« និក្ខមនំ ២០:១–១១ ៖ ព្រះបញ្ញត្តិទាំងដប់ប្រការ ៖ ព្រះដែលពេញដោយក្តីស្រឡាញ់ និងការដាក់ទ្រង់ជាអាទិភាពទីមួយក្នុងជីវិតរបស់យើង សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« និក្ខមនំ ២០:១–១១ ៖ ព្រះបញ្ញត្តិទាំងដប់ប្រការ » ៖ ព្រះដែលពេញដោយក្តីស្រឡាញ់ និងការដាក់ទ្រង់ជាអាទិភាពទីមួយក្នុងជីវិតរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១៩–២០; ២៤; ៣១–៣៤ ៖ មេរៀនទី ៤៩
និក្ខមនំ ២០:១–១១
ព្រះបញ្ញត្តិទាំងដប់ប្រការ ៖ ព្រះដែលពេញដោយក្តីស្រឡាញ់ និងការដាក់ទ្រង់ជាអាទិភាពទីមួយក្នុងជីវិតរបស់យើង
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងគ្រប់គ្នា ហើយចង់ឲ្យយើងជ្រើសរើសទ្រង់ទាំងទ្វេជាអាទិភាពទីមួយក្នុងជីវិតរបស់យើង ។ បន្ទាប់ពីបានរំដោះសាសន៏អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ព្រះអម្ចាស់បាននាំពួកគេទៅភ្នំស៊ីណាយ ដើម្បីធ្វើកិច្ចសន្យាជាមួយនឹងទ្រង់ ។ នៅទីនោះ ទ្រង់បានបើកសម្តែងព្រះបញ្ញត្តិទាំងដប់ប្រការ ដើម្បីជួយពួកគេឲ្យស្រឡាញ់ទ្រង់លើសពីអ្វីៗទាំងអស់ ។ មេរៀននេះអាចជួយសិស្សឲ្យស្រឡាញ់ និងគោរពព្រះលើសអ្វីៗផ្សេងទៀត ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសរសេរបទបញ្ញត្តិមួយចំនួនរបស់ព្រះ ។ អញ្ជើញពួកគេឲ្យពិភាក្សាជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់អំពីរបៀបដែលបទបញ្ញត្តិដែលពួកគេបានសរសេរជួយពួកគេឲ្យបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ និងដាក់ទ្រង់ជាអាទិភាពទីមួយនៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះបញ្ញត្តិដ៏ធំបំផុត
ចំណាំ ៖ មេរៀននេះផ្ដោតលើព្រះបញ្ញត្តិបួនដំបូង ។ មេរៀនទី ៥០ ៖ « និក្ខមនំ ២០:១២–១៧ » នឹងផ្ដោតលើព្រះបញ្ញត្តិប្រាំមួយចុងក្រោយ ។
អ្នកគួរចាប់ផ្តើមថ្នាក់ដោយការសុំសិស្សឲ្យគិតអំពីបទបញ្ញត្តិមួយណា នៃព្រះបញ្ញត្តិទាំងអស់របស់ព្រះដែលពួកគេគិតថាសំខាន់បំផុត ។ បន្ទាប់មក សូមចែកចាយសេចក្ដីសង្ខេបដូចខាងក្រោមនេះ ។
អំឡុងការងារបម្រើរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ ព្រះអង្គសង្គ្រោះត្រូវបានគេទូលសួរថាតើព្រះបញ្ញត្តិមួយណាដែលធំជាងគេបំផុត ឬសំខាន់ជាងគេបំផុត ( សូមមើល ម៉ាថាយ ២២:៣៦ ) ។
សូមអាន ម៉ាថាយ ២២:៣៧–៣៩ ( សូមមើលផងដែរ លេវីវិន័យ ១៩:១៨; ចោទិយកថា ៦:៥ ) ដោយរកមើលការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះ ។
-
អ្នកគិតថាហេតុអ្វីអ្នកព្រះបញ្ញត្តិទាំងនេះចាត់ទុកថាជាបទបញ្ញត្តិពីរធំជាងគេបំផុត ?
នៅពេលអ្នកសិក្សាព្រះបញ្ញត្តិទាំងដប់ប្រការនៅក្នុងមេរៀននេះ និងមេរៀនផ្សេងទៀត សូមរកមើលរបៀបដែលព្រះបញ្ញត្តិទាំងនេះជួយយើងឲ្យស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់យើង ។ ក្នុងមេរៀននេះ អ្នកនឹងសិក្សាព្រះបញ្ញត្តិទាំងដប់ប្រការខ្លះ ដែលជួយយើងឲ្យស្រឡាញ់ និងគោរពព្រះ ។
សូមអាន និក្ខមនំ ២០:១–១១ ដោយរកមើលព្រះបញ្ញត្តិបួនដំបូងដែលព្រះអម្ចាស់បានប្រទានដល់សាសន៏អ៊ីស្រាអែល ។
និក្ខមនំ ២០:៣–១៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងព្រះបញ្ញត្តិទាំងនេះ និងព្រះបញ្ញត្តិធំទីមួយក្នុង ម៉ាថាយ ២២:៣៧–៣៨ ?
អ្នកគួរសង្ខេបនៅលើក្ដារខៀននូវសេចក្ដីពិតដែលសិស្សចែកចាយ ។ វាអាចស្រដៀងនឹងអ្វីមួយដូចជា ព្រះបង្គាប់យើងឲ្យស្រឡាញ់ទ្រង់ ហើយដាក់ទ្រង់ជាអាទិភាពទីមួយក្នុងជីវិតរបស់យើង ។
អ្នកអាចអញ្ជើញសិស្សឲ្យធ្វើសេចក្ដីយោងបទគម្ពីរ ឬភ្ជាប់ និក្ខមនំ ២០:៣–១៧ ជាមួយនឹង ម៉ាថាយ ២២:៣៦–៣៩ ។
-
តើអ្នកគិតថា ការដាក់ព្រះជាអាទិភាពទីមួយនៅក្នុងជីវិតរបស់យើងមានន័យដូចម្តេច ?
សូមជួយសិស្សឲ្យគិតអំពីរបៀបដែលពួកគេកំពុងអនុវត្តសេចក្ដីពិតនេះនៅក្នុងជីវិតរបស់ពួកគេ ។ អ្នកអាចអញ្ជើញពួកគេឲ្យបំពេញការវាយតម្លៃដោយខ្លួនឯងខាងក្រោមនេះ ។
សូមពិចារណាពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ។ អ្នកគួរកត់ត្រាគំនិតមួយចំនួនរបស់អ្នកទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះជាឥទ្ធិពលដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំឬ ?
-
តើអ្វីទៅអាចរារាំងខ្ញុំពីការស្រឡាញ់ព្រះ ហើយដាក់ទ្រង់ជាអាទិភាពទីមួយក្នុងជីវិតរបស់ខ្ញុំ ?
ព្រះបញ្ញត្តិដែលជួយយើងឲ្យស្រឡាញ់ព្រះ ហើយដាក់ទ្រង់ជាអាទិភាពទីមួយ
សំណៅមេរៀនដែលភ្ជាប់មកជាមួយត្រូវបានបង្កើតឡើងដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះបញ្ញត្តិនៅក្នុង និក្ខមនំ ២០:៣–១១ អាចជួយយើងឲ្យស្រឡាញ់ព្រះ ហើយដាក់ទ្រង់ជាអាទិភាពទីមួយនៅក្នុងជីវិតរបស់យើង ។ អ្នកអាចប្រើសំណៅមេរៀនតាមវិធីផ្សេងៗគ្នា ។
ការចែកចាយអាចជួយសិស្សឲ្យយល់ដឹងកាន់តែច្រើនអំពីអ្វីដែលពួកគេកំពុងរៀន ។ សូមផ្តល់ឱកាសឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀនមកពីសំណៅមេរៀននោះ ។ សិស្សអាចចែកចាយជាក្រុមតូចៗ ឬជាមួយថ្នាក់ទាំងមូល ។
តាមដែលសមស្រប សូមពិចារណាឆ្លើយតបទៅនឹងសំណួរខាងក្រោមជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់ពីសិស្សស្ម័គ្រចិត្តបានឆ្លើយ ។
-
តើអ្នក ឬមនុស្សដែលអ្នកស្គាល់បានដកពិសោធន៍ពរជ័យអ្វីខ្លះដោយការដាក់ព្រះជាអាទិភាពទីមួយ ?
ការដាក់ព្រះជាអាទិភាពទីមួយ
សកម្មភាពខាងក្រោមអាចជួយសិស្សបង្កើតផែនការដើម្បីស្រឡាញ់ព្រះ ហើយដាក់ព្រះជាអាទិភាពទីមួយក្នុងជីវិតរបស់ពួកគេ ។ សូមរំឭកសិស្សថាលេខ១ សំដៅលើការដាក់ព្រះជាអាទិភាពទីមួយក្នុងជីវិតរបស់យើង ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសដាច់ដោយឡែកមួយសន្លឹកសូមគូសលេខ ១ ឲ្យធំ ។ សូមធ្វើឲ្យវាធំល្មមសម្រាប់ការសរសេរនៅខាងក្នុង ឬទុកកន្លែងដើម្បីសរសេរនៅជាប់វា ។
សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសម្រេចនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដាក់ព្រះជាអាទិភាពទីមួយក្នុងជីវិតរបស់អ្នក ។ នៅខាងក្នុង ឬនៅជាប់នឹងលេខ ១ សូមសរសេរអ្វីដែលអ្នកនឹងធ្វើ ។ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនៅពីក្រោម ៖
-
តើការធ្វើបែបនេះអាចជួយអ្នកឲ្យស្រឡាញ់ព្រះ ហើយដាក់ទ្រង់ជាអាទិភាពទីមួយក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់អាចប្រទានពរដល់អ្នកដោយរបៀបណាចំពោះការធ្វើកិច្ចការនេះ ?
-
តើអ្នកអាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះនៅពេលអ្នកធ្វើកិច្ចការទាំងនេះ ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីយកឈ្នះលើការប្រឈមទាំងនេះ ?
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសខាងវិញ្ញាណដែលពួកគេមាន ។ សិស្សនឹងមានឱកាសតាមដានការរីកចម្រើនរបស់ពួកគេនៅក្នុងមេរៀនទី ៦៧ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៤ » ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ និក្ខមនំ ២០:៣–១៧ គឺ« ព្រះបញ្ញត្តិទាំងដប់ប្រការ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។