៣៥; យ៉ូហាន ៨:១–១១ ។
-
សូមសិក្សាវគ្គបទគម្ពីរមួយ ឬពីរខាងក្រោមនេះ ដែលបង្រៀនអំពីសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ៖ ម៉ូសាយ ១៥:៧–៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២–៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៩ ។
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យបង្រៀនគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់ ។
ទីបន្ទាល់ខាងក្រោមក៏អាចជួយក្នុងការពិភាក្សានេះផងដែរ ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ ៖
ព្រះយេស៊ូវគ្រីស្ទអាចអភ័យទោសបាន ដោយសារទ្រង់បានបង់ថ្លៃអំពើបាបរបស់យើងរួចហើយ ។
ព្រះដ៍ប្រោសលោះរបស់យើងជ្រើសយកការអភ័យទោស ដោយសារក្តីអាណិតអាសូរ សេចក្តីមេត្តាករុណា និង សេចក្តីស្រឡាញ់ដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះយើងមានព្រះទ័យអភ័យទោស ដោយសារនេះគឺជាលក្ខណៈមួយនៃភាពជាព្រះរបស់ទ្រង់ ។
ហើយដូចទ្រង់គឺជាអ្នកគង្វាលល្អ នោះទ្រង់សព្វព្រះទ័យ ពេលយើងជ្រើសប្រែចិត្ត ។
ទោះបីយើងមានសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះចំពោះទង្វើយើងក្តីនៅពេលយើងជ្រើសដើម្បីប្រែចិត្ត នោះយើងយាងព្រះអង្គសង្គ្រោះមកក្នុងជីវិតយើងភ្លាម ។ ( « Repentance: A Joyful Choice » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១២៣ )
ការទទួលអារម្មណ៍នៃសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះចំពោះខ្ញុំ
-
តើពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដកពិសោធន៍នឹងសេចក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះ ? ( សូមចងចាំកុំចែកចាយអំពើបាបពីអតីតកាល ឬអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួនពេក ) ។
រំឭកសិស្សអំពីយុវជនមកពីខាងដើមនៃមេរៀននេះ ។
-
តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយយុវជនរូបនេះ ដោយផ្អែកលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
ពិចារណាបញ្ចប់វីដេអូ « Painted into a Corner » ចាប់ពីនាទីទី ១:៤៨ ដល់ ៣:៤១ ។ ឬប្រសិនបើអ្នកមិនទាន់បង្ហាញវីដេអូពាក់កណ្តាលដំបូងនៅឡើយទេ សូមពិចារណាបង្ហាញវីដេអូទាំងមូល ។ សិស្សអាចរកមើលភស្តុតាងដែលព្រះអង្គសង្គ្រោះបានបង្ហាញសេចក្ដីអាណិតអាសូរចំពោះយុវជនរូបនោះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។
អ្នកអាចបញ្ចប់ដោយទីបន្ទាល់ គំនិត ឬអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។