« លេវីវិន័យ ផ្នែកទី ១ ៖ ‹ ការណ៍នេះគឺជានិមិត្តរូប › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« លេវីវិន័យ ផ្នែក ១ ៖ ការណ៍នេះគឺជានិមិត្តរូប » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ៣៥–៤០; លេវីវិន័យ ១; ៤; ១៦; ១៩ ៖ មេរៀនទី ៥៣
លេវីវិន័យ ផ្នែកទី ១
« ការណ៍នេះគឺជានិមិត្តរូប »
ខណៈពេលដែលការអនុវត្តនៃយញ្ញបូជាសត្វអាចមើលទៅហាក់ដូចជាចម្លែកនៅសព្វថ្ងៃនេះ ការធ្វើយញ្ញបូជាទាំងនេះបានជួយសាសន៏អ៊ីស្រាអែលពីបុរាណឲ្យដឹង និងមានអំណរគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសេចក្ដីសញ្ញាដើម្បីពួកគេ ។ ការរៀនសូត្រអំពីយញ្ញបូជាពីបុរាណទាំងនេះ ក៏អាចជួយយើងដឹង និងមានអំណរគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងផងដែរ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍មានអំណរគុណសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិចារណាដំបូន្មានដែលពួកគេនឹងផ្ដល់ឲ្យដល់មនុស្សម្នាក់ដែលកំពុងពិបាកយល់ដឹងអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិនូវដំបូន្មានអ្វីដែលពួកគេនឹងផ្តល់ឲ្យ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើទ្រង់បានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ?
ដើម្បីរៀបចំសិស្សឲ្យនិយាយអំពីព្រះយេស៊ូវគ្រីស្ទ សូមពិចារណាចែកចាយបទពិសោធន៍ដូចខាងក្រោមនេះ ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានចែកចាយនូវទំនាក់ទំនងដែលលោកមានជាមួយសមាជិកនៃសាសនាចក្រ ដូចតទៅនេះ ៖
នៅក្នុងការប្រជុំពេលល្ងាចថ្ងៃសៅរ៍នៅសន្និសីទស្តេកមួយកាលពីច្រើនឆ្នាំកន្លងទៅ ខ្ញុំបានជួបស្រី្តម្នាក់ដែលបាននិយាយថា មិត្តភក្តិរបស់នាងបានសូមនាងឲ្យត្រឡប់មកព្រះវិហារវិញ ក្រោយពីនាងបានអសកម្មអស់ជាច្រើនឆ្នាំ ប៉ុន្តែនាងពុំគិតឃើញពីហេតុផលដែលនាងគួរតែត្រឡប់មកព្រះវិហារវិញនោះទេ ។ ដើម្បីលើកទឹកចិត្តដល់នាង ខ្ញុំបាននិយាយថា « ពេលប្អូនគិតពិចារណាពីអ្វីៗដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ប្អូន នោះប្អូននឹងមានហេតុផលជាច្រើនដើម្បីត្រឡប់មកដើម្បីថ្វាយបង្គំ និងបម្រើទ្រង់វិញ » ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់នៅពេលឮនាងឆ្លើយថា « តើទ្រង់បានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ? » ( « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៧៥ )
សូមជញ្ជឹងគិតអំពីអ្វីដែលអ្នកនឹងនិយាយទៅកាន់ស្ត្រីរូបនោះ ប្រសិនបើគាត់សួរអ្នកនូវសំណួរនេះ ។
-
តើជីវិតរបស់យើងអាចនឹងប៉ះពាល់យ៉ាងដូចម្ដេច ប្រសិនបើយើងមិនស្គាល់ ឬចងចាំអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ?
ដើម្បីជួយសិស្សធ្វើឲ្យមេរៀនថ្ងៃនេះមានលក្ខណៈផ្ទាល់ខ្លួន សូមពិចារណាដាក់បង្ហាញនូវសំណួរដូចខាងក្រោមនេះ ។ សូមផ្ដល់ពេលឲ្យសិស្សកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះសម្រាប់អ្នក ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ?
នៅពេលអ្នកសិក្សាគម្ពីរលេវីវិន័យថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលអ្នកអាចបង្កើនការដឹងគុណរបស់អ្នកចំពោះអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក ។
ការស្វែងរកព្រះគ្រីស្ទនៅក្នុងយញ្ញបូជា
ដើម្បីរៀបចំសិស្សឲ្យសិក្សាគម្ពីរលេវីវិន័យ សូមពិចារណាដាក់បង្ហាញរូបភាពតាំងពីដើមនៃមេរៀននេះ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលពួកគេដឹងអំពីពិធីបរិសុទ្ធពីបុរាណនៃការធ្វើយញ្ញបូជាសត្វ ។ ឧទាហរណ៍ អ្នកអាចសួរពួកគេនៅគ្រាដំបូងដែលព្រះបានបង្គាប់កូនចៅរបស់ទ្រង់ឲ្យធ្វើពិធីយញ្ញបូជាសត្វ ហើយហេតុអ្វីបានជាទ្រង់ប្រទានបញ្ញត្តិនោះ ។ បើចាំបាច់ អ្នកអាចឲ្យសិស្សយោងទៅ ម៉ូសេ ៥:៦–៧ ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ។
-
តើយញ្ញបូជាទាំងនេះតំណាងឲ្យអ្វី ?
សូមជួយសិស្សឲ្យយល់ថា ចាប់តាំងពីសម័យលោកអ័ដាម និងនាងអេវ៉ា ព្រះបានបញ្ជារាស្ដ្រទ្រង់ឲ្យធ្វើយញ្ញបូជាសត្វដើម្បីជួយពួកគេទន្ទឹងមើលទៅព្រះអង្គសង្គ្រោះ និងពលិកម្មធួនរបស់ទ្រង់ ។ ការអនុវត្តនេះបានបញ្ចប់ដោយការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជា « ការបូជាមួយដ៏មហិមា និងចុងក្រោយបង្អស់ » ( អាលម៉ា ៣៤:១០ ) ។
គម្ពីរលេវីវិន័យមានការណែនាំរបស់ព្រះអម្ចាស់ចំពោះការធ្វើយញ្ញបូជាសត្វ និងប្រភេទយញ្ញបូជាផ្សេងៗទៀតដែលទ្រង់តម្រូវពីរាស្ដ្ររបស់ទ្រង់ ។ គម្ពីរលេវីវិន័យគឺដូចជាសៀវភៅក្បួនខ្នាតដែលផ្តល់ការណែនាំសម្រាប់ពិធីបរិសុទ្ធ ក្បួនច្បាប់ និងការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់សាសន៏អ៊ីស្រាអែលពីបុរាណ ។
សូមផ្តល់ឱកាសឲ្យសិស្សសិក្សាអំពីយញ្ញបូជាខ្លះៗដែលបានពិពណ៌នានៅក្នុងគម្ពីរលេវីវិន័យ ។ របៀបមួយក្នុងការធ្វើបែបនេះគឺចែកសំណៅមេរៀនដែលមានចំណងជើង « យញ្ញបូជាពីបុរាណ ៖ ជានិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទ » ។ អ្នកអាចចែកចាយសកម្មភាពទាំងពីរពីសំណៅមេរៀនដាច់ដោយឡែកពីគ្នា ឬអ្នកអាចចែកចាយវាជាសំណៅមេរៀនមួយ ។
សូមពិចារណារៀបចំសិស្សជាគូៗ ។ អ្នកអាចចាត់តាំងគូនីមួយៗដើម្បីបំពេញសកម្មភាពមួយ ។ បន្ទាប់មក សិស្សអាចបង្រៀនពីអ្វីដែលពួកគេបានរៀនដល់គូផ្សេងៗទៀតដែលបានបំពេញសកម្មភាពផ្សេង ឬអ្នកអាចអញ្ជើញដៃគូម្នាក់ក្នុងចំណោមដៃគូនីមួយៗឲ្យបំពេញសកម្មភាពសិក្សាទី ១ និងដៃគូផ្សេងទៀតដើម្បីបំពេញសកម្មភាពសិក្សាទី ២ ។ បន្ទាប់ពីសិស្សម្នាក់ៗបំពេញសកម្មភាពរបស់ពួកគេហើយ នោះពួកគេអាចបង្រៀនគ្នាទៅវិញទៅមក ។
បន្ទាប់ពីសិស្សបានបំពេញការសិក្សារបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយមួយចំនួនរបស់ពួកគេទៅនឹងសំណួរនៅលើសំណៅមេរៀន ។ អ្នកអាចប្រើសំណួរខាងក្រោមនេះដើម្បីជួយសិស្សសង្ខេបអ្វីដែលពួកគេបានរៀន ។
-
តើអ្នកនឹងសង្ខេបដោយរបៀបណានៅក្នុងសេចក្ដីថ្លែងការណ៍សាមញ្ញមួយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីព្រះអង្គសង្គ្រោះ និងពលិកម្មធួនរបស់ទ្រង់ ?
សិស្សអាចចែកចាយសេចក្តីពិតផ្សេងៗ ដូចជា ៖
-
ព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះទ័យថ្វាយទ្រង់ផ្ទាល់ជាយញ្ញបូជាសម្រាប់យើង ។
-
យើងអាចទទួលបានការអភ័យទោសចំពោះអំពើបាបរបស់យើង ដោយសារតែព្រះយេស៊ូវគ្រីស្ទ ។
-
តាមរយៈពលិកម្មធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ដោយយកអំពើបាបរបស់យើងមកដាក់លើអង្គទ្រង់ ។
ដើម្បីធ្វើឲ្យសិស្សកាន់តែដឹងគុណជ្រាលជ្រៅចំពោះសេចក្តីពិតទាំងនេះ សូមពិចារណាប្រើសេចក្តីថ្លែងការណ៍ និងសំណួរដូចខាងក្រោមនេះ ។ អ្នកអាចប្រើប្រាស់សេចក្តីថ្លែងការណ៍នេះនៅក្នុងមេរៀនទី ២៧ ៖ « លោកុប្បត្តិ ២២ » ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពន្យល់ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួន ៖
ព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីៗទាំងអស់នេះ ពីព្រោះទ្រង់ស្រឡាញ់កូនៗទាំងអស់របស់ព្រះ ។ សេចក្តីស្រឡាញ់គឺជាកម្លាំងជំរុញសម្រាប់អ្វីៗទាំងអស់ ហើយកម្លាំងជំរុញនេះមានតាំងពីដើមដំបូងមកហើយ ។ …
ខ្ញុំសូម … អធិស្ឋានថា យើងនឹងចងចាំនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងម្នាក់ៗ ។ ( « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៧៧ )
-
តើវាជួយអ្នកឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទបានអនុញ្ញាតឲ្យអង្គទ្រង់ត្រូវពលិកម្មដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដោយរបៀបណា ?
-
តើមានរបៀបណាខ្លះដែលយើងអាចចងចាំព្រះអម្ចាស់ និងការពលិកម្មរបស់ទ្រង់ ?
សូមជួយសិស្សយល់ថា វិធីមួយដែលយើងចងចាំពីការពលិកម្មរបស់ព្រះអង្គសង្គ្រោះ គឺដោយការទទួលទានសាក្រាម៉ង់ជារៀងរាល់សប្តាហ៍ ។
ដើម្បីជួយសិស្សមើលឃើញទំនាក់ទំនងរវាងយញ្ញបូជាពីបុរាណ និងពិធីសាក្រាម៉ង់ សូមពិចារណាបង្ហាញវីដេអូ « Always Remember Him » ( ៥:២៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ បន្ទាប់មក អ្នកអាចសួរសំណួរខាងក្រោម ។
5:28 -
តើពិធីសាក្រាម៉ង់ស្រដៀងគ្នាទៅនឹងយញ្ញបូជាពីបុរាណដោយរបៀបណា ?
-
តើអ្នកខិតខំចងចាំព្រះអង្គសង្គ្រោះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយរបៀបណា ?
អ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ខ្ញុំ
សូមផ្តល់ពេលឲ្យសិស្សជញ្ជឹងគិតពីអារម្មណ៍របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីរៀបចំពួកគេឲ្យធ្វើកិច្ចការនេះ អ្នកអាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យច្រៀងបទ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ។ សិស្សអាចសម្គាល់ឃ្លាពីទំនុកតម្កើងដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។
ម្យ៉ាងវិញទៀត អ្នកអាចអញ្ជើញសិស្សឲ្យជ្រើសរើសទំនុកតម្កើងផ្សេង ឬបទគម្ពីរអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ។ ពួកគេអាចចែកចាយឃ្លាដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់ពួកគេចំពោះទ្រង់ ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមទៅនឹងសំណួរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះអង្គសង្គ្រោះ និងចំពោះអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ?
សិស្សដែលស្ម័គ្រចិត្តអាចបង្ហាញពីគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។ សូមពិចារណាចែកចាយអារម្មណ៍ និងទីបន្ទាល់របស់អ្នកផ្ទាល់អំពីទ្រង់ ។