« អេសាយ ១ ៖—‹ ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ១ ៖—‹ ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ១–១២ ៖ មេរៀនទី ១១៤
អេសាយ ១
« ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ »
ទោះបីជាយើងទាំងអស់គ្នាមានបាប ហើយត្រូវការការអភ័យទោសក៏ដោយ ពេលខ្លះយើងអាចជឿថាយើងមិនអាចលើកលែងទោសបានឡើយ ។ សារលិខិតរបស់ព្រះអង្គសង្រ្គោះរបស់យើងច្បាស់លាស់ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ( អេសាយ ១:១៨ ) ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍មានទំនុកចិត្តដែលព្រះអង្គសង្រ្គោះអាចសម្អាតពួកគេពីអំពើបាបរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ១:១៨ ហើយរកមើលការប្រើជានិមិត្តរូបដែលអេសាយបានប្រើ ។ សូមលើកទឹកចិត្តសិស្សឲ្យជញ្ជឹងគិត ហើយរៀបចំដើម្បីចែកចាយនូវអត្ថន័យដែលវគ្គបទគម្ពីរនោះមានចំពោះពួកគេ ។ សិស្សក៏អាចហាត់ទន្ទេញឃ្លាបទគម្ពីរគន្លឹះ ៖ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ( អេសាយ ១:១៨ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្នាមប្រឡាក់នៃអំពើបាប
សូមពិចារណាចាប់ផ្ដើមថ្នាក់ដោយការដាក់តាំងរូបភាពដូចខាងក្រោម ឬអត្ថបទអំពីសម្លៀកបំពាក់ប្រឡាក់ ។
គិតអំពីពេលដែលអ្នកមានស្នាមប្រឡាក់នៅលើសម្លៀកបំពាក់របស់អ្នកដែលជម្រះមិនចេញ ។
-
តើអំពើបាបរបស់យើងអាចប្រៀបនឹងស្នាមប្រឡាក់ដោយរបៀបណា ?
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សអាចគិតថាពួកគេមិនអាចសម្អាតពីអំពើបាបរបស់ពួកគេបាន ?
អ្នកអាចបង្ហាញការជំរុញដូចខាងក្រោម ដើម្បីឲ្យសិស្សអាចគិតអំពីអារម្មណ៍របស់ពួកគេ ។
សូមគិតពិចារណាពីសេចក្តីថ្លែងការណ៍ខាងក្រោមមួយណាដែលទាក់ទងអ្នកភាគច្រើនបំផុត ។ អ្នកអាចសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះ ?
-
ខ្ញុំមានទំនុកចិត្តថាព្រះអង្គសង្គ្រោះអាចសម្អាតខ្ញុំពីអំពើបាបទាំងអស់របស់ខ្ញុំ ។
-
ខ្ញុំជឿថា ព្រះអង្គសង្គ្រោះអាចសម្អាតខ្ញុំពីអំពើបាបមួយចំនួន ប៉ុន្តែមិនមែនទាំងអស់នោះទេ ។
-
ខ្ញុំជឿថា ព្រះអង្គសង្គ្រោះអាចសម្អាតអំពើបាបរបស់អ្នកដទៃ ប៉ុន្តែមិនមែនខ្ញុំទេ ។
-
ខ្ញុំមិនជឿថា ព្រះអង្គសង្គ្រោះអាចសម្អាតអំពើបាបបានទេ ។
តួនាទីមួយរបស់ព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីថ្លែងទីបន្ទាល់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី៣ ២៨:១១ ) ។ នៅពេលអ្នកសិក្សា អេសាយ ១ សូមយកចិត្តទុកដាក់លើអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យអ្នករៀនតាមរយៈព្រះវិញ្ញាណបរិសុទ្ធអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ដើម្បីសម្អាតអំពើបាប ។
ប្រជាជាតិដែលមានបាប
សូមអាន អេសាយ ១:២–៤ ដោយរកមើលស្ថានភាពខាងវិញ្ញាណរបស់ពួកសាសន៍អ៊ីស្រាអែល ។
សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ខាងក្រោមនេះអាចជួយសិស្សរៀនជំនាញសំខាន់ៗសម្រាប់ការសិក្សាអេសាយ ។
នៅពេលអ្នកសិក្សាការបង្រៀនរបស់អេសាយ វាជាការមានប្រយោជន៍ក្នុងការយល់ថា លោកជាញឹកញាប់បានកត់ត្រាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាទម្រង់កំណាព្យមួយដែលហៅថា ភាពស្របគ្នា ។ ភាពស្របគ្នាកើតឡើងនៅពេលដែលអ្នកនិពន្ធបង្ហាញគំនិតមួយ ហើយបន្ទាប់មកនិយាយឡើងវិញ ឬផ្ទុយគំនិតដោយប្រើពាក្យផ្សេងគ្នា ។ ឧទាហរណ៍ ស្វែងរកឃ្លាដែលទាក់ទងក្នុង ខទី ២ ។
អ្នកអាចជួយសិស្សស្វែងរកឃ្លាដែលបានដាក់បញ្ចូលគ្នា « ឱស្ថានសួគ៌អើយ ចូរស្តាប់ » និង « ផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ » ( អេសាយ ១:២ ) ។ នេះគឺជាគំរូនៃភាពស្របគ្នា ។
អេសាយក៏បានប្រើ ការប្រើជានិមិត្តរូប ដើម្បីបង្ហាញពីការបង្រៀនរបស់លោកផងដែរ ។ ឧទាហរណ៍ សូមអាន ខទី ៣ ដោយរកមើលរូបភាពផ្សេងៗដែលអេសាយធ្លាប់បង្រៀនពួកសាសន៍អ៊ីស្រាអែល ។
អ្នកអាចសួរសិស្សអំពីអ្វីដែលអេសាយបានបង្រៀនសាសន៍អ៊ីស្រាអែលដោយប្រើរូបគោ និងលា ។ បើចាំបាច់ សូមពន្យល់ថា មិនដូចគោ និងលាទេ ពួកសាសន៍អ៊ីស្រាអែលមិនទទួលស្គាល់ចៅហ្វាយរបស់ពួកគេទេ ។
សូមពិចារណាសង្ខេប ខទី ៥–១៥ ដោយការចែកចាយកថាខណ្ឌដូចខាងក្រោម ។
ព្រះអម្ចាស់បានព្រមានពួកសាសន៍អ៊ីស្រាអែលថា អំពើបាបរបស់ពួកគេកំពុងមានឥទ្ធិពលអវិជ្ជមានមកលើពួកគេ ( សូមមើល អេសាយ ១:៥–៩ ) ។ ទ្រង់ក៏បានពន្យល់ដែរថា ទ្រង់មិនសព្វព្រះទ័យនឹងទង្វើនៃការថ្វាយបង្គំខាងសាសនារបស់ពួកគេទេ ដោយសារពួកគេត្រូវបានថ្វាយដោយមិនមានចិត្តស្មោះត្រង់ ( សូមមើល អេសាយ ១:១០–១៥ ) ។
ពីពណ៌ក្រហមទៅជាពណ៌ស
សូមអាន អេសាយ ១:១៦–១៧ ដោយរកមើលការអញ្ជើញរបស់ព្រះអម្ចាស់ដល់ប្រជាជន ។
-
តើព្រះអម្ចាស់បានអញ្ជើញពួកគេឲ្យធ្វើអ្វី ?
សូមអាន អេសាយ ១:១៨ ដោយរកមើលការសន្យារបស់ព្រះអម្ចាស់ នៅពេលយើងប្រែចិត្ត ។ សូមចំណាំថា អេសាយបានប្រើទាំងភាពស្របគ្នា និងការប្រើជានិមិត្តរូបដើម្បីបង្ហាញការសន្យានេះ ។
អេសាយ ១:១៨ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
ដើម្បីជួយសិស្សយល់ពីការប្រើជានិមិត្តរូបដែលបានប្រើនៅក្នុង ខទី ១៨ ដោយការពិចារណាដាក់បង្ហាញរូបភាពដូចខាងក្រោម ។
-
តើរូបភាពពណ៌ក្រហមទែង និងពណ៌ក្រហមទុំអាចបង្រៀនយើងអ្វីខ្លះអំពីអំពើបាប ?
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ អតីតសមាជិកនៃគណៈប្រធានសមាគមសង្គ្រោះទូទៅបានពន្យល់ ៖
អំពើបាបក្រហមទែងក្នុងព្រះគម្ពីរសញ្ញាចាស់ពុំគ្រាន់តែមានពណ៌ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែមិនសាបសពណ៌ផងដែរ មានន័យថា ពណ៌វាដិតខ្លាំងទៅនឹងសំឡី ហើយនឹងពុំសាបពណ៌ឡើយ មិនថាបោកគក់ប៉ុន្មានដងនោះទេ ។ សាតាំងប្រើមូលហេតុនេះធ្វើឲ្យយើងមានអារម្មណ៍ថា ៖ សំឡីសដែលប្រឡាក់ពណ៌ក្រហមទែងហើយ មិនអាចត្រឡប់ទៅជាពណ៌សវិញបានទេ ។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានប្រកាសថា « ផ្លូវរបស់យើង [ គឺ ] ខ្ពស់ជាងផ្លូវរបស់ឯង » ហើយអព្ភូតហេតុនៃព្រះគុណទ្រង់គឺថា នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង នោះឈាមក្រហមឆ្អៅរបស់ទ្រង់ប្រែយើងឲ្យទៅជាបរិសុទ្ធ ។ វាពុំគ្រាន់តែសមនោះទេ ប៉ុន្តែវាជាការពិត ។ ( « Christ: The Light That Shines in Darkness » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៧៥ )
-
តើរូបភាពព្រិល និងរោមចៀមអាចបង្រៀនយើងអ្វីខ្លះអំពីការសន្យារបស់ព្រះអង្គសង្គ្រោះ នៅពេលយើងប្រែចិត្ត ?
-
តើអ្នកនឹងសង្ខេប ខទី ១៦–១៨ ជាសេចក្តីថ្លែងការណ៍នៃសេចក្តីពិតយ៉ាងដូចម្ដេច ?
ទោះបីជាសិស្សអាចប្រើពាក្យផ្សេងគ្នាក៏ដោយ សូមជួយពួកគេឲ្យស្គាល់សេចក្តីពិតខាងក្រោម ៖ ប្រសិនបើយើងប្រែចិត្តដោយចិត្តស្មោះ នោះព្រះយេស៊ូវគ្រីស្ទនឹងសម្អាតយើងចេញពីអំពើបាបរបស់យើង ។
អ្វីដែលព្រះអង្គសង្គ្រោះបានឆ្លងកាត់ ដើម្បីយើងអាចប្រែចិត្ត
ព្រះគម្ពីរខាងក្រោមអាចជួយសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានឆ្លងកាត់ ដើម្បីឲ្យពួកគេអាចត្រូវបានសម្អាតចេញពីអំពើបាបរបស់ពួកគេ ។ សូមពិចារណារៀបចំសិស្សជាគូៗ ។ គូនីមួយៗអាចអានខគម្ពីរខាងក្រោម ហើយពិភាក្សាអំពីអ្វីដែលពួកគេបានរៀនជាមួយគ្នា ។ ក្រុមសំណួរនេះអាចជួយបាន ។ សិស្សដែលស្ម័គ្រចិត្តបន្ទាប់មកអាចចែកចាយជាមួយសិស្សក្នុងថ្នាក់ ។
សូមអាន អាលម៉ា ៧:១៣–១៤ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៦–១៩ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានឆ្លងកាត់ ដើម្បីឲ្យអ្នកអាចប្រែចិត្ត ហើយត្រូវបានសម្អាតពីអំពើបាបរបស់អ្នក ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពីខគម្ពីរទាំងនេះ ដែលអាចជួយនរណាម្នាក់ជ្រើសរើសដើម្បីប្រែចិត្ត ?
ដើម្បីជួយសិស្សមានអារម្មណ៍ថាពួកគេអាចត្រូវបានសម្អាតដោយព្រះអង្គសង្គ្រោះ សូមពិចារណាអំពីការបង្ហាញវីដេអូមួយ ដូចជា « There Is No Limit to God’s Love » ( ចាប់ពីនាទីទី ០:០០ ដល់ ៤:៥៤ ) ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សិស្សអាចជញ្ជឹងគិតពីរបៀបដែលក្មេងស្រីនៅក្នុងវីដេអូនេះទទួលអារម្មណ៍ដោយសារតែអំពើបាបរបស់នាង និងភស្តុតាងនៃសេចក្តីពិតដែលបានបង្រៀននៅក្នុងនោះ អេសាយ ១:១៨ ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
5:37របៀបមួយដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ គឺផ្តល់ឱកាសដល់សិស្សដើម្បីចែកចាយអារម្មណ៍ ទីបន្ទាល់ និងបទពិសោធន៍ទាំងឡាយ ។ សំណួរខាងក្រោមគឺជារបៀបមួយដែលសិស្សអាចធ្វើការណ៍នេះ ។ សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរជាមុនក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ហើយបន្ទាប់មកសិស្សដែលស្ម័គ្រចិត្តអាចចែកចាយអ្វីដែលពួកគេបានសរសេរជាមួយនឹងសិស្សក្នុងថ្នាក់ ។ នៅពេលសិស្សចែកចាយ សូមរំឭកពួកគេកុំឲ្យចែកចាយឈ្មោះ ឬអ្វីដែលផ្ទាល់ខ្លួនពេក ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ និងសមត្ថភាពរបស់ទ្រង់ដើម្បីសម្អាតអ្នកពីអំពើបាប ?
សូមពិចារណាបញ្ចប់ដោយបង្ហាញពីអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងព្រះចេស្ដារបស់ទ្រង់ដើម្បីសម្អាតយើង នៅពេលយើងប្រែចិត្ត ។
ទន្ទេញ
អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេសាយ ១:១៨ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។