ហេតុអ្វីបានជាយើងនៅទីនេះនៅលើផែនដី ហើយមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ

ព្រះមានផែនការដ៏នៅអស់កល្បជានិច្ចសម្រាប់អ្នក ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីជីវិតនេះ អ្នកអាចនៅជាមួយគ្រួសាររបស់អ្នកជារៀងរហូត ។
ព្រះ ជាព្រះវរបិតាសួគ៌ដ៏ពេញដោយក្តីស្រឡាញ់របស់យើង សព្វព្រះទ័យឲ្យយើងទទួលបាននូវអារម្មណ៍សុភមង្គល និងអំណរ ។ ទ្រង់បានបង្កើតផែនការមួយសម្រាប់យើងដើម្បីមកផែនដី រីកចម្រើន និងត្រឡប់ទៅរស់នៅជាមួយទ្រង់ជារៀងរហូត ។ ផែនការរបស់ទ្រង់ផ្តល់នូវអត្ថន័យ និងបរិបទដល់ជីវិតរបស់យើង ហើយឆ្លើយនូវរាល់សំណួរសំខាន់ៗ៖ « តើខ្ញុំមកពីណា ? » « ហេតុអ្វីបានជាខ្ញុំនៅទីនេះ ? » និង « តើនឹងមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំស្លាប់ទៅ ? »

តើអ្នកមកពីណា ?

ដំណើររឿងរបស់អ្នកចាប់ផ្តើមមុនពេលអ្នកចាប់កំណើតមកម្ល៉េះ ។ នៅស្ថានសួគ៌ អ្នកមានវត្តមានជាវិញ្ញាណមួយនៅជាមួយព្រះ និងកូនចៅវិញ្ញាណដទៃទៀតរបស់ទ្រង់ ។ យើងទាំងអស់គ្នាជាសមាជិកនៃគ្រួសាររបស់ទ្រង់ ហើយនៅក្នុងជីវិតមុនឆាកជីវិតនេះ យើងបានជ្រើសរើសធ្វើតាមផែនការរបស់ព្រះ ។ ការណ៍នេះមានន័យថាការមកកាន់ផែនដី ដើម្បីឲ្យយើងអាចបោះជំហានបន្ទាប់ក្នុងការរីកចម្រើនដ៏នៅអស់កល្បរបស់យើង ។

ការបង្កបង្កើត

ក្រោមការដឹកនាំរបស់ព្រះ ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដី និងអ្វីៗដែលមានជីវិតទាំងអស់ ។ លោកអ័ដាម និងនាងអេវ៉ា គឺជាបុត្រាបុត្រីដំបូងរបស់ព្រះដែលបានមកកាន់ផែនដីនេះ ។ ព្រះបានបង្កើតរូបកាយរបស់ពួកលោកតាមរូបអង្គទ្រង់ ហើយបានដាក់ពួកលោកនៅក្នុងសួនច្បារអេដែន ។

ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា

ខណៈពេលលោកអ័ដាម និងនាងអេវ៉ា រស់នៅក្នុងសួនច្បារនេះ ព្រះបានបញ្ជាពួកលោកមិនឲ្យបរិភោគផ្លែនៃដើមដឹងខុសត្រូវឡើយ ។

ប្រសិនបើពួកលោកបានគោរពតាមបទបញ្ញត្តិនេះ នោះពួកលោកអាចបន្តរស់នៅក្នុងសួនច្បារ ប៉ុន្តែពួកលោកនឹងពុំអាចមានលទ្ធភាពដើម្បីរីកចម្រើនដោយការរៀនសូត្រនូវការផ្ទុយ និងឧបសគ្គទាំងឡាយនៃជីវិតរមែងស្លាប់ឡើយ ។ ពួកលោកនឹងពុំអាចស្គាល់អំណរទេ ព្រោះតែពួកលោកពុំធ្លាប់មានបទពិសោធន៍នៃការសោកសៅ និងការឈឺចាប់ ។

សាតាំងបានល្បួងលោកអ័ដាម និងនាងអេវ៉ាឲ្យបរិភោគផ្លែឈើហាមឃាត់នោះ ។ នាងអេវ៉ាបានជ្រើសរើសបរិភោគផ្លែឈើ ហើយបានចែកឲ្យលោកអ័ដាមបរិភោគដែរ ។ លោកក៏បានជ្រើសបរិភោគវាដែរ ។ ដោយសារជម្រើសនេះ ពួកលោកត្រូវបានបណ្ដេញចេញពីសួនច្បារនេះ ហើយបានបែកចេញពីវត្តមានរបស់ព្រះ ។ ព្រឹត្តិការណ៍នេះត្រូវបានហៅថា ការធ្លាក់ ។

ការធ្លាក់គឺជាជំហានឆ្ពោះទៅមុខសម្រាប់មនុស្សលោក និងជាពរជ័យដ៏អស្ចារ្យដល់យើងទាំងអស់គ្នា ។ ការធ្លាក់បានធ្វើឲ្យយើងអាចកើតនៅលើផែនដី ហើយរីកចម្រើននៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។

ការធ្លាក់គឺជាជំហានឆ្ពោះទៅមុខសម្រាប់មនុស្សលោក និងជាពរជ័យដល់យើងទាំងអស់គ្នា ។ ពរជ័យនៃការធ្លាក់រួមមាន ៖
  • លោកអ័ដាម និងនាងអេវ៉ាបានក្លាយទៅជាមនុស្សដែលរមែងស្លាប់ ។
  • ពួកលោកបានដកពិសោធ ហើយអាចប្រើសិទ្ធិជ្រើសរើសរបស់ពួកគាត់ក្នុងការជ្រើសរើសរវាងល្អ និងអាក្រក់ ។
  • ដោយសារលោកអ័ដាម និងនាងអេវ៉ាបានប្រឈមមុខនឹងការផ្ទុយ នោះពួកលោកបានមានលទ្ធភាពរៀន និងរីកចម្រើន ។
  • ដោយសារពួកគេបានដកពិសោធនឹងទុក្ខសោក នោះពួកគេក៏អាចមានអំណរផងដែរ ។
  • ការធ្លាក់បានធ្វើឲ្យយើងអាចកើតនៅលើផែនដី ហើយរីកចម្រើននៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
ដោយសារការធ្លាក់ យើងបានទទួលពរឲ្យមានរូបកាយជាសាច់ និងឈាម សិទ្ធិក្នុងការជ្រើសរើសរវាងល្អ និងអាក្រក់ និងឱកាសដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្វីៗទាំងអស់នេះនឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើលោកអ័ដាម និងនាងអេវ៉ានៅតែបន្ដរស់នៅក្នុងសួនច្បារ ។

លោកអ័ដាម និងនាងអេវ៉ាបានបង្ហាញអំណរគុណរបស់ពួកលោកចំពោះពរជ័យ ដែលជាលទ្ធផលមកពីការធ្លាក់របស់ពួកគេ ៖

« អ័ដាមបានថ្វាយពរដល់ព្រះ ហើយបានពោរពេញ ហើយបានចាប់ផ្ដើមព្យាករអំពីក្រុមគ្រួសារទាំងអស់នៅលើផែនដីថា ៖ សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ ដ្បិតព្រោះតែការរំលងរបស់ខ្ញុំ នោះភ្នែកខ្ញុំបានភ្លឺឡើង ហើយនៅក្នុងជីវិតនេះ ខ្ញុំនឹងមានសេចក្ដីអំណរ ហើយនៅក្នុងសាច់ឈាម នោះខ្ញុំនឹងឃើញព្រះទៀត ។

« ហើយនាងអេវ៉ា ជាប្រពន្ធគាត់ បានឮគ្រប់ការណ៍ទាំងនេះ ហើយមានចិត្តរីករាយ ដោយពោលថា ៖ បើសិនជាពុំមែនដោយសារការរំលងរបស់យើងទេ នោះយើងក៏នឹងមិនមានពូជសោះ ហើយនឹងមិនដឹងខុសត្រូវ និងសេចក្ដីអំណរអំពីសេចក្ដីប្រោសលោះរបស់យើង និងជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះទ្រង់បានប្រទានដល់មនុស្សទាំងអស់ដែលគោរពតាមដែរ » ។

Adam and Eve standing together.  Eve is holding a baby.  They are both looking at the baby.

ហេតុអ្វីអ្នកមកទីនេះ ?

ជីវិតរបស់យើងនៅលើផែនដីគឺជាផ្នែកដ៏សំខាន់មួយនៃផែនការសុភមង្គលរបស់ព្រះសម្រាប់យើង ។ បទពិសោធន៍ដែលយើងមាននៅទីនេះជួយឲ្យយើងរៀន រីកចម្រើន និងរៀបចំដើម្បីត្រឡប់ទៅព្រះវរបិតារបស់យើងនៅស្ថានសួគ៌វិញ ។

ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាចំណុចសំខាន់ចំពោះផែនការនៃសុភមង្គលរបស់ព្រះ ។

  • ដោយសារតែការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា នោះយើងស្ថិតក្រោមអំពើបាប និងសេចក្តីស្លាប់ ។
  • ដោយសារព្រះស្រឡាញ់យើង នោះទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមកផែនដី ដើម្បីប្រោសលោះយើងពីអំពើបាប និងសេចក្ដីស្លាប់ ។
  • ដោយសារពលិកម្មធួនរបស់ព្រះយេស៊ូវ យើងអាចត្រូវបានអភ័យទោស និងបានស្អាតពីអំពើបាបរបស់យើង ហើយដួងចិត្តរបស់យើងអាចត្រូវបានផ្លាស់ប្តូរ ។ ការណ៍នេះនាំឲ្យយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ហើយទទួលបានអំណរពេញលេញ ។
ព្រះយេស៊ូវគ្រីស្ទប្រទានការលួងលោម ក្តីសង្ឃឹម និងការព្យាបាល ។ ការពលិកម្មធួនរបស់ទ្រង់គឺជាការបង្ហាញសេចក្តីស្រឡាញ់ដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ។ អ្វីៗទាំងអស់ដែលអយុត្តិធម៌នៅក្នុងជីវិតនេះ អាចត្រូវបានធ្វើឲ្យយុត្តិធម៌តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
Because of Him—Easter Video

តើនឹងមានអ្វីកើតឡើងបន្ទាប់ពីអ្នកស្លាប់ទៅ ?

ដូចដែលយើងបានរស់នៅមុនពេលយើងមកដល់ផែនដី យើងនឹងបន្តរស់នៅបន្ទាប់ពីយើងស្លាប់ទៅ ។ ការដឹងនូវការណ៍នេះអាចផ្តល់នូវការលួងលោម និងភាពសុខសាន្តនៅពេលដែលយើង ឬមនុស្សជាទីស្រឡាញ់របស់យើងប្រឈមមុខនឹងសេចក្តីស្លាប់ ។ ខណៈពេលដែលយើងកាន់ទុក្ខចំពោះអ្នកដែលយើងបាត់បង់ នោះក៏មានក្តីសង្ឃឹមដោយសារតែព្រះយេស៊ូវគ្រីស្ទ—សេចក្តីស្លាប់មិនមែនជាទីបញ្ចប់ឡើយ ( សូមមើល យ៉ូហាន ១១:២៥–២៦ ) ។

ពិភពវិញ្ញាណ

នៅពេលយើងស្លាប់ នោះវិញ្ញាណ និងរូបកាយរបស់យើងបែកចេញពីគ្នា ។ ទោះបីជារូបកាយរបស់យើងស្លាប់ក៏ដោយ ក៏វិញ្ញាណរបស់យើង—ដែលជាចំណុចស្នូលដែលថាយើងជានរណា—នឹងបន្ដរស់នៅ ។ វិញ្ញាណរបស់យើងទៅកាន់ពិភពវិញ្ញាណ ដែលជារយៈពេលរង់ចាំនៃការរៀនសូត្រ និងការរៀបចំរហូតដល់យើងទទួលបានអំណោយនៃការរស់ឡើងវិញ ។

ការរស់ឡើងវិញ

ការរស់ឡើងវិញគឺជាការរួមបញ្ចូលគ្នាឡើងវិញនៃរូបកាយ និងវិញ្ញាណ ហើយគឺជាជំហានបន្ទាប់នៅក្នុងការរីកចម្រើនដ៏អស់កល្បរបស់យើង ។

នៅពេលយើងរស់ឡើងវិញ នោះយើងម្នាក់ៗនឹងមានរូបកាយល្អឥតខ្ចោះ គ្មានការឈឺចាប់ និងជំងឺទេ ។ យើងនឹងក្លាយជាអមតៈ រស់នៅជារៀងរហូត ។

ដោយសារតែដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ មនុស្សគ្រប់រូបដែលធ្លាប់រស់នៅនឹងត្រូវបានរស់ឡើងវិញ ( អាលម៉ា ១១:៤២–៤៤ ) ។

សេចក្ដីសង្គ្រោះអាចកើតឡើងបានដោយសារព្រះយេស៊ូវគ្រីស្ទ

ដោយសារយើងទាំងអស់គ្នានឹងរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងបានសង្គ្រោះ—ឬទទួលបានសេចក្ដីសង្គ្រោះ—ពីសេចក្ដីស្លាប់ខាងសាច់ឈាម ។ ប៉ុន្តែទាំងការរស់ឡើងវិញ ឬសេចក្តីសង្គ្រោះពីអំពើបាបរបស់យើងនឹងមិនអាចកើតឡើងបានឡើយបើគ្មានព្រះយេស៊ូវគ្រីស្ទនោះ ។

ទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើង ដូច្នេះនៅពេលដែលយើងអធិស្ឋានទូលសុំការអភ័យទោស និងព្យាយាមផ្លាស់ប្តូរ យើងអាចបានសម្អាត ។ ទ្រង់ក៏បានសុគតនៅលើឈើឆ្កាង និងបានរស់ឡើងវិញពីការស្លាប់ ។ ដោយសារតែព្រះយេស៊ូវ នោះសេចក្ដីស្លាប់មិនមែនជាទីបញ្ចប់ឡើយ ។

សេចក្តីជំនុំជម្រះ និងសិរីល្អដ៏នៅអស់កល្បជានិច្ច

នៅឯពេលនៃការរស់ឡើងវិញ យើងម្នាក់ៗនឹងទទួលការជំនុំជម្រះដោយព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះរបស់យើង ។ សេចក្តីជំនុំជម្រះចុងក្រោយនេះនឹងធ្វើឡើងដោយផ្អែកលើបំណងប្រាថ្នា សកម្មភាព និងជម្រើសរបស់យើង ។

មានតែព្រះ និងព្រះយេស៊ូវប៉ុណ្ណោះដែលដឹងពីដួងចិត្ត និងកាលៈទេសៈជីវិតរបស់យើងយ៉ាងឥតខ្ចោះ ដូច្នេះមានតែទ្រង់ទាំងទ្វេប៉ុណ្ណោះដែលអាចជំនុំជម្រះយើងបានល្អឥតខ្ចោះ ។ ការវិនិច្ឆ័យនេះនឹងធ្វើឡើងដោយសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា សេចក្តីយុត្តិធម៌ និងការទទួលខុសត្រូវ ( សូមមើល នីហ្វៃទី៣ ២៧:១៤–១៥ ) ។

Christ, dressed in white, is portrayed as a shepherd. He is holding a dark colored lamb while many light colored sheep follow behind him.
គោលដៅដ៏សំខាន់បំផុតរបស់ព្រះគឺដើម្បីជួយបុត្រាបុត្រីទាំងអស់របស់ទ្រង់ឲ្យត្រឡប់មករស់នៅជាមួយទ្រង់វិញនៅក្នុងនគរសេឡេស្ទាល ។

ផែនការរបស់ព្រះសម្រាប់យើងធ្វើឲ្យយើងទទួលនូវជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ និងក្រុមគ្រួសាររបស់យើង ។ ការធ្វើតាមផែនការនៃសុភមង្គលរបស់ព្រះរួមមាន ៖
  • ការជឿលើព្រះយេស៊ូវគ្រីស្ទ ។
  • ការប្រែចិត្តពីអំពើបាបរបស់យើង ។
  • ការទទួលបុណ្យជ្រមុជទឹកក្នុងព្រះនាមទ្រង់ ។
  • ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
  • ការកាន់តាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។
  • ការប្រែចិត្តនៅពេលដែលយើងមិនបានគោរពបទបញ្ញត្តិ ។

រៀនសូត្របន្ថែមទៀតអំពីផែនការរបស់ព្រះ

ព្រះមានផែនការមួយសម្រាប់អ្នក ។ សូមរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនាអំពីគោលបំណងនៃជីវិតតាមរយៈការជួបគ្នាតាមអនឡាញ ឬដោយផ្ទាល់ ។