« ថ្ងៃទី១៥–២១ ខែមិថុនា ‹ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ » ៖ សាំយ៉ូអែល ទី១ ១៧–១៨; ២៤–២៦; សាំយ៉ូអែល ទី២ ៥–៧ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី១៥–២១ ខែមិថុនា ‹ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ › » ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦
David and Goliath [ ដាវីឌ និងកូលីយ៉ាត ] ដោយ ស្ទីហ្វ ណិតធើខត់ថ៍
ថ្ងៃទី១៥–២១ ៖ « ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ »
សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧
ចាប់តាំងពីពូជអំបូរនៃអ៊ីស្រាអែល បានតាំងលំនៅលើដែនដីសន្យាមក នោះសាសន៍ភីលីស្ទីន បានគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេជាបន្តបន្ទាប់ ។ ព្រះអម្ចាស់បានជួយរំដោះពួកគេជាច្រើនដងពីអតីតកាល ប៉ុន្តែឥឡូវនេះពួកចាស់ទុំនៃអ៊ីស្រាអែលបានទាមទារ « មានស្តេចលើយើងរាល់គ្នា … [ ដើម្បី ]នាំមុខយើងចេញទៅច្បាំងក្នុងចម្បាំងយើងផង » ( សាំយូអែល ទី១ ៨:១៩–២០ ) ។ ដូច្នេះ សូលត្រូវបានចាក់ប្រេងតាំងជាស្ដេច ។ ហើយនៅពេល កូលីយ៉ាត មាឌធំធ្វើចម្បាំងជាមួយពួកទាហាននៃអ៊ីស្រាអែល—សូល ក៏ដូចជាពួកទាហានរបស់ទ្រង់ដែរ—គឺ « ភ័យខ្លាចជាខ្លាំង » ( សាំយូអែល ទី១ ១៧:១១ ) ។ នៅថ្ងៃនោះមិនមែនស្តេចសូលទេដែលបានជួយសង្គ្រោះអ៊ីស្រាអែល ប៉ុន្តែជាក្មេងប្រុសអ្នកគង្វាលចៀមម្នាក់ដែលមានចិត្ដរាបសា មានឈ្មោះថាដាវីឌ មិនបានពាក់គ្រឿងសឹកឡើយប៉ុន្តែបានបំពាក់ដោយសម្លៀកបំពាក់នៃសេចក្តីជំនឿយ៉ាងខ្លាំងលើព្រះអម្ចាស់ ។ ចម្បាំងនេះបានបញ្ជាក់ដល់អ៊ីស្រាអែល និងចំពោះមនុស្សគ្រប់គ្នាដែលមានចម្បាំងខាងវិញ្ញាណដើម្បីប្រយុទ្ធថា « ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ » ហើយថា « ត្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា » ( សាំយូអែល ទី១ ១៧:៤៧ )។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
សាំយូអែល ទី១ ១៧
ដោយមានជំនួយរបស់ព្រះអម្ចាស់ ខ្ញុំអាចយកឈ្នះលើរាល់ឧបសគ្គរបស់ខ្ញុំ ។
ដំណើររឿងរបស់ដាវីឌ និងកូលីយ៉ាតគឺជាដំណើររឿងមួយដែលមានប្រជាប្រិយភាពបំផុតក្នុងព្រះគម្ពីរ ។ ជាការពិតណាស់ ជាធម្មតាយើងផ្ដោតលើដាវីឌ ។ ប៉ុន្តែ នៅពេលនេះបងប្អូនអាន សាំយូអែល ទី១ ១៧ សូមពិចារណាផងដែរពាក្យសម្តីរបស់មនុស្សផ្សេងៗនៅក្នុងជំពូកនេះ ( សូមមើលបញ្ជីនៅខាងក្រោម ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីពួកគេ និងហេតុផលរបស់ពួកគេ ? តើបងប្អូនបានរៀនអ្វីខ្លះអំពីដាវីឌ ? តើលោកខុសប្លែកយ៉ាងដូចម្ដេច ?
-
កូលីយ៉ាត ៖ ខទី ៨–១០, ៤៣–៤៤
-
អេលាប ៖ ខទី ២៨
-
សូល ៖ ខទី ៣៣
-
ដាវីឌ ៖ ខទី ២៦, ៣២, ៣៤–៣៧, ៣៩, ៤៥–៤៧
ដំណើររឿងរបស់បងប្អូន ទោះជាមិនមានប្រជាប្រិយភាពដូចជាដំណើរឿងរបស់ដាវីឌក្តី ក៏ប្រាកដណាស់ថាបញ្ហាប្រឈមរបស់បងប្អូនមានទំហំប៉ុនកូលីយ៉ាតដើម្បីឲ្យបងប្អូនយកឈ្នះ និងមានឱកាសដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ផងដែរ ។ តើគំរូរបស់ដាវីឌបង្រៀនបងប្អូនអ្វីខ្លះអំពីការប្រឈមនឹងទុក្ខលំបាកក្នុងដំណើររឿងរបស់បងប្អូន ? បងប្អូនក៏អាចអានសារលិខិតរបស់ប្រធាន ខាមៀល អិន. ចនសុន « សូមយាងព្រះគ្រីស្ទឲ្យនិពន្ធដំណើររឿងរបស់បងប្អូន » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៨០–៨២ ) ជាមួយនឹងការប្រឈមរបស់បងប្អូននៅក្នុងចិត្ត ។ សូមស្វែងរកចម្លើយចំពោះសំណួរដូចនេះ ៖ តើព្រះអម្ចាស់មានព្រះទ័យចង់ឲ្យខ្ញុំគិតពីបញ្ហាប្រឈមរបស់ខ្ញុំយ៉ាងដូចម្ដេច ? តើទ្រង់បានជួយខ្ញុំយ៉ាងពីអតីតកាលដោយរបៀបណាខ្លះ ? តើខ្ញុំអាចបង្ហាញថាខ្ញុំទុកចិត្តទ្រង់ក្នុងនិពន្ធដំណើររឿងរបស់ខ្ញុំដោយរបៀបណា ?
បងប្អូនប្រហែលជាដឹងហើយថា នៅពេលក្រោយមានជំពូកមួយចំនួនដែលសោកសង្វែងក្នុងដំណើររឿងរបស់ដាវីឌ ( សូមមើលឧទាហរណ៍ សាំយូអែល ទី២ ១១ ) ។ ប្រសិនបើបងប្អូនមានឱកាសផ្ដល់ដំបូន្មានខ្លះដល់ដាវីឌ បន្ទាប់ពីប្រយុទ្ធជាមួយកូលីយ៉ាត តើបងប្អូននឹងនិយាយអ្វី ? តើដំបូន្មាននេះអាចអនុវត្តចំពោះជីវិតបងប្អូនដោយរបៀបណា ?
សូមមើលផងដែរ « The Lord Will Deliver Me » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
The Lord Will Deliver Me
សាំយូអែល ទី១ ១៧:២៦–៥០
មនុស្សម្នាក់ដែលមានជំនឿលើព្រះគ្រីស្ទអាចធ្វើឲ្យមានការផ្លាស់ប្តូរ ។
បន្ថែមពីលើបញ្ហាប្រឈមផ្ទាល់ខ្លួន យើងក៏ប្រឈមនឹងបញ្ហាស្មុគស្មាញធំៗ ដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូល ។ នៅពេលកម្លាំងរបស់អារក្សគឺ « លើកទ័ពមក … ច្បាំង » ប្រឆាំងនឹងកម្លាំងនៃសេចក្តីល្អ ( សាំយូអែល ទី១ ១៧:១ ) យើងអាចងឿងឆ្ងល់ពីរបៀបដែលការខិតខំរបស់បុគ្គលម្នាក់ៗអាចធ្វើឲ្យមានភាពខុសប្លែក ។ តើបងប្អូនរកឃើញដំណើររឿងអ្វីខ្លះរបស់ដាវីឌដែលផ្ដល់ក្តីសង្ឃឹមឲ្យបងប្អូន ?
សូមមើលផងដែរ ៖ « ចូរយើងខិតខំទៅ » ទំនុកតម្កើង ល.រ. ១៥២ ។
True Friendship and Self-Respect [ ចំណងមិត្តភាពពិតប្រាកដ និងការគោរពខ្លួនឯង ] ដោយ វិលសុន អុង ( សេចក្តីលម្អិត )
សាំយូអែល ទី១ ១៨
« យ៉ូណាថានបានស្រឡាញ់ [ ដាវីឌ ] ទុកដូចជាខ្លួនលោកដែរ » ។
នៅពេលបងប្អូនអាន សាំយូអែល ទី១ ១៨ សូមពិចារណាពីភាពផ្ទុយគ្នារវាងសូល និងយ៉ូណាថានជាបុត្រារបស់ទ្រង់ ( ដែលបើមិនមែនសម្រាប់ដាវីឌទេ នោះអាចសន្មតថាគាត់នឹងធ្វើជាស្តេចបន្ទាប់ ) ។ តើសូល និងយ៉ូណាថានមានប្រតិកម្មយ៉ាងណាចំពោះជោគជ័យរបស់ដាវីឌ ? តើបងប្អូនបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នេះ ?
តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងអាកប្បកិរិយា និងសកម្មភាពរបស់យ៉ូណាថានដែលរំឭកបងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ ?
« ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ » ( នីហ្វៃទី១ ១៩:២៣ ) ។ ព្រះគម្ពីរផ្តល់ឱកាសដ៏អស្ចារ្យដើម្បីរៀនពីការលើកទឹកចិត្ត និងសកម្មភាពរបស់មនុស្សដូចជា ដាវីឌ យ៉ូណាថាន និងសូល ។ បងប្អូននឹងរកឃើញថា គ្មាននរណាម្នាក់នៅក្នុងបទគម្ពីរគឺល្អឥតខ្ចោះនោះទេ ។ ដូច្នេះ នៅពេលបងប្អូនអាន ជាឧទាហរណ៍ អំពីជម្រើសដ៏ស្មោះត្រង់របស់ដាវីឌ ចូរបើកចិត្តដើម្បីរៀនពីកំហុសរបស់ទ្រង់ផងដែរ ។ ការធ្វើដូច្នេះអាចជួយយើងរកឃើញចំណុចខ្សោយដែលអាចមាននៅក្នុងខ្លួនយើងនិង « ឲ្យអ្នករាល់គ្នាអាចរៀនឲ្យមានប្រាជ្ញាជាង [ អ្នកដទៃ ] » ( មរមន ៩:៣១ ) ។
សាំយ៉ូអែល ទី១ ២៤–២៦
ការអត់ទោសគឺជាផ្លូវទៅកាន់សេចក្តីសុខសាន្ត និងការព្យាបាលដ៏ពិតប្រាកដ ។
នៅក្នុង សាំយូអែល ទី១ ២៤–២៦ សូមស្វែងរកមេរៀនអំពីសេចក្តីឆ្មើងឆ្មៃ ការអភ័យទោស និងការគ្រប់គ្រងខ្លួនឯង ។ បងប្អូនក៏អាចពិចារណាអំពីការអានសារលិខិតរបស់អែលឌើរ ម៉ាក អេ ប្រ៊េហ្គ « ការមានជំហរដូចជាព្រះគ្រីស្ទ » ជាផ្នែកនៃការសិក្សារបស់បងប្អូន ( លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៦០–៦៣ ) ។ តើដាវីឌ អ័ប៊ីកែល និងអ្នកដទៃទៀតបង្ហាញ—ឬមិនបានបង្ហាញ—ភាពរឹងមាំដូចជាព្រះគ្រីស្ទនៅក្នុងជំពូកទាំងនេះដោយរបៀបណា ? តើបងប្អូនមានឱកាសអ្វីដើម្បីបង្ហាញភាពរឹងមាំដូចជាព្រះគ្រីស្ទ ?
សារលិខិតរបស់ស៊ីស្ទើរ គ្រីស្ទីន យី « ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣៦–៣៩ ) អាចជួយបងប្អូនសិក្សា សាំយូអែល ទី១ ២៥ ។ តើអ័ប៊ីកែលដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សាំយូអែល ទី២ ៥:១៧–២៥
ព្រះអម្ចាស់អាចប្រទានសេចក្តីណែនាំដល់ខ្ញុំ ។
សូម្បីតែបន្ទាប់ពីដាវីឌវាយឈ្នះកូលីយ៉ាត ក៏បញ្ហារបស់គាត់ជាមួយនឹងពួកភីលីស្ទីនមិនទាន់ចប់ដែរ ។ នៅពេលបងប្អូនអាន សាំយូអែល ទី២ ៥:១៧–២៥ សូមពិចារណាពីរបៀបដែលគំរូរបស់ស្តេចដាវីឌអាចជួយបងប្អូននៅក្នុងការប្រឈមដែលបងប្អូនកំពុងជួបប្រទះ ( សូមមើលផងដែរ សាំយូអែល ទី១ ២៣:២, ១០–១១; ៣០:៨; សាំយូអែល ទី២ ២:១ ) ។ តើបងប្អូនត្រូវបានប្រទានពរដោយការធ្វើតាមវិវរណៈដែលបងប្អូនទទួលបានយ៉ាងដូចម្តេច ?
សាំយូអែល ទី២ ៧
តើ « ដំណាក់ » អ្វីដែលព្រះអម្ចាស់បានសន្យាដល់ដាវីឌ ?
នៅពេលដាវីឌទូលថ្វាយចង់តាំងដំណាក់មួយ ដែលមានន័យថាព្រះវិហារបរិសុទ្ធសម្រាប់ថ្វាយព្រះអម្ចាស់ ( សូមមើល សាំយូអែល ទី២ ៧:១–៣ ) ព្រះអម្ចាស់បានឆ្លើយតបថា ជាការពិត បុត្រា របស់ដាវីឌនឹងសង់ដំណាក់នេះ ( សូមមើល ខទី ១២–១៥; សូមមើលផងដែរ របាក្សត្រ ទី១ ១៧:១–១៥ ) ។ ព្រះអម្ចាស់ក៏បានមានបន្ទូលថា ទ្រង់នឹងតាំង « ព្រះវង្សាព្រះករុណា » មួយឲ្យដាវីឌ មានន័យថា កូនចៅជំនាន់ក្រោយ ហើយថាបល្ល័ង្ករបស់ទ្រង់នឹងស្ថិតស្ថេរនៅជារៀងដរាបទៅ ( សូមមើល សាំយូអែល ទី២ ៧:១១, ១៦, ២៥–២៩; ទំនុកដំកើង ៨៩:៣–៤, ៣៥–៣៧ ) ។ សេចក្តីសន្យានេះត្រូវបានបំពេញនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាស្តេចដ៏នៅអស់កល្បជានិច្ចរបស់យើង ដែលទ្រង់ជាពូជពង្សរបស់ដាវីឌ ( សូមមើល ម៉ាថាយ ១:១; លូកា ១:៣២–៣៣; យ៉ូហាន ១៨:៣៣–៣៧ ) ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
សាំយូអែល ទី១ ១៧:២០–៥៤
សេចក្ដីជំនឿទៅលើព្រះយេស៊ូវអាចជួយខ្ញុំឲ្យមានសេចក្តីក្លាហាន ។
-
បងប្អូនក៏អាចចង់ប្រើប្រាស់ « ដាវីឌ និងកូលីយ៉ាត » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ១១២–១១៦ ដើម្បីជួយកូនៗបងប្អូនដឹងពីអ្វីដែលបានកើតឡើងនៅក្នុង សាំយូអែល ទី១ ១៧:២០–៥៤ ។ បន្ទាប់មក បងប្អូនអាចអនុញ្ញាតឱ្យពួកគេប្រាប់ដំណើររឿងឡើងវិញដោយប្រើរូបភាព ឬគំនូរសខ្មៅនៅក្នុងគម្រោងនេះ ។ សូមសួរពួកគេពីអ្វីដែលពួកគេគិតថាព្រះអម្ចាស់ចង់ឲ្យពួកគេរៀនពីដំណើររឿងនេះ ។
2:36David and Goliath
-
បងប្អូន និងកូនៗបងប្អូនក៏អាចបង្កើតបញ្ជីនៃការប្រឈមលំបាកៗមួយចំនួនដែលពួកគេអាចប្រឈមមុខក្នុងជីវិតរបស់ពួកគេ ។ បន្ទាប់មកជួយពួកគេរកឃើញអ្វីៗដែលដាវីឌបាននិយាយដែល អាចជួយដោះស្រាយបញ្ហាទាំងនេះ ( សូមមើល សាំយូអែល ១៧:២៦, ៣២, ៣៤–៣៧, ៤៥–៤៧ ) ។ សូមចែកចាយពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានជួយបងប្អូននៅគ្រាដែលបងប្អូនមានការប្រឈម ។
-
កូនៗបងប្អូនអាចដើរក្បួនដូចជាពួកគេជាដាវីឌទៅប្រយុទ្ធនឹងកូលីយ៉ាត នៅពេលដែលពួកគេកំពុងច្រៀងចម្រៀងអំពីភាពក្លាហាន ដូចជាបទ « ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៥ ) ។
សាំយូអែល ទី១ ១៨:១–៤
មិត្តល្អអាចជាពរជ័យមកពីព្រះ ។
-
តើបងប្អូនអាចជួយកូនៗបងប្អូនរៀនពីមិត្តភាពរបស់យ៉ូណាថាន និងដាវីឌដោយរបៀបណា ? របៀបមួយគឺផ្តល់ឲ្យកុមារម្នាក់ៗនូវរូបបេះដូងក្រដាសពីរ ដែលមួយតំណាងឲ្យដាវីឌ និងមួយទៀតតំណាងឲ្យយ៉ូណាថាន ។ បន្ទាប់មក សូមអានជាមួយគ្នានូវឃ្លាពីរបីចេញពី សាំយូអែល ទី១ ១៨:១–៤ ដែលបញ្ជាក់ពីសេចក្តីស្រឡាញ់ដែលមិត្តភក្តិទាំងពីរនាក់នេះមានចំពោះគ្នា ។ បន្ទាប់មក កូនៗបងប្អូនអាចសរសេរ ឬគូរលើរូបបេះដូងក្រដាសរបស់ពួកគេពីរបៀបដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មិត្តម្នាក់ ។
សាំយូអែល ទី២ ៥:១៩, ២៣
ប្រសិនបើខ្ញុំត្រូវការដំបូន្មាន ខ្ញុំអាចសុំពីព្រះវរបិតាសួគ៌ ។
-
នៅក្នុងជំពូកទាំងនេះ ដាវីឌបានក្លាយជាស្តេចនៃអ៊ីស្រាអែល ។ វាអាចមានភាពសប្បាយរីករាយសម្រាប់កូនៗបងប្អូនក្នុងការសម្តែងធ្វើជាស្តេច ឬមហាក្សត្រី ។ តើពួកគេនឹងបង្កើតច្បាប់អ្វី ? តើពួកគេនឹងទៅសូមជំនួយពីណា ? សូមជួយកូនៗបងប្អូនរកឃើញថា នៅពេលដាវីឌត្រូវការជំនួយ គាត់បាន « សួរ » ឬបានអធិស្ឋានសុំចម្លើយ ។ ឧទាហរណ៍នៅពេលបងប្អូនអាន សាំយូអែល ទី២ ៥:១៩, ២៣ សូមអញ្ជើញកុមារឲ្យស្តាប់រកពាក្យ « សួរ » និងឱបដៃរបស់ពួកគេ នៅពេលពួកគេឮពាក្យនោះ ។ ហេតុអ្វីបានជាដាវីឌត្រូវការជំនួយពីព្រះអម្ចាស់ក្នុងតួនាទីថ្មីរបស់ទ្រង់ ?
-
សូមប្រាប់គ្នាទៅវិញទៅមកអំពីពេលវេលា ដែលបងប្អូនបានអធិស្ឋានទូលសូមជំនួយរបស់ព្រះវរបិតាសួគ៌ ។ តើមានភាពខុសគ្នាអ្វីខ្លះក្នុងការមានទ្រង់ជួយដល់បងប្អូន ?
សាំយូអែល ទី២ ៧:១៦–១៧
ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំ ។
-
ស្តេចទាំងឡាយដែលយើងបានអាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ សុទ្ធតែមានគុណវិបត្តិ ហើយនគររបស់ពួកទ្រង់ទាំងអស់ត្រូវបានបញ្ចប់ ។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទជាស្តេចដ៏ល្អឥតខ្ចោះ ហើយនឹងសោយរាជ្យជារៀងរហូត ។ បងប្អូនអាចជួយកូនៗបងប្អូនរកឃើញដំណើររឿងនេះដោយការអានជាមួយគ្នានូវអ្វីដែលព្យាការីណាថានបានទូលទៅស្ដេចដាវីឌនៅក្នុង សាំយូអែល ទី២ ៧:១៦–១៧ ។ តើនគររបស់ដាវីឌនឹងគ្មានទីបញ្ចប់ដោយរបៀបណា ? សូមជួយកូនៗបងប្អូនឲ្យស្វែងរក និងអានវគ្គបទគម្ពីរដែលបង្រៀនថា ព្រះយេស៊ូវគ្រីស្ទដែលជាពូជពង្សរបស់ដាវីឌគឺជាស្តេចរបស់យើង ដូចជា លូកា ១:៣២–៣៣; យ៉ូហាន ១៨:៣៣–៣៧; វិវរណៈ ១៩:១៦ ។ តើព្រះយេស៊ូវខុសពីស្តេចខាងផែនដីដោយរបៀបណា ? តើយើងគោរពព្រះយេស៊ូវគ្រីស្ទជាស្តេចដ៏អស់កល្បជានិច្ចរបស់យើងដោយរបៀបណា ?
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។