ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៨–១៤ ខែមិថុនា  « ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ៖ សាំយ៉ូអែល ទី១ ៨–១០; ១៣; ១៥–១៦


« ថ្ងៃទី៨–១៤ ខែមិថុនា ‹ ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ៖ សាំយ៉ូអែល ទី១ ៨–១០; ១៣; ១៥–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៨–១៤ ខែមិថុនា ‹ ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

ព្រះយេស៊ូវ​កាន់​ឈើច្រត់

Beside Still Waters [ នៅ​ក្បែរ​ទឹក​ដែលមិនហូរ ] ដោយ ស៊ីម៉ូន ឌីវី

ថ្ងៃទី៨–១៤ ខែមិថុនា ៖ « ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ »

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦

សូល​ជា​អ្នក​គង្វាល​សត្វ​លា ។ ទោះជា​គាត់​មាន​រាងខ្ពស់​សង្ហា​ក្តី គាត់ « នៅ​ថោក​ទាប​ដល់​ព្រះនេត្រ [ របស់គាត់ ] » និង​ខ្វល់ខ្វាយ​អំពី​មរតក​គ្រួសារ​របស់​គាត់ ( សូមមើល សាំយូអែល ទី១ ៩:២–៣, ២១; ១៥:១៧ ) ។ នៅ​ថ្ងៃ​ដែល​គាត់​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ៊ីស្រាអែល​ជា​ស្ដេច​របស់​ពួកគេ គាត់​មិន​បាន​បង្ហាញ​ខ្លួន​ឡើយ គាត់​ភ័យ​ខ្លាំង​ណាស់ « កំពុងតែ​ពួន » ( សាំយូអែល ទី១ ១០:២១–២ ) ។ ក្រឡេក​មើល​ទៅ​សូល បងបង្អូន​ប្រហែលជា​មិន​នឹក​ស្មាន​ថា គាត់​នឹង​ដឹកនាំ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ឈ្នះ​លើ​សត្រូវ​របស់​ពួកគេ​បាន​ទេ ឬ​ក៏​នឹកថា​ក្រោយមក​គាត់​ប្រែ​ជា​ឆ្មើងឆ្មៃ ហើយ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ឡើយ ។

ដាវីឌ​គឺជា​អ្នក​គង្វាល​ចៀម ។ គាត់​មិន​សូវ​មាន​កាយសម្បទា​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូចជា​បងៗ​ប្រាំពីរ​នាក់​ទៀត​របស់​គាត់​ទេ ។ នៅ​ថ្ងៃ​ដែល​សាំយូអែល​បាន​មក​ជ្រើសរើស​ស្ដេច​ថ្មី​សម្រាប់​អ៊ីស្រាអែល វា​ហាក់​ដូចជា​មិន​សម​នឹង​បញ្ចូល​ដាវីឌ​នៅក្នុង​ចំណោម​បេក្ខភាព​ដែល​មាន​នោះ​ទេ ដូច្នេះ​គាត់​ត្រូវ​បាន​ទុក​ចោល​ឲ្យ​នៅ​ទី​វាល​ជាមួយ​ហ្វូង​ចៀម ។ ក្រឡេក​មើល​ទៅ​ដាវីឌ បងប្អូន​ប្រហែលជា​មិន​នឹក​ស្មាន​ថា គាត់​នឹង​មាន​ជំនឿ និង​ភាពក្លាហាន​ដើម្បី​កម្ចាត់​មនុស្ស​មាឌ​ធំ ហើយ​ធ្វើជា​ស្តេច​ដ៏​ជោគជ័យ​បំផុត​របស់​អ៊ីស្រាអែល​ឡើយ ។

ប៉ុន្តែ ព្រះអម្ចាស់​ទតឃើញ​ហួស​ពី​ស្លាក​របស់​យើង រូបរាង​របស់​យើង ភាព​ទន់ខ្សោយ​របស់​យើង ។ ផ្ទុយ​ទៅវិញ ទ្រង់​ទត « ក្នុង​ចិត្ត​វិញ » ( សាំយូអែល ទី១ ១៦:៧ ) ។ ហើយ​សូម្បី​តែ​នៅពេល​ដែល​ដួងចិត្ត​របស់​យើង​មិន​ត្រឹមត្រូវ​ក៏​ដោយ បើ​យើង​មាន​ឆន្ទៈ ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង « បំផ្លាស់បំប្រែ​ចិត្ត » ( សាំយូអែល ទី១ ១០:៩ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

សាំយូអែល ទី១ ៨

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ស្តេច​របស់​ខ្ញុំ ។

សាំយូអែល ទី១ ៨ ប្រាប់​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​ផ្លាស់ប្តូរ​ជោគវាសនា​របស់​ពួកសាសន៍​អ៊ីស្រាអែល​ជា​រៀងរហូត ។ សម្រាប់​ការការពារ​ប្រឆាំង​នឹង​សត្រូវ​របស់​ពួកគេ ពួកសាសន៍​អ៊ីស្រាអែល​ចង់បាន​អ្វី​ដែល​អ្នកជិតខាង​របស់​ពួកគេ​មាន—ពោល​គឺជា​ស្តេច​ដើម្បី​គ្រប់គ្រង​ពួកគេ ។ នៅពេល​បងប្អូន​អាន​អំពី​សំណើ​របស់​ពួកគេ និង​ការឆ្លើយតប​របស់​ព្រះអម្ចាស់ សូម​គិត​អំពី​អ្នក​ដែល​បងប្អូន​ស្វែងរក​ដើម្បី​ទទួល​បាន​សុវត្ថិភាព និង​ការណែនាំ ។ សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ការអនុញ្ញាត​ឲ្យ​ព្រះអម្ចាស់ « ធ្វើ​ជា​ស្តេច​លើ [ បងប្អូន ] ទៀត » ( សាំយូអែល ទី១ ៨:៧ ) ។

នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ បងប្អូន​នឹង​អាន​អំពី​ស្តេច​មួយ​ចំនួន​ដែល​ត្រូវ​បានហៅ​ឲ្យ​ដឹកនាំ​អ៊ីស្រាអែល ។ នៅពេល​បងប្អូន​រៀន​អំពី​ពួកទ្រង់ សូម​ពិចារណា​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ការព្រមាន​របស់​ព្រះអម្ចាស់​ត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា​នៅក្នុង សាំយូអែល ទី១ ៨:១០–១៨ ?

  • តើ​កូន​ចៅ​អ៊ីស្រាអែល​ទទួលរង​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​ការជ្រើសរើស​របស់​ពួកគេ​ក្នុងការ​មាន​ស្តេច​ខាងផែនដី ?

  • តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ខុស​ពី​ស្ដេច​ខាងផែនដី​ដោយ​របៀប​ណា ? សូម​ពិចារណា​អំពី​ឥទ្ធិពល​ខាងលោកិយ ដែល​បងប្អូន​ប្រហែលជា​ត្រូវ​ដកចេញ​ពី​ជីវិត​របស់​បងប្អូន ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​ជា​ស្តេច​របស់​បងប្អូន ។

សូមមើល​ផងដែរ​នូវ​បទ ៖ « រីករាយ​ដ្បិត​ទ្រង់​ជា​ស្ដេច ! » ទំនុក​តម្កើង ល.រ. ២៥ ។

សាំយូអែល ទី១ ៩–១០; ១៦:១–១៣

ព្រះបាន​ហៅ​មនុស្ស​តាមរយៈ​ការព្យាករ​ដើម្បីបម្រើ​នៅក្នុង​ព្រះនគរ​របស់ទ្រង់ ។

សូម​អាន​អំពី​របៀប​ដែល​ព្រះ​ជ្រើសរើស​ស្ដេច​របស់​អ៊ីស្រាអែល សាំយូអែល ទី១ ៩–១០ និង ១៦ ( សូមមើល​ជាពិសេស ៩:១៥–១៧; ១០:១–១២; ១៦:១–១៣ ) ។ សូម​រកមើល​អត្ថបទ​ដែល​ជួយ​បងប្អូន​ឲ្យ​យល់​ថា តើ​វា​មាន​អត្ថន័យ​យ៉ាងណា​ដើម្បី « ហៅពី​ព្រះ​ដោយ​ការព្យាករណ៍ » នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ( មាត្រា​នៃ​សេចក្តីជំនឿ ១:៥ ) ។ បងប្អូន​អាច​ពិចារណា​ដាក់​ខ្លួន​បងប្អូន​នៅ​កន្លែង​អ្នកដឹកនាំ​ដែល​បានផ្ដល់​ឲ្យ​នូវ​ការហៅ ( សាំយូអែល ) បុគ្គល​ដែល​ត្រូវ​បាន​ហៅ ( សូល និង​ដាវីឌ ) និង​មនុស្ស​ដែល​ពួកគាត់​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ( ពួកសាសន៍​អ៊ីស្រាអែល ) ។ តើ​បងប្អូនបាន​រៀន​អ្វីខ្លះ​មកពី​ពាក្យសម្ដី និង​សកម្មភាព​របស់​ពួកគេ​នៅក្នុង​ជំពូក​ទាំងនេះ ?

សាំយូអែល​ចាក់​ប្រេងតែងតាំង​សូល

រូបភាព​សាំយូអែល​ចាក់ប្រេង​តែងតាំង​សូល ដោយ ភី មេន © Lifeway Collection/បានទទួល​អាជ្ញាប័ណ្ណ​ពី goodsalt.com

សាំយូអែល ទី១ ១៣:៥–១៤១៥

« ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា » ។

សូម​ពិចារណា​ពី​របៀប​ដែល​សូល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​នៅក្នុង សាំយូអែល ទី១ ១០ វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​អាន​អំពី « សេចក្តី​រឹងទទឹង » និង « សេចក្តី​ចចេស » បន្ទាប់ពី​បានធ្វើ​ជា​ស្តេច ( សាំយូអែល ទី១ ១៥:២៣ ) ។ តើ​បងប្អូន​គិតថា ហេតុអ្វី​វា​កើតឡើង ? នៅក្នុង សាំយូអែល ទី១ ១៣:៥–១៤ តើ​បងប្អូន​មើលឃើញ​អាកប្បកិរិយា និង​ឥរិយាបថ​បែបណា ដែល​នាំ​ឲ្យ​គាត់​ធ្លាក់​ចុះ ?

នៅក្នុង សាំយូអែល ទី១ ១៥ បងប្អូន​នឹង​អាន​អំពី​បញ្ញត្តិ​មួយ​ពី​ព្រះអម្ចាស់​ដែល​សូល​មិន​បានស្តាប់​តាម ដោយសារ​គាត់​គិត​ថា គាត់​មាន​ហេតុផល​ត្រឹមត្រូវ ។ ដើម្បី​រៀន​អំពី​ការជ្រើសរើស​អន់ខ្សោយ​របស់​សូល សូម​មើល​នៅ​ឯ ខទី ២២ ហើយ​ប្តូរ​ពាក្យ « យញ្ញបូជា » និង « ខ្លាញ់​នៃ​ចៀម » ជាមួយ​នឹង​អ្វីៗ​ដែល​ហាក់​ដូចជា​ល្អ ប៉ុន្តែ​មិន​សំខាន់​ដូចជា​ការស្ដាប់ និង​ការគោរពតាម​ព្រះអម្ចាស់ ។ តើ​បងប្អូន​បាន​ទទួល​ពរ​ដោយ​របៀប​ណា នៅពេល​បងប្អូន​បាន​ដាក់​ឆន្ទៈ​របស់​ព្រះអម្ចាស់​ជា​អាទិភាព​ក្នុង​ជីវិត​របស់​បងប្អូន ?

សាំយូអែល ទី១ ១៦:៦–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។

តើ​បងប្អូន​ធ្លាប់​ធ្វើ​ការសម្រេចចិត្ត​ដោយ​ផ្អែកលើ « ឫកពា​ខាង​ក្រៅ » នៃ​អ្វីមួយ ឬ​នរណា​ម្នាក់ ហើយ​ក្រោយមក​ដឹង​ថា​បងប្អូន​ខុស​ដែរ​ឬ​ទេ ? ប្រហែលជា​បងប្អូន​បានបរិភោគ​របស់​ដែល​មិន​ឆ្ងាញ់​ដូច​ដែល​រូបរាង​ខាងក្រៅ​បង្ហាញ ។ ឬ​ប្រហែលជា​បងប្អូន​វិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​អយុត្តិធម៌ ។

នៅពេល​ដែល​សាំយូអែល​កំពុង​ស្វែងរក​ស្ដេច​ថ្មី​នៃ​អ៊ីស្រាអែល ព្រះអម្ចាស់​បានបង្រៀន​គាត់​នូវ​របៀប​ដ៏​ល្អ​ប្រសើរ ។ សូម​អាន​អំពី​រឿង​នេះ​នៅក្នុង សាំយូអែល ទី១ ១៦:៦–៧ ហើយ​ពិចារណា​បង្កើត​បញ្ជី​នូវ​របៀប​ទាំងឡាយ​ដែល​មនុស្ស​វិនិច្ឆ័យ​អ្នកដទៃ « តែ​ឫកពា​ខាង​ក្រៅ » ។ បងប្អូន​អាច​ស្វែងរក​ឧទាហរណ៍​មួយ​ចំនួន​នៅក្នុង​សារលិខិត​របស់​អែលឌើរ គ្រីស្តូហ្វី ជី ជីរ៉ត-ខារៀ « យើង​ជា​បុត្រាបុត្រី​ទ្រង់ » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១១៤–១១៦ ) ។ តើ​ការមើល « ក្នុងចិត្ត » ដូចជា​ព្រះអម្ចាស់​បានទតឃើញ មានន័យ​ដូចម្តេច ? ( សាំយូអែល ទី១ ១៦:៧ ) ។ បងប្អូន​ក៏​អាច​រកឃើញ​ឧទាហរណ៍​នៃ​ការណ៍​នេះ​ដែរ​នៅក្នុង​សារលិខិត​របស់​អែលឌើរ​ជីរ៉ត-ខារៀ ។ ប្រហែលជា​បងប្អូន​អាច​គិត​អំពី​ពេល​ផ្សេង​ទៀត នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បានទត​ហួស​ពី​រូបរាង​ខាងក្រៅ​របស់​មនុស្ស ។ ( សូមមើល​ជា​ឧទាហរណ៍ ម៉ាកុស ១២:៤១–៤៤; លូកា ៥:១–១១; ១៩:១–៩; យ៉ូហាន ៤:៥–៣០; ម៉ូសេ ៦:៣១–៣៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​គំរូ​ទាំងនេះ ?

តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ដែល​បងប្អូន​មើលឃើញ​អ្នកដទៃ—និង​ខ្លួន​បងប្អូន​ផ្ទាល់​ដោយ​របៀប​ណា ? តើការធ្វើ​បែបនោះ​អាច​ជះឥទ្ធិពល​យ៉ាងដូចម្តេច​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​របស់​បងប្អូន​ជាមួយ​អ្នកដទៃ ? សូម​ពិចារណា​ប្រាប់​នរណា​ម្នាក់​អំពី​ភាពល្អ​ដែល​បងប្អូន​មើលឃើញ​នៅក្នុង​ចិត្ត​របស់​ពួកគេ ។

សូមមើល​ផងដែរ អូលីសេស សូរ៉េស « បងប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ព្រះគ្រីស្ទ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៧០–៧៣ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

សាំយូអែល ទី១ ៨

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ស្តេច​របស់​ខ្ញុំ ។

  • នៅពេល​បងប្អូន​អាន សាំយូអែល ទី១ ៨ ជាមួយ​កូនៗ​បងប្អូន សូម​ជួយ​ពួកគេ​ស្វែងរក​មូលហេតុ​ដែល​សាំយូអែល​បានប្រាប់​ពួកសាសន៍​អ៊ីស្រាអែល​ថា ការមាន​ស្តេច​គឺជា​គំនិត​មិន​ល្អ​ទេ ។ តើ​ហេតុអ្វី​វា​ប្រសើរ​ជាង​ដើម្បី​មាន​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ស្តេច​របស់​យើង ? ប្រហែលជា​បងប្អូន​អាច​ធ្វើ​មកុដ​ក្រដាស​ជាមួយ​គ្នា ហើយ​ប្តូរវេន​គ្នា​ពាក់​វា ហើយ​ចែកចាយ​អ្វីមួយ​ដែល​យើង​អាច​ធ្វើ ដើម្បី​បង្ហាញ​ថា​យើង​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​ជា​ស្តេច​របស់​យើង ។ ( សូមមើល​ផងដែរ យេរេមា ២៣:៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:៥៩ ) ។

សាំយូអែល ទី១ ៨:៦; ៩:១៥–១៧; ១០:១–២៤; ១៦:១–១៣

មនុស្ស​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​គឺ​ត្រូវបាន​ហៅ​ដោយ​ព្រះ ។

  • ដំណើរ​រឿង​ទាំងឡាយ​អំពី​ព្រះ​ជ្រើសរើស​សូល និង​ដាវីឌ​ឲ្យ​ធ្វើជា​ស្តេច អាច​ជួយ​ឲ្យ​កូនៗ​បងប្អូន​យល់ពី​របៀប​ដែល​មនុស្ស​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃនេះ​ដោយ​វិវរណៈ ។ ដើម្បី​បង្រៀន​ពួកគេ​នូវ​ដំណើររឿង​ទាំងនេះ នោះ​បងប្អូន​អាច​សរសេរ​ព្រឹត្តិការណ៍​ចេញពី​ដំណើររឿង​ទាំងនេះ​នៅលើ​ក្រដាស ហើយ​កូនៗ​បងប្អូន​អាច​ដាក់​វា​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ​នៅពេល​បងប្អូន​អាន​វគ្គបទគម្ពីរ​ជាមួយគ្នា ( សូមមើល​ផងដែរ « កំលោះ​ដាវីឌ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១១០–១១១ ) ។ បន្ទាប់មក បងប្អូន​អាច​និយាយ​អំពី​គ្រា​ដែល​ព្រះ​បានប្រទាន​ពរ​ដល់​បងប្អូន​ដោយ​នូវ​អំណាច​ខាង​វិញ្ញាណ​ដើម្បី​បំពេញ​ការចាត់តាំង ឬ​ការហៅ ( សូមមើល សាំយូអែល ទី១ ១០:៩–១០ ) ។

    1:16

    Young David

  • ការណ៍​នេះ​ក៏​អាច​ជា​ពេលវេលា​ដ៏​ល្អ​មួយ​ដើម្បី​បង្រៀន​កូនៗ​បងប្អូន​ផងដែរ​នូវ មាត្រា​នៃ​សេចក្តីជំនឿ​ទី​ប្រាំ ។ សូម​ប្រាប់​ពួកគេ​ពី​របៀប​ដែល​បងប្អូន​បានទទួល​ការហៅ​របស់​បងប្អូន​នៅក្នុង​សាសនាចក្រ ។ តើ​បងប្អូន​ដឹង​យ៉ាង​ដូចម្តេច​ថា បងប្អូន​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ?

សាំយូអែល​កំពុងតែងតាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច

The Prophet Samuel Anoints David to Be King of Israel in Bethlehem [ ព្យាការី​សាំយូអែល​តែងតាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​អ៊ីស្រាអែល​នៅ​បេថ្លេហិម ] ដោយ បាលេហ្គ បាលូហ្គ

សាំយូអែល ទី១ ១៦:១–១៣

ព្រះ​អម្ចាស់​ទតមើល​ពី​ក្នុង​ចិត្ត ។

  • មេរៀន​ដោយ​ប្រើ​វត្ថុ​មួយ​អាច​ជួយ​កូនៗ​បងប្អូន​ឲ្យ​យល់ពី​គោលការណ៍​នៅក្នុង សាំយូអែល ទី១ ១៦:៧ ។ ឧទាហរណ៍ បងប្អូន​អាច​បង្ហាញ​ពួកគេ​នូវ​អាហារ ឬ​សៀវភៅ មួយ​ក្បាល​ដែលមាន​ក្រដាស​រុំ ឬ​គម្រប​បិទជិត​ដែល​មិន​ត្រូវ​នឹង​ខ្លឹមសារ​ពិត​របស់វា ។ តើ សាំយូអែល ទី១ ១៦:៧ និង​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ​ណែនាំ​អំពី​របៀប​ដែល​យើង​គួរមាន​ទស្សនៈ​ចំពោះ​ខ្លួនឯង និង​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្តេច ? សូម​ច្រៀង​ចម្រៀង​ដែល​បញ្ជាក់​ពី​គោលការណ៍​នេះ ដូចជា​បទ « ចូរ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៧៤ ) ។

    សូម​បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ ។ នៅពេល​កូនៗ​បងប្អូន​មាន​អ្វីមួយ​ដែល​អាច​មើលឃើញ និង​ប៉ះ​ទាក់ទង​នឹង​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ពួកគេ​ទំនង​ជា​ចងចាំ​វា​ច្រើន​ជាង ។ ឧទាហរណ៍ នៅពេល​បងប្អូន​អាន សាំយូអែល ទី១ ១៦:៧ ជាមួយ​ពួកគេ នោះ​បងប្អូន​អាច​ជួយ​ពួកគេ​ស្វែងរក​ឧទាហរណ៍​ដែល​បំភាន់​ភ្នែក​ដើម្បី​បង្ហាញ​ទស្សនៈ​ថា យើង​គួរតែ​ព្យាយាម​មើល ដូចជា​ព្រះអម្ចាស់​បានទត—ដោយ​ការមើល « ក្នុង​ចិត្ត​វិញ »—ជាជាង​ការវិនិ្ឆច្ឆ័យ​ដោយ​ផ្អែក​លើ « ឫកពា​ខាង​ក្រៅ » ។

  • បងប្អូន និង​កូនៗ​បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ដែល​បងប្អូន​បានរៀន​ពី​មូលហេតុ ដែល​បងប្អូន​គួរ « មើល​ចំពោះ​ក្នុង​ចិត្ត » មិនមែន​មើលតែ « ឫកពា​ខាង​ក្រៅ » នោះទេ ( ខទី ៧ ) ។ បងប្អូន​ក៏​អាច​ប្តូរវេន​ប្រាប់​គ្នា​អំពី​លក្ខណសម្បត្តិ​ដែល​បងប្អូន​មើលឃើញ​នៅក្នុង​ចិត្ត​របស់​គ្នា​ទៅវិញ​ទៅមក ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

សាំយូអែល​និយាយ​ទៅ​កាន់​សូល

Samuel Instructing Saul [ សាំយូអែល​កំពុង​បង្រៀន​សូល ] ដោយ ថែត ហេននីងហ្គឺ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ព្រះអម្ចាស់​ទតមើល​ក្នុង​ចិត្ត