« ការអនុវត្តតាមចំណេះចំណានខាងគោលលទ្ធិទី ៧ ៖ ការទន្ទេញឃ្លាគន្លឹះ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការអនុវត្តតាមចំណេះចំណានខាងគោលលទ្ធិទី ៧ ៖ ការទន្ទេញឃ្លាគន្លឹះ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ មេរៀនទី ១០៦
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៧
ការទន្ទេញឃ្លាគន្លឹះ និងការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សទន្ទេញឃ្លាបទគម្ពីរគន្លឹះនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអនុវត្តគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលបញ្ជីនៃ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមាននៅក្នុងបណ្ណាល័យដំណឹងល្អ ។ សិស្សអាចជ្រើសរើសវគ្គបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះមួយនៅក្នុងបញ្ជីនេះ ។ សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីដើម្បីទន្ទេញវគ្គបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដែលពួកគេបានជ្រើសរើស ។ ពួកគេអាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិសម្រាប់ឧបករណ៍ចល័តដែលជាឧបករណ៍មួយដើម្បីជួយពួកគេឲ្យទន្ទេញចាំ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញ
ដើម្បីជួយសិស្សឲ្យទន្ទេញ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះពីព្រះគម្ពីរសញ្ញាចាស់ អ្នកអាចដាក់ពួកគេជាបួនក្រុម ។ សូមឲ្យសិស្សម្នាក់ៗនូវក្រដាសតូចៗចំនួនបួនសន្លឹកដែលកិបបញ្ចូលគ្នា ។ សូមពន្យល់ថា សិស្សនឹងផ្លាស់ប្តូរក្រដាសរបស់ពួកគេនៅក្នុងក្រុមរបស់ពួកគេ ។ ជាផ្នែកនៃសកម្មភាពនេះ សិស្សនឹងគូររូបភាពជាច្រើន ។ សូមរំឮកពួកគេកុំឲ្យគូររូបដែលតំណាងឲ្យព្រះនៅក្នុងគំនូររបស់ពួកគេ ។
អ្នកអាចបង្ហាញការណែនាំខាងក្រោមម្តងមួយៗ នៅពេលដែលសិស្សបំពេញសកម្មភាពនីមួយៗ ។ ( សម្រាប់ជំហានទី ១ និងទី ៣ សូមឲ្យសិស្សមួយនាទីដើម្បីបញ្ចប់ ។ សម្រាប់ជំហានទី ២ និងទី ៤ សូមឲ្យពួកគេ ៣០ វិនាទីដើម្បីបញ្ចប់ ) ។
-
ដោយមិនចាំបាច់ចែកចាយជាមួយក្រុមរបស់អ្នក សូមជ្រើសរើសឃ្លាបទគម្ពីរគន្លឹះមួយពីសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ ។ នៅលើក្រដាសទីមួយរបស់អ្នក សូមគូររូបភាពសាមញ្ញមួយ ដែលបង្ហាញពីឃ្លាបទគម្ពីរគន្លឹះនោះ ។
-
ផ្លាស់ប្តូរក្រដាសពីឆ្វេងទៅស្ដាំនៅក្នុងក្រុម ។ សូមមើលរូបភាពនៅលើទំព័រទីមួយ ។ នៅទំព័រទីពីរ សូមសរសេរសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិដែលអ្នកគិតថាមានទំនាក់ទំនងជាមួយរូបភាពនោះ ។
-
ផ្លាស់ប្តូរក្រដាសពីឆ្វេងទៅស្ដាំ ។ ដោយមិនមើលគំនូរនៅទំព័រទីមួយ សូមអានសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនៅទំព័រទីពីរ ។ នៅលើក្រដាសទីបី សូមគូររូបភាពសាមញ្ញមួយ ដែលបង្ហាញពីឃ្លាបទគម្ពីរគន្លឹះ ។
-
ផ្លាស់ប្តូរក្រដាសពីឆ្វេងទៅស្ដាំ ។ ដោយមិនមើលសេចក្តីយោងនៅទំព័រទីពីរ សូមមើលរូបភាពនៅទំព័រទីបី ។ នៅទំព័រទីបួន សូមសរសេរសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិដែលអ្នកគិតថាមានទំនាក់ទំនងជាមួយរូបភាពនោះ ។
សូមណែនាំសិស្សឲ្យប្រគល់ក្រដាសទៅម្ចាស់ដើមវិញ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យចែកចាយគំនូរ និងការទស្សន៍ទាយនៅលើក្រដាសជាមួយក្រុមរបស់ពួកគេ ។ សិស្សម្នាក់ៗអាចចែកចាយឃ្លាបទគម្ពីរគន្លឹះដើមដែលពួកគេបានជ្រើសរើស ។
តាមរយៈក្រុមរបស់ពួកគេ សូមអញ្ជើញសិស្សឲ្យសូត្រឮៗនូវវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះដែលប្រើក្នុងសកម្មភាពនេះ ។ ពួកគេអាចសូត្រឡើងវិញពីរបីដង ។
ប្រសិនបើមានពេល សូមពិចារណាអំពីការធ្វើសកម្មភាពគូរគំនូរឡើងវិញជាមួយនឹងឃ្លាបទគម្ពីរគន្លឹះផ្សេងៗ ។ ធានាថា សិស្សមានពេលគ្រប់គ្រាន់ ( ២៥–៣០ នាទី ) ដើម្បីធ្វើសកម្មភាពនៅក្នុងផ្នែក « រៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » ខាងក្រោមនេះ ។
រៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមជួយសិស្សឲ្យរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សកម្មភាពរំឭកឡើងវិញដែលបានណែនាំនេះ មាននៅក្នុងផ្នែកមួយនៃឧបសម្ព័ន្ធដែលមានចំណងជើងថា « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។ ការពិនិត្យមើលនេះមិនចាំបាច់ចំណាយពេលច្រើនទេ ប៉ុន្តែសិស្សត្រូវការការពិនិត្យមើលជាប្រចាំអំពីគោលការណ៍ទាំងនេះ ដើម្បីអាចប្រើប្រាស់វានៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ ការពិពណ៌នាអំពីគោលការណ៍ទាំងនេះមាននៅក្នុងកថាខណ្ឌទី ៥–១២ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ បន្ទាប់ពីពិនិត្យមើលរួចហើយ សូមឲ្យសិស្សអនុវត្តដោយប្រើគោលការណ៍ទាំងនេះជាមួយនឹងសាច់រឿងខាងក្រោម ។
បន្ទាប់ពីមេរៀនសិក្សាថ្ងៃអាទិត្យថ្មីៗនេះអំពីសារៈសំខាន់នៃការទៅព្រះវិហារបរិសុទ្ធ ផល បានដឹងខ្លួនថា គាត់មិនបានទៅព្រះវិហារបរិសុទ្ធយូរមកហើយ ។ ដោយសារកំហុសមួយចំនួនដែលគាត់បានធ្វើ គាត់មិនមានអារម្មណ៍ថាមានភាពស័ក្ដិសមចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទេ ។ ផល គិតក្នុងចិត្តថា « ព្រះមិនចង់ឲ្យខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដោយព្រោះអ្វីដែលខ្ញុំបានធ្វើទេ » ។
-
តើអ្នកគិតថា គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយឲ្យនរណាម្នាក់ដែលមានអារម្មណ៍ដូចដែល ផល ធ្វើយ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្តសិស្សឲ្យបង្ហាញពីរបៀបដែលគោលការណ៍នីមួយៗអាចជួយ ផល បាន ។ មាតិកាមេរៀនដែលនៅសេសសល់នេះ ផ្តោតលើការជួយសិស្សឲ្យពិនិត្យមើលសំណួរពីទស្សនវិស័យដ៏អស់កល្បមួយ ។ ប្រសិនបើអ្នកមានអារម្មណ៍ថា សិស្សអាចប្រើការអនុវត្តបន្ថែមទៀតលើគោលការណ៍ផ្សេងទៀត សូមបត់បែនខ្លឹមសារនេះដើម្បីបំពេញតម្រូវការរបស់សិស្សរបស់អ្នកឲ្យកាន់តែប្រសើរឡើង ។
របៀបមួយដែលយើងអាចពិនិត្យមើលសំណួរពីទស្សនវិស័យដ៏អស់កល្បមួយ គឺការរៀបចំសំណួរឡើងវិញ ( ឬគិតពីវាខុសៗគ្នា ) ដោយផ្អែកលើអ្វីដែលព្រះអម្ចាស់បានបង្រៀន ( សូមមើលកថាខណ្ឌទី ៨–៩ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ២០២៣ ] ) ។
បន្ថែមពីលើការចង្អុលបង្ហាញសិស្សទៅកាន់ ឯកសារគោល អ្នកក៏អាចចង្អុលបង្ហាញសិស្សទៅ « ផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះផ្តល់នូវទស្សនវិស័យ » ដែលបានរកឃើញក្នុងផ្នែក « ផ្តោតជីវិតរបស់បងប្អូននៅលើព្រះយេស៊ូវគ្រីស្ទ » នៅក្នុង « ការស្វែងរកចម្លើយចំពោះសំណួររបស់បងប្អូន » នៅក្នុងប្រធានបទ និងសំណួរ នៅក្នុងបណ្ណាល័យដំណឹងល្អ ។ ដើម្បីយកគំរូតាមអ្វីដែលសិស្សអាចធ្វើបានជាមួយនឹងសំណួររបស់ ផល អ្នកអាចបង្ហាញ « Examining Questions with an Eternal Perspective » (២:៥៦) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមពិចារណាគូររូបភាពបរិបទមួយនៅលើក្តារខៀន ។ សូមសរសេរកង្វល់របស់ ផល នៅកណ្តាលបរិបទនោះ ។ សិស្សអាចសរសេរចម្លើយចំពោះសំណួរខាងក្រោមជុំវិញបរិបទនោះ ។
-
តើ ផល អាចនឹងសន្មតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះបុត្រាបុត្រីរបស់ទ្រង់ ? តើ ផល អាចនឹងសន្មតអ្វីខ្លះអំពីខ្លួនគាត់ ?
ចម្លើយដែលសិស្សអាចរកឃើញរួមមាន « ព្រះមិនស្រឡាញ់ខ្ញុំទេ » « ព្រះវិហារបរិសុទ្ធគឺសម្រាប់តែអ្នកដែលល្អឥតខ្ចោះប៉ុណ្ណោះ » និង « កំហុសរបស់ខ្ញុំកំណត់ថាខ្ញុំជាមនុស្សបែបណា » ។
-
តើការសន្មតទាំងនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ ផល ជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
លុបការសន្មតនេះចោល ហើយគូរបរិបទថ្មីនៅលើក្តារខៀន ។ បន្ទាប់មក សិស្សអាចអនុវត្តការរិះគិតឡើងវិញពីកង្វល់របស់ ផល ។ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិត និងសេចក្ដីយោងវគ្គចំណេះចំណានខាងគោលលទ្ធិនៅលើក្ដារខៀនជុំវិញបរិបទថ្មី ។
-
តើមានសេចក្ដីពិតអ្វីខ្លះអំពីផែនការរបស់ព្រះវរបិតាសួគ៌ ឬពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ អាចជួយ ផល ផ្លាស់ប្តូរបរិបទនៃការព្រួយបារម្ភរបស់គាត់ ឬមើលឃើញវាពីទស្សនវិស័យរបស់ព្រះ ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះដែលអ្នកអាចចែកចាយជាមួយ ផល ? ហេតុអ្វី ?
ចម្លើយរបស់សិស្សដែលអាចមាន រួមមាន ៖
-
យើងត្រូវមានភាពស័ក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ( សូមមើល ទំនុកដំកើង ២៤:៣–៤ ) ។
-
ព្រះអម្ចាស់អាចសម្អាតយើងពីអំពើបាបរបស់យើង ហើយធ្វើឲ្យយើងមានភាពស័ក្តិសម ( សូមមើល អេសាយ ១:១៨; ៥៣:៣–៥ ) ។
-
យើងត្រូវបានកំណត់ដោយអត្តសញ្ញាណរបស់យើងថាជាបុត្រាបុត្រីរបស់ព្រះ ( សូម មើល លោកុប្បត្តិ ១:២៦–២៧ ) មិនមែនដោយអំពើបាប និងកំហុសរបស់យើងទេ ។
សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍របស់អែលឌើរ ឃ្វីនថិន អិល ឃុក នៅក្នុងធនធានបន្ថែមទាំងឡាយ ។
ដើម្បីជួយសិស្សគិតពិចារណាពីអ្វីដែលពួកគេបានរៀន សូមពិចារណាអញ្ជើញពួកគេឲ្យធ្វើដូចខាងក្រោមនេះ ៖
ដោយប្រើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ សូមសរសេរការឆ្លើយតបទៅកាន់ ផល ដែលនឹងជួយគាត់គិតពីសំណួររបស់គាត់តាមរយៈទស្សនវិស័យដ៏អស់កល្បមួយ នៃផែនការរបស់ព្រះវរបិតាសួគ៌ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយការឆ្លើយតបរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ នៅពេលសិស្សឮពីអ្នកដទៃ សូមអញ្ជើញពួកគេឲ្យស្រមៃមើលថា តើ ផល អាចនឹងមានអារម្មណ៍យ៉ាងណា នៅពេលគាត់បានឮការឆ្លើយតបទាំងនេះ ។
ប្រសិនបើអ្នកនឹកឃើញបទពិសោធន៍មួយ អ្នកប្រហែលជាចង់ចែកចាយពីរបៀបដែលគោលការណ៍នៃការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ បានជួយអ្នកដោះស្រាយសំណួរ ឬក្តីបារម្ភនានា ។