« អេសាយ ១១–១២ ៖ ‹ ទង់ ១ ឡើងសម្រាប់អស់ទាំងសាសន៍ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ១១–១២ ៖ ‹ ទង់ ១ ឡើងសម្រាប់អស់ទាំងសាសន៍ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ១–១២ ៖ មេរៀនទី ១១៦
អេសាយ ១១–១២
« ទង់ ១ ឡើងសម្រាប់អស់ទាំងសាសន៍ »
បុត្រាបុត្រីរបស់ព្រះត្រូវបានខ្ចាត់ខ្ចាយខាងវិញ្ញាណ ហើយទ្រង់ចង់ប្រមូលពួកគេទៅកាន់ទីសុវត្ថិភាពនៃដំណឹងល្អរបស់ទ្រង់វិញ ។ ដោយការប្រើជានិមិត្តរូបដើមឈើ និងទង់ អេសាយបានព្យាករអំពីការប្រមូលសាសន៍អ៊ីស្រាអែល ។ មេរៀននេះអាចជួយសិស្សឲ្យទទួលការជំរុញចិត្តកាន់តែខ្លាំងដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
ការរៀបចំសិស្ស ៖ សូមពិចារណាឲ្យសិស្សម្នាក់ៗនូវសំណួរស្វ័យវាយតម្លៃពីរពីដើមមេរៀន ហើយអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីរបៀបដែលពួកគេនឹងឆ្លើយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះចែកចាយដំណឹងល្អ ?
សូមពិចារណាអំពីការរៀបចំមួយក្នុងចំណោមការរៀបចំដូចខាងក្រោមនេះ ហើយនៅពេលពួកគេស្តាប់ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអារម្មណ៍របស់ពួកគេអំពីការចែកចាយដំណឹងល្អ ៖
-
ដំណើររឿងមួយមកពីសិស្សអំពីនៅពេលដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានចែកចាយដំណឹងល្អ ( អ្នកអាចសួរក្រែងសិស្សនឹងស្ម័គ្រចិត្តចែកចាយបទពិសោធន៍មួយនៅត្រង់នេះនៃមេរៀននេះ ឬអ្នកអាចរៀបចំវាជាមុន ) ។
-
បទពិសោធន៍ផ្ទាល់ខ្លួនមួយរបស់អ្នក ។
-
ដំណើររឿងមួយចេញពីអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » ខែឧសភា ឆ្នាំ២០២២
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីលទ្ធភាពដែលពួកគេទំនងជានឹងចែកចាយដំណឹងល្អ ។ វាអាចមានប្រយោជន៍ក្នុងការឲ្យពួកគេឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះចែកចាយដំណឹងល្អ ?
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនោះ ?
ប្រសិនបើសិស្សមានទំនុកចិត្ត ពួកគេអាចបង្ហាញពីគំនិត ឬអារម្មណ៍ខ្លះៗរបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកជំនួយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការចែកចាយដំណឹងល្អ ។ ផងដែរ សូមស្វែងរកជំនួយនូវសំណួរ ឬកង្វល់ទាំងឡាយដែលអ្នកអាចមាន ។
ការព្យាកររបស់អេសាយ
សូមពិចារណាគូរ ឬបង្ហាញអ្វីមួយដូចខាងក្រោម ប៉ុន្តែមិនរួមបញ្ចូលស្លាកនោះទេ ។ ប្រសិនបើអ្នកចង់ សូមអញ្ជើញសិស្សឲ្យបង្កើតគំនូរស្រដៀងគ្នានេះនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
នៅក្នុង អេសាយ ១១ អេសាយបានបង្រៀនជានិមិត្តរូប ដោយប្រើផ្នែកខ្លះៗនៃដើមឈើ ។
សូមអាន អេសាយ ១១:១ ហើយដាក់ស្លាក់រូបគំនូរ ។ ( វាអាចជាប្រយោជន៍ក្នុងការដឹងថា គល់ក៏អាចត្រូវបានបកប្រែថា ដង្គត់ និងលំពង់ជាមែកតូចៗ ឬឫសផងដែរ ) ។
-
តើឧបករណ៍ និងជំនាញអ្វីខ្លះដែលអ្នកអាចប្រើដើម្បីស្វែងរកនរណា ឬអ្វីដែលដើមតំណាងឲ្យ ?
ចម្លើយដែលអាចមានមួយចំនួនគឺចំណងជើងជំពូក និងលេខយោង ។ សូមជួយសិស្សប្រើប្រាស់វត្ថុទាំងនេះដើម្បីស្វែងរកនិមិត្តរូប ។ ឧទាហរណ៍ footnote 1c នាំទៅរកខគម្ពីរក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាដូចខាងក្រោម ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១១៣:១–២ ដោយរកមើលចម្លើយដែលបំផុសគំនិតចំពោះអ្វីដែលគល់តំណាងឲ្យ ។
នៅលើក្ដារខៀន សូមដាក់ស្លាក គល់ ឬដើម ព្រះយេស៊ូវគ្រីស្ទ ។ សិស្សក៏អាចសរសេរវានៅក្នុងខគម្ពីររបស់ពួកគេនៅក្បែរ អេសាយ ១១:១ ផងដែរ ។
-
ប្រសិនបើព្រះអង្គសង្គ្រោះជាដើម តើផ្នែកនៃដើមឈើដែលត្រូវបានកាប់នោះអាចជានិមិត្តរូបឲ្យអ្វី ?
ចម្លើយដែលអាចមានគឺថា ព្រះអង្គសង្គ្រោះបានស្ថាបនានគរ ឬដើមដ៏អស្ចារ្យមួយតាមរយៈដាវីឌ ( ជាកូនរបស់អ៊ីសាយ ) ប៉ុន្តែពួកគេបានធ្លាក់ចូលទៅក្នុងអំពើទុច្ចរិត បានបែងចែកជានគរ ហើយនៅទីបំផុតនឹងត្រូវបានច្បាំងដណ្ដើមយក ( ដូចជាដើមដែលត្រូវបានកាប់បំផ្លាញចោលដូច្នោះដែរ ) ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គសង្គ្រោះនឹងចងចាំសេចក្តីសញ្ញារបស់ទ្រង់ ហើយជួយកូនចៅរបស់ដាវីឌឲ្យរីកចម្រើន ដោយសន្យាថានឹងប្រមូលពួកគេម្តងទៀត ។
បន្ទាប់មក អេសាយបានព្យាករអំពីព្រះអង្គសង្គ្រោះតាមរយៈការយាងមកជាលើកទីពីរ និងសហស្សវត្សរ៍ ។ សូមអានមួយ ឬពីរនៃខគម្ពីរខាងក្រោម ដោយរកមើលការពិពណ៌នាអំពីព្រះអង្គសង្គ្រោះ និងឥទ្ធិពលរបស់ទ្រង់ ។
-
អេសាយ ១១:២–៥ ។
-
អេសាយ ១១:៦–៩ ។ ( ចំណាំ ៖ ខគម្ពីរទាំងនេះពិពណ៌នាអំពីសហស្សវត្សរ៍ និងរបៀបដែលចំណេះដឹងអំពីព្រះអម្ចាស់នឹងមានឥទ្ធិពលលើពិភពលោក ។ ទាំង asp និង cockatrice សំដៅលើពស់មានពិស ) ។
-
អេសាយ ១២:១–៦ ។
សូមអញ្ជើញសិស្សឲ្យចែកចាយឃ្លាដែលពួកគេបានរកឃើញអំពីព្រះអង្គសង្គ្រោះ ឬឥទ្ធិពលរបស់ទ្រង់ ដែលផ្ដល់កម្លាំងចិត្តឲ្យពួកគេឲ្យចង់ចូលមកកាន់តែជិតព្រះអង្គសង្គ្រោះ ឬជួយអ្នកដទៃឲ្យប្រមូលផ្តុំទៅកាន់ទ្រង់ ។ ប្រសិនបើចាំបាច់ សូមពិចារណាពន្យល់ថា អេសាយ ១១:៦–៩ បង្ហាញពីសេចក្តីសុខសាន្តដែលព្រះអង្គសង្គ្រោះនឹងនាំមកដល់ពិភពលោក ។
ការព្យាករអំពី យ៉ូសែប ស្ម៊ីធ
សូមបង្ហាញរូបភាពមរ៉ូណៃដែលកំពុងលេចមកនៅចំពោះមុខយុវជន យ៉ូសែប ស្ម៊ីធ ហើយពន្យល់ដូចខាងក្រោម ៖
មរ៉ូណៃបានដកស្រង់ អេសាយ ១១ ទៅកាន់ យ៉ូសែប ស្ម៊ីធ ជាច្រើនដង ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០, ៤៥–៤៦, ៤៩ ) ។ អេសាយបានព្យាករមិនត្រឹមតែអំពីព្រះអង្គសង្គ្រោះនៅថ្ងៃចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏អំពីយ៉ូសែប ស្ម៊ីធផងដែរ ។ អ្នកអាចសរសេរ យ៉ូសែប ស្ម៊ីធ នៅជិត « លំពង់ » នៅក្នុង អេសាយ ១១:១ និង « ឫស » នៅក្នុង អេសាយ ១១:១០ ។ ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១១៣:៣–៦ ) ។
សូមអាន អេសាយ ១១:១០–១២ ដោយរកមើលកិច្ចការដែលព្រះអម្ចាស់នឹងធ្វើតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។
ស្តាប់ដោយយកចិត្តទុកដាក់ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើមានប្រយោជន៍ សូមពន្យល់ដូចខាងក្រោម ៖
-
ឃ្លា « ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ » ( អេសាយ ១១:១១ ) សំដៅទៅលើការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៦ ) ។
-
ទង់ គឺជាបដាមួយដែលទ័ពមួយក្រុមអាចប្រមូលផ្ដុំគ្នានៅក្រោមនោះ ឬដើរដង្ហែរពីក្រោយវា ។
-
« ទង់ ១ ឡើងសម្រាប់អស់ទាំងសាសន៍ » ( អេសាយ ១១:១២ ) សំដៅទៅលើការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមទាំងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងអស់របស់សាសនាចក្រដែលបានស្ដារឡើងវិញ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៩ ) ។
សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន ៖ សាសនាចក្រដែលបានស្ដារឡើងវិញគឺជាទង់ដើម្បីប្រមូលផ្ដុំប្រជាជនទៅកាន់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ទង់ ១ ឡើងសម្រាប់អស់ទាំងសាសន៍
ដើម្បីជួយសិស្សយល់កាន់តែច្បាស់ពីគោលការណ៍នេះ សូមចែកសំណៅមេរៀន « ទង់ ១ ឡើងសម្រាប់អស់ទាំងសាសន៍ » ។ សូមដាក់បង្ហាញការណែនាំខាងក្រោម ហើយអញ្ជើញសិស្សឲ្យបំពេញវានៅលើសំណៅមេរៀនរៀងៗខ្លួន ឬជាក្រុមតូចៗ ។
សំណួរទី ១ ៖ ហេតុអ្វីបានជាអ្នកដទៃចង់ប្រមូលផ្ដុំគ្នាទៅជួបព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ?
នៅលើបដា សូមសរសេរកិច្ចការមួយចំនួនដែលអ្នកដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ដែលអ្នកគិតថានឹងទាក់ទាញអ្នកដទៃឲ្យប្រមូលផ្ដុំគ្នាមកជួបទ្រង់ ហើយចូលរួមសាសនាចក្ររបស់ទ្រង់ ។ អ្នកអាចនឹងរួមបញ្ចូលអ្វីដែលពិសេសពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ដូចជាព្រះគម្ពីរមរមន ព្យាការីសម័យទំនើប បព្វជិតភាពនៃព្រះ និងព្រះវិហារបរិសុទ្ធថ្ងៃចុងក្រោយ ) ។ សូមសរសេរអំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់យើងតាមរយៈកិច្ចការទាំងនេះ ។
សំណួរទី ២ ៖ ហេតុអ្វីប្រមូលផ្ដុំជាមួយអ្នកដទៃទៅកាន់ព្រះអម្ចាស់ ?
នៅជាប់នឹងរូបភាពដែលប្រមូលផ្តុំនៅជុំវិញបដា សូមសរសេរពរជ័យមួយចំនួនដែលយើងអាចទទួលបាន នៅពេលយើងប្រមូលផ្ដុំជាមួយអ្នកដទៃទៅកាន់ព្រះអម្ចាស់ ។ អ្នកអាចគិតអំពីសារៈប្រយោជន៍នៃកងទ័ពដែលប្រមូលផ្តុំគ្នា និងរបៀបដែលវាអាចអនុវត្តចំពោះយើង របៀបដែលមនុស្សផ្សេងៗនៅក្នុងវួដ ឬសាខារបស់អ្នកពង្រឹងគ្នាទៅវិញទៅមក ឬរបៀបដែល ម៉ូសេ ៧:១៨ បង្ហាញនូវសារៈប្រយោជន៍មួយចំនួន ។
សំណួរទី ៣ ៖ តើយើងអាចអញ្ជើញអ្នកដទៃឲ្យមករកព្រះអង្គសង្គ្រោះដោយរបៀបណា ?
នៅខាងក្រោមរូបដែលប្រមូលផ្តុំនៅជុំវិញបដា សូមសរសេររបៀបជាច្រើនដែលយើងអាចចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ អ្នកអាចរួមបញ្ចូលរបៀបដែលអ្នកបានព្យាយាម ។
បន្ទាប់ពីបំពេញសំណៅមេរៀនហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានសរសេរនៅលើសំណៅមេរៀន និងអារម្មណ៍របស់ពួកគេចំពោះអ្វីដែលពួកគេបានសរសេរ ។ ប្រសិនបើពួកគេមិនធ្វើវាដោយឯកឯងទេ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេបានរៀននៅថ្ងៃនេះអាចជួយពួកគេឲ្យមានអារម្មណ៍កាន់តែមានកម្លាំងចិត្តដើម្បីចែកចាយដំណឹងល្អ ។