« ម៉ូសេ ៨—ការធ្វើតាមព្រះអង្គសង្គ្រោះក្នុងពិភពលោកដ៏ទុច្ចរិត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ មេរៀនទី ១៩
ម៉ូសេ ៨
ការធ្វើតាមព្រះអង្គសង្គ្រោះក្នុងពិភពលោកដ៏ទុច្ចរិត
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការរស់នៅតាមដំណឹងល្អតម្រូវឲ្យធ្វើកិច្ចការជាច្រើន ។ ហើយវាអាចធ្វើឲ្យយើងអន្ទះសាចិត្ត នៅពេលឃើញអ្នកដទៃមើលទៅរីករាយនឹងជីវិត ខណៈដែលមិនរស់នៅតាមដំណឹងល្អ ។ « សេចក្តីពិតគឺថា វា កាន់តែនឿយហត់ខ្លាំង ឡើងដើម្បីស្វែងរកសុភមង្គលនៅកន្លែងដែលបងប្អូន មិន អាចរកវាឃើញ ! » ( រ័សុល អិម ណិលសុន « ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ៩៧ ) ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមព្រះអង្គសង្គ្រោះបានកាន់តែប្រសើរឡើង ដើម្បីយកឈ្នះលើទុច្ចរិតភាពនៅក្នុងពិភពលោកនេះ ។
សិក្សាព្រះគម្ពីរ
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។ សូមគិតថា តើវាពិតសម្រាប់អ្នកប៉ុនណាដែរ ។
-
វាពិបាកសម្រាប់ខ្ញុំក្នុងការទប់ទល់នឹងការល្បួងរបស់ពិភពលោក ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំដឹងថា ខ្ញុំអាចបែរទៅរកជំនួយដើម្បីបន្តមានភាពស្មោះត្រង់នៅក្នុងពិភពលោកដ៏ទុច្ចរិតនេះ ។
-
ខ្ញុំចំណាយពេលជារៀងរាល់ថ្ងៃដើម្បីស្វែងយល់បន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងធ្វើតាមទ្រង់ ។
នៅពេលព្រះអម្ចាស់នាំយកហេណុក និងទីក្រុងរបស់លោកទៅកាន់ស្ថានសួគ៌ ( សូមមើល ម៉ូសេ ៧:៦៩ ) មធូសាឡា ដែលជាកូនប្រុសដ៏សុចរិតរបស់ហេណុក បន្តនៅលើផែនដី ( សូមមើល ម៉ូសេ ៨:២ ) ។ ចៅប្រុសរបស់មធូសាឡា ឈ្មោះណូអេ និងកូនប្រុសរបស់ណូអេបីនាក់ « បានដើរជាមួយនឹងព្រះ » ( ម៉ូសេ ៨:២៧ ) ខណៈដែលមនុស្សដែលនៅសេសសល់លើផែនដីជាច្រើនបានជ្រើសរើសភាពទុច្ចរិត ។
សូមអាន ម៉ូសេ ៨:១២–២២, ២៨–២៩ ហើយរកមើលស្ថានភាពខាងវិញ្ញាណរបស់មនុស្សនៅសម័យរបស់ណូអេ ។ បន្ទាប់មក សូមកំណត់ភាពស្រដៀងគ្នារវាងស្ថានភាពខាងវិញ្ញាណនៅសម័យរបស់ណូអេ និងស្ថានភាពដែលយើងឃើញនៅសម័យរបស់យើង ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមធ្វើបញ្ជីពីរដែលមានចំណងជើងដូចខាងក្រោម ដើម្បីជួយអ្នកឲ្យរៀបចំអ្វីដែលអ្នករកឃើញមកពីខគម្ពីរទាំងនេះ ។
-
ស្ថានភាពខាងវិញ្ញាណរបស់មនុស្សជាច្រើននៅសម័យរបស់ណូអេ
-
ភាពស្រដៀងគ្នារវាងសម័យណូអេ និងសម័យរបស់យើង
សូមរំឭក ម៉ូសេ ៨:១៦–១៧ ឡើងវិញ ដើម្បីមើលពីអ្វីដែលព្រះអម្ចាស់បានប្រាប់ណូអេថានឹងកើតឡើង ប្រសិនបើប្រជាជនមិនប្រែចិត្តទេនោះ ។
តើព្រះអម្ចាស់បានប្រទានពេលវេលាប៉ុន្មានឆ្នាំ ដល់ប្រជាជនដើម្បីឲ្យពួកគេប្រែចិត្ត ? តើការណ៍នោះអាចបង្រៀនអ្នកអ្វីខ្លះអំពីនិស្ស័យនៃព្រះ ?
ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់យើងនូវអ្វីដែលយើងគួរតែធ្វើ ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។ នៅពេលអ្នកបន្ដសិក្សា សូមស្វែងរកការបំផុសគំនិត ដើម្បីដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបន្តនៅសុចរិតក្នុងពិភពលោកដ៏ទុច្ចរិតនេះ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបំពេញផ្នែក ឥឡូវត្រូវធ្វើដូចម្តេចទៀត ? នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើព្រះគម្ពីរបង្រៀនអ្វីខ្លះ អំពីការយកឈ្នះលើភាពទុច្ចរិតនៅក្នុងពិភពលោកនេះ ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
រាល់ពេលដែលបងប្អូនស្វែងរក និងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ រាល់ពេលដែលបងប្អូនធ្វើអ្វីល្អៗ … នោះបងប្អូនកំពុងឈ្នះលោកិយនេះហើយ ។ ( « ឈ្នះលោកិយហើយបានសេចក្តីសម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ៩៧ )
សូមសិក្សាបទគម្ពីរខាងក្រោមនេះ យ៉ាងហោចណាស់ឲ្យបានពីរ ។ សូមរកមើលសេចក្ដីពិតនានា ដែលជួយអ្នកឲ្យយល់ពីរបៀបយកឈ្នះលើទុច្ចរិតភាពនៅក្នុងពិភពលោកនេះ ។
-
សុភាសិត ៣:៥–៦
-
យ៉ូហាន ១៦:៣៣
អ្នកអាចភ្ជាប់បទគម្ពីរទាំងនេះដែលអ្នកបានជ្រើសរើស ។
ប្រសិនបើមាន សូមមើលវីដេអូ « Sharing Your Light » ( ២:៥៦ ) ។ នៅក្នុងវីដេអូនេះ យុវនារីម្នាក់ធ្វើតាមព្រះអង្គសង្គ្រោះ មិនថាមនុស្សជុំវិញនាងធ្វើការជ្រើសរើសយ៉ាងណានោះទេ ។
សូមជញ្ជឹងគិតអំពីអ្វីដែលជួយអ្នកឲ្យយកឈ្នះលើអំពើទុច្ចរិតដែលនៅជុំវិញអ្នក ។ សកម្មភាពទាំងនេះអាចតូចតាចទេ ។ វាអាចជាគោលដៅដែលអ្នកខិតខំធ្វើនៅក្នុងកម្មវិធីកុមារ និងយុវវ័យ ។
ជម្រើស ខ
តើថ្នាក់ដឹកនាំសាសនាចក្របង្រៀនអ្វីខ្លះ អំពីរបៀបយកឈ្នះលើភាពទុច្ចរិតនៅក្នុងពិភពលោកនេះ ?
ថ្នាក់ដឹកនាំសាសនាចក្ររបស់យើងបានចែកចាយយោបល់ជាច្រើន ដើម្បីជួយយើងឲ្យយកឈ្នះលើអំពើទុច្ចរិតនៅក្នុងពិភពលោកនេះ ។ សូមអានសម្ដីខាងក្រោមនេះរកមើលគំនិតអំពីរបៀបដែលអ្នកអាចយកឈ្នះលើអំពើទុច្ចរិតបាន ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការយកឈ្នះលើលោកិយគឺការរក្សាការសន្យារបស់យើងចំពោះព្រះ—ដូចជា ពិធីបុណ្យជ្រមុជទឹករបស់យើង និងសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធរបស់យើង ។ … ការយកឈ្នះលើលោកិយមានន័យថា ការពុំគិតតែពីខ្លួនឯង ដោយចងចាំដល់បទបញ្ញត្តិទីពីរ [ សូមមើល ម៉ាកុស ១២:៣១ ] ៖ « អ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ » [ ម៉ាថាយ ២៣:១១ ] ។ … ការយកឈ្នះលើលោកិយគឺជាការមិនសូវបារម្ភអំពីទំនាក់ទំនងតាមអ៊ីនធឺណិតរបស់យើង តែខ្វល់ខ្វាយកាន់តែខ្លាំងជាមួយនឹងទំនាក់ទំនងសួគ៌ារបស់យើងចំពោះព្រះ ។ … ការយកឈ្នះលើលោកិយគឺជាការចងចាំអំពីគ្រាដែលយើងមានអារម្មណ៍បាក់ទឹកចិត្ត និងគ្រាដែលយើងទទួលបានក្ដីស្រឡាញ់ និងពន្លឺរបស់ព្រះអង្គសង្គ្រោះ ។ ( « Overcoming the World » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ៥៩–៦០ )
ប្រធាន ជីន ប៊ី ប៊ីងហាំ អតីតប្រធានសមាគមសង្គ្រោះទូទៅ បានពន្យល់ថា ៖
នៅពេលយើងតស៊ូ និងចូលរួមព្រះវិហារបរិសុទ្ធ … នោះយើងនឹងមានជំនួយពីព្រះអង្គសង្គ្រោះឲ្យយកឈ្នះលើលោកិយដែល យើង រស់នៅនេះ ។ ( « ព្រះវិហារបរិសុទ្ធផ្តល់ទស្សនវិស័យកាន់តែខ្ពង់ខ្ពស់ដល់យើង » លីអាហូណា ខែមករា ឆ្នាំ២០១៨ ទំព័រ១៤ )
ប្រសិនបើមាន សូមមើលវីដេអូ « Dare to Stand Alone » ( ៤:២០ ) ដើម្បីមើលពីរបៀបដែលប្រធាន ថូម៉ាស អេស ម៉នសុន បានប្រឈមមុខនឹងការប្រឆាំង ។
សូមរកមើលសម្រង់សម្ដីមួយទៀតមកពីសន្និសីទទូទៅ អំពីការយកឈ្នះលើអំពើទុច្ចរិតនៅក្នុងពិភពលោកនេះ ។ ដើម្បីធ្វើដូចនេះ អ្នកអាចស្វែងរកពាក្យ « យកឈ្នះ » ឬពាក្យដែលស្រដៀងគ្នានេះ ។ សូមត្រងការស្វែងរករបស់អ្នកមកពីសុន្ទរកថាសន្និសីទទូទៅ ។ សូមចែកចាយសម្រង់សម្ដីដែលអ្នកបានរកឃើញនេះជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ។ សូមពន្យល់ពីមូលហេតុដែលអ្នកចូលចិត្តវា និងអ្វីដែលវាបង្រៀនអ្នកអំពីការយកឈ្នះអំពើទុច្ចរិតនៅក្នុងពិភពលោកនេះ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ដើម្បីជួយអ្នកឲ្យគិតពីវិធីដែលអ្នកអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបាន សូមឆ្លើយនឹងសំណួរខាងក្រោមនេះ ។ សូមសរសេរចម្លើយរបស់អ្នកនៅកន្លែងណា ដែលអ្នកមើលឃើញវាជាញឹកញាប់ ។ អ្នកអាចចែកចាយផែនការរបស់អ្នកជាមួយមិត្តភក្តិដែលទុកចិត្តបាន សមាជិកគ្រួសារ ឬថ្នាក់ដឹកនាំសាសនាចក្រ ។
-
តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីនៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យយកឈ្នះលើអំពើទុច្ចរិតបាន ?
-
តើការធ្វើតាមចំណាប់អារម្មណ៍ទាំងនេះបង្កើនសមត្ថភាពរបស់អ្នក ដើម្បីធ្វើតាមព្រះអង្គសង្រ្គោះ និងយកឈ្នះលើពិភពលោកដោយរបៀបណា ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យធ្វើតាមព្រះអង្គសង្គ្រោះបានកាន់តែប្រសើរឡើង ដើម្បីយកឈ្នះលើទុច្ចរិតភាពនៅក្នុងពិភពលោកនេះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនមកពីថ្នាក់ដឹកនាំសាសនាចក្រអំពីការយកឈ្នះលើអំពើទុច្ចរិតនៅក្នុងពិភពលោកនេះ ។
-
អ្វីដែលអ្នកបានរៀនមកពីការសិក្សារបស់អ្នកនៅក្នុង ម៉ូសេ ៨ អំពីការយកឈ្នះលើអំពើទុច្ចរិតនៅក្នុងពិភពលោកនេះ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?