ថ្នាក់​សិក្ខាសាលា
យេរេមា ៣៦ ៖ ព្រះបន្ទូល​នៃ​ព្រះ


« យេរេមា ៣៦ ៖ ព្រះបន្ទូល​នៃ​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« យេរេមា ៣៦ ៖ ព្រះបន្ទូល​នៃ​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យេរេមា ៣១–៣៣; ៣៦–៣៨; បរិទេវ ១; ៣ ៖ មេរៀន​ទី ១៣៥

យេរេមា ៣៦

ព្រះបន្ទូល​របស់​ព្រះ

Old Testament Prophet writing on a scroll

ព្រះគម្ពីរ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ ការ​រៀន​ពី​ព្រះគម្ពីរ​តម្រង់​គំនិត និង​ចិត្ត​របស់​យើង​ឆ្ពោះ​ទៅ​រក​ទ្រង់ ដែល​យាងអញ្ជើញ​ព្រះចេស្ដា​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ក្បត់​សាសនា ព្រះអម្ចាស់​បាន​ណែនាំ​ព្យាការី​យេរេមា​ឲ្យ​សរសេរ ហើយ​ផ្ញើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់​ប្រជាជន​យូដា ដើម្បី​ឲ្យ​ពួកគេ​អាច​ងាក​មក​រក​ទ្រង់ ហើយ​បាន​ទទួល​ការ​អភ័យទោស ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​បទគម្ពីរ​ទាំងឡាយ​ជួយ​ពួកគេ​ឲ្យ​ងាក​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួល​បាន​លើក​លែង​ទោស​ពី​អំពើ​បាប ។

ការរៀបចំ​សិស្ស ៖ ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​នូវ​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ការរីកចម្រើន​អំពី​ការ​អាន​ដែល​ត្រូវ​ការ​សម្រាប់​ឆ្នាំ​នេះ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​កំពុង​ជួយ​ពួកគេ​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ហ៊ាន​និយាយ

សូម​គិត​អំពី​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រើ​បទគម្ពីរ​ដើម្បី​កែតម្រូវ​យើង​ដោយ​សេចក្តីស្រឡាញ់ ហើយ​នាំ​យើង​ទៅ​រក​ទ្រង់ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ឲ្យ​សិស្ស​គិត​អំពី​ស្ថានភាព​ដែល​វា​អាច​នឹង​មិន​ស្រួល​ចិត្ត​ក្នុង​ការ​និយាយ ។ តាម​ការចាំបាច់​អ្នក​អាច​ប្រើ​ស្ថានភាព​ខាងក្រោម ។

  • តើ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​អាច​ឆ្លើយ​តប​យ៉ាង​ណា​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ?

    • បន្ទាប់​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់ មិត្តភក្តិ​របស់​អ្នក​សង្កេតឃើញ​ថា អ្នក​មាន​អាហារ​ជាប់​ធ្មេញ​របស់​អ្នក ។

    • អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធីជប់លៀង​ដែល​នឹង​មាន​សកម្មភាព​មិន​សមរម្យ ។ មិត្ត​របស់​អ្នក​ដឹង​ពី​សកម្មភាព​ទាំង​នោះ ប៉ុន្តែ​ដឹង​ថា​អ្នក​កំពុង​ទន្ទឹង​រង់ចាំ​ទៅ​ចូលរួម ។

  • តើ​អ្វី​អាច​ជំរុញ​ចិត្ត​នរណា​ម្នាក់​ឲ្យ​ហ៊ាន​និយាយ​ក្នុង​ស្ថានភាព​ទាំងនេះ ?

  • តើ​មាន​លទ្ធផល​អ្វី​កើតឡើង​ប្រសិនបើ​និយាយ​អ្វី​មួយ ឬ​នៅ​ស្ងៀម ?

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ជ្រាប និង​ទត​ឃើញ​អ្វីៗ​ដែល​យើង​មើល​មិន​ឃើញ ។ ទ្រង់​ទាំងទ្វេ​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ហើយ​ទ្រង់​ទាំងទ្វេ​មាន​ព្រះបន្ទូល​​មកកាន់​យើង​តាមរយៈ​ព្រះគម្ពីរ ( សូម​មើល នីហ្វៃទី២ ៣២:៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៧–៣៨ ) ។ នៅពេល​អ្នក​រៀន​នៅ​ថ្ងៃ​នេះ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះគម្ពីរ​អាច​ផ្ដល់​ពរ​ដល់​ជីវិត​អ្នក ។ ពិចារណា​ពី​របៀប​ដែល​គំនិត​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក ។

គោលបំណង​នៃ​ព្រះគម្ពីរ

សូម​អាន យេរេមា ៣៦:១–៣ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យេរេមា​ឲ្យ​កត់ត្រា​ព្រះបន្ទូល​ទ្រង់​សម្រាប់​ប្រជាជន​យូដា ។

  • តើ​ព្រះអម្ចាស់​ចង់​បាន​អ្វី​សម្រាប់​ប្រជាជន​យូដា ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​គោលបំណង​មួយចំនួន​នៃ​ព្រះ​គម្ពីរ ?

    សិស្ស​អាច​ស្វែងយល់សេចក្តីពិត​មួយ​ដូច​ជា ព្រះគម្ពីរ​ជួយ​យើង​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ទទួល​បាន​ការ​អភ័យទោស​ពី​ទ្រង់ ។

    អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា « ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន » និង « ដើម្បី​ឲ្យ​យើង​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ » ( ខ​ទី ៣ ) ។ ពួកគេ​អាច​សរសេរ​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ជិត​ឃ្លា​ទាំងនេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ទទួល​បាន​ការអភ័យទោស​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ នៅ​ពេល​សិស្ស​ចែកចាយ ពួកគេ​អាច​យោងទៅ​គំនិត​ដែល​មាន​នៅ​ក្នុង​បទគម្ពីរ​ខាងក្រោម ។ អ្នក​អាច​នឹង​ចង់​ស្គាល់​បទគម្ពីរ​ទាំងនេះ ដូច្នេះ​អ្នក​អាច​រក​មើល​បទគម្ពីរ​ទាំងនេះ​នៅពេល​សិស្ស​ចែកចាយ ។ ជា​ជម្រើស​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​សិស្ស​ចែកចាយ​ចម្លើយ​មួយ​ចំនួន​ចំពោះ​សំណួរ​មុន​នេះ អ្នក​អាច​ផ្តល់​ការណែនាំ​ខាង​ក្រោម ហើយ​ឲ្យ​ពួកគេ​បន្ថែម​ទៅ​ក្នុងគំនិត​ទាំង​ឡាយ​នៅលើ​ក្ដារខៀន ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម ដោយ​រក​មើល​របៀប​បន្ថែម​ដែល​បទគម្ពីរ​ជួយ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់ ហើយ​ទទួល​បាន​លើកលែង​ទោស​ពី​អំពើ​បាប​របស់​យើង ។

ធីម៉ូថេ ទី២ ៣:១៦

អាលម៉ា ៣៧:៨

ហេលេមិន ១៥:៧

រូបតំណាង​ថ្នាក់​សិក្ខាសាលា សំណួរ​ទាំងឡាយ​ដែល​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន អាច​ជួយ​ឲ្យ​អ្នក​ដឹង​ថា​ពេល​ពួកគេ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បន្ត​ទៅ​ផ្នែក​បន្ទាប់​នៃ​មេរៀន​នេះ ។ ឧទាហរណ៍ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​កំពុង​តែ​រៀន​អ្វីខ្លះ ?

  • តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពី​អ្វី​ដែល​អ្នក​បាន​អាន ?

ការ​ឆ្លើយ​តប​របស់​សិស្ស​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ស្វែងយល់​ពី​របៀប​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ពួកគេ ។

សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​លើ​ការសួរ​សំណួរ​ដើម្បី​វាយ​តម្លៃ​ការរៀន​សូត្រ សូម​មើល « តែងតែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ជានិច្ច ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អំពី​សេចក្តី​ត្រូវការ​របស់​សិស្ស » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។

ស្តេច និង​ក្រាំង

អ្នក​អាច​សង្ខេប ឬ​អាន​កថាខណ្ឌ​ខាង​ក្រោម ។

យេរេមា​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់ ហើយ​បាន​សុំ​បុរស​ម្នាក់​ឈ្មោះ​បារូក ឲ្យ​សរសេរ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​លើ​ក្រាំង​មួយ ។ ដោយ​សារ​យេរេមា​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក នោះ​លោក​បាន​សុំ​បារូក​ឲ្យ​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដល់​ប្រជាជន​យូដា រួម​ទាំង​ពួក​ចៅហ្វាយ​មួយ​ចំនួន​ផង ។ បន្ទាប់​ពី​ធ្វើ​ដូច្នេះ បារូក​បាន​ប្រគល់​ក្រាំង​នោះ​ទៅ​ឲ្យ​ពួក​ចៅហ្វាយ​អាន​ដល់​យេហូយ៉ាគីម ដែល ជា​ស្តេច​យូដា ( សូម​មើល យេរេមា ៣៦:៤–១០, ១៤–១៥, ២០–២១ ) ។

សូម​អាន យេរេមា ៣៦:២០–២៤ ដោយ​រកមើល​របៀប​ដែល​ស្ដេច​យេហូយ៉ាគីម​មាន​ប្រតិកម្ម​ពេល​ឮ​ព្រះបន្ទូល​នោះ​នៅ​លើ​ក្រាំង ។ នៅ​ក្នុង ខ​ទី ២៣ « ស្តេច​ទ្រង់ » សំដៅ​លើ​ស្ដេច​យេហូយ៉ាគីម ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ស្តេច​មាន​ប្រតិកម្ម​បែប​នេះ ?

សូម​អាន យេរេមា ៣៦:២៥ ដោយ​រកមើល​របៀប​ដែល​ពួក ចៅហ្វាយ​មួយ​ចំនួន​ព្យាយាម​មាន​ឥទ្ធិពល​លើ​ស្តេច ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​ជា​ពួកចៅហ្វាយ​នៅក្នុង ខ​ទី ២៥ ។ ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ក្នុង​ថ្នាក់​ថ្ងៃនេះ សូម​ឲ្យ​សិស្ស​រៀបចំ​ចម្លើយ​ឆ្លើយ​ទៅកាន់ស្តេច ដែល​នឹង​ជួយ​ទ្រង់​យល់​ពី​របៀប​ដែល​ព្រះគម្ពីរ​អាច​ផ្ដល់ពរ​ដល់​ជីវិត​របស់​ទ្រង់ ។

របៀប​មួយ​ដើម្បី​ធ្វើ​សកម្មភាព​នេះ​គឺ​រៀបចំ​ថ្នាក់​ជា​បី​ក្រុម ។ សិស្ស​ម្នាក់ៗ​អាច​តំណាង​ឲ្យ​ចៅហ្វាយ​ម្នាក់​ ជាមួយ​នឹង​ក្រុម​ទាំងឡាយ​រៀបចំ​ការឆ្លើយតប​របស់​ពួកគេ​រួមគ្នា ។ បន្ទាប់​មក អ្នក​អាច​អញ្ជើញ​ក្រុម​មួយ​ឲ្យ​មក​មុខ​ថ្នាក់ ហើយ​សម្តែង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ពួកគេជាមួយ​ស្តេច ។ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យ​ដើរតួ​ជា​ស្តេច ឬ​អ្នក ដែល​ជា​គ្រូបង្រៀន​អាច​ដើរ​តួ​នោះ​បាន ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​សម្តែង ​សាច់​រឿង​បញ្ចប់ ផ្ទុយ​ពីរឿង​នោះ ដែល​ស្តេច​ត្រូវ​បាន​បញ្ចុះបញ្ចូល​មិន​ឲ្យ​ដុត​ក្រាំង ។

  • តើ​ស្ថានភាព​នៅ​សម័យ​ទំនើប​បែបណា ដែល​ការ​បង្រៀន​ពី​ការឆ្លើយតប​របស់​អ្នក​អាច​ជួយ​ដល់​យុវវ័យ​បាន ?

គិត​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន

អ្នក​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​គិតពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​របស់​ពួកគេ​អំពី យេរេមា ៣៦ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្រៀន ៖

Portrait of Elder D. Todd Christofferson.  Photographed in March 2020.

តាមរយៈ​ព្រះគម្ពីរ នោះ​ព្រះ​ពិតជា « បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់ » [ សូម​មើល អាលម៉ា ៣៧:១៤ ] ដើម្បី​សង្គ្រោះ និង​លើកតម្កើង​បុត្រាបុត្រី​របស់​ទ្រង់ ។ តាមរយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ … ទ្រង់​ពង្រីក​ការ​ចង​ចាំ​របស់​យើង បំភ្លឺ​ពី​ការ​មិន​ពិត និង​កំហុស ហើយ​នាំ​យើង​ទៅ​រក​ការ​ប្រែចិត្ត ហើយ​រីករាយ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ប្រោសលោះ​របស់​យើង ។ ( « The Blessing of Scripture » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ ៣៣ )

ការផ្ដល់​ពេល​ឲ្យ​សិស្ស​ជញ្ជឹងគិត ឬ​កត់ត្រា​ពី​ចម្លើយ​របស់​ពួកគេ​អំពី​សំណួរ​ដូច​តទៅ​នេះ ពីមុន​ពួកគេ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ អាច​មាន​អត្ថប្រយោជន៍ ។

  • តើ​វា​អាច​មាន​ឥទ្ធិពល​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​ដឹង​ថា​ព្រះគម្ពីរ​អាច​ជួយ​អ្នក​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ទទួល​បាន​ការ​អភ័យទោស និង​ការណែនាំ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ការណ៍​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្ស​ដើម្បី​គិតពិចារណា​ពី​គោលដៅ​សិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ការ​អាន​ដែល​ត្រូវការ​ក្រេឌីឌ​សម្រាប់​ថ្នាក់​សិក្ខាសាលា ។ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យមើល​គោលដៅ​របស់​ពួកគេ ហើយ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ផ្តោត​បន្ថែម​ទៀត​លើ​ការ​ងាក​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ជា​ផ្នែក​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។