ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ មេរៀនទី ១០៥
ទំនុកដំកើង ៦១–៨៦
« ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្តីដែលទូលបង្គំអធិស្ឋាន »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សូមគិតអំពីពេលវេលានៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកចង់ខិតកាន់តែជិតព្រះវរបិតាសួគ៌ ។ ទំនុកដំកើងគឺដូចជាការអធិស្ឋានអស់ពីចិត្ត ដែលបង្ហាញយើងពីរបៀបដើម្បីចូលទៅជិតព្រះដោយសេចក្តីជំនឿ ។ ការអធិស្ឋានគឺជាឧបករណ៍ដ៏មានអានុភាពមួយ ដែលអាចឲ្យមនុស្សគ្រប់គ្នាអំពាវនាវដល់ព្រះដើម្បីទទួលបានការលួងលោម កម្លាំង ឬការណែនាំ ។ ដូចគ្នានឹងជំនាញទាំងឡាយដែរ យើងអាចរៀនប្រើការអធិស្ឋានឲ្យបានកាន់តែប្រសើរ ។ មេរៀននេះនឹងជួយអ្នកឲ្យប្រាស្រ័យទាក់ទងកាន់តែមានអត្ថន័យជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន ។
សិក្សាព្រះគម្ពីរ
តើអ្វីជាផ្នែកដ៏លំបាកបំផុតដើម្បីយល់ពីប្រយោគខាងក្រោមនេះ ?
-
« Discere linguas est vitam amplificare. »
អ្នកប្រហែលជាមិនយល់ពីប្រយោគនេះទេ លើកលែងតែអ្នកចេះនិយាយភាសាឡាតាំង ។ ការព្យាយាមប្រាស្រ័យទាក់ទងជាភាសាបរទេសអាចជាបញ្ហាប្រឈម ។ ប៉ុន្ដែដូចដែលឃ្លានេះបង្រៀន « ការរៀនភាសាគឺជាការបើកផ្លូវជីវិត » ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ បានបង្រៀនដូចតទៅ ៖
បុរស និងស្រ្តីដែលមានបំណង់ចង់បង្ហាញការគោរព នឹងចំណាយពេលរៀនភាសាពិសេសនៃការអធិស្ឋាន ។ មនុស្សចំណាយពេលជាច្រើនម៉ោងដើម្បីបានស្ទាត់ខាងជំនាញទំនាក់ទំនងតាមរបៀបផ្សេងៗគ្នា ដូចជាកំណាព្យ ឬសុភាសិត សំឡេងច្រៀង ឬឧបករណ៍តន្ត្រី និងសូម្បីតែភាសានៃការចូលប្រើកុំព្យូទ័រផងដែរ ។ បងប្អូនប្រុសស្រីរបស់ខ្ញុំ របៀបទូលទៅកាន់ព្រះវរបិតាសួគ៌របស់យើងនៅក្នុងការអធិស្ឋាន យ៉ាងហោចណាស់មានសារៈសំខាន់ដូចរឿងទាំងនេះដែរ ។ ( « The Language of Prayer » Liahona ខែឧសភា ឆ្នាំ១៩៩៣ ទំព័រ ១៨ )
ផ្នែកសំខាន់មួយនៃការរៀនភាសាណាមួយ គឺការស្តាប់អ្នកដែលនិយាយភាសានោះបានល្អ ។ ទំនុកដំកើងជាច្រើនគឺជាការអធិស្ឋានដែលបានកត់ត្រាទុក ។ តាមរយៈការសង្កេតមើលដោយយកចិត្តទុកដាក់ពីរបៀបដែលអ្នកនិពន្ធទំនុកដំកើងទូលទៅព្រះ អ្នកអាចរៀនពីរបៀបប្រាស្រ័យទាក់ទងឲ្យកាន់តែមានអត្ថន័យពេញលេញនៅក្នុងការអធិស្ឋានរបស់អ្នក ។
សូមពិចារណាដោយស្ងៀមស្ងាត់ពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើអ្នកចាត់ទុកការអធិស្ឋានរបស់អ្នកថាជាការយកចិត្តទុកដាក់ធ្វើ ឬការធ្វើធម្មតា ? ហេតុអ្វី ?
-
តើអ្នកអាចនឹងទទួលពរជ័យបានយ៉ាងដូចម្ដេច ប្រសិនបើការអធិស្ឋានរបស់អ្នកកាន់តែយកចិត្តទុកដាក់ និងមានអត្ថន័យ ?
ទំនុកដំកើងជាច្រើនគឺជាការអធិស្ឋានដ៏ស្មោះអស់ពីចិត្ត ដែលផ្តល់នូវគំរូមួយនៃការទូលទៅព្រះវរបិតាសួគ៌ដោយសេចក្ដីជំនឿដ៏រាបទាប ។ នៅពេលអ្នកសិក្សាទំនុកដំកើងទាំងនេះ សូមឆាប់ដឹងពីគំនិត និងអារម្មណ៍ដែលមកពីព្រះវិញ្ញាណបរិសុទ្ធ អំពីរបៀបប្រាស្រ័យទាក់ទងឲ្យកាន់តែមានអត្ថន័យជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន ។
នៅពេលអ្នកអានខគម្ពីរខាងក្រោមនេះ សូមរកមើលពាក្យដ៏សំខាន់បំផុត ឬឃ្លាដ៏ខ្លីបំផុតអំពីការអធិស្ឋាននៅក្នុងខគម្ពីរនីមួយៗ ។ បន្ទាប់មក សូមដាក់ស្លាកលើពាក្យ ឬឃ្លាយ៉ាងហោចណាស់ពីរដែលអ្នករកឃើញថាជា « ការអធិស្ឋាន » ។
-
ទំនុកដំកើង ៥៥:១៦–១៧
-
ទំនុកដំកើង ៦១:១–៣
-
ទំនុកដំកើង ៦៣:១–៧
-
ទំនុកដំកើង ៦៩:១៣–១៨
-
ទំនុកដំកើង ៨៦:៣–១២
សូមពិនិត្យមើលពាក្យ និងឃ្លាដែលអ្នកបានដាក់ស្លាក ។ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើខ្ញុំគួរអធិស្ឋានទៅព្រះវរបិតាសួគ៌នៅពេលណា ?
-
តើខ្ញុំគួរមានអាកប្បកិរិយាបែបណា ពេលទូលទៅកាន់ព្រះវរបិតាសួគ៌ក្នុងការអធិស្ឋាន ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចអធិស្ឋានដោយសេចក្តីស្រឡាញ់ និងគារវភាពចំពោះព្រះវរបិតាសួគ៌ដោយរបៀបណា ?
ផ្នែកដ៏សំខាន់នៃភាសានីមួយៗគឺការលើកដាក់សំឡេង ។ នៅពេលយើងនិយាយភាសានៃការអធិស្ឋាន នោះការលើកដាក់សំឡេងគឺខុសពីអ្វីដែលយើងប្រើដើម្បីនិយាយជាមួយមិត្តភក្តិ និងគ្រួសារ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
ភាសាពិសេសនៃការអធិស្ឋានធ្វើឡើងតាមទម្រង់ភាសាផ្សេងៗ ប៉ុន្តែគោលការណ៍នោះគឺដូចគ្នាជានិច្ច ។ យើងគួរពោលពាក្យអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់យើងជាពាក្យពេចន៍នៃអ្នកនិយាយភាសានោះ ដោយមានក្តីស្រឡាញ់ និងការគោរព គារវភាព និងភាពជិតស្និទ្ធ ។ …
… យើងចង់ធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ « កាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន » [ ម៉ាថាយ ៦:៧; សូមមើលផងដែឬ នីហ្វៃទី៣ ១៣:៧ ] ។ ការអធិស្ឋានរបស់យើងគួរតែសាមញ្ញ ចំៗ និងស្មោះសរ ។ ( « The Language of Prayer » Liahona ខែឧសភា ឆ្នាំ១៩៩៣ ទំព័រ ១៦ )
សូមគិតអំពីភាសាដែលអ្នកប្រើក្នុងការអធិស្ឋានរបស់អ្នក និងរបៀបដែលវាឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ ។ ហេតុអ្វីបានជាវាសំខាន់ក្នុងការប្រើភាសាដែលគួរឲ្យគោរព និងមានគារវភាពក្នុងការអធិស្ឋានរបស់អ្នក ?
ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូនៃការមានសេចក្តីស្រឡាញ់ និងគារវភាពចំពោះព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋាន ។
សូមអាន ម៉ាថាយ ៦:៥–១៣ ហើយបន្ទាប់មក សូមឆ្លើយនឹងសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នករៀនអ្វីខ្លះពីការបង្រៀន និងគំរូរបស់ព្រះអង្គសង្គ្រោះដែលអាចមានឥទ្ធិពលដល់របៀបដែលអ្នកអធិស្ឋាន ?
-
តើការអធិស្ឋានដោយស្មោះបានផ្ដល់ពរជ័យដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ជម្រើស ខ
តើខ្ញុំអាចធ្វើឲ្យការអធិស្ឋានរបស់ខ្ញុំកាន់តែមានអត្ថន័យដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការអធិស្ឋានកាន់តែមានអត្ថន័យ នៅពេលយើងប្រឹក្សាជាមួយព្រះអម្ចាស់ក្នុងគ្រប់កិច្ចការរបស់យើង នៅពេលយើងបង្ហាញការដឹងគុណអស់ពីដួងចិត្ត ហើយនៅពេលយើងអធិស្ឋានសម្រាប់អ្នកដទៃដោយចេតនាពិត និងដោយស្មោះសរ ។
ខ្ញុំបានឃើញព្រះវរបិតាសួគ៌មានព្រះជន្មគង់នៅ ហើយថាទ្រង់ឮ ហើយឆ្លើយតបរាល់ការអធិស្ឋានដោយស្មោះត្រង់បំផុត ។ ( « Pray Always » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៤៤ )
សូមបង្កើតដ្យាក្រាមខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ឬនៅក្នុងឯកសារ Word ។ សូមកត់ត្រាចម្លើយចំពោះសំណួរនៅក្នុងក្រាហ្វិចនេះ ។
សូមទទួលស្គាល់ថា អ្វីដែលអ្នកបានកត់ត្រាគឺជាអ្វីដែលអ្នកអាចចាប់ផ្តើមអនុវត្តនៅថ្ងៃនេះ ។ ប្រសិនបើអ្នកអាចធ្វើបាន អ្នកអាចថតរូបក្រាហ្វិចរបស់អ្នក ដើម្បីចងចាំនូវអ្វីដែលអ្នកបានសរសេរ ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបអធិស្ឋានយ៉ាងមានអត្ថន័យទៅកាន់ព្រះវរបិតាសួគ៌ ជាមួយនរណាម្នាក់ដែលអ្នកស្គាល់ ។ អ្នកអាចធ្វើវាដោយផ្ទាល់ តាមទូរសព្ទ ឬតាមសំបុត្រ ឬសារ។ សូមពិចារណាជ្រើសរើសនរណាម្នាក់ ដែលអាចទទួលបានអត្ថប្រយោជន៍មកពីការដឹងអំពីការអធិស្ឋានដ៏មានអត្ថន័យ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យប្រាស្រ័យទាក់ទងកាន់តែមានអត្ថន័យជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនមកពីគំរូរបស់ព្រះអង្គសង្គ្រោះ និងពរជ័យដែលអ្នកបានទទួលពីការអធិស្ឋាន ។
-
ការឆ្លើយតបរបស់អ្នកចំពោះសំណួរនៅក្នុងដ្យាក្រាម ឬបទពិសោធន៍របស់អ្នកក្នុងការចែកចាយទីបន្ទាល់របស់អ្នកអំពីការអធិស្ឋាន ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?