« ថ្ងៃទី២២–២៦ ខែមិថុនា ‹ សូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន › ៖ សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២២–២៦ ខែមិថុនា ‹ សូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
Solomon Dedicates the Temple at Jerusalem [ សាឡូម៉ូនឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនៅយេរូសាឡិម ] ដោយ ជេមស៍ ធីសសតថ៍ និងអ្នកដទៃ
ថ្ងៃទី២២–២៨ ខែមិថុនា ៖ « នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន »
សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី៣; ៦–៩; ១១
សូល ដាវីឌ និងសាឡូម៉ូន ជាស្ដេចបីអង្គដំបូងរបស់អ៊ីស្រាអែល សុទ្ធតែចាប់ផ្ដើមដោយការសន្យាជាច្រើន ។ ពួកទ្រង់មានចិត្ដរាបទាប ក្លាហាន និងឈ្លាសវៃ ពួកទ្រង់មួយអង្គៗបានទទួលការពេញចិត្តពីព្រះអម្ចាស់—យ៉ាងហោចណាស់នៅពេលដំបូងដែរ ។ គួរឲ្យសោកស្ដាយ ស្ដេចមួយអង្គៗក៏បានបណ្ដោយទៅតាមភាពទន់ខ្សោយ និងការល្បួងរបស់មនុស្សផងដែរ ។ ពួកទ្រង់ដាក់បំណងប្រាថ្នារបស់ពួកទ្រង់ពីមុនព្រះរាជបំណងរបស់ព្រះអម្ចាស់ ។ ហើយដូចដែលយើងបានឃើញម្តងហើយម្តងទៀតនៅក្នុងបទគម្ពីរ—និងនៅក្នុងជីវិតរបស់យើងផ្ទាល់—ដែលនាំឲ្យមានការសោកសង្វែង ។
ប៉ុន្តែ មានអ្វីមួយដ៏សំខាន់បានកើតឡើងក្នុងរជ្ជកាលរបស់សាឡូម៉ូន ដែលបានផ្ដល់នូវសេចក្ដីសង្ឃឹមមួយចំនួនសម្រាប់ស្ថិរភាពក្នុងជីវិតនៃរាស្រ្តនៃសេចក្ដីសញ្ញា ។ សាឡូម៉ូនបានសង់ព្រះវិហារបរិសុទ្ធ។ វាគឺជាដំណាក់អចិន្ត្រៃយ៍របស់ព្រះអម្ចាស់ ជាងរោងឧបោសថដែលធ្លាប់មាន ។ ហើយវានឹងតំណាងឲ្យវត្តមានអចិន្ត្រៃយ៍កាន់តែច្រើនរបស់ព្រះអម្ចាស់ក្នុងចំណោមរាស្ដ្ររបស់ទ្រង់ ។ សាឡូម៉ូនបានដឹងថា ប្រជាជននឹងបន្តប្រឈមមុខនឹងភាពទន់ខ្សោយនិងការសាកល្បងផ្សេងៗ ។ នៅក្នុងការឧទ្ទិសថ្វាយព្រះដំណាក់ថ្មី សាឡូម៉ូនបានអង្វរព្រះអម្ចាស់ថា « បើសិនជាគេវិលត្រឡប់មកឯទ្រង់ដោយអស់ពីចិត្ត … នោះសូមទ្រង់ប្រោសស្តាប់ … ពាក្យដែលគេអធិស្ឋាន » ( ពង្សាវតារក្សត្រ ទី១ ៨:៤៧–៤៨ ) ។ នោះជាផ្នែកនៃអ្វីដែលសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធធ្វើសម្រាប់យើង—វាបង្កើតទំនាក់ទំនងជាមួយនឹងព្រះ ។ សេចក្ដីសញ្ញាធានាសម្រាប់យើងនូវការសន្យាថា តាមរយៈការប្រែចិត្ត និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ទ្រង់អាច « ស្ថិតនៅកណ្តាល [ យើង ] » ហើយឥតបោះបង់ចោលយើងឡើយ ( ពង្សាវតារក្សត្រ ទី១ ៦:១៣ ) ។
សម្រាប់ទិដ្ឋភាពទូទៅនៃគម្ពីរពង្សាវតារក្សត្រ ទី១ សូមមើល « Kings, books of » នៅក្នុង Bible Dictionary ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
សាំយូអែល ទី២ ១១; ១២:១–១៤
ព្រះអម្ចាស់អាចជួយខ្ញុំធ្វើការជ្រើសរើសល្អ នៅពេលខ្ញុំត្រូវបានល្បួងឲ្យប្រព្រឹត្តអំពើបាប ។
ពេលខ្លះយើងមើលទៅមនុស្សដែលហាក់ដូចជាមានសេចក្តីជំនឿរឹងមាំ ហើយយើងសន្មតថា ពួកគេមិនទទួលរងឥទ្ធិពលពីការល្បួងឡើយ ។ ជម្រើសដ៏សោកសង្វែងរបស់ដាវីឌដែលបានពិពណ៌នានៅក្នុង សាំយូអែល ទី២ ១១ បានបង្ហាញយ៉ាងច្បាស់ថា វាមិនដូច្នោះទេ ។ សូមពិចារណាពីមេរៀនដែលបងប្អូនអាចរៀនចេញពីបទពិសោធន៍របស់ទ្រង់ ។ សំណួរបែបទាំងនេះអាចជួយបងប្អូនសិក្សា សាំយូអែល ទី២ ១១–១២ ៖
-
តើការជ្រើសរើសអ្វីខ្លះដែល ស្តេចដាវីឌ បានធ្វើដែលបាននាំទ្រង់ឲ្យយាងនៅលើគន្លងនៃអំពើបាបកាន់តែខ្លាំងឡើង ? តើការជ្រើសរើសសុចរិតអ្វីខ្លះដែលទ្រង់គួរតែធ្វើជំនួសវិញនោះ ? ( សូមមើលផងដែរវីដេអូ « To Look Upon » នៅលើបណ្ណាល័យដំណឹងល្អ ) ។
4:15To Look Upon
ការប្រើប្រាស់វីដេអូ ។ វីដេអូអាចជួយបងប្អូនឲ្យស្រមៃឃើញដំណើររឿងចេញពីព្រះគម្ពីរ ហើយពិចារណាពីរបៀបដែលវាអនុវត្តចំពោះបងប្អូន ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចប្រើវាដើម្បីបង្កើនការបង្រៀន និងការរៀនសូត្រ ។ ឧទាហរណ៍ ពេលកំពុងមើល « To Look Upon » ( បណ្ណាល័យដំណឹងល្អ ) សូមពិចារណាផ្អាកវីដេអូនៅចំណុចផ្សេងៗ ដើម្បីជញ្ជឹងគិត ឬពិភាក្សាអំពីសំណួរមួយចំនួនដែលបានណែនាំនៅក្នុងសកម្មភាពនេះ ។
-
តើមារសត្រូវព្យាយាមនាំបងប្អូនទៅរកផ្លូវនៃអំពើបាបដោយរបៀបណា ? តើការជ្រើសរើសអ្វីខ្លះដែលបងប្អូនអាចធ្វើឥឡូវនេះដើម្បីបន្តមានសុវត្ថិភាពខាងវិញ្ញាណ ?
-
សូមកត់ចំណាំប្រតិកម្មរបស់ដាវីឌចំពោះដំណើររឿងរបស់ណាថាន់នៅក្នុង សាំយូអែល ទី២ ១២:១–៦ ។ តើប្រតិកម្មរបស់គាត់បង្ហាញយ៉ាងណាអំពីរបៀបដែលដាវីឌមានទស្សនៈចំពោះខ្លួនគាត់ ? តើព្រះអម្ចាស់បានធ្វើអ្វីខ្លះ ដើម្បីជួយបងប្អូនមើលឃើញខ្លួនបងប្អូនកាន់តែច្បាស់ ?
-
តើបងប្អូននឹងសង្ខេបព្រឹត្តិការណ៍នៃ សាំយូអែល ទី២ ១១–១២ នៅក្នុងប្រយោគមួយនៃការព្រមានដោយរបៀបណា ?
ការអានអំពីជម្រើសមិនល្អរបស់ដាវីឌអាចនាំបងប្អូនឲ្យរៀនអំពីគ្រោះថ្នាក់នៃការណ៍អាសគ្រាម និងអំពើបាបខាងផ្លូវភេទ ។ ធនធានដ៏ល្អមួយសម្រាប់បញ្ហានេះគឺ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ជាពិសេសផ្នែកដែលមានចំណងជើងថា « អ្វីដែលត្រូវធ្វើក្នុងពេលនេះ » និង « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ( ទំព័រ ២១–២៨ ) ។ ប្រហែលជាបងប្អូនអាចមើលធនធាននោះដើម្បីទទួលបានដំបូន្មានដែលអាចជួយដាវីឌធ្វើការជ្រើសរើសបានល្អជាង ឬបងប្អូនអាចអាន « ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក » ( ទំព័រ ៦–៩ ) ដោយរកមើលអ្វីដែលអាចជួយដាវីឌត្រឡប់ទៅព្រះអម្ចាស់វិញ ។
សូមពិចារណាច្រៀងទំនុកតម្កងដូចជាបទ « ខ្ញុំត្រូវការទ្រង់ជានិច្ច » ( ទំនុកតម្កើង ល.រ. ៤៧ ) ហើយជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះបានពង្រឹងបងប្អូន នៅពេលបងប្អូនប្រឈមមុខនឹងការល្បួង ។
សូមមើលផងដែរ នីហ្វៃទី២ ២៨:២០–២៤, អូលីសេស សូរ៉េស « Seek Christ in Every Thought » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៨២–៨៥, « Taking Charge of Technology » នៅលើបណ្ណាល័យដំណឹងល្អ, « Watch Your Step » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
Watch Your Step
ពង្សាវតារក្សត្រ ទី១ ៣:១–១៥
អំណោយទាននៃការញាណដឹងជួយខ្ញុំឲ្យបែងចែករវាងអ្វីដែលត្រូវ និងអ្វីដែលខុស ។
ប្រសិនបើព្រះអម្ចាស់បានមានបន្ទូលទៅកាន់បងប្អូនថា « ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ » ( ពង្សាវតារក្សត្រ ទី១ ៣:៥ ) តើបងប្អូននឹងសូមអ្វីខ្លះ ? តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះចំពោះសំណើរបស់សាឡូម៉ូន ? សូមពិចារណាពីហេតុផលដែល « ចិត្តប្រកបដោយប្រាជ្ញា » ដើម្បី « ដឹងខុសត្រូវ » ( ខទី ៩ ) គឺជាអំណោយទានដ៏មានតម្លៃមួយ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកអំណោយទាននេះ ?
សូមមើលផងដែរ មរ៉ូណៃ ៧:១២–១៩ ។
ពង្សាវតារក្សត្រ ទី១ ៦–៨; ៩:១–៩
តាមរយៈសេចក្ដីសញ្ញាដែលបានធ្វើនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះព្រះអម្ចាស់គង់ជាមួយនឹងខ្ញុំ ។
នៅក្នុង ពង្សាវតារក្សត្រ ទី១ ៦–៧ បងប្អូននឹងរកឃើញការពិពណ៌នាលម្អិតអំពីដំណាក់ពិសិដ្ឋដែលសាឡូម៉ូនបានសង់សម្រាប់ព្រះអម្ចាស់ ។ សេចក្តីលម្អិតប្រហែលជាមិនសំខាន់សម្រាប់បងប្អូនដូចវាសំខាន់ចំពោះពួកសាសន៍អ៊ីស្រាអែលពីបុរាណនោះទេ ។ ប៉ុន្តែ ការអានជំពូកទាំងនេះអាចផ្តល់ឲ្យបងប្អូននូវអារម្មណ៍មួយថា តើវាមានសារៈសំខាន់យ៉ាងណាចំពោះពួកគេក្នុងការមានព្រះដំណាក់របស់ព្រះអម្ចាស់ ។ ហេតុអ្វីបានជាវាសំខាន់ចំពោះបងប្អូន ?
បងប្អូនអាចជញ្ជឹងគិតពីអ្វីដែលផ្នែកផ្សេងៗនៃព្រះវិហារបរិសុទ្ធរបស់សាឡូម៉ូនអាចជានិមិត្តរូប ។ ឧទាហរណ៍ សូមពិចារណាចេរូប៊ីន ដើមឈើ និងផ្កានៅក្នុង ពង្សាវតារក្សត្រ ទី១ ៦:៣៥ អាចតំណាងឲ្យអ្វី ។ ( សូមមើលផងដែរ លោកុប្បត្តិ ៣:៣៤ ) ។
ជំពូក ៨ កត់ត្រាការអធិស្ឋានរបស់សាឡូម៉ូននៅពេលធ្វើព្រះវិហារបរិសុទ្ធហើយរួចរាល់ ( សូមមើល ខទី ២២–៦១ ) ។ សូមពិចារណាធ្វើបញ្ជីនៃពរជ័យដែលសាឡូម៉ូនបានទូលសុំ ។ តើអ្វីធ្វើឲ្យអ្នកចាប់អារម្មណ៍ចំពោះពរជ័យទាំងនេះ ? ( សូមកត់ចំណាំផងដែរនូវការសន្យារបស់ព្រះអម្ចាស់នៅក្នុង ពង្សាវតារក្សត្រ ទី១ ៦:១១–១៣; ៩:១–៩ ) ។ ប្រសិនបើបងប្អូនបានទៅព្រះដំណាក់របស់ព្រះអម្ចាស់ សូមគិតអំពីបទពិសោធន៍របស់បងប្អូនក្នុងការថ្វាយបង្គំនៅទីនោះ ។ តើគោរពតាមសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធបានជួយបងប្អូនទទួលបានពរជ័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩; ហែនរី ប៊ី អាវរិង « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ២៨–៣១ ។
ព្រះវិហារបរិសុទ្ធបារាន់ហ្គីលឡា កូឡុំប៊ី
ពង្សាវតារក្សត្រ ទី១ ៨:៦១; ១១:១–១១
« ព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា »
តើការ « សូមឲ្យចិត្តយើងរាល់គ្នា … បានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា » មានន័យយ៉ាងដូចម្តេច ? ( ពង្សាវតារក្សត្រ ទី១ ៨:៦១ ) ។ តើវាខុសគ្នាពីសកម្មភាពរបស់យើងដែលល្អឥតខ្ចោះឬទេ ? តើវាខុសគ្នាដោយរបៀបណា ? សូមអាន ពង្សាវតារក្សត្រ ទី១ ១១:១–១១ ហើយកត់ចំណាំនូវអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះទ័យរបស់សាឡូម៉ូន ។ បងប្អូនអាចជញ្ជឹងគិតថាតើមានឥទ្ធិពលអ្វីខ្លះក្នុងជីវិតរបស់បងប្អូន ដែលអាចបង្វែរចិត្តបងប្អូនចេញពីព្រះអម្ចាស់ទៅរក « ព្រះដទៃ » ដែរឬវិញ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
សាំយូអែល ទី២ ១១
ព្រះអម្ចាស់អាចជួយខ្ញុំនៅពេលខ្ញុំត្រូវបានល្បួង ។
-
« ស្ដេចដាវីឌ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១១៧–១២០ អាចជួយបងប្អូនប្រាប់កូនៗបងប្អូននូវដំណើររឿងនៅក្នុង សាំយូអែល ទី២ ១១ ។ បងប្អូនអាចសុំឲ្យកូនៗបងប្អូនស្វែងរកជម្រើសខុសដែលដាវីឌបានធ្វើ ហើយស្នើជម្រើសល្អដែលទ្រង់អាចធ្វើជំនួសវិញ ។ តើកិច្ចការអ្វីខ្លះដែលយើងអាចធ្វើ នៅពេលយើងត្រូវបានល្បួង ដែលអាចជួយយើងឲ្យធ្វើការជ្រើសរើសត្រឹមត្រូវនោះ ?
2:11King David
-
ការអានពីអំពើបាបដ៏គួរឲ្យសោកសង្វែងរបស់ដាវីឌអាចជាឱកាសដ៏ល្អមួយដើម្បីពិភាក្សាពីគ្រោះថ្នាក់នៃការណ៍អាសគ្រាម ។ វីដេអូ « What Should I Do When I See Pornography? » ( បណ្ណាល័យដំណឹងល្អ ) មានការណែនាំដ៏មានប្រយោជន៍ ។ សូមជួយកូនៗបងប្អូនអាចដាក់ផែនការអំពីអ្វីដែលពួកគេនឹងធ្វើនៅពេលពួកគេជួបនឹងការណ៍អាសគ្រាម ។
5:46What should I do when I see pornography?
ពង្សាវតារក្សត្រ ទី១ ៨:២២–៦១
ការធ្វើសេចក្ដីសញ្ញាក្នុងដំណាក់របស់ព្រះអម្ចាស់—ហើយរក្សាវា—ជួយខ្ញុំដើរតាមផ្លូវរបស់ទ្រង់ ។
-
នៅពេលបងប្អូន និងកូនៗបងប្អូនរៀនអំពីការឧទ្ទិសឆ្លងនៃព្រះវិហារបរិសុទ្ធនៅក្នុង ពង្សាវតារក្សត្រ ទី១ ៨ នោះបងប្អូនអាចមើលរូបភាពព្រះវិហារបរិសុទ្ធនៅក្នុងគម្រោងសប្តាហ៍នេះ ។ សូមឲ្យកូនៗបងប្អូននិយាយអំពីសេចក្តីលម្អិតដែលពួកគេមើលឃើញនៅក្នុងរូបភាពនេះ ។ បងប្អូនអាចបញ្ជាក់ ខទី ៥៧–៥៨ ។ តើ « ការដើរនៅក្នុងព្រះវិញ្ញាណ [ របស់ព្រះអម្ចាស់ ] » មានអត្ថន័យដូចម្ដេច ? ( ពង្សាវតារក្សត្រ ទី១ ៨:៥៨ ) ។ ប្រហែលជាកូនៗបងប្អូនអាចបោះជំហានមួយសម្រាប់ចម្លើយនីមួយៗដែលពួកគេផ្តល់ឲ្យ ។
-
សូមប្រាប់កូនៗបងប្អូនពីរបៀបដែលការរក្សាសេចក្ដីសញ្ញាដែលបងប្អូនធ្វើនៅក្នុងព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យដើរតាមផ្លូវរបស់ព្រះអម្ចាស់ ។ បងប្អូនអាចប្រាប់ពួកគេនូវអ្វីជាសេចក្តីសញ្ញាទាំងនេះ ( សូមមើល ក្បួនខ្នាតទូទៅ ២៧.២ នៅលើបណ្ណាល័យដំណឹងល្អ ) ។ បងប្អូនក៏អាចច្រៀងចម្រៀងជាមួយគ្នាដូចជាបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។
ការរចនារូបភាពពីព្រះវិហារបរិសុទ្ធសាឡូម៉ូន ដោយ សែម ឡយឡ័រ
ពង្សាវតារក្សត្រ ទី១ ១១:១–១១
ខ្ញុំអាចទុកព្រះអម្ចាស់ជាអាទិភាពនៅក្នុងជីវិតខ្ញុំ ។
-
ការអានអំពីរបៀបដែលមហេសីរបស់សាឡូម៉ូនមានឥទ្ធិពលលើទ្រង់អាចនាំឲ្យមានការសន្ទនាអំពីឧទាហរណ៍នៃ « ព្រះដទៃ »—ឬវត្ថុដែលមនុស្សថ្វាយបង្គំ ឬស្រឡាញ់ជំនួសឲ្យស្រឡាញ់ ឬថ្វាយបង្គំព្រះអម្ចាស់ ។ តើយើងបង្ហាញថា យើងស្រឡាញ់ទ្រង់លើសជាងអ្វីផ្សេងទៀតក្នុងជីវិតរបស់យើងដោយរបៀបណា ?
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។