« ថ្ងៃទី១៣–១៩ ខែកក្កដា ‹ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល › ៖ ពង្សាវតារក្សត្រ ទី២ ១៦–២៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី១៣–១៩ ខែកក្កដា ‹ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល › » ចូរមកតាមខ្ញុំ ៖ ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
The Flight of the Prisoners [ ការរត់ភៀសខ្លួនរបស់អ្នកទោស ] ដោយ ចាហ្គស៍ យ៉ូសែប ធីសសុត និងអ្នកផ្សេងទៀត
ថ្ងៃទី១៣–១៩ ខែកក្កដា ៖ « ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល »
ពង្សាវតារក្សត្រ ទី២ ១៦–២៥
ទោះបីជាមានការងារបម្រើដ៏មានអានុភាពរបស់ព្យាការីអេលីយ៉ា ក្តី ក៏ប្រជាជននៃនគរភាគខាងជើងនៃអ៊ីស្រាអែលមិនបានប្រែចិត្តដែរ ។ នៅទីបំផុត អាណាចក្ររបស់ពួកអាសស៊ើរបានច្បាំងដណ្តើមយក ហើយបំបែកពូជអំបូរអ៊ីស្រាអែលទាំងដប់ ។ ទន្ទឹមនឹងនោះដែរ នគរយូដាខាងត្បូងក៏ពុំមានលក្ខណៈប្រសើរខ្លាំងទេ ការគោរពរូបសំណាករីករាលដាលនៅទីនោះ ។
និយាយអំពីការធ្លាក់ចុះដុនដាបខាងវិញ្ញាណនេះ បទគម្ពីរលើកឡើងអំពីស្តេចពីរអង្គនៃពួកសាសន៍យូដា ដែលបានបង្វែរប្រជារាស្រ្តរបស់ពួកទ្រង់ឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញនៅគ្រាមួយ ។ មួយអង្គនោះគឺ ហេសេគា ។ ក្នុងរជ្ជកាលរបស់ទ្រង់ ពួកសាសន៍អាសស៊ើរបានច្បាំងយកស្រុកយូដាជាច្រើន ។ ប៉ុន្តែ ហេសេគា និងប្រជារាស្រ្តរបស់ទ្រង់បានបង្ហាញសេចក្តីជំនឿលើព្រះអម្ចាស់ដែលបានសង្រ្គោះយេរូសាឡិមប្រកបដោយអព្ភូតហេតុ ។ ក្រោយមក បន្ទាប់ពីអំឡុងនៃការក្បត់សាសនាមួយរយៈទៀត យ៉ូសៀស បានធ្វើជាស្តេច ។ ដោយបានទទួលការបំផុសគំនិតខ្លះៗតាមរយៈការស្រាវជ្រាវឡើងវិញនៃគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ នោះយ៉ូសៀសបាននាំមកនូវការកែទម្រង់ដែលធ្វើឲ្យជីវិតសាសនារបស់ប្រជាជនទ្រង់រស់ឡើងវិញ ។
ដូចជាអ៊ីស្រាអែល និងយូដាដែរ យើងគ្រប់រូបធ្វើទាំងការជ្រើសរើសល្អ និងអាក្រក់ ។ នៅពេលយើងយល់ថាជីវិតរបស់យើងត្រូវការការកំណែទម្រង់ខ្លះ យើងអាចទទួលយកការលើកទឹកចិត្តពីចំណុចវិជ្ជមានទាំងពីរនេះនៅក្នុងឆ្នាំដ៏លំបាកនៃប្រវត្តិសាស្ត្ររបស់យូដា ។ ប្រហែលជាគំរូរបស់ហេសេគានិងយ៉ូសៀសអាចជំរុញចិត្តយើង « ឲ្យទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើង » ( ពង្សាវតារក្សត្រ ទី២ ១៨:២២ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
ពង្សាវតារក្សត្រ ទី២ ១៨–១៩
យើងអាចបន្តស្មោះត្រង់ចំពោះព្រះអម្ចាស់នៅពេលសេចក្តីជំនឿរបស់ខ្ញុំបានជួបការសាកល្បង ។
យើងភាគច្រើនដកពិសោធន៍នូវគ្រាដែលបានសាកល្បងដល់សេចក្ដីជំនឿរបស់យើង ។ សម្រាប់ហេសេគា និងប្រជារាស្រ្តរបស់ទ្រង់ ការសាកល្បងទាំងនោះកើតឡើងនៅពេលដែលទ័ពអាសស៊ើរ បានវាយលុកសំដៅទៅក្រុងយេរូសាឡិម ។ នៅពេលបងប្អូនអាន ពង្សាវតារក្សត្រ ទី២ ១៨–១៩ សូមនឹកស្រមៃថា បងប្អូនបានរស់នៅក្នុងក្រុងយេរូសាឡិមអំឡុងគ្រានោះ ។ ឧទាហរណ៍ តើបងប្អូនអាចមានអារម្មណ៍បែបណា ដែលបានស្ដាប់ឮពាក្យតិះដៀលរបស់សាសន៍អាសស៊ើរដូចដែលបានកត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី២ ១៨:២៨–៣៧; និង ១៩:១០–១៣ ? តើបងប្អូនអាចនឹងធ្វើអ្វីខ្លះ ? សូមប្រៀបធៀបហេតុផលរបស់ពួកសាសន៍អាសស៊ើរដែលធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលមិនទុកចិត្តលើព្រះអម្ចាស់ជាមួយនឹងហេតុផលដែលសាតាំងផ្តល់ឲ្យយើងដើម្បីសង្ស័យលើជំនឿរបស់យើងសព្វថ្ងៃនេះ ។ បងប្អូនក៏អាចប្រៀបធៀបហេតុផលរបស់ពួកសាសន៍អាសស៊ើរជាមួយនឹងហេតុផលរបស់បងប្អូនថាហេតុអ្វីបានជាបងប្អូន ទុកចិត្ត លើព្រះអម្ចាស់ ។
តើបងប្អូនបានរៀនអ្វីខ្លះចេញពីសកម្មភាពរបស់ហេសេគានៅក្នុងស្ថានភាពនេះ ? ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩:១–៧, ១៤–១៩ ) ។ តើព្រះអម្ចាស់បានឆ្លើយតបដោយរបៀបណា ? ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩:៣៥–៣៧ ) ។ តើបងប្អូនគិតថា ហេតុអ្វីហេសេគានៅតែស្មោះត្រង់ ? ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៨:៥–៧ ) ។ សូមពិចារណាពីរបៀបដែលព្រះអម្ចាស់បានគាំទ្របងប្អូននៅក្នុងគ្រាដែលមានការប្រឈម ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីបង្កើនទំនុកចិត្តលើទ្រង់ ?
សារលិខិតរបស់ប្រធាន ជែហ្វ្រី អ័រ ហូឡិន « កុំខ្លាចឡើយ ៖ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ ! » ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៣៤–៣៦ ) មានដំបូន្មានដ៏មានប្រយោជន៍សម្រាប់គ្រាដែលមានសេចក្តីភ័យខ្លាច និងការសង្ស័យ ។ ទំនុកតម្កើងដូចជាបទ « ចូរយើងខិតខំទៅ » ( ទំនុកតម្កើង ល.រ. ១៥២ ) ក៏អាចមានសារលិខិតដែលលើកទឹកចិត្តផងដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងធនធានទាំងនេះ ដែលអាចជួយដល់បងប្អូន ?
សូមមើលផងដែរ របាក្សត្រ ទី២ ៣១–៣២; នីហ្វៃទី៣ ៣–៤; ជ័គ ក្លេប៊ីនហ្គាត « ភាពជាសិស្សដ៏ក្លាហាននៅថ្ងៃចុងក្រោយ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ១០៧–១១០ ។
ប្រើជំនួយការសិក្សាព្រះគម្ពីរ ។ សាសនាចក្រផ្ដល់ធនធានជាច្រើនដើម្បីជួយបងប្អូនឲ្យយល់ពីបទគម្ពីរ ។ ឧទាហរណ៍ នៅក្នុងបណ្ណាល័យដំណឹងល្អបងប្អូនអាចស្វែងរក សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, ប្រធានបទ និងសំណួរ និង ទស្សនាវដ្តីសាសនាចក្រ ។ លើសពីនេះ នៅពេលបងប្អូនអានព្រះគម្ពីរសញ្ញាចាស់ នោះបងប្អូនអាចរកឃើញបរិបទ និងការយល់ដឹងដ៏មានប្រយោជន៍នៅក្នុងអត្ថបទ « គំនិតដែលត្រូវចងចាំ » នៅក្នុង ចូរមកតាមខ្ញុំ ។ អត្ថបទដែលមានចំណងជើងថា « ព្រះយេស៊ូវហៅ‹ មកវិញ › ឱ ! វង្សអ៊ីស្រាអែលអើយ » អាចជួយដល់ការសិក្សារបស់បងប្អូនពី ពង្សាវតារក្សត្រ ទី២ ១៦–២៥ ។
ពង្សាវតារក្សត្រ ទី២ ១៩:២០–៣៧
អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។
សានហេរីប ជាស្តេចស្រុកអាសស៊ើរ មានមូលហេតុត្រឹមត្រូវដើម្បីជឿថាទាហានរបស់ទ្រង់នឹងវាយដណ្តើមបានយេរូសាឡិម ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៧; ១៨:៣៣–៣៤; ១៩:១១–១៣ ) ។ ប៉ុន្តែ ព្រះអម្ចាស់មានសារលិខិតមួយទាក់ទងនឹងសានហេរីប ដែលបានប្រទានឲ្យតាមរយៈព្យាការីអេសាយ ។ វាបានកត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី២ ១៩:២០–៣៤ ។ តើសេចក្តីពិតអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងសារលិខិតរបស់ព្រះអម្ចាស់ដែលជួយបងប្អូនឲ្យមានសេចក្តីជំនឿលើទ្រង់ និងផែនការរបស់ទ្រង់ ?
ពង្សាវតារក្សត្រ ទី២ ២១–២៣
ព្រះគម្ពីរអាចបង្វែរដួងចិត្តរបស់ខ្ញុំទៅរកព្រះអម្ចាស់ ។
តើបងប្អូនដែលធ្លាប់មានអារម្មណ៍ថាបងប្អូនខ្វះអ្វីមួយខាងវិញ្ញាណដែរឬទេ ? ប្រហែលជាបងប្អូនមានអារម្មណ៍ថា ទំនាក់ទំនងរបស់បងប្អូនជាមួយព្រះអាចរឹងមាំជាងមុន ។ តើអ្វីដែលបានជួយបងប្អូនឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញ ? សូមពិចារណាសំណួរទាំងនេះនៅពេលបងប្អូនអាន ពង្សាវតារក្សត្រ ទី២ ២១–២៣ ដែលពិពណ៌នាពីរបៀបដែលនគរយូដាឃ្លាតឆ្ងាយពីព្រះអម្ចាស់ក្រោមការដឹកនាំរបស់ស្តេច ម៉ាន៉ាសេ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២១ ) និងរបៀបដែលស្តេច យ៉ូសៀសបានជួយពួកគេត្រឡប់មករកទ្រង់វិញ ( សូមមើល ពង្សាវតារក្សត្រ ទី ២ ២២–២៣ ) ។ តើដោយរបៀបណា និងមូលហេតុអ្វីទើបយ៉ូសៀសនិងរាស្ដ្ររបស់ទ្រង់បានផ្លាស់ប្តូរ ? (សូមមើល ពង្សាវតារក្សត្រ ទី២ ២២:៨–១១; ២៣:១–៦, ២១, ២៤ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានហៅដំណើររឿងពីស្ដេចយ៉ូសៀសថា « គឺជារឿងដ៏ល្អបំផុតមួយក្នុងចំណោមបទគម្ពីរទាំងអស់ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ ៦២ ) ។ សូមអានពាក្យសម្តីរបស់ប្រធាន ឃឹមបឹល អំពីស្តេចយ៉ូសៀស ( ទំព័រ ៦២–៦៤ ) ។ ប្រហែលជាបងប្អូនអាចគិតអំពីបទពិសោធន៍មួយនៅពេលវគ្គបទគម្ពីរ « [ បាន]ធ្វើការដ៏អស្ចារ្យ » នៅក្នុងបងប្អូន ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីទទួលបទពិសោធន៍បែបនោះ ?
សូមមើលផងដែរ អាលម៉ា ៣១:៥ « Josiah and the Book of the Law » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
Josiah and the Book of the Law
ពង្សាវតារក្សត្រ ទី២ ២៣:១–២៥
សេចក្តីសញ្ញាគឺជាការតាំងចិត្តអស់ពីព្រលឹងរវាងខ្ញុំ និងព្រះអម្ចាស់ ។
តើអ្វីដែលធ្វើឲ្យបងប្អូនស្ងើចសរសើរចំពោះសេចក្ដីសញ្ញាដែលយ៉ូសៀសបានធ្វើ នៅក្នុង ពង្សាវតារក្សត្រ ទី២ ២៣:៣ ? នៅពេលបងប្អូនបន្តអាន ជំពូកទី ២៣ សូមកត់ចំាំណាំនូវអ្វីដែលយ៉ូសៀសបានធ្វើដើម្បីបង្ហាញការតាំងចិត្តរបស់ទ្រង់ចំពោះព្រះអម្ចាស់ ( សូមមើលរូបភាពនៅចុងបញ្ចប់នៃគម្រោងនេះផងដែរ ) ។ តើយើងអាចបង្ហាញការតាំងចិត្តរបស់បងប្អូនចំពោះទ្រង់ដោយរបៀបណា ?
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ពង្សាវតារក្សត្យ ទី២ ១៨:៣–៦; ១៩:១៤–១៩
« ខ្ញុំអាចទុកចិត្តទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្នុង ពង្សាវតារក្សត្យ ទី២ ១៨:៣, ៥–៦ សូមជួយកូនៗបងប្អូនរកឃើញនូវអ្វីដែលធ្វើឲ្យហេសេគាក្លាយជាស្ដេចដ៏ល្អ ។ បន្ទាប់មកនៅពេលបងប្អូនអានជាមួយគ្នានៅ ពង្សាវតារក្សត្យ ទី២ ១៩:១៤–១៩ ពួកគេអាចរកឃើញពីរបៀបដែលទ្រង់បង្ហាញថាទ្រង់ទុកចិត្តលើព្រះអម្ចាស់ ។ បងប្អូនអាចមើលរូបភាពព្រះយេស៊ូវ ហើយនិយាយអំពីមូលហេតុដែលយើងអាចទុកចិត្តទ្រង់ ។ តើយើងអាចបង្ហាញថា យើងទុកចិត្តលើព្រះអម្ចាស់ដោយរបៀបណា ?
ពង្សាវតារក្សត្រ ទី២ ២២:១–៧
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចទុកចិត្តខ្ញុំ ។
-
នៅក្នុង ពង្សាវតារក្សត្យ ទី២ ២២:១ សូមជួយកូនៗបងប្អូនរកមើលថា តើយ៉ូសៀសមានព្រះជន្មប៉ុន្មានពេលឡើងសោយរាជ្យ ។ តើយើងរៀនអ្វីខ្លះអំពីយ៉ូសៀសនៅក្នុង ខទី ២ ? សូមពិចារណាអំពីសកម្មភាពមួយដែលអាចបង្ហាញពីការធ្វើតាមព្រះអម្ចាស់ ហើយមិនងាកក្រោយ « ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ » ។
-
ពួកអ្នកធ្វើការដែលបានរៀបរាប់នៅក្នុង ពង្សាវតារក្សត្រ ទី២ ២២:៣–៧ ត្រូវបានទុកចិត្តឲ្យមើលថែប្រាក់ដែលប្រើដើម្បីសង់ព្រះវិហារបរិសុទ្ធឡើងវិញ « ដ្បិតគេធ្វើការដោយស្មោះត្រង់ » ( ខទី ៧ ) ។ បន្ទាប់ពីបានអានខគម្ពីរទាំងនេះហើយ បងប្អូន និងកូនៗបងប្អូននិយាយអំពីអ្វីដែលបងប្អូនទទួលបានការទុកចិត្ត ។ តើយើងអាចទទួលបានការទុកចិត្តដូចជាពួកអ្នកធ្វើការនៅក្នុងខគម្ពីរទាំងនេះដោយរបៀបណា ?
អ្នកសរសេរម្នាក់យករមូរនៃបទគម្ពីរទៅថ្វាយស្ដេចយ៉ូសៀស ដោយ រ៉ូប៊ើត ធី បារេត
ពង្សាវតារក្សត្រ ទី២ ២២:៨–១១; ២៣:២–៣
បទគម្ពីរបង្រៀនយើងអំពីរបៀបដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីណែនាំពីដំណើររឿងរបស់ស្តេចយ៉ូសៀសនៅក្នុង ពង្សាវតារក្សត្រ ទី២ ២២–២៣ បងប្អូនអាចលាក់ព្រះគម្ពីរមួយក្បាលនៅកន្លែងណាមួយក្នុងបន្ទប់ ។ សូមអញ្ជើញកូនៗបងប្អូនឲ្យស្វែងរកព្រះគម្ពីរនោះ ។ បន្ទាប់មក បងប្អូនអាចចែកចាយពីអ្វីដែលបានកើតឡើងនៅពេលដែលសង្ឃរបស់យ៉ូសៀសម្នាក់បានរកឃើញព្រះគម្ពីរនៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២២:៨–១១; សូមមើលផងដែរ « ស្តេចយ៉ូសៀស » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១៤៨–១៤៩ ) ។ តើអាចនឹងមានអ្វីកើតឡើងចំពោះយើង ប្រសិនបើយើងមិនមានព្រះគម្ពីរ ? សូមចែកចាយជាមួយគ្នាទៅវិញទៅមកថាហេតុអ្វីបានជាបងប្អូនរីករាយដែលយើងមានព្រះគម្ពីរនៅថ្ងៃនេះ ។
1:36King Josiah
-
បន្ទាប់ពីការអាន ពង្សាវតារក្សត្រ ទី២ ២៣:២–៣ បងប្អូន និងកូនៗបងប្អូនអាចនិយាយអំពីខគម្ពីរដែលបានបំផុសគំនិតបងប្អូនឲ្យ « ឲ្យបានដើរតាមព្រះយេហូវ៉ា » ( ខទី ៣ ) ។ បងប្អូនក៏អាចច្រៀងអំពីការអានព្រះគម្ពីរ ដូចជាបទ « ស្វែងរកជញ្ជឹងគិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) ។
ពង្សាវតារក្សត្រ ទី២ ២៣:១–៣
ខ្ញុំនឹងរក្សាសេចក្ដីសញ្ញារបស់ខ្ញុំជាមួយនឹងព្រះ ។
-
នៅពេលស្តេចយ៉ូសៀស និងប្រជាជនរបស់ទ្រង់បានរៀនបទបញ្ញត្តិរបស់ព្រះ ពួកគេបានចុះសេចក្ដីសញ្ញាមួយ ដើម្បីរស់នៅតាមបទបញ្ញត្តិទាំងនោះ ។ សូមអានអំពីរឿងនេះជាមួយកូនៗបងប្អូននៅក្នុង ពង្សាវតារក្សត្រ ទី២ ២៣:១–៣ ហើយជួយពួកគេស្វែងរកពាក្យ ឬឃ្លាដែលបង្ហាញពីអារម្មណ៍របស់ប្រជាជនអំពីបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ប្រហែលជាកូនៗបងប្អូនអាចឈរ ហើយនិយាយអំពីអត្ថន័យដើម្បី « [ ឈរ ] ចំពោះសេចក្ដីសញ្ញា » ។ បន្ទាប់មកពួកគេអាចដើរនៅនឹងកន្លែង ហើយនិយាយអំពីអត្ថន័យដើម្បី « ឲ្យបានដើរតាមព្រះយេហូវ៉ា » ។ ក្រោយមកពួកគេអាចដាក់ដៃរបស់ពួកគេនៅលើបេះដូងរបស់ពួកគេ ហើយផ្ដល់យោបល់នូវរបៀបដែលយើងអាចរក្សាសេចក្តីសញ្ញារបស់យើង « អស់អំពីចិត្ត [ យើង ] » ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។