ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៣០ ខែវិច្ឆិកា–ថ្ងៃទី៦ ខែធ្នូ  « ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស » ៖ មីកា; ណាហ៊ុម; ហាបាគុក; សេផានា


« ថ្ងៃទី៣០ ខែវិច្ឆិកា–ថ្ងៃទី៦ ខែធ្នូ ‹ ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស › ៖: មីកា; ណាហ៊ុម; ហាបាគុក; សេផានា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៣០ ខែវិច្ឆិកា–ថ្ងៃទី៦ ខែធ្នូ ‹ ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

បុរស​ម្នាក់​លាតសន្ធឹង​ដៃ ដោយមើល​ទៅលើ​មេឃ​ដែលមាន​ផ្កាយ

កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ដោយ អ៊ីវ៉ា ធីម៉ូធី

ថ្ងៃទី៣០ ខែវិច្ឆិកា–ថ្ងៃទី៦ ខែធ្នូ ៖ « ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស »

មីកា; ណាហ៊ុម; ហាបាគុក; សេផានា

ជារឿយៗ ការអាន​ព្រះគម្ពីរ​សញ្ញា​ចាស់​មានន័យ​ថា បងប្អូន​កំពុង​អាន​ការព្យាករ​អំពី​ការបំផ្លិចបំផ្លាញ ។ ជា​ញឹកញាប់ ព្រះអម្ចាស់​បាន​ហៅ​ពួក​ព្យាការី​ឲ្យ​ព្រមាន​ដល់​ជនទុច្ចរិត​អំពី​ការជំនុំ​ជម្រះ​របស់ទ្រង់ ។ ការងារបម្រើ​របស់​មីកា, ណាហ៊ុម, ហាបាគុក និង​សេផានា គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ ។ ព្យាការី​ទាំងនេះ​បាន​ប្រាប់​ជាមុន​នូវ​រឿង​លម្អិត​ដ៏​គួរ​ឲ្យ​ខ្លាច​ពី​ទីក្រុង​ដែល​នឹង​ត្រូវ​វិនាស ដែល​ទីក្រុង​ទាំងនោះ​ហាក់​ដូចជា​រឹងមាំ និង​ខ្លាំងក្លា​នាពេល​នោះ រួមមាន ៖ ក្រុង​នីនីវេ, ក្រុង​បាប៊ីឡូន និង​ក្រុង​យេរូសាឡិម ។ ប៉ុន្តែ រឿងនោះគឺ​កន្លងទៅ​ជាង​រាប់ពាន់​ឆ្នាំ​មកហើយ ។ ហេតុអ្វី​វា​មាន​តម្លៃ​ដើម្បី​អាន​ពី​ការព្យាករទាំង​នេះ​នៅ​សព្វថ្ងៃ​នេះ ?

ទោះបីជា​ទីក្រុង​ដ៏​ឆ្មើងឆ្មៃ ហើយទុច្ចរិត​ទាំងនោះ​ត្រូវបាន​បំផ្លាញ​ទៅ​ក្តី ក៏​អំពើ​ទុច្ចរិត​ដ៏​ឆ្មើងឆ្មៃ​នៅតែ​មាន​ដដែល ។ យើង​ថែមទាំង​អាច​មើលឃើញ​ដាន​របស់​វា​នៅក្នុង​ដួងចិត្ត​យើង​ផង​ដែរ ។ ព្យាការី​ក្នុង​គម្ពីរ​សញ្ញាចាស់​បង្ហាញ​ពីរបៀប​ដែលយើង​អាច​ងាកចេញ​ពី​អំពើ​អាក្រក់​ទាំងនេះ​បាន ។ ប្រហែល​នោះ​ជាមូលហេតុ​មួយ​ដែល​យើង​នៅតែ​អាន​ប្រសាសន៍​របស់​ពួក​លោក​នៅសព្វ​ថ្ងៃនេះ ។ ពួកលោក​ពុំមែន​គ្រាន់តែ​ជា​ពួកព្យាការី​ដែល​ព្យាករ​តែ​ពី​ការវិនាស​នោះទេ—ពួកលោក​ក៏​ជា​ព្យាការី​នៃ​ការរំដោះ​ផងដែរ ។ ការពិពណ៌នា​ពី​ការបំផ្លិច​បំផ្លាញ​រាង​ចុះថយ​ដោយ​ការអញ្ជើញ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។ ដូចដែល​មីកា​បានលើកឡើង​ថា ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​ក្នុង​ការដាក់ទោស​យើង​នោះទេ ប៉ុន្តែ « ទ្រង់សព្វ​ព្រះហឫទ័យ​នឹង​សេចក្តីសប្បុរស​វិញ »​( មីកា ៧:១៨ ) ។ នេះ​គឺជា​របៀប​របស់​ព្រះអម្ចាស់​កាល​ពី​បុរាណ និង​ជា​របៀប​របស់​ទ្រង់​នៅ​សម័យ​នេះ។ « ដំណើរ​របស់​ទ្រង់​មាន​តាំង​ពីបុរាណ​មក » ( ហាបាគុក ៣:៦ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្តីពី​គម្ពីរ​ទាំងនេះ សូមមើល « មីកា » « ណាហ៊ុម » « ហាបាគុក » និង « សេផានា » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

មីកា ៦:១–៨

« តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច ? »

មីកា​អញ្ជើញ​យើង​ឲ្យ​ស្រមៃថា តើ​វា​អាច​មាន​សភាព​ដូចម្ដេច​ក្នុង​ការ « ចូល​ទៅ​ចំពោះ​ព្រះ​យេហូវ៉ា​ ហើយ​ក្រាប … នៅមុខ​ព្រះ​ដ៏​ខ្ពស់ » ( មីកា ៦:៦ ) ។ តើ ខទី ៦–៨ ផ្តល់​យោបល់​ដល់​បងប្អូន​អំពី​អ្វី​ខ្លះ ដែល​មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់ នៅពេល​ទ្រង់​វាយ​តម្លៃ​ជីវិត​របស់​បងប្អូន ?

សូមមើល​ផងដែរ ឌែល ជី រិនឡាន់ « Do Justly, Love Mercy, and Walk Humbly with God » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១០៩–១១២ ។

ជញ្ជាំងថ្ម​នៃ​បន្ទាយ

« ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទីពឹង​មាំមួន​នៅ​គ្រា​លំបាក » ( ណាហ៊ុម ១:៧ ) ។

ណាហ៊ុម ១

ព្រះអម្ចាស់​មាន​ទាំង​ព្រះចេស្ដា និង​សេចក្ដីមេត្តា​ករុណា ។

បេសកកម្ម​របស់​ណាហ៊ុម​គឺ​ដើម្បី​ប្រាប់​ទុក​ជា​មុន​អំពី​ការ​បំផ្លិច​បំផ្លាញ​នៃ​ក្រុង​នីនីវេ—ជា​រាជធានី​នៃ​ស្រុក​អាសស៊ើរ​ដែល​ជា​ចក្រភព​ដ៏​ឃោរឃៅ ដែល​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​បែកខ្ញែកគ្នា និង​បាន​ធ្វើ​បាប​សាសន៍​យូដា​យ៉ាង​ឃោរឃៅ ។ ណាហ៊ុម​បាន​ចាប់ផ្ដើម​ដោយ​រៀបរាប់​ពី​សេចក្ដី​ក្រោធខឹង និង​ព្រះចេស្ដា​ដ៏​គ្មាន​គូ​ផ្ទឹម​របស់​ព្រះ ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​អំពី​សេចក្ដីមេត្តា​ករុណា និង​សេចក្ដីល្អ​របស់​ព្រះ​ដែរ ។ សូម​រកមើល​ខគម្ពីរ​នៅក្នុង ជំពូក ១ ដែល​ជួយ​បងប្អូន​ឲ្យ​យល់ដឹង​ពី​គុណលក្ខណៈ​ទាំងនេះ​នីមួយៗ—និង​គុណលក្ខណៈ​ផ្សេងទៀត​អំពី​ព្រះ​ដែល​បងប្អូន​សម្គាល់​ឃើញ ។ ហេតុអ្វីបាន​ជា​បងប្អូន​គិត​ថា វាមាន​សារៈសំខាន់​ដើម្បី​ដឹង​រឿង​ទាំង​នេះ​អំពី​ព្រះអម្ចាស់ ?

ហាបាគុក

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំអាចទុកចិត្ត​លើ​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​កាលវេលា​របស់​ទ្រង់ ។

ពេលខ្លះ​សូម្បីតែ​ពួកព្យាការី​ក៏​មាន​សំណួរ​អំពី​របៀប​របស់​ព្រះអម្ចាស់​ដែរ ។ ហាបាគុក​ដែល​រស់នៅគ្រា​នៃ​ការរីករាលដាល​ដ៏​ធំ​នៃ​សេចក្ដី​ទុច្ចរិត​នៅ​ស្រុក​យូដា បាន​ចាប់ផ្ដើម​កំណត់ត្រា​របស់​លោក​ជាមួយ​នឹង​សំណួរ​ទៅ​កាន់​ព្រះអម្ចាស់ ( សូមមើល ហាបាគុក ១:១–៤ ) ។ តើ​បងប្អូន​នឹង​សង្ខេប​ពីកង្វល់​របស់​ហាបាគុក​យ៉ាង​ដូចម្ដេច ? តើ​មនុស្ស​សួរ​សំណួរ​ស្រដៀង​នេះ​អ្វីខ្លះ​អំពី​ព្រះ​នាពេល​បច្ចុប្បន្ន ? តើ​បងប្អូន​ធ្លាប់មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ដែរ​ឬទេ ? ពួកគេ​ក៏អាច​ប្រៀបធៀប​សំណួរ​របស់​លោក ទៅនឹង​សំណួរ​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​បាន​ផងដែរ ដូចជា​បទគម្ពីរ​នៅក្នុង ម៉ាកុស ៤:៣៧–៣៨ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:១–៦ ។

ព្រះអម្ចាស់​បាន​តប​ទៅនឹង​សំណួរ​របស់​ហាបាគុក ដោយមាន​បន្ទូល​ថា ទ្រង់​នឹង​ចាត់​សាសន៍​ខាល់ដេ ( ពួក​បាប៊ីឡូន ) ឲ្យ​ដាក់​ទោស​ដល់​សាសន៍​យូដា ( សូមមើល ហាបាគុក ១:៥–១១ ) ។ ប៉ុន្តែ​ហាបាគុក​នៅ​តែ​ខ្វល់​ក្នុង​ចិត្ត ពីព្រោះ​វា​ហាក់​ដូចជា​អយុត្តិធម៌​ ដោយសារ​ព្រះអម្ចាស់​ឈរចាំ​មើល « កាល​ដែល​ពួកអ្នក [ បាប៊ីឡូន ] អាក្រក់​លេប​មនុស្ស [ សាសន៍​យូដា ] ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ » ( សូមមើល ខទី ១២–១៧ ) ។ តើ​បងប្អូន​រក​ឃើញអ្វីខ្លះ​នៅក្នុង ហាបាគុក ២:១–៤ ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ពេល​ដែល​បងប្អូន​មាន​សំណួរ​ដែល​គ្មាន​ចម្លើយ​នោះ ?​( សូមមើល​ផងដែរ ម៉ាកុស ៤:៣៩–៤០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៧–៨; « God Will Lift Us Up » [វីដេអូ], បណ្ណាល័យ​ដំណឹង​ល្អ ) ។

4:59

God Will Lift Us Up

ជំពូក ៣ គឺជា​ការអធិស្ឋាន​របស់​ហាបាគុក​អំពី​ការសរសើរ និង​សេចក្ដីជំនឿ ។ តើ​សំឡេង​របស់​ហាបាគុក​នៅក្នុង ជំពូក ៣ ខុសពី ជំពូក ១​យ៉ាង​ដូចម្ដេច ? នេះ​ជា​គំនិត​មួយ​ដើម្បី​ជួយ​បងប្អូន​ជញ្ជឹងគិត​ពី ខទី ១៧–១៩ ៖ ធ្វើ​បញ្ជី​អំពី​ពរជ័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែល​ព្រះ​បាន​ប្រទាន​ដល់​បងប្អូន ។ បន្ទាប់មក​សូមស្រមៃថា បងប្អូន​បាន​បាត់បង់​ពរជ័យ​ខាងសាច់ឈាម ។ តើ​រឿង​នោះអាច​ធ្វើ​ឲ្យ​បងប្អូន​មានអារម្មណ៍​យ៉ាង​ដូចម្ដេច អំពី​ពរជ័យ​ផ្សេងទៀត ? ហេតុអ្វី​បាន​ជា​វា​អាច​ជា​ការលំបាក​ក្នុង​ការ « អរ​រីករាយ​ដោយសារ​ព្រះយេហូវ៉ា » ( ខទី ១៨ ) ក្នុង​ពេល​មាន​ការលំបាក​ដូច​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ខទី ១៧ ? សូមពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​អភិវឌ្ឍ​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ជាង​នេះ​លើ​ព្រះ ទោះ​ជាពេល​ដែល​ជីវិត​ទំនង​ជា​មាន​ភាព​អយុត្តិធម៌​ក្ដី ។

សូមមើល​ផង​ដែរ ហ្គើរីត ដបុលយូ ហ្គង « គ្រប់​អ្វីៗ​ទាំងអស់​សម្រាប់​សេចក្ដីល្អ​ដល់​យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៤១–៤៤; « ដើរ​តាម​ពន្លឺ » ទំនុកតម្កើងល.រ. ៤៦; ប្រធានបទ និង សំណួរ « ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ » បណ្ណាល័យ​ដំណឹង​ល្អ ។

មាន​ចិត្ត​អត់ធ្មត់ ។ ពេលខ្លះ យើង​ចង់​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​ភ្លាមៗ ប៉ុន្តែការ​យល់ដឹង​ខាង​វិញ្ញាណ​ត្រូវការ​ពេលវេលា ហើយ​មិន​អាច​បង្ខំបាន​ឡើយ ។ ដូចដែល​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ហាបាគុក​ថា « ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ » ( ហាបាគុក ២:៣ ) ។

សេផានា

« អស់​អ្នក​រាបសា​នៅ​ផែនដី ចូរ​ស្វែង​រក​ទ្រង់ » ។

នៅពេល​បងប្អូន​អាន​ការព្យាករ​របស់​សេផានា សូម​កត់​សម្គាល់​ពី​ឥរិយាបថ និង​អាកប្បកិរិយា​ដែល​បាន​ដឹកនាំ​ទៅរក​ការបំផ្លិចបំផ្លាញ—ជាពិសេស សូមមើល សេផានា ១:៤–៦, ១២; ២:៨, ១០, ១៥; ៣:១–៤ ។ បន្ទាប់មក សូម​រកមើល​បុគ្គលិក​លក្ខណៈ​របស់​ប្រជាជន​ដែល​ព្រះ​នឹង​រក្សា​ទុក—សូមមើល សេផានា ២:១–៣; ៣:១២–១៣, ១៨–១៩ ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​មាន​ព្រះ​រាជសារ​អ្វីខ្លះ​ដល់​បងប្អូន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

សេផានា ៣:១៤–២០

ព្រះអម្ចាស់​នឹង​អរ​ព្រះទ័យ​ជាមួយ​ប្រជាជន​របស់​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន ។

បន្ទាប់ពី​អាន សេផានា ៣:១៤–២០ រួច​សូមមើល​ថា តើ​មាន​វិធី​ប៉ុន្មាន​ដែល​បងប្អូន​អាច​បំពេញ​ប្រយោគ​នេះ ៖ « ចូរអរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត »​ដោយសារ … ហេតុអ្វី​វា​សំខាន់​ចំពោះ​បងប្អូន​ដើម្បី​ដឹង​អំពី​ហេតុផល​ទាំងនេះ​ដើម្បី​អរសប្បាយ ? បងប្អូន​អាច​ប្រៀបធៀប​ខគម្ពីរ​ទាំង​នេះ​ទៅ​នឹង​បទពិសោធន៍​ដែល​បាន​រៀបរាប់​នៅ​ក្នុង នីហ្វៃទី ៣ ១៧ ហើយ​ពិចារណា​ពី​ព្រះទ័យ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​រាស្ត្រ​ទ្រង់—រួម​ទាំង​បងប្អូន​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

មីកា ៥:១

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ។

  • កូនៗ​បងប្អូន​ប្រហែលជា​មិនដឹង​នោះ​ទេ​ថា វាជា​ការព្យាករ​របស់​មីកា ដែល​បានជួយ​ពួកហោរ​រកឃើញ​ព្រះឱរស​យេស៊ូវ​នៅ​បេថ្លេហិម ។ ដោយប្រើ មីកា ៥:២ និង ម៉ាថាយ ២:១–៦ ប្រហែលជា​កូនៗ​បងប្អូន​អាច​សម្ដែង​នូវ​បទពិសោធន៍​របស់ពួកគេ​ឡើងវិញ ។ បន្ទាប់​មក បងប្អូន​អាច​និយាយ​អំពី​មូលហេតុ​ដែល​ការប្រសូត​របស់​ព្រះយេស៊ូវ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ រហូតដល់​ពួក​ហោរា​បាន​ដឹង​អំពី​ការណ៍​នេះ​ជាច្រើន​ឆ្នាំមុន​ទ្រង់​ប្រសូត ។

ហោរា​បីនាក់​កំពុង​សម្លឹងមើល​ផ្កាយថ្មី

បុត្រ​បរិសុទ្ធ​ប្រសូត​ហើយ ដោយ ដាណា វូដ

ណាហ៊ុម ១:៧

« ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំមួន​នៅ​គ្រា​លំបាក » ។

  • បន្ទាប់​ពី​បាន​អាន ណាហ៊ុម ១:៧ កូនៗ​បងប្អូន​អាច​សង់ ឬ​គូរ « ទីពឹង​មាំមួយ » ឬ​បន្ទាយ​ដ៏​សាមញ្ញ ( មាន​រូបភាព​មួយ​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ) ។ តើ​មូលហេតុ​មួយ​ចំនួន​អ្វីខ្លះ ​ដែល​មនុស្ស​អាច​ត្រូវការ​បន្ទាយ​មួយ ? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​គ្រា​របស់​យើង​ក្លាយ​ជា « គ្រាលំបាក » ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រៀបបាន​នឹង​ទីពឹង មាំមួន​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច ?

ហាបាគុក ២:៣

ព្រះ​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់​ជានិច្ច ។

  • ដើម្បី​ណែនាំ ហាបាគុក ២:៣ បងប្អូន​និង​កូនៗ​បងប្អូន​អាច​និយាយ​អំពី​អ្វី​ដែល​ល្អៗ ប៉ុន្តែ​បន្ទាប់​ពី​យើង​រង់ចាំ—ដូចជា​ផ្លែឈើ​ដែល​ត្រូវ​ទុំ ឬ​ម្សៅនំ​ដែល​ត្រូវ​ដុត ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​បាន​ព្យាយាម​ទទួលទាន​ផ្លែឈើ ឬ​ម្សៅនំ​មុន​ពេល​វាឆ្អិន ឬ​ទុំនោះ ? បន្ទាប់​មក បងប្អូន​អាច​និយាយ​អំពី​ព្យាការី​ហាបាគុក ដែល​ចង់​ដឹង​ថា តើ​ពេល​ណា​ព្រះអម្ចាស់​នឹង​បញ្ឈប់​អំពើ​ទុច្ចរិត​ក្នុង​លោកិយ ។ សូមអាន​ចម្លើយ​របស់​ព្រះអម្ចាស់​នៅក្នុង ហាបាគុក ២:៣ ។ បងប្អូន​អាច​ជួយ​កូនៗ​បងប្អូន​គិត​អំពី​អ្វី​ដែល​ព្រះ​បាន​សន្យា ។ ជាមួយនឹង​ឧទាហរណ៍​នីមួយៗ បងប្អូន​អាច​និយាយ​ជាមួយគ្នា « ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ » ។

ហាបាគុក ២:១៤

ខ្ញុំ​អាច​ជួយ​បំពេញ​ផែនដី​ជាមួយ​នឹង​ការចេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ឆ្លុះបញ្ចាំង​ពី ហាបាគុក ២:១៤ បងប្អូន និង​កូនៗ​បងប្អូន​អាច​បំពេញ​ដប ឬ​ធុង​ផ្សេងទៀត​ជាមួយនឹង​រូបភាព ឬ​ពាក្យ​ដែលតំណាង​ឲ្យ​អ្វីៗដែល​ព្រះយេស៊ូវ​បានធ្វើ ឬ​បង្រៀន ។ តើយើង​អាច​ជួយ​បំពេញ​ពិភពលោក​នេះ​ជាមួយ​នឹង​ចំណេះដឹង​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

  • បងប្អូន​ក៏អាច​បង្ហាញ​ផែនទី​ពិភពលោក​ទៅ​កូនៗ​បងប្អូន ( សូមមើល ផែនទី​ប្រវត្តិ​សាសនាចក្រ ល.រ. ៧ « ផែនទី​នៃ​ពិភពលោក » ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​កន្លែង​ដែល​ពួកគេ​រស់នៅ និង​កន្លែង​ទាំងឡាយ​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ពួកគេ​ស្គាល់​បាន​បម្រើ ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​រួមគ្នា​អំពី​ការចែកចាយ​ដំណឹងល្អ​ដូចជា​បទ « យើង​នឹង​នាំ​ការពិត​ទ្រង់​ដល់​លោកិយ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩២–៩៣ ) ។ តើ​យើង​អាច​ប្រាប់​អ្នកដទៃ​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សេផានា ៣:១៤–២០

ព្រះយេស៊ូវគ្រីស្ទ​អរសប្បាយ​នឹង​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់ ។

  • នៅក្នុង សេផានា ៣:១៤–២០ កូនៗ​បងប្អូន​អាច​រក​មើល​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចង់ « ច្រៀង … អរ​សប្បាយ ហើយ​រីករាយ​ឲ្យអស់​អំពី​ចិត្ត » ។ ប្រហែល​ជា​បងប្អូន​អាច​ច្រៀង​ទំនុកតម្កើង ឬ​ចម្រៀង​ដ៏​រីករាយ​មួយ​ចំនួន​ជាមួយ​គ្នា ហើយ​និយាយ​អំពី​អំណរ​ដែល​បងប្អូន​រក​ឃើញ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ព្រះយេស៊ូវ​កំពុង​ញញឹម​ដាក់​កុមារ​មួយក្រុម

ហើយ​ទ្រង់​បាន​យក​កូន​ក្មេង​របស់​ពួក​គេ​ម្ដង​ម្នាក់ៗ ដោយ ខេស៊ី ឆាល

ទំព័រ​សកម្មភាព​សម្រាប់​អង្គការបឋម​សិក្សា ៖ ចូរ​ស្វែង​រក​ទ្រង់