« គំនិតដែលត្រូវចងចាំ ៖ ‹ ព្រះយេស៊ូវហៅ « មកវិញ » ឱ វង្សអ៊ីស្រាអែលអើយ › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« គំនិតដែលត្រូវចងចាំ ៖ ‹ ព្រះយេស៊ូវហៅ « មកវិញ » ឱ វង្សអ៊ីស្រាអែលអើយ » » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ២០២៦
គំនិតដែលត្រូវចងចាំ
« ព្រះយេស៊ូវហៅ ‹ មកវិញ › ឱ វង្សអ៊ីស្រាអែលអើយ »
នៅទីរហោស្ថានស៊ីណាយ ម៉ូសេបានប្រមូលកូនចៅអ៊ីស្រាអែលនៅឯជើងភ្នំ ។ នៅទីនោះ ព្រះអម្ចាស់បានប្រកាសថា ទ្រង់មានព្រះទ័យចង់ប្រែក្លាយទាសករដែលបានរំដោះថ្មីៗនេះទៅជាប្រជាជនដែលខ្លាំងពូកែ ។ ទ្រង់មានបន្ទូលថា « ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ » ( និក្ខមនំ ១៩:៦ ) ។ ទ្រង់បានសន្យាថាពួកគេនឹងលូតលាស់ និងបានចម្រើន ទោះបីជាត្រូវបានហ៊ុមព័ទ្ធដោយមារសត្រូវដែលធំជាង និងមានអំណាចជាងក្តី ។
អ្វីៗទាំងអស់នេះនឹងកើតឡើងមិនដោយសារតែពួកសាសន៍អ៊ីស្រាអែលមានចំនួនច្រើន ឬខ្លាំងជាង ឬស្ទាត់ជំនាញជាងនោះទេ ។ វានឹងកើតឡើង ព្រះអម្ចាស់បានពន្យល់ថា « បើឯងរាល់គ្នានឹងស្តាប់តាម [ ទ្រង់ ] ឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់ [ ទ្រង់ ] » ( និក្ខមនំ ១៩:៥ ) ។ ព្រះចេស្តារបស់ព្រះ នឹងធ្វើឲ្យពួកគេខ្លាំងក្លាពូកែ មិនមែនជាអំណាចរបស់ពួកគេទេ ។
ប៉ុន្តែពួកសាសន៍អ៊ីស្រាអែលពុំបានគោរពតាមព្រះបន្ទូលរបស់ព្រះជានិច្ចនោះទេ ហើយយូរៗទៅពួកគេបានឈប់គោរពតាមសេចក្តីសញ្ញារបស់ទ្រង់ ។ មនុស្សជាច្រើនថ្វាយបង្គំព្រះផ្សេងទៀត ហើយទទួលយកការអនុវត្តនៃវប្បធម៍ដែលនៅជុំវិញពួកគេ ។ ពួកគេបានបដិសេធអ្វីៗដែលបានធ្វើឲ្យពួកគេក្លាយជាប្រជាជាតិមួយខុសពីមនុស្សផ្សេងទៀត—គឺសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះអម្ចាស់ ។ បើគ្មានព្រះចេស្តារបស់ព្រះការពារពួកគេទេ គ្មានអ្វីបញ្ឈប់មារសត្រូវរបស់ពួកគេឡើយ ។
ការខ្ចាត់ខ្ចាយ
ជាច្រើនដងនៅចន្លោះ ប្រហែលឆ្នាំ ៧៣៥ និង ៧២០ ម.គ.ស. ពួកសាសន៍អាសស៊ើរបានលុកលុយនគរអ៊ីស្រាអែលភាគខាងជើង ដែលជាលំនៅដ្ឋាននៃពូជអំបូរទាំងដប់ក្នុងចំណោមពូជអំបូរទាំងដប់ពីរ ហើយបានចាប់យកពួកសាសន៍អ៊ីស្រាអែលរាប់ពាន់នាក់ជាឈ្លើយទៅកាន់ផ្នែកផ្សេងៗនៃអាណាចក្រអាសស៊ើរ ។ ពួកសាសន៍អ៊ីស្រាអែលទាំងនេះត្រូវបានគេស្គាល់ថាជា « ពួកពូជអំបូរនៃសាសន៍អ៊ីស្រាអែលដែលបាត់ » មួយផ្នែក ពីព្រោះពួកគេត្រូវបានយកចេញពីមាតុភូមិរបស់ពួកគេ និងខ្ចាត់ខ្ចាយទៅក្នុងចំណោមជាតិសាសន៍ផ្សេងៗ ។ ប៉ុន្តែពួកគេក៏វង្វេងកាន់តែខ្លាំងផងដែរ ៖ យូរៗទៅ ពួកគេបាត់បង់ការដឹងអំពីអត្តសញ្ញាណជាប្រជារាស្រ្តក្នុងសេចក្តីសញ្ញារបស់ព្រះ ។
នៅទីបំផុត មនុស្សជាច្រើននៅនគរយូដាភាគខាងត្បូងក៏បានងាកចេញពីព្រះអម្ចាស់ដែរ ។ ពួកសាសន៍អាសស៊ើរបានវាយលុក និងដណ្តើមបានផ្នែកភាគច្រើននៃនគរផងដែរ មានតែយេរូសាឡិមប៉ុណ្ណោះដែលត្រូវបានថែរក្សាដោយអព្ភូតហេតុ ។ ក្រោយមក នៅចន្លោះឆ្នាំ ៥៩៧ និង ៥៨០ មុន.គ.ស. ប្រជាជនបាប៊ីឡូនបានបំផ្លាញយេរូសាឡិម ដោយរួមទាំងព្រះវិហារបរិសុទ្ធ និងបានចាប់យកអ្នកស្រុកជាច្រើនធ្វើជាឈ្លើយ ។ ប្រហែលជា ៧០ ឆ្នាំក្រោយមក សាសន៍យូដាដែលនៅសេសសល់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅយេរូសាឡិមវិញ ហើយសង់ព្រះវិហារបរិសុទ្ធឡើងវិញ ។ ទោះជាយ៉ាងណាក្តី មានប្រជាជនជាច្រើនបាននៅបាប៊ីឡូនដដែល ។
The Destruction of Jerusalem by Nebuzar-adan [ សេចក្ដីបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម ដោយ នេប៊ុស្សា-អាដាន ] ដោយ វិល្លាម ប្រាស៊ី ហូល © Providence Collection/បានទទួលអាជ្ញាប័ណ្ណមកពី goodsalt.com
កាលពេលវេលាកន្លងទៅ ពួកសាសន៍អ៊ីស្រាអែលមកពីគ្រប់ពូជអំបូរបាន « កម្ចាត់កម្ចាយ … ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ » ( សាការី ៧:១៤ ) ។ អ្នកខ្លះព្រះអម្ចាស់បាននាំចេញទៅកាន់ដែនដីផ្សេងទៀត ។ អ្នកផ្សេងទៀតបានចាកចេញពីអ៊ីស្រាអែលដើម្បីគេចចេញពីការតាមចាប់ ឬដោយហេតុផលនយោបាយ ឬសេដ្ឋកិច្ច ។
យើងហៅហេតុការណ៍ទាំងអស់នេះថាការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែល ។ វាជាការសំខាន់ដើម្បីដឹងនូវមូលហេតុជាច្រើនអំពីការខ្ចាត់ខ្ចាយនេះ ។ មូលហេតុមួយ វាគឺជាប្រធានបទដ៏សំខាន់នៃព្រះគម្ពីរសញ្ញាចាស់—ព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ជាច្រើនបានធ្វើជាសាក្សីចំពោះការធ្លាក់ចុះខាងវិញ្ញាណយ៉ាងខ្លាំងដែលបានបណ្តាលឲ្យមានការខ្ចាត់ខ្ចាយ ។ ពួកលោកបានឃើញជាមុន ហើយបានព្រមានអំពីរឿងនេះ ។ ពួកលោកមួយចំនួនថែមទាំងបានរស់នៅក្នុងការណ៍ទាំងនេះដែរ ។ រឿងនោះវាផ្តល់ជាអត្ថប្រយោជន៍នៅពេលបងប្អូនអានគម្ពីរអេសាយ យេរេមា អេម៉ុស និងពួកព្យាការីផ្សេងទៀតនៅក្នុងផ្នែកខាងក្រោយទៀតនៃព្រះគម្ពីរសញ្ញាចាស់ ។ ដោយមានបរិបទនេះនៅក្នុងគំនិត នៅពេលបងប្អូនអានការព្យាកររបស់ពួកលោកអំពីស្រុកអាសស៊ើរ និងបាប៊ីឡូន ការថ្វាយបង្គំរូបសំណាក និងការជាប់ឃុំឃាំង ការបំផ្លិចបំផ្លាញ និងការស្តារឡើងវិញនៅទីបំផុត នោះបងប្អូននឹងដឹងនូវអ្វីដែលពួកលោកកំពុងនិយាយដល់ ។
ការយល់ដឹងពីការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែលនឹងជួយបងប្អូនឲ្យយល់ដឹងពីព្រះគម្ពីរមរមនប្រសើរផងដែរ ដោយសារព្រះគម្ពីរមរមនគឺជាកំណត់ត្រានៃមែកធាងនៃវង្សអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ ។ កំណត់ត្រានេះចាប់ផ្ដើមជាមួយគ្រួសារលីហៃភៀសខ្លួនចេញពីក្រុងយេរូសាឡិមប្រហែលជា ៦០០ ឆ្នាំ មុន.គ.ស. ពីមុនប្រជាជនបាប៊ីឡូនបានវាយប្រហារ ។ លីហៃគឺជាព្យាការីមួយរូបដែលបានព្យាករអំពីការខ្ចាត់ខ្ចាយរបស់វង្សអ៊ីស្រាអែល ។ ហើយគ្រួសារគាត់បានជួយបំពេញការព្យាករនោះ ដោយយកមែកធាងនៃវង្សអ៊ីស្រាអែលរបស់ពួកគេ ហើយដាក់វានៅផ្នែកមួយផ្សេងទៀតនៃពិភពលោកនៅទ្វីបអាមេរិក ។
ការប្រមូលផ្ដុំ
ទោះជាយ៉ាងណា ការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែលគឺជាដំណើររឿងតែពាក់កណ្ដាលប៉ុណ្ណោះ ។ ព្រះអម្ចាស់ពុំបំភ្លេចរាស្ត្ររបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនបោះបង់ពួកគេចោលដែរ ទោះបីជាពេលដែលពួកគេបោះបង់ទ្រង់ក្ដី ។ ការព្យាករជាច្រើនដែលថាព្រះនឹងខ្ចាត់ខ្ចាយអ៊ីស្រាអែលមានមកជាមួយនឹងការសន្យាជាច្រើនថា ទ្រង់នឹងប្រមូលពួកគេនៅថ្ងៃណាមួយ ។
ថ្ងៃនោះគឺជាថ្ងៃនេះ—គឺជាជំនាន់របស់យើង ។ ការប្រមូលផ្តុំនោះបានចាប់ផ្ដើមរួចហើយ ។ នៅឆ្នាំ១៨៣៦ រាប់ពាន់ឆ្នាំបន្ទាប់ពីម៉ូសេ បានប្រមូលផ្ដុំកូនចៅអ៊ីស្រាអែលនៅជើងភ្នំស៊ីណាយ ម៉ូសេបានបង្ហាញខ្លួននៅព្រះវិហារបរិសុទ្ធខឺតឡង់ ដើម្បីប្រគល់ដល់ យ៉ូសែប ស្ម៊ីធ នូវ « កូនសោទាំងឡាយនៃការប្រមូលសាសន៍អ៊ីស្រាអែល ពីទិសទាំងបួននៃផែនដី » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១១ ) ។ ឥឡូវនេះ នៅក្រោមការដឹកនាំនៃអ្នកដែលកាន់កូនសោទាំងនេះ នោះពូជអំបូរអ៊ីស្រាអែលនឹងត្រូវបានប្រមូលមកពីគ្រប់ប្រជាជាតិដែលពួកអ្នកបម្រើរបស់ព្រះអម្ចាស់អាចទៅដល់ ។
Moses, Elias, and Elijah Appear in the Kirtland Temple [ ម៉ូសេ អេលីយ៉ាស និងអេលីយ៉ា បង្ហាញកាយនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ] ដោយ ហ្គែរី អ៊ី ស្ម៊ីធ
ប្រធាន រ័សុល អិម ណិលសុន បានហៅការប្រមូលផ្ដុំនេះថា « ជារឿងដ៏សំខាន់បំផុតកំពុងដែលកំពុងកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចធំសម្បើមជាង មានសារៈសំខាន់ជាង និងមានឫទ្ធិជាងកិច្ចការនេះនោះទេ ។ ហើយបងប្អូនអាចធ្វើជាចំណែកដ៏សំខាន់ក្នុងកិច្ចការនេះ បើបងប្អូនជ្រើសរើស បើបងប្អូនចង់ធ្វើ » ។
តើយើងអាចជួយដោយរបៀបណា ? តើការប្រមូលសាសន៍អ៊ីស្រាអែលមានន័យដូចម្ដេច ? តើមានន័យថាជាការស្ដារពូជអំបូរទាំងដប់ពីរទៅកាន់ដែនដីដែលពួកគេធ្លាប់គ្រងមរតកឬ ? តាមពិត មានន័យថា ជាអ្វីមួយដែលធំជាង ហើយមានភាពអស់កល្បជាង ។ ដូចជាប្រធាន ណិលសុន បានពន្យល់ ៖
« នៅពេលយើងនិយាយអំពី ការប្រមូលផ្ដុំ យើងនិយាយយ៉ាងសាមញ្ញអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង នៅទាំងសងខាងនៃវាំងនន ស័ក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
« រាល់ពេល ដែលប្អូនៗធ្វើ អ្វីមួយ ដើម្បីជួយ នរណាម្នាក់—ទាំងសងខាងនៃវាំងនន—ឲ្យបោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលអ៊ីស្រាអែលហើយ ។ វាសាមញ្ញដូច្នោះឯង » ។
ការណ៍នេះកើតឡើងដូចជាអ៊ីស្រាអែលថ្លែងថា « ម្នាក់ម្ដងម្នាក់ម្ដង »( អេសាយ ២៧:១២ ) ឬដូចជាយេរេមា បានទស្សន៍ទាយថា « ម្នាក់ពីក្រុង១ ហើយ២នាក់ពីពូជអំបូរ១ » ( យេរេមា ៣:១៤ ) ។
ការប្រមូលសាសន៍អ៊ីស្រាអែលមានន័យថា ការនាំកូនចៅរបស់ព្រះត្រឡប់ទៅរកទ្រង់វិញ ។ វាមានន័យថាការស្ដារពួកគេត្រឡប់ទៅរកទំនាក់ទំនងសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងទ្រង់ ។ វាមានន័យថា ការស្ថាបនាឡើងវិញនូវ « សាសន៍បរិសុទ្ធ » ដែលទ្រង់បានបង្គាប់ឲ្យស្ថាបនាជាយូរមកហើយ ( និក្ខមនំ ១៩:៦ ) ។
ហៅមកវិញ
ក្នុងនាមជាអ្នកដែលបានធ្វើសេចក្តីសញ្ញាជាមួយព្រះ បងប្អូនគឺជាចំណែកនៃវង្សអ៊ីស្រាអែល ។ បងប្អូនត្រូវបានប្រមូលផ្តុំ ហើយបងប្អូនគឺជាអ្នកប្រមូលផ្តុំ ។ ដំណើររឿងវីរភាពអស់ជាច្រើនសតវត្សនៃរាស្រ្តនៃសេចក្តីសញ្ញាកំពុងតែបំពេញ ហើយបងប្អូនគឺជាតួអង្គសំខាន់ ។ ឥឡូវនេះគឺជាពេលដែល « ព្រះយេស៊ូវហៅ ‹ មកវិញ › ឱ វង្សអ៊ីស្រាអែលអើយ » ។
នេះគឺជាសាររបស់ពួកអ្នកប្រមូលផ្តុំ ៖ មករកសេចក្តីសញ្ញាវិញ ។ មកស៊ីយ៉ូនវិញ ។ មករកព្រះយេស៊ូវគ្រីស្ទវិញ ដែលជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទ្រង់នឹងនាំអ្នកទៅផ្ទះរបស់ព្រះ ជាព្រះវរបិតារបស់អ្នកវិញ ។