ព្រះយេស៊ូវគ្រីស្ទបានបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក

ព្រះយេស៊ូវគ្រីស្ទផ្ដល់គំរូដ៏ល្អបំផុតនៃសេចក្ដីស្រឡាញ់ ។ ដើម្បីធ្វើតាមទ្រង់គឺត្រូវស្រឡាញ់ព្រះ ហើយបម្រើមនុស្សដែលនៅជុំវិញខ្លួនអ្នក ។

បទបញ្ញត្តិធំពីរ

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា បទបញ្ញត្តិធំពីរគឺ ត្រូវឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក ។


« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។

នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១ ។

ហើយបញ្ញត្តិទី២ក៏បែបដូចគ្នា គឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។
Missionaries helping distribute food during a service project in Hong Kong.
ព្រះអង្គសង្គ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា ការស្រឡាញ់ « អ្នកជិតខាងខ្លួន » គឺលើសពី ការធ្វើល្អចំពោះមនុស្សដែលរស់នៅក្បែរអ្នកទៅទៀត ។ ផ្នែកនៃការទទួលខុសត្រូវរបស់ពួកអ្នកដើរតាមទ្រង់គឺការបង្ហាញសេចក្ដីសប្បុរស—សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ—ចំពោះមនុស្សគ្រប់គ្នា រួមទាំងមនុស្សដែលអ្នកប្រហែលជាចាត់ទុកជាសត្រូវរបស់អ្នកផងដែរ ។

របៀបដែលសាសនាចក្ររបស់យើងបង្ហាញសេចក្តីស្រឡាញ់

យើងជឿថា ការធ្វើការរួមគ្នាដើម្បីបង្ហាញសេចក្ដីសប្បុរសដូចព្រះគ្រីស្ទ គឺជារឿងមួយដែលជាការព្យាបាល ពោរពេញដោយអំណរ និងបង្រួបបង្រួមបំផុតដែលក្រុមជំនុំមួយអាចធ្វើបាន ។ នេះគឺជាវិធីមួយចំនួនដែលយើងផ្តល់ការបម្រើ ហើយយើងចង់ឲ្យអ្នកចូលរួម !

សេវាកម្មសុខុមាលភាព

នៅទូទាំងសាសនាចក្រ សមាជិកត្រូវបានលើកទឹកចិត្តឲ្យតមអាហារ និងអធិស្ឋានជារៀងរាល់ខែដោយមិនបរិភោគអាហារ និងទឹករយៈពេលប្រហែល២៤ម៉ោង ( ប្រសិនបើពួកគេមានរាងកាយរឹងមាំ ) ។ បន្ទាប់មក សមាជិកសាសនាចក្របរិច្ចាគប្រាក់ដែលត្រូវប្រើប្រាស់សម្រាប់អាហារទាំងនោះ ដើម្បីជួយដល់អ្នកដែលខ្វះខាត ។

ជាមួយការបរិច្ចាគទាំងនេះ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានអាចផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់អាហារ លំនៅដ្ឋាន និងមធ្យោបាយធ្វើដំណើរ ។ ថ្នាក់ដឹកនាំសាសនាចក្រក៏ជួយបុគ្គលដែលទទួលជំនួយនោះ ឲ្យដាក់ផែនការដើម្បីកែលម្អស្ថានភាពរបស់ខ្លួនឲ្យប្រសើរឡើងផងដែរ ជាញឹកញាប់ដោយប្រើធនធានបន្ថែមដូចជាសេវាកម្មការងារ ការប្រឹក្សាតាមរយៈសេវាកម្មគ្រួសារ វគ្គសិក្សាភាពខ្លួនទីពឹងខ្លួន និងច្រើនជាងនេះទៀត ។

ជំនួយនេះអនុញ្ញាតឲ្យអ្នកដែលខ្វះខាត ទទួលបានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ក៏ដូចជាសេចក្តីស្រឡាញ់របស់សហគមន៍របស់ពួកគេផងដែរ—ជាពិសេសនៅក្នុងគ្រាលំបាក ។

ការសង្គ្រោះពីគ្រោះមហន្តរាយ

នៅពេលដែលគ្រោះធម្មជាតិ សង្គ្រាម និងគ្រោះមហន្តរាយផ្សេងទៀតកើតឡើង សាសនាចក្រ និងសមាជិករបស់ខ្លួនរួបរួមគ្នាដើម្បីផ្តល់អាហារ សម្ភារវេជ្ជសាស្រ្ត សម្លៀកបំពាក់ និងសម្ភារចាំបាច់ផ្សេងទៀត ។

សាសនាចក្រសហការជាមួយអង្គការដែលគួរឲ្យទុកចិត្ត ដើម្បីដោះស្រាយតម្រូវការពិសេសដែលកើតចេញពីស្ថានភាពនីមួយៗ ដោយប្រើប្រាស់ក្រុមជំនុំក្នុងមូលដ្ឋាន ដើម្បីធ្វើកិច្ចការនានាដូចជាការប្រមូល និងតម្រៀបបែងចែកការបរិច្ចាគ សម្អាតកម្ទេចកម្ទី និងផ្តល់អាហារ សម្លៀកបំពាក់ ជម្រក និងការគាំទ្រផ្នែកសតិអារម្មណ៍នៅពេលចាំបាច់ ។

ជំនួយសប្បុរសធម៌

សាសនាចក្រខិតខំធ្វើការថែទាំដល់អ្នកដែលខ្វះខាតនៅជុំវិញពិភពលោកតាមរយៈ កម្មវិធី និងគម្រោងផ្សេងៗ

ការងារនេះខុសគ្នាដោយផ្អែកលើតម្រូវការជាក់លាក់នៃតំបន់ផ្សេងៗគ្នា ។ សាសនាចក្របានផ្តោតជាពិសេសទៅលើការអភិវឌ្ឍទឹកស្អាត និងអនាម័យ ការថែទាំមាតា និងទារកដែលទើបនឹងកើត ការថែទាំសុខភាព ការអប់រំ សន្តិសុខស្បៀងអាហារ និងការផ្តល់ជំនួយដល់ជនភៀសខ្លួន ។

ការធ្វើការជាមួយអង្គការដែលគួរឲ្យទុកចិត្ត ដើម្បីអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ជួយសាសនាចក្របង្កើនកិច្ចប្រឹងប្រែងក្នុងការបម្រើ ។

ការផ្ដល់ការងារបម្រើ

នៅក្នុងក្រុមជំនុំរបស់យើង សមាជិកត្រូវបានបែងចែកជាដៃគូ ហើយបានចាត់តាំងមនុស្សពីរបីនាក់ឲ្យ « ផ្ដល់ការងារបម្រើ » ។ ការផ្ដល់ការងារបម្រើគឺអំពីការបង្កើតមិត្តភាពដូចជាព្រះគ្រីស្ទ ។ អ្នកផ្ដល់ការងារបម្រើរបស់អ្នកគឺជាបណ្តាញគាំទ្រដែលភ្ជាប់មកជាមួយ ដែលអ្នកអាចទាក់ទងជាមួយក្នុងពេលវេលាល្អៗ និងងាកទៅរកក្នុងពេលដែលត្រូវការ—សូមគិតថា វាដូចជាបណ្តាញមិត្តភក្តិអ៊ីចឹង ។

Elizabeth Edwards On Church Community
សហគមន៍សាសនាចក្ររបស់ខ្ញុំបានបង្ហាញខ្ញុំថា ខ្ញុំមិនមែននៅម្នាក់ឯងទេ

របៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់

តើការស្រឡាញ់អ្នកជិតខាងរបស់អ្នកមានលក្ខណៈបែបណា ចំពោះខ្លួនអ្នកផ្ទាល់ ? នេះគឺជាយោបល់មួយចំនួនអំពីរបៀបស្រឡាញ់អ្នកជិតខាងរបស់អ្នក ៖
  • អធិស្ឋានសូមឱកាសតូចៗដើម្បីបង្ហាញសេចក្តីសប្បុរសពេញមួយថ្ងៃ ។
  • ព្យាយាមដើម្បីអភ័យទោសដល់មនុស្សដែលអ្នកមានអារម្មណ៍ថាបានធ្វើខុសលើអ្នក ។
  • ក្រោកឈរប្រឆាំងនឹងការសម្លុតធ្វើបាប ការប្រកាន់ពូជសាសន៍ និងទម្រង់ផ្សេងទៀតនៃការរើសអើង
  • ផ្សព្វផ្សាយសារវិជ្ជមាន និងមានចិត្តសន្ដានចិត្តល្អចំពោះអ្នកដទៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
  • ឧស្សាហ៍សួរសុខទុក្ខមិត្តភក្តិ ដែលកំពុងឆ្លងកាត់គ្រាលំបាកមួយ ។
  • ផ្ដល់ការសរសើរដ៏ស្មោះសរ ។
  • គាំទ្រកិច្ចខិតខំប្រឹងប្រែង និងអង្គការនានាដើម្បីថែទាំដល់អស់អ្នកដែលខ្វះខាត ។
អ្នកក៏អាចរកឃើញគម្រោងបម្រើនៅក្នុងតំបន់របស់អ្នក ឬរបៀបដើម្បីបម្រើពីចម្ងាយ ដោយចូលទៅគេហទំព័រ JustServe.org

សូមមក ហើយបម្រើជាមួយយើង !

ប្រសិនបើអ្នកកំពុងស្វែងរកសហគមន៍ ដែលមានមនុស្សពេញដោយក្ដីស្រឡាញ់ ដែលចង់ធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង យើងចង់ឲ្យអ្នកចូលរួមជាមួយយើង ! អ្នកអាចរៀនបន្ថែមទៀតអំពីសាសនាចក្ររបស់យើងពីសមាជិកដែលស្ម័គ្រចិត្តធ្វើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់អ្នក ។