« ថ្ងៃទី២១–២៧ ខែធ្នូ ‹ យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង › ៖ បុណ្យគ្រីស្ទម៉ាស់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២១–២៧ ខែធ្នូ ‹ យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
For unto Us a Child Is Born [ ដ្បិតមានបុត្រមួយកើតដល់យើង ] ដោយ ស៊ីម៉ូន ឌូវី
ថ្ងៃទី២១–២៧ ខែធ្នូ ៖ « យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង »
បុណ្យគ្រីស្ទម៉ាស់
ព្រះគម្ពីរសញ្ញាចាស់នាំមកនូវវិញ្ញាណនៃការទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ ។ តាមរបៀបនោះហើយ ដែលព្រះគម្ពីរសញ្ញាចាស់គឺដូចជារដូវបុណ្យគ្រីស្ទម៉ាស់ដែរ ។ ចាប់ផ្តើមជាមួយលោកអ័ដាម និងនាងអេវ៉ា ដែលជាអយ្យកោក្នុងព្រះគម្ពីរសញ្ញាចាស់ ជាព្យាការី ជាកវី និងជាបុគ្គលដែលទន្ទឹងរង់ចាំឲ្យមានថ្ងៃមួយដ៏ល្អប្រសើរជាងមុន ដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ការបន្ត និងការជួយសង្រ្គោះរបស់ព្រះមែស៊ី ។ ហើយសាសន៍អ៊ីស្រាអែលត្រូវការក្តីសង្ឃឹមនោះជាញឹកញាប់—មិនថាពួកគេស្ថិតក្នុងសេវកភាពនៅស្រុកអេស៊ីព្ទ ឬបាប៊ីឡូន ឬត្រូវជាប់ជាឈ្លើយដោយព្រោះតែអំពើបាប ឬការបះបោររបស់ពួកគេនោះទេ ។ ពេលឆ្លងកាត់រឿងទាំងនេះ ពួកព្យាការីបានរំឭកដល់ពួកគេថា ព្រះមែស៊ី ដែលជាអង្គជួយសង្រ្គោះ នឹងយាងមក « ប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ » ( អេសាយ ៦១:១ ) ។
ក្តីសង្ឃឹមនោះបានចាប់ផ្តើមដឹង នៅពេលព្រះយេស៊ូវគ្រីស្ទបានប្រសូតនៅឯបេថ្លេហិម ។ អង្គជួយសង្រ្គោះដ៏មហិមានៃសាសន៍អ៊ីស្រាអែលបានប្រសូតនៅក្នុងក្រោលសត្វ ហើយផ្ទំនៅក្នុងស្នូក ( សូមមើល លូកា ២:៧ ) ។ ប៉ុន្តែទ្រង់មិនមែនត្រឹមតែជាអង្គជួយសង្រ្គោះនៃសាសន៍អ៊ីស្រាអែលពីបុរាណប៉ុណ្ណោះទេ ។ ទ្រង់បានយាងមកដើម្បីជួយសង្រ្គោះបងប្អូន—ដើម្បីរងអស់ទាំងសេចក្តីឈឺចាប់របស់បងប្អូន ដើម្បីផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់បងប្អូន ដើម្បីត្រូវវាយដំ ដោយព្រោះអំពើទុច្ចរិតរបស់បងប្អូន ដើម្បីឲ្យស្នាមរំពាត់របស់ទ្រង់បានព្យាបាលដល់បងប្អូន ( សូមមើល អេសាយ ៥៣:៤–៥ ) ។ នេះជាដើមទងដែលពិធីបុណ្យគ្រីស្ទម៉ាស់ពោរពេញដោយការចូលរួមដ៏រីករាយ សូម្បីតែនៅជំនាន់នេះក្តី ។ ព្រះមែស៊ីបានយាងមកកាលពី ២,០០០ ឆ្នាំមុន ហើយទ្រង់នៅបន្តយាងមកនៅក្នុងជីវិតរបស់យើង នៅពេលណាដែលយើងស្វែងរកទ្រង់ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ខ្ញុំរីករាយក្នុងព្រះប្រោសលោះរបស់ខ្ញុំ ។
បុណ្យគ្រីស្ទម៉ាស់ត្រូវបានស្គាល់ថាជារដូវកាលដ៏រីករាយមួយ ពីព្រោះតែអំណរដែលព្រះយេស៊ូវគ្រីស្ទបាននាំមកឲ្យពិភពលោកនេះ ។ ជាច្រើនសតវត្សរ៍ពីមុនព្រះអង្គសង្រ្គោះបានប្រសូតមក ពួកព្យាការីនៃព្រះគម្ពីរសញ្ញាចាស់ក៏មានអំណរដែរ កាលដែលពួកលោកនិយាយអំពីការយាងមករបស់ព្រះមែស៊ី ។ សូមអានវគ្គបទគម្ពីរដូចតទៅនេះ ហើយសូមគិតអំពីមូលហេតុដែលវគ្គបទគម្ពីរទាំងនេះ មានតម្លៃចំពោះមនុស្សដែលទន្ទឹងរង់ចាំដល់បេសកកម្មរបស់ព្រះអង្គសង្រ្គោះ ៖ ទំនុកដំកើង ៣៥:៩; អេសាយ ២៥:៨–៩; ៤៤:២១–២៤; ៥១:១១; សេផានា ៣:១៤–២០; ម៉ូសេ ៥:៥–១១ ។ ហេតុអ្វីវគ្គបទគម្ពីរទាំងនេះមានតម្លៃចំពោះបងប្អូន ? តើហេតុផលអ្វីខ្លះដែលវគ្គបទគម្ពីរទាំងនេះផ្តល់ឲ្យមានអំណរ ?
សូមមើលផងដែរ ដាល្លិន អេក អូក « ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » ( ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ), បណ្ណាល័យដំណឹងល្អ; « អំណរដល់លោក » ទំនុកតម្កើង ល.រ. ១២៤ ។
ទីសម្គាល់អាចជួយខ្ញុំឲ្យចងចាំដល់ព្រះយេស៊ូវគ្រីស្ទ ។
ទំនៀមទម្លាប់ជាច្រើនដែលទាក់ទងនឹងបុណ្យគ្រីស្ទម៉ាស់អាចមានអត្ថន័យជាទីសម្គាល់ ដែលចង្អុលបង្ហាញយើងទៅកាន់ព្រះគ្រីស្ទ ។ នៅពេលបងប្អូនសិក្សាព្រះគម្ពីរសញ្ញាចាស់នៅឆ្នាំនេះ បងប្អូនប្រហែលជាសង្កេតឃើញថាមានទីសម្គាល់ជាច្រើនពីព្រះអង្គសង្រ្គោះ ។ ទីសម្គាល់មួយចំនួនត្រូវបានរៀបរាប់ដូចខាងក្រោមនេះ ។ សូមពិចារណាធ្វើការសិក្សាខគម្ពីរទាំងនេះ និងកត់ត្រាអ្វីដែលខគម្ពីរទាំងនេះបង្រៀនបងប្អូនអំពីទ្រង់ ។
-
ផ្កាយ ( ជនគណនា ២៤:១៧; ម៉ាថាយ ២:២; វិវរណៈ ២២:១៦ ) ។
-
អ្នកគង្វាល ( ទំនុកដំកើង ២៣; លូកា ១៥:៤–៧; យ៉ូហាន ១០:១១ )
-
កូនចៀម ( លោកុប្បត្តិ ២២:៨; និក្ខមនំ ១២:៥; ពេត្រុស ទី១ ១:១៨–២០ ) ។
-
ទឹក ( និក្ខមនំ ១៧:១–៦; យេរេមា ២:១៣; អេសេគាល ៤៧:១–១២; យ៉ូហាន ៤:៧–១៤ ) ។
-
ថ្មដា ( សាំយូអែល ទី១ ២:២; សាំយូអែល ទី២ ២២:២–៣; ទំនុកដំកើង ១១៨:២២–២៣; អេសាយ ២៨:១៦; អេភេសូរ ២:២០ ) ។
-
លំពង់ ( អេសាយ ១១:១–២; យេរេមា ២៣:៥; ៣៣:១៥ ) ។
-
ពន្លឺ ( ទំនុកដំកើង ២៧:១; អេសាយ ៩:២; ៦០:១៩; មីកា ៧:៨; យ៉ូហាន ៨:១២ ) ។
តើទីសម្គាល់ វគ្គបទគម្ពីរ និងដំណើររឿងអ្វីខ្លះទៀតដែលបងប្អូនបានរកឃើញនៅក្នុងបទគម្ពីរ ដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ?
សូមមើលផងដែរ នីហ្វៃទី២ ១១:៤; ម៉ូសាយ ៣:១៤–១៥; ម៉ូសេ ៦:៦៣; « គំរូ និងនិមិត្តរូបទាំងឡាយអំពីព្រះគ្រីស្ទ » និង « ព្រះយេស៊ូវគ្រីស្ទ »នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( បណ្ណាល័យដំណឹងល្អ ) ។
« ព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ » ។
ព្រះយេស៊ូវគ្រីស្ទត្រូវបានហៅតាមព្រះនាម និងព្រះគោរមងារខុសៗគ្នាជាច្រើន ។ សូមរកមើលព្រះគោរមងារនៅក្នុងខគម្ពីរដូចតទៅ ៖ ទំនុកដំកើង ២៣:១; ៨៣:១៨; អេសាយ ៧:១៤; ៩:៦; ១២:២; ៦៣:១៦; អេម៉ុស ៤:១៣; សាការី ១៤:១៦; ម៉ូសេ ៧:៥៣ ។ តើព្រះគោរមងារអ្វីដែលបងប្អូនអាចគិតដល់ ? បងប្អូនថែមទាំងអាចរីករាយនឹងការរាយព្រះគោរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ដែលបងប្អូនរកឃើញនៅក្នុងទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ផងដែរ ។ តើព្រះគោរមងារនីមួយៗជះឥទ្ធិពលលើរបៀបដែលបងប្អូនគិតអំពីទ្រង់យ៉ាងដូចម្តេច ?
សូមពិចារណាជ្រើសរើសព្រះគោរមងារ ឬតួនាទីរបស់ព្រះអង្គសង្គ្រោះ ដែលនឹងជួយបងប្អូនចងចាំទ្រង់ពេញមួយឆ្នាំក្រោយ ។
សូមមើលផងដែរ ឃ្វីនថិន អិល ឃុក « សេចក្ដីសុខសាន្ដផ្ទាល់ខ្លួននៅក្នុងគ្រាលំបាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៨៩–៩២; « ឭ ! ពួកទេវតាច្រៀងបទ » ទំនុកតម្កើង ល.រ. ១៣១ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះគម្ពីរសញ្ញាចាស់បង្រៀនខ្ញុំអំពីព្រះយេស៊ូវ ។
-
បងប្អូន និងកូនៗរបស់បងប្អូនប្រហែលជាមានការតុបតែងបុណ្យគ្រីស្ទម៉ាស់ខ្លះ ដែលបងប្អូនអាចប្រើដើម្បីចាប់ផ្តើមការសន្ទនាអំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជាបងប្អូនអាចនិយាយអំពីរបៀបដែលផ្កាយ ពន្លឺ ឬអំណោយបុណ្យគ្រីស្ទម៉ាស់មួយរំឭកយើងអំពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក បងប្អូនអាចមើលក្នុងខគម្ពីរមួយ ឬច្រើនដូចតទៅនេះ សម្រាប់អ្វីដែលអាចតំណាងព្រះយេស៊ូវគ្រីស្ទ ៖ លោកុប្បត្តិ ២២:៨; ជនគណនា ២៤:១៧; ទំនុកដំកើង ២៣:១; ២៧:១ ។ ប្រហែលជាកូនៗបងប្អូនអាចកាន់រូបភាព ឬការតុបតែងដែលមានជាមួយនឹងខគម្ពីរនីមួយៗ នៅពេលពួកគេអានវា ។ តើព្រះយេស៊ូវប្រៀបដូចជា កូនចៀម ផ្កាយ អ្នកគង្វាល ឬពន្លឺមួយ ដោយរបៀបណា ? សូមពិចារណាច្រៀងចម្រៀងគ្រីស្ទម៉ាស់មួយជាមួយគ្នា ដូចជាបទ « ផ្កាយចាំងពន្លឺ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២៤ ) ។
-
កូនៗបងប្អូនក៏អាចមើលរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀននេះផងដែរ នៅពេលបងប្អូនអាន អេសាយ ៩:៦ ទៅកាន់ពួកគេ ។ សូមឲ្យកូនៗបងប្អូនចង្អុលទៅព្រះឱរសយេស៊ូវ នៅពេលពួកគេឮឃ្លាថា « បុត្រ១កើត » ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ពួកព្យាការីនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានដឹងថា ព្រះយេស៊ូវនឹងប្រសូតមក ។
-
កាលដែលបងប្អូនរៀបចំខ្លួនសិក្សាអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំក្រោយ សូមពិចារណារំឭកឡើងវិញជាមួយកូនៗបងប្អូន ពីអ្វីដែលពួកគេបានរៀនអំពីទ្រង់ក្នុងព្រះគម្ពីរសញ្ញាចាស់នៅឆ្នាំនេះ ។ បងប្អូនអាចរំឭកឡើងវិញពីគម្រោងមេរៀននៅក្នុងធនធាននេះ ហើយនិងកំណត់ចំណាំការសិក្សាផ្ទាល់ខ្លួនណាមួយដើម្បីជួយឲ្យបងប្អូនចងចាំពីអ្វីដែលបងប្អូនបានរៀន ។ កុមារតូចៗអាចទទួលអត្ថប្រយោជន៍ពីការមើល ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ឬរូបភាពនៅក្នុង ចូរមកតាមខ្ញុំ ។ តើការព្យាករ ឬដំណើររឿងអ្វីដែលលេចធ្លោ ? តើយើងបានរៀនអ្វីអំពីព្រះអង្គសង្រ្គោះ ?
ទំនៀមទម្លាប់ពិធីបុណ្យគ្រីស្ទម៉ាស់អាចចង្អុលបង្ហាញទៅព្រះយេស៊ូវគ្រីស្ទ ។
-
ទំនៀមទម្លាប់របស់ក្រុមគ្រួសារសាសន៍អ៊ីស្រាអែលដូចជា បុណ្យរំលង និងបុណ្យផ្សេងៗទៀត គឺក្នុងគោលបំណងដើម្បីផ្តោតចិត្ត និងគំនិតរបស់ពួកគេចំពោះព្រះអម្ចាស់ ( សូមមើល និក្ខមនំ ១២ ) ។ តើទំនៀមទម្លាប់អ្វីខ្លះដែលបងប្អូន និងកូនៗបងប្អូនមាននៅបុណ្យគ្រីស្ទម៉ាស់ ដែលជួយបងប្អូនឲ្យផ្តោតអារម្មណ៍លើព្រះយេស៊ូវគ្រីស្ទ ? តើទំនៀមទម្លាប់អ្វីដែលបងប្អូនស្គាល់ តាមរយៈពង្សប្រវត្តិរបស់បងប្អូន ? បងប្អូនអាចពិចារណាធ្វើការពិភាក្សាជាមួយកូនៗបងប្អូននូវទំនៀមទម្លាប់មួយចំនួនដែលបងប្អូនចង់ចាប់ផ្តើមធ្វើ ។ គំនិតមួយចំនួនអាចរួមមាន ការបម្រើដល់នរណាម្នាក់ដែលទ័លក្រ ការជ្រើសរើសអ្វីមួយដែលបងប្អូននឹងផ្ដល់ឲ្យជា« អំណោយ » ថ្វាយព្រះអង្គសង្គ្រោះ ការអញ្ជើញមិត្តម្នាក់ឲ្យទស្សនាការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយជាមួយបងប្អូន ( broadcasts.ChurchofJesusChrist.org ) ការសរសេរបទចម្រៀងបុណ្យគ្រីស្ទម៉ាស់របស់បងប្អូនផ្ទាល់ ឬការស្វែងរកវិធីច្នៃប្រឌិតមួយដើម្បីចែកចាយសារលិខិតអំពីការប្រសូតរបស់ព្រះគ្រីស្ទ ។
នៅក្នុងគេហដ្ឋាន ការរៀនសូត្រ និងការរស់នៅពុំអាចបំបែកគ្នាបានឡើយ ។ « ដំណឹងល្អទាក់ទងយ៉ាងជិតស្និទ្ធនឹងទំនាក់ទំនងនៅក្នុងគេហដ្ឋាន ។ មនុស្សដែលបងប្អូនកំពុងរៀនសូត្រដំណឹងល្អជាមួយនៅក្នុងគេហដ្ឋាន គឺជាមនុស្សដែលបងប្អូននឹងរស់នៅតាមដំណឹងល្អជាមួយ—ជារៀងរាល់ថ្ងៃផងដែរ ។ ប្រាកដណាស់ ភាគច្រើនការរស់នៅតាមដំណឹងល្អគឺជា របៀប ដែលយើងរៀនដំណឹងល្អ ។ ដូច្នេះនៅពេលអ្នករៀន និងបង្រៀនដំណឹងល្អនៅឯគេហដ្ឋាន សូមរកមើលរបៀបផ្សារភ្ជាប់អ្វីដែលអ្នកកំពុងរៀនជាមួយនឹងអ្វីដែលអ្នកកំពុងធ្វើ ។ សូមឲ្យដំណឹងល្អក្លាយជាអ្វីមួយដែលអ្នកព្យាយាមរស់នៅតាមនៅក្នុងគេហដ្ឋានរបស់អ្នក ពុំមែនគ្រាន់តែជាអ្វីមួយដែលអ្នកនិយាយពីវានោះទេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះទំព័រ ៣១ ) ។
រូបភាពអំពីប្រសូតិកម្មដោយ អេថាន ប្រោន
ព្រះវរបិតាសួគ៌បានប្រទានឲ្យខ្ញុំនូវអំណោយទាននៃព្រះរាជបុត្រាទ្រង់ដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
-
តើបងប្អូនអាចជួយកូនៗបងប្អូនឲ្យមានអារម្មណ៍គារវភាព និងអំណរនៃការប្រសូតរបស់ព្រះគ្រីស្ទដោយរបៀបណា ? បងប្អូនអាចមើលវីដេអូ « The Christ Child » ( បណ្ណាល័យដំណឹងល្អ ) ឬអានរួមគ្នានូវ ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០ ។ កូនម្នាក់ៗអាចជ្រើសរើសតួអង្គម្នាក់ពីវីដេអូ ឬដំណើររឿងក្នុងព្រះគម្ពីរ ហើយចែកចាយពីអារម្មណ៍របស់បុគ្គលនោះចំពោះព្រះអង្គសង្គ្រោះ ។ បន្ទាប់មក បងប្អូនអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវអារម្មណ៍ផ្ទាល់ខ្លួនរបស់បងប្អូនអំពីទ្រង់ ។
17:57The Christ Child
-
ប្រហែលជាបងប្អូន និងកូនៗបងប្អូនអាចនិយាយអំពីអំណោយដែលបងប្អូនបានផ្តល់ ឬទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំដែលវានាំមកនូវអំណរ ។ បន្ទាប់មក បងប្អូនអាចអាន អេសាយ ២៥:៩ ជាមួយគ្នា ហើយនិយាយអំពីមូលហេតុដែលបងប្អូនរីករាយដែលព្រះវរបិតាសួគ៌បានចាត់ព្រះអង្គសង្គ្រោះមកឲ្យយើង ។ ដើម្បីជួយកូនៗបងប្អូនឲ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងនាមជាព្រះអង្គសង្គ្រោះរបស់យើង សូមអញ្ជើញពួកគេឲ្យអាន អេសាយ ២៥:៨–៩; ៥៣:៣–៥ និង ហូសេ ១៣:១៤ ។ តើបទគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់សង្គ្រោះយើង ?
-
បងប្អូនក៏អាចច្រៀងបទគ្រីស្ទម៉ាស់ជាមួយគ្នា ដូចជាបទ « ផ្ទំនៅក្នុងស្នូកទីឆ្ងាយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២៦ ) ឬ « ឱ ! ភូមិបេថ្លេហិម ភូមិស្ងួនភ្ងា » ( ទំនុកតម្កើង ល.រ. ១២៩ ) ។ សូមជួយកូនៗបងប្អូនស្វែងរកឃ្លានៅក្នុងចម្រៀងនោះ ដែលជួយពួកគេដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។