« និក្ខមនំ ២០:១២–១៧ ៖ ព្រះបញ្ញត្តិទាំងដប់ប្រការជួយយើងឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងយើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« និក្ខមនំ ២០:១២–១៧ ៖ ព្រះបញ្ញត្តិទាំងដប់ប្រការជួយយើងឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងយើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀនទី ៥០
និក្ខមនំ ២០:១២–១៧
ព្រះបញ្ញត្តិទាំងដប់ប្រការជួយយើងឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងយើង
ពេលកូនចៅអ៊ីស្រាអែលបោះជំរំនៅភ្នំស៊ីណាយ ព្រះអម្ចាស់បានបើកសម្ដែងព្រះបញ្ញត្តិទាំងដប់ប្រការ ។ ដោយការគោរពតាមព្រះបញ្ញត្តិទាំងដប់ប្រការ នោះយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ និងមនុស្សដទៃ ។ នៅពេលយើងខិតខំស្រឡាញ់មនុស្សដទៃដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទធ្វើ នោះសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ទាំងទ្វេក៏កើនឡើងដែរ ។ មេរៀននេះអាចជួយសិស្សយល់ពីវិធីគោរពព្រះបញ្ញត្តិ ដែលនឹងជួយពួកគេឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសាកល្បងចំណេះដឹងរបស់ពួកគេអំពីក្រឹត្យវិន័យដប់ប្រការ ។ ពួកគេអាចសរសេរវាតាមលំដាប់លំដោយ ឬសូត្រវាចេញពីការចងចាំ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្ទង់មតិអំពីព្រះបញ្ញត្តិ
សូមអញ្ជើញសិស្សឲ្យស្វែងរក ហើយអានព្រះបញ្ញត្តិទាំងដប់ប្រការនៅក្នុង និក្ខមនំ ២០:៣–១៧ ឬនៅ ទំព័រ ៣៩ ក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ។ ពួកគេអាចឆ្លើយតបនឹងសំណួរខាងក្រោមនេះ ឬពួកគេអាចចាត់ចំណាត់ថ្នាក់ព្រះបញ្ញត្តិទាំងដប់ប្រការពី ១ ( គោរពច្រើនបំផុត ) ដល់ ១០ ( បំពានច្រើនបំផុត ) ដោយផ្អែកលើអ្វីដែលការស្ទង់មតិនេះអាចរកឃើញ ។
-
តើព្រះបញ្ញត្តិទាំងដប់ប្រការណាមួយដែលអ្នកមានអារម្មណ៍ថាមនុស្សគោរពតាមញឹកញាប់ជាងគេ ? ហេតុអ្វី ?
-
តើព្រះបញ្ញត្តិទាំងដប់ប្រការណាមួយដែលអ្នកមានអារម្មណ៍ថាមនុស្សបំពានញឹកញាប់ជាងគេ ? ហេតុអ្វី ?
-
តើអ្នកគិតថាអារម្មណ៍របស់យើងចំពោះព្រះត្រូវបានឆ្លុះបញ្ចាំងយ៉ាងណាក្នុងរបៀបដែលយើងប្រព្រឹត្តតាមព្រះបញ្ញត្តិរបស់ទ្រង់ ?
ព្រះបញ្ញត្តិទាំងដប់ប្រការជួយយើងឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងយើង
សិស្សប្រហែលជាបានសិក្សាព្រះបញ្ញត្តិទាំងដប់ប្រការនៅក្នុងមេរៀនទី ៤៩ ៖ « និក្ខមនំ ២០:១–១១ » ។ អ្នកគួរឲ្យសិស្សអាន ឬពិនិត្យមើលឡើងវិញក្នុង ម៉ាថាយ ២២:៣៦–៤០ ដោយរកមើលព្រះបញ្ញត្តិធំពីរដែលព្រះយេស៊ូវបានបង្រៀន ។ សិស្សអាចពិនិត្យមើលឡើងវិញនូវរបៀបដែលព្រះបញ្ញត្តិទាំងដប់ប្រការនៅក្នុង និក្ខមនំ ២០:៣–១៧ ទាក់ទងនឹងព្រះបញ្ញត្តិធំទាំងពីរនេះ ។ សូមជួយសិស្សកត់សម្គាល់ពីរបៀបដែលព្រះបញ្ញត្តិប្រាំមួយចុងក្រោយផ្តោតលើការស្រឡាញ់អ្នកជិតខាងរបស់យើង ។
សូមអាន និក្ខមនំ ២០:១២–១៧ ព្រះបញ្ញត្តិប្រាំមួយចុងក្រោយនៃព្រះបញ្ញត្តិទាំងដប់ប្រការ ។ សូមរកមើលរបៀបដែលខគម្ពីរទាំងនេះបង្រៀនថា ដោយការរស់នៅតាមព្រះបញ្ញត្តិទាំងដប់ប្រការ នោះយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងអ្នកជិតខាងរបស់យើង ។
នៅពេលអ្នកសិក្សា សូមបើកចិត្តចំពោះចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមជញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើដើម្បីស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់អ្នក ដោយការគោរពតាមព្រះបញ្ញត្តិទាំងដប់ប្រការ ។
ព្រះបញ្ញត្ដិឲ្យស្រឡាញ់អ្នកជិតខាងរបស់យើង
សូមពិចារណាអំពីការប្រើសំណៅមេរៀន « ព្រះបញ្ញត្តិដែលជួយយើងឲ្យស្រឡាញ់អ្នកជិតខាងរបស់យើង » ដើម្បីជួយសិស្សទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យសិក្សាព្រះបញ្ញត្តិមួយ ហើយរៀបចំខ្លួនចែកចាយអ្វីដែលពួកគេរៀនអំពីបទបញ្ញត្តិនោះ ។ សិស្សអាចជ្រើសរើសព្រះបញ្ញត្តិមួយណាដែលត្រូវសិក្សា ឬអ្នកអាចចាត់ព្រះបញ្ញត្តិមួយដល់សិស្សម្នាក់ៗ ។ ពួកគេអាចសិក្សាជាបុគ្គល ជាដៃគូ ឬជាក្រុមតូចៗ ។ សូមចែកសំណៅមេរៀនដល់សិស្សតាមបទបញ្ញត្តិដែលពួកគេកំពុងសិក្សា ។ សូមទុកពេលកំណត់មួយឲ្យសិស្សសិក្សា ។ សូមទុកពេលគ្រប់គ្រាន់សម្រាប់សកម្មភាពចែកចាយនៅពេលក្រោយក្នុងមេរៀននេះ ។
សិស្សកំពុងចែកចាយ
សូមអរគុណសិស្សចំពោះការខិតខំរបស់ពួកគេ ហើយសរសើរពួកគេចំពោះការប្រឹងប្រែងរបស់ពួកគេ ។ សូមគិតអំពីវិធីមួយដើម្បីឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ ឧទាហរណ៍ អ្នកអាចរៀបចំកៅអីដើម្បីឲ្យសិស្សអង្គុយទល់មុខគ្នាជាជួរ ។ សូមផ្តល់ពេលវេលាកំណត់មួយដើម្បីឲ្យពួកគេចែកចាយអ្វីដែលពួកគេបានសិក្សាជាមួយសិស្សដែលអង្គុយទល់មុខពួកគេ ។ បន្ទាប់ពីសិស្សទាំងពីរចែកចាយគ្នាហើយ សូមអញ្ជើញសិស្សមួយជួរឲ្យរំកិលទៅអង្គុយនៅកៅអីមួយបន្ទាប់ទៀត ។ ឥឡូវសិស្សនឹងមានដៃគូថ្មី ។ សូមធ្វើដដែលៗឲ្យបានច្រើនដងតាមដែលអ្នកចង់ ។
បន្ទាប់មក សិស្សអាចពិភាក្សាសំណួរខាងក្រោមរួមគ្នា ឬជាមួយដៃគូថ្មីរបស់ពួកគេ ។
សូមជ្រើសរើសព្រះបញ្ញត្តិជាក់លាក់មួយដែលអ្នកបានសិក្សា ហើយឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ និងអ្នកជិតខាងរបស់អ្នកអាចជួយអ្នកគោរពតាមព្រះបញ្ញត្តិនេះយ៉ាងដូចម្ដេច ?
-
តើអ្នកទទួលបានពរជ័យអ្វីខ្លះមកពីការរស់នៅតាមព្រះបញ្ញត្តិនេះ ?
សូមពិចារណាចែកចាយគំនិតរបស់អ្នកអំពីរបៀបដែលការគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់អាចជួយយើងឲ្យស្រឡាញ់ព្រះ និងមនុស្សដទៃបន្ថែមទៀត ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យបន្តខិតខំគោរពតាមព្រះបញ្ញត្តិទាំងដប់ប្រការ ។