« និក្ខមនំ ១៩ ៖ ‹ បានដាច់ជារបស់ផងយើង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« និក្ខមនំ ១៩ ៖ ‹ បានដាច់ជារបស់ផងយើង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀនទី ៤៨
និក្ខមនំ ១៩
« បានដាច់ជារបស់ផងយើង »
ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់គ្រប់រូប ហើយប្រាថ្នាចង់បានទំនាក់ទំនងសេចក្តីសញ្ញាជាមួយយើងម្នាក់ៗ ។ ការរៀនពីអារម្មណ៍របស់ទ្រង់ចំពោះសាសន៏អ៊ីស្រាអែលអាចជួយយើងយល់ពីអារម្មណ៍របស់ទ្រង់ចំពោះយើង ។ បន្ទាប់ពីនាំកូនចៅសាសន៏អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បាននាំពួកគេទៅភ្នំស៊ីណាយ ដើម្បីធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ក្នុងដួងចិត្តរបស់ពួកគេអំពីបំណងប្រាថ្នារបស់ព្រះក្នុងការមានទំនាក់ទំនងសេចក្ដីសញ្ញាជាមួយពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលធ្វើឲ្យទំនាក់ទំនងមួយមានអត្ថន័យ ឬមានសារៈសំខាន់ ។ ពួកគេអាចគិតអំពីមនុស្សម្នាក់ដែលពួកគេមានទំនាក់ទំនងដ៏មានអត្ថន័យជាមួយ ហើយពួកគេអាចនាំយករូបភាពរបស់បុគ្គលនេះមកចែកចាយនៅពេលចាប់ផ្ដើមថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទំនាក់ទំនងពិសេស
សូមពិចារណាដាក់បង្ហាញរូបភាពអំពីមនុស្សម្នាក់ដែលអ្នកមានទំនាក់ទំនងដ៏មានន័យជាមួយ ដូចជាសមាជិកគ្រួសារ ឬអ្នកណែនាំជាដើម ។ សូមចែកចាយមូលហេតុដែលទំនាក់ទំនងរបស់អ្នកជាមួយនឹងបុគ្គលនេះមានសារៈសំខាន់ចំពោះអ្នក ។ សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលសំខាន់នៅក្នុងជីវិតរបស់ពួកគេ ។ ប្រសិនបើសិស្សនាំយករូបភាពមកថ្នាក់រៀន ពួកគេអាចចែកចាយវាឥឡូវនេះ ។
-
តើអ្វីទៅធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយនឹងបុគ្គលនេះមានន័យ ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះប្រកបដោយការអធិស្ឋាន ។ សូមឲ្យពួកគេកត់ត្រាគំនិត និងអារម្មណ៍របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណាចំពោះអ្នក ?
-
តើអ្វីទៅធ្វើឲ្យទំនាក់ទំនងដែលអ្នកមានជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខុសពីទំនាក់ទំនងផ្សេងទៀតដែលអ្នកមាន ?
-
តើអ្នកគិតថា ជីវិតរបស់អ្នកអាចនឹងផ្លាស់ប្តូរតាមរបៀបណាខ្លះ នៅពេលអ្នកបន្តពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីយល់ពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« បានដាច់ជារបស់ផងយើង »
បន្ទាប់ពីពួកកូនចៅសាសន៏អ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បានដឹកនាំពួកគេទៅភ្នំស៊ីណាយ ( ជួនកាលបទគម្ពីរហៅភ្នំ ស៊ីណាយថាជាភ្នំ ភ្នំហូរែប សូមមើល និក្ខមនំ ៣:១ ) ដូចដែលទ្រង់បានសន្យា ( សូមមើល និក្ខមនំ ៣:៧–១២; ១៩:១–៤ ) ។ ចំពោះម៉ូសេ និងកូនចៅអ៊ីស្រាអែល ភ្នំស៊ីណាយប្រៀបដូចជាព្រះវិហារបរិសុទ្ធ ៖ ហើយជាកន្លែងដែលពួកគេធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ។
សូមអាន និក្ខមនំ ១៩:៣–៦ ដោយរកមើលពាក្យ និងឃ្លាដែលបង្រៀនអំពីប្រភេទនៃទំនាក់ទំនងដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់មានជាមួយនឹងយើង ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីអត្ថន័យនៃការ « ដាច់ជារបស់ » ( ខទី ៥ ) ៖
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យថា បានដាច់ជា ត្រូវបានបកប្រែពីភាសាហេព្រើរ ពីពាក្យ segullah ដែលមានន័យថា « ទ្រព្យសម្បត្តិមានតម្លៃ » ឬ « រតនសម្បត្តិ » ។ …
ដូច្នេះ យើងឃើញថាពាក្យ បានដាច់ជា ពីបទគម្ពីរមានន័យថា « ទ្រព្យសម្បត្តិដ៏មានតម្លៃ » « បានបង្កើតឡើង » ឬ « បានជ្រើសរើសដោយព្រះ » ។ សម្រាប់យើងដែលត្រូវបានសម្គាល់ដោយអ្នកបម្រើរបស់ព្រះអម្ចាស់ថា ជារាស្ត្រដ៏ជា បានដាច់ជា របស់ផងទ្រង់ គឺជាការសរសើរនៃលំដាប់ខ្ពស់បំផុត ។ ( « Children of the Covenant » Ensign ខែឧសភា ឆ្នាំ១៩៩៥ ទំព័រ ៣៤ )
ដើម្បីជួយសិស្សឲ្យស្គាល់គោលការណ៍មួយ អ្នកគួរតែចង្អុលបង្ហាញពាក្យ បើ និង នោះ នៅក្នុង ខទី៥ ។
-
តើអ្នកអាចស្គាល់គោលការណ៍អ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ?
សិស្សអាចស្គាល់គោលការណ៍ខុសៗគ្នា រួមមាន ប្រសិនបើយើងគោរពតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ យើងនឹងក្លាយជារាស្ត្រដ៏បរិសុទ្ធរបស់ទ្រង់ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីទំនាក់ទំនងនៃសេចក្ដីសញ្ញាដែលយើងអាចមានជាមួយនឹងព្រះ ៖
កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ ប្រែកាន់តែជិតស្និទ្ធជាងពីមុនសេចក្ដីសញ្ញារបស់យើងទៅទៀត ។ ឥឡូវយើងបានចងភ្ជាប់ជាមួយគ្នា ។ ដោយសារតែសេចក្តីសញ្ញារបស់យើងជាមួយព្រះ ទ្រង់ពុំដែលនឿយហត់ក្នុងកិច្ចខិតខំរបស់ទ្រង់ដើម្បីជួយយើងឡើយ យើងក៏នឹងមិនធ្វើឲ្យសេចក្តីអត់ធ្មត់ដ៏មេត្តារបស់ទ្រង់ជាមួយយើងសាបរលាបដែរ ។ យើងម្នាក់ៗមានកន្លែងពិសេសនៅក្នុងព្រះទ័យរបស់ព្រះ ។ ទ្រង់មានក្តីសង្ឃឹមដ៏ធំសម្រាប់យើង ។ ( រ័សុល អិម ណិលសុន « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ៦ ) ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះ ?
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលភស្តុតាងថា ព្រះចង់មានទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយអ្នក ។ អ្នកគួរភ្ជាប់ ឬយោងខគម្ពីរទាំងនេះជាមួយ និក្ខមនំ ១៩:៥–៦ ។
ម៉ាថាយ ១១:២៨–៣០
ទីតុស ២:១១–១៤
ពេត្រុស ទី១ ១:១៥–១៦
សូមអញ្ជើញសិស្សឲ្យចែកចាយពាក្យ និងឃ្លានៅក្នុងខគម្ពីរទាំងនេះដែលបង្ហាញថា ព្រះចង់បានទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងយើង ។ សិស្សអាចនឹងនិយាយថា ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យមករកទ្រង់ ដើម្បីទ្រង់អាចជួយយើង ហើយឲ្យយើងបានសម្រាក ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។ ពួកគេអាចនឹងនិយាយថា ព្រះអង្គសង្គ្រោះបានលះបង់ព្រះជន្មរបស់ទ្រង់ដើម្បីប្រោសលោះ និងបន្សុទ្ធយើងជារាស្ដ្រពិសេសរបស់ទ្រង់ ( សូមមើល ទីតុស ២:១៤ ) ឬថាយើងអាចបានបរិសុទ្ធដ្បិតព្រះអង្គសង្គ្រោះមានភាពបរិសុទ្ធ ( សូមមើល ពេត្រុស ទី១ ១:១៦ ) ។
ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះ
ដើម្បីរៀបចំសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ អ្នកអាចចែកចាយពីអារម្មណ៍របស់អ្នកថាព្រះសព្វព្រះទ័យចង់បានទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងអ្នក ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលអ្នកចែកចាយ ។
អ្នកក៏គួរលើកឡើងអំពីភស្ដុតាងផ្សេងទៀតដែលថាព្រះសព្វព្រះទ័យចង់មានទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងយើង ។ ឧទាហរណ៍អាចរួមបញ្ចូលទាំងការទទួលបានសេចក្តីស្រឡាញ់របស់ព្រះ ឬការទទួលបានការចាប់អារម្មណ៍ខាងវិញ្ញាណ ដែលលើកទឹកចិត្តយើងឲ្យធ្វើល្អ និងក្លាយជាមនុស្សកាន់តែប្រសើរ ។
សូមជញ្ជឹងគិតអំពីចំណាប់អារម្មណ៍ណាមួយដែលអ្នកបានទទួលពីព្រះវិញ្ញាណ ហើយឆ្លើយតបទៅនឹងសំណួរមួយ ឬច្រើនខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះ ដែលជួយអ្នកឲ្យចង់ធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះ ?
-
តើការដឹងថាព្រះសព្វព្រះទ័យចង់បានទំនាក់ទំនងនៃសេចក្ដីសញ្ញាជិតស្និទ្ធជាមួយនឹងអ្នក មានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីចូលទៅជិតទ្រង់យ៉ាងដូចម្ដេច ?
-
តើព្រះបានប្រទានពរអ្នកដោយរបៀបណាចំពោះការព្យាយាមរក្សាសេចក្ដីសញ្ញាដែលអ្នកបានធ្វើជាមួយនឹងទ្រង់ ?
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តចែកចាយគំនិត និងអារម្មណ៍របស់ពួកគេជាមួយនឹងសិស្សដទៃទៀត ។ សូមពិចារណាចែកចាយវិធីដែលព្រះបានប្រទានពរដល់អ្នកចំពោះការធ្វើ និងរក្សាសេចក្តីសញ្ញាជាមួយនឹងទ្រង់ ។
សាសន៏អ៊ីស្រាអែលរៀបចំខ្លួនធ្វើសេចក្ដីសញ្ញា
សេចក្ដីសង្ខេបខាងក្រោមអាចជួយសិស្សឲ្យយល់ពីអ្វីដែលសាសន៏អ៊ីស្រាអែលបានធ្វើដើម្បីរៀបចំខ្លួនធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ។ អ្នកគួរនិយាយថា បន្ទាប់ពីនេះ ព្រះអម្ចាស់បានបើកសម្ដែងក្រឹត្យវិន័យដប់ប្រការ ដែលសិស្សនឹងសិក្សាក្នុងមេរៀនពីរបន្ទាប់ ។ នៅពេលអ្នកបញ្ចប់មេរៀននេះ អ្នកក៏អាចចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីរបៀបដែលព្រះសព្វព្រះទ័យចង់ធ្វើសេចក្តីសញ្ញាជាមួយនឹងយើងដែរ ។
សាសន៏អ៊ីស្រាអែលបានយល់ព្រមធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះដើម្បីក្លាយជារាស្ដ្របរិសុទ្ធរបស់ទ្រង់ ។ បន្ទាប់មក ព្រះអម្ចាស់បានបញ្ជាក់ថា ទ្រង់នឹងយាងមក ហើយមានព្រះបន្ទូលទៅកាន់ប្រជាជន ( សូមមើល និក្ខមនំ ១៩:៧–៩ ) ។ ព្រះអម្ចាស់បានបង្គាប់ម៉ូសេឲ្យញែកប្រជាជនជាបរិសុទ្ធ ឬធ្វើឲ្យពួកគេបរិសុទ្ធ ហើយសម្រាប់ប្រជាជនសម្អាតសម្លៀកបំពាក់របស់ពួកគេក្នុងការរៀបចំសម្រាប់ពេលដែលព្រះអម្ចាស់ « នឹងយាងចុះមកលើភ្នំស៊ីណាយឲ្យគេឃើញ » ( និក្ខមនំ ១៩:១១ ) ។ ប្រជាជនបានរៀបចំខ្លួន ហើយប្រមូលផ្ដុំគ្នាឡើងទៅភ្នំស៊ីណាយ « ទៅជួបនឹងព្រះ » ( និក្ខមនំ ១៩:១៧ ) ។ នៅទីនោះ ពួកគេបានឃើញភស្ដុតាងនៃវត្តមានរបស់ព្រះអម្ចាស់នៅលើភ្នំនោះ ។ ព្រះអម្ចាស់បានហៅម៉ូសេឡើងទៅជួបនឹងទ្រង់នៅលើភ្នំនោះ ហើយបង្ហាញព្រះទ័យរបស់ទ្រង់ចំពោះប្រជាជន ( សូមមើល និក្ខមនំ ១៩:១៨–២៥ ) ។