ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ

ចំណងគ្រួសារដែលបងប្អូនបង្កើតក្នុងជីវិតនេះ អាចនៅបន្តក្រោយពីសេចក្តីស្លាប់ ។ ការពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយព្រះ អាចនាំឲ្យមានទំនាក់ទំនងក្នុងក្រុមគ្រួសាររបស់បងប្អូនកាន់តែរឹងមាំ ។
A family enjoys their time together as they walk down a sidewalk.

ក្រុមគ្រួសារគឺជាផ្នែកដ៏សំខាន់ចំពោះផែនការរបស់ព្រះ

ក្នុងនាមជាព្រះវរបិតាដែលពោរពេញដោយក្ដីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ ព្រះទ្រង់សព្វព្រះទ័យចង់ឲ្យបងប្អូនរៀន និងរីកចម្រើននៅក្នុងជីវិតនេះ ។ ក្រុមគ្រួសារដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរីកចម្រើននោះ ។ យើងជឿថា ៖
  • ក្រុមគ្រួសារគឺជាគ្រឹះដ៏សំខាន់មួយនៃការស្ថាបនាសង្គមដ៏រឹងមាំមួយ ។
  • គេហដ្ឋានអាចជាទីកន្លែងដែលយើងទទួលអារម្មណ៍នៃការគាំទ្រ សុវត្ថិភាព និងសេចក្តីស្រឡាញ់ ។
  • ការភ្ជាប់ទំនាក់ទំនងជាមួយព្រះជួយបង្កើតគ្រួសារដែលរឹងមាំ ជាកន្លែងដែលតម្រូវការខាងវិញ្ញាណ អារម្មណ៍ និងរាងកាយត្រូវបានបំពេញ ។

បងប្អូនអាចរស់នៅជាមួយក្រុមគ្រួសាររបស់បងប្អូនជានិរន្តរបាន

ប្រសិនបើគ្រួសាររបស់បងប្អូនជាប្រភពនៃសេចក្ដីស្រឡាញ់ និងអំណរដ៏មហិមាក្នុងជីវិតរបស់បងប្អូន ហាក់ដូចជាពិបាកក្នុងការស្រមៃពីស្ថានសួគ៌ដែលគ្មានទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ទាំងនោះ ។ ផ្នែកមួយដ៏ល្អនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ ។

នៅក្នុងព្រះគម្ពីរប៊ីប ព្រះយេស៊ូវបានប្រទានអំណាចបព្វជិតភាពដល់ពួកសាវកដប់ពីរនាក់របស់ទ្រង់ដោយសន្យាថា « បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ » ( ម៉ាថាយ ១៨:១៨ ) ។ អំណាចដូចគ្នានោះពីព្រះបង្រួបបង្រួម—ឬផ្សារភ្ជាប់—ប្តី និង ប្រពន្ធ និងឪពុកម្តាយ ព្រមទាំងកូនៗជាមួយគ្នាសម្រាប់ភាពអស់កល្បជានិច្ច ។

Family life in Hong Kong.  Images include: Family at ocean, laughing together, reading, praying, playing games etc.
ពិធីអាពាហ៍ពិពាហ៍ទាំងឡាយដែលត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ដោយសិទ្ធិអំណាចដូចគ្នានេះជាមួយសេចក្តីសន្យាថា អាពាហ៍ពិពាហ៍ទាំងឡាយ របស់អស់អ្នកដែលស្មោះត្រង់ចំពោះព្រះ និងចំពោះគ្នាទៅវិញទៅមក គឺបន្តរហូតដ៏នៅអស់កល្បជានិច្ច មិនបញ្ចប់ត្រឹមសេចក្តីស្លាប់នោះឡើយ ។

យើងធ្វើពិធីការផ្សារភ្ជាប់ដូចគ្នាទាំងនេះជំនួសឲ្យបុព្វការីជនរបស់យើង ដែលយើងជឿថាពួកលោកអាចជ្រើសរើសទទួលយក ឬបដិសេធសម្រាប់ពិធីការផ្សារភ្ជាប់នោះ ។

ទំនាក់ទំនងគ្រួសារ និងកាលៈទេសៈនានាក្នុងគ្រួសារអាចមានភាពស្មុគស្មាញ ហើយយើងមិនដឹងប្រាកដចំពោះអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតបន្ទាប់ទៀតនោះទេ ។ ប៉ុន្តែយើងមានសេចក្ដីជំនឿលើព្រះបញ្ញាញាណ និងសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះ ហើយពួកយើងជឿថាស្ថានសួគ៌នឹងក្លាយជាកន្លែងនៃសេចក្តីអំណរដ៏អស្ចារ្យមួយ ។

បងប្អូនអាចស្វែងរកជំនួយដើម្បីពង្រឹងក្រុមគ្រួសាររបស់បងប្អូន

Julie Hillyard On Family
ដកស្រង់ពី ជូលី ហ៊ីលយ៉ាត អំពីទំនាក់ទំនងគ្រួសារ
ការស្វែងរកសេចក្តីអំណរនៅក្នុងគ្រួសារដែលមើលទៅហាក់ដូចជាខុសប្លែក
ទំនាក់ទំនងគ្រួសារពេញដោយក្ដីស្រឡាញ់ភាគច្រើនសម្រេចទៅបានគឺបង្កើតឡើង តាមគោលការណ៍ដែលព្រះយេស៊ូវបានបង្រៀនដូចជា ៖
  • សេចក្ដីសប្បុរស
  • ការអភ័យទោស
  • ភាពស្មោះត្រង់
  • ការដឹងគុណ
  • ការអធិស្ឋាន
  • ការថ្វាយបង្គំជាមួយគ្នា
កាលដែលក្រុមគ្រួសាររបស់បងប្អូនខិតកាន់តែជិតព្រះតាមរយៈទម្លាប់ទាំងអស់នេះ នោះបងប្អូននឹងកាន់តែជិតស្និទ្ធជាមួយគ្នា ។

ដោយសារពួកយើងជឿថា ក្រុមគ្រួសារមានតួនាទីដ៏សំខាន់ក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយខិតខំដើម្បីគាំទ្រដល់ទំនាក់ទំនងដ៏ល្អក្នុងក្រុមគ្រួសារ ។ ទាំងនេះជាវិធីមួយចំនួនដែលបងប្អូនអាចស្វែងរកការគាំទ្រសម្រាប់ក្រុមគ្រួសាររបស់បងប្អូន ។

ធនធានសាសនាចក្រសម្រាប់ក្រុមគ្រួសារ

សាសនាចក្រផ្ដល់ធនធាននានាដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យប្រើប្រាស់ អំឡុងពេលពួកគាត់សិក្សាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ធនធានសិក្សាទាំងនេះផ្ដល់ឲ្យបងប្អូននូវឱកាសដើម្បីអនុវត្តអ្វីដែលបងប្អូនរៀន និងដើម្បីបង្កើនសេចក្ដីជំនឿរបស់បងប្អូន ។ គោលការណ៍ទាំងនេះត្រូវបានពង្រឹងជារៀងរាល់សប្ដាហ៍នៅឯព្រះវិហារ ។

ចូល ប្រើ ផែនការ សិក្សា ដែល ហៅថា ចូរមកតាមខ្ញុំ
កម្មវិធីយុវវ័យរបស់សាសនាចក្រគាំទ្រដល់ឪពុកម្ដាយ នៅក្នុងការបង្រៀនពីគុណតម្លៃដូចជាព្រះគ្រីស្ទទៅដល់កូនៗរបស់ពួកគាត់ និងអនុញ្ញាតឲ្យយុវវ័យមានទំនាក់ទំនងជាមួយយុវវ័យដទៃទៀតដែលមានគុណតម្លៃស្រដៀងគ្នានោះ ។ ឱកាសមួយចំនួនសម្រាប់យុវវ័យរួមមាន ៖
  • ថ្នាក់រៀនខាងសាសនា
  • សកម្មភាពក្រុមយុវវ័យប្រចាំសប្ដាហ៍
  • គម្រោងសម្រាប់ធ្វើការបម្រើ
  • ការរាំរែក
  • ជំរំរដូវក្តៅ
  • សន្និសីទ
រាត្រីជួបជុំក្រុមគ្រួសារ គឺជាប្រពៃណីមួយដែលលើកទឹកចិត្តឲ្យធ្វើក្នុងរាត្រីណាមួយក្នុងមួយសប្ដាហ៍ ដើម្បីក្រុមគ្រួសារអាចចំណាយពេលជាមួយគ្នា ។ ការណ៍នេះអាចជា ការសិក្សាដំណឹងល្អ លេងល្បែងកម្សាន្ត បរិភោគអាហារ និងចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលបង្កើតនូវសាមគ្គីភាព ។ អ្វីក៏ដោយដែលល្អបំផុតសម្រាប់គ្រួសាររបស់បងប្អូន គឺអស្ចារ្យណាស់ ! សំខាន់បំផុតនោះគឺ ការមានពេលវេលាដ៏មានអត្ថន័យនិងជាអាទិភាពសម្រាប់ក្រុមគ្រួសារ ។ នេះក៏អាចជាពេលវេលាមួយដើម្បីជួបជុំមិត្តភក្ដិ អ្នកជិតខាង និងសមាជិកដទៃទៀតនៅក្នុងក្រុមជំនុំរបស់បងប្អូនផងដែរ ។
សមាជិកនៃសាសនាចក្រត្រូវបានចាត់តាំងឲ្យផ្ដល់ការងារបម្រើដល់សមាជិកពីរបីនាក់នៅក្នុងក្រុមជំនុំរបស់ពួកគាត់ ។ នៅពេលយើងផ្ដល់ការងារបម្រើទៅដល់អ្នកដទៃ នោះយើងព្យាយាមបម្រើពួកគេ ដូចជាព្រះអង្គសង្រ្គោះនឹងធ្វើដែរ ។ ការណ៍នេះធានាឲ្យបានថា សមាជិកទាំងអស់នៅក្នុងក្រុមជំនុំមាននរណាម្នាក់ដែលកំពុងមើលថែពួកគេ ហើយមាននរណាម្នាក់ដែលពួកគេអាចងាកទៅរកបាន ប្រសិនបើពួកគេត្រូវការអ្វីមួយ ។ ឧទាហរណ៍ ៖ បងប្អូនប្រុស ឬបងប្អូនស្រីដែលផ្តល់ការងារបម្រើអាចផ្ដល់មធ្យោបាយធ្វើដំណើរទៅព្រះវិហារ រៀបចំអាហារដើម្បីយកទៅឲ្យនៅពេលដែលគ្រួសារមួយមានទារកថ្មី ឬគ្រាន់តែមានទឹកមុខរួសរាយរាក់ទាក់ដាក់អ្នកដែលអង្គុយនៅជួរកៅអីជាមួយគ្នា ។
ប្រសិនបើក្រុមគ្រួសារ ឬបុគ្គលទាំងឡាយមានការលំបាកក្នុងការផ្គត់ផ្គង់សម្រាប់តម្រូវការរបស់ពួកគាត់ នោះកម្មវិធីសុខុមាលភាពរបស់សាសនាចក្រអាចជួយជាធនធានដូចជាគ្រឿងបរិភាគបាន ។ សេវាកម្មស្វែងរកការងាររបស់សាសនាចក្រ អាចជួយមនុស្សក្នុងការស្វែងរកការងារថ្មី ឬអភិវឌ្ឍជំនាញស្វែងរកការងារ ។ យើងមានថ្នាក់ដែលឧបត្ថម្ភដោយសាសនាចក្រ ដែលបើកចំហសម្រាប់មនុស្សទាំងអស់គ្នាមានដូចជាថ្នាក់ស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ភាពធន់ខាងផ្លូវអារម្មណ៍ និងការចាប់ផ្តើមអាជីវកម្ម ។
បុគ្គលគ្រប់រូបយជាផ្នែកមួយនៃក្រុមគ្រួសាររបស់ព្រះបិតាព្រះមាតាស្ថានសួគ៌របស់យើង ។ មិនមែនមនុស្សគ្រប់គ្នាដែលទៅព្រះវិហាររស់នៅជាមួយគ្រួសារនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាអាចស្វែងរកការគាំទ្រខាងវិញ្ញាណ និងសហគមន៍នៅព្រះវិហារបាន ។ មជ្ឈិមវ័យនៅលីវអាចជ្រើសរើសថ្វាយបង្គំនៅក្នុងក្រុមជំនុំដែលរួមមានគ្រួសារ និងកុមារ—ឬនៅក្នុងតំបន់មួយចំនួននៃពិភពលោក ពួកគេអាចចូលរួមជាមួយក្រុមជំនុំជាពិសេសសម្រាប់មជ្ឈិមវ័យនៅលីវក្នុងក្រុមអាយុរបស់ពួកគេ ។ ការចូលរួមថ្នាក់រៀនខាងសាសនា និងសកម្មភាពសង្គមជាក់លាក់ណាមួយសម្រាប់មជ្ឈិមវ័យនៅលីវ អាចផ្តល់ឱកាសពិសេសសម្រាប់មិត្តភាព និងការអភិវឌ្ឍខាងវិញ្ញាណ។

ចូរយើងនិយាយអំពីគ្រួសារ

សាសនាចក្រអាចជួយបងប្អូនឲ្យពង្រឹងក្រុមគ្រួសាររបស់បងប្អូន និងរក្សាទំនាក់ទំនងដ៏មានតម្លៃទាំងនោះសម្រាប់ភាពអស់កល្បជានិច្ច ។ បងប្អូនអាចរៀនពីរបៀបទាំងនោះ ដោយនិយាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនាតាមអនឡាញ ឬដោយផ្ទាល់បាន ។