ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៦–៨—« នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក »


« លោកុប្បត្តិ ៦–៨—‹ នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ណូអេ

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ មេរៀន​ទី ២០

លោកុប្បត្តិ ៦–៨

« នោះ​ណូអេ … តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះ​បាន​បង្គាប់​យើង​ដោយ​ក្តីស្រឡាញ់​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ បទបញ្ញត្តិ​ខ្លះ​អាច​ពិបាក​យល់ ប៉ុន្តែ​វា​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ជានិច្ច ។ គ្រួសារ​របស់​ណូអេ​ត្រូវបាន​សង្គ្រោះ​ឲ្យ​រួចផុត​ពី​ទឹក​ជំនន់ ដោយសារ​ពួកគេ​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ឲ្យ​សង់​ទូកធំ​មួយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

សិក្សា​ព្រះគម្ពីរ

តើ​ពាក្យ​ដំបូង​អ្វី​ដែល​អ្នក​គិត​ដល់ នៅពេល​អ្នក​ឮ​ពាក្យ ព្រះបញ្ញត្តិ ? មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ពី​គោលបំណង​នៃ​ព្រះបញ្ញត្តិ​របស់​ព្រះ ។ នៅពេល​អ្នក​អាន ឬ​ស្តាប់​សម្រង់​សម្ដី​ខាងក្រោម​នេះ សូម​កំណត់​ពី​គោលបំណង​របស់​ព្រះ​ក្នុង​ការប្រទាន​ព្រះបញ្ញត្តិ ។

14:29
ប្រធាន ហែនរី ប៊ី អាវរិង

ព្រះបញ្ញត្តិ និង​សេចក្ដីសញ្ញា​ដែល​ទ្រង់​ផ្ដល់​ឲ្យ​បងប្អូន ពុំ​មែន​ធ្វើ​សាកល្បង​ដើម្បី​គ្រប់គ្រង​បងប្អូន​នោះ​ទេ ។ វា​គឺជា​អំណោយទាន​មួយ​ដើម្បី​លើកស្ទួយ​បងប្អូន​ឆ្ពោះ​ទៅកាន់​អំណោយទាន​របស់​ព្រះ ហើយ​ត្រឡប់​ទៅផ្ទះ​វិញ ដើម្បី​ជួប​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​ដែល​ស្រឡាញ់​បងប្អូន ។ ( ហែនរី ប៊ី អាវរិង « កេរតំណែល​នៃ​ការលើក​ទឹកចិត្ត » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​១០០ )

13:49
អែលឌើរ ឌែល ជី រិនឡាន់

ផែនការ​របស់​ព្រះ​រួម​មាន​នូវ​ការណែនាំ​សម្រាប់​យើង​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ យើង​ហៅ​ការណែនាំ​នោះ​ថា​ជា​បទបញ្ញត្តិ ។ បទបញ្ញត្តិ​ទាំង​នេះ​ពុំមែន​ជា​អ្វី​ដែល​ហួស​សម័យ ហើយ​ក៏​ពុំ​មែន​ជា​ការប្រមូលផ្តុំ​តាម​ទំនើង​ចិត្ត​នៃ​ការរំលោភ​លើ​ច្បាប់​ក្នុង​គោលបំណង ដើម្បី​គ្រាន់តែ​បំពាក់បំប៉ន​យើង​ឲ្យ​គោរព​ប្រតិបត្តិ​នោះ​ទេ ។ បទបញ្ញត្តិ​ទាំង​នេះ​ផ្សារភ្ជាប់​ទៅ​នឹង​ការអភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​របស់​យើង​ស្តីពី​ភាពជា​ព្រះ ការត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​យើង​វិញ និង​ការទទួល​អំណរ​ដ៏​យូរ​អង្វែង ។ ( ឌែល ជី រិនឡាន់ « Choose You This Day » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រ​១០៥ )

ដំណើររឿង​របស់​ណូអេ​ក៏​បង្រៀន​អំពី​គុណតម្លៃ​នៃ​ព្រះបញ្ញត្តិ​ផងដែរ ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ូសេ ៨:១៧, ២០, ២២, ២៨–២៩ ។ សូម​គូស​សម្គាល់​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ស្ថានភាព​របស់​ប្រជាជន​នៅ​ជំនាន់​របស់​ណូអេ ។

រូបតំណាង​គូសសម្គាល់ឥឡូវ​នេះ​សូម​អាន លោកុប្បត្តិ ៦:១៤–២២; ៧:១–១២ ។ នៅពេល​អ្នក​អាន សូម​គូស​សម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ណូអេ​ធ្វើ ដើម្បី​ការពារ​អ្នកគោរព​ប្រតិបត្តិ​តាម ។

រូបតំណាង​កត់​ចំណាំបន្ទាប់​ពី​អាន​ចប់​ហើយ សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅ​ជាប់​នឹង លោកុប្បត្តិ ៧:១២ ហើយ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ដំណើររឿង​របស់​ណូអេ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​គុណតម្លៃ​នៃ​ព្រះបញ្ញត្តិ​របស់​ព្រះ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ហេតុអ្វី​ជាញឹកញាប់​យើង​មាន​អារម្មណ៍​ថា​ពិបាក​កាន់តាម​ព្រះបញ្ញតិ្ត ?

ពេលខ្លះ វា​អាច​ពិបាក​ក្នុង​ការយល់​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​ប្រទាន​ព្រះបញ្ញត្តិ​មួយ​ចំនួន​ឲ្យ​យើង ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ១៨៩៥–១៩៨៥ ) បាន​ចែកចាយ​នូវ​ហេតុផល​មួយ​ចំនួន​ដែល​ណូអេ និង​គ្រួសារ​លោក​ត្រូវការ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ដើម្បី​បំពេញ​តាម​ព្រះបញ្ញត្តិ​ក្នុង​ការសង់​ទូកធំ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

មកទល់​ពេល​នេះ មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ពី​ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់​នោះ​ទេ ។ ប្រជាជន​របស់ [ ណូអេ ] បាន​ចំអក ហើយ​ហៅ​លោក​ថា ជា​មនុស្ស​ល្ងង់ខ្លៅ ។ គ្មាន​នរណា​ស្ដាប់​ការផ្សាយ​ដំណឹងល្អ​របស់​លោក​ទេ ។ ការព្រមាន​របស់​លោក​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​រឿង​មិន​សមហេតុ​ផល ។ គ្មាន​ព្រឹត្តិការណ៍​ណាមួយ​ពីមុន​មក​បានបង្ហាញ​ថា ធ្លាប់​មាន​ទឹក​ជន់​លិច​ដ៏​ខ្លាំង​មួយ [ ឬ​ទឹក​ជំនន់ ]​អាច​ពន្លិច​ផែនដី​បាន​នោះ​ទេ ។ ឱ​នោះ​ជា​រឿង​ឆ្កួតលីលា​ដែល​សាងសង់​ទូកធំ​នៅ​លើ​ដី​ស្ងួត​ដែល​ព្រះអាទិត្យ​កំពុង​ជះ​រស្មី រីឯ​ជីវិត​នានា​កំពុង​រីកលូតលាស់​ជា​ធម្មតា​នោះ ! ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ទំព័រ ១៤០–១៤១ )

តើ​ព្រះបញ្ញត្តិ​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ដែល​មនុស្ស​មិន​អើពើ ឬ​សើច​ចំអក​នៅ​សព្វថ្ងៃនេះ​មាន​អ្វីខ្លះ ? ហេតុអ្វី​អ្នក​គិត​ថា ណូអេ និង​គ្រួសារ​របស់​លោក​បាន​ស្ម័គ្រចិត្ត​ធ្វើតាម​ព្រះអម្ចាស់ ទោះជា​មាន​ហេតុការណ៍​យ៉ាងណា​ក៏ដោយ​នោះ ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បាន​ចែកចាយ​មេរៀន​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​យើង​អាច​រៀនសូត្រ​បាន ៖

17:60
ប្រធាន ថូម៉ាស អេស ម៉នសុន

ណូអេ​មាន​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​ដើម្បី​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ ។ សូម​ឲ្យ​យើង​ធ្វើ​ដូចគ្នា​នេះ​ដែរ ។ សូម​ឲ្យ​យើង​ចងចាំ​ថា ព្រះ​ប្រាជ្ញា​របស់​ព្រះ​ជាញឹកញាប់​លេចឡើង​ហាក់ដូចជា​ភាពឆ្កួត​លីលា​ដល់​មនុស្ស ប៉ុន្តែ​មេរៀន​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​អាច​រៀន​នៅ​ក្នុង​ជីវិត​រមែងស្លាប់​គឺ​ថា នៅ​ពេល​ព្រះ​មាន​ព្រះបន្ទូល ហើយ​យើង​គោរព​ប្រតិបត្តិ​តាម យើង​នឹង​ធ្វើ​អ្វី​ដែល​ត្រូវ​ជានិច្ច ។ ( « Models to Follow »Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ​៦១ )

តើ​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញតិ្ត​អ្វីខ្លះ ដែល​អ្នក​បាន​ទទួល​ពរជ័យ​ដោយសារ​ការគោរព​ប្រតិបត្តិ​តាម ?

រូបតំណាង​ស្វែងរកសូម​គិត​អំពី​ព្រះបញ្ញត្តិ​ពីរ ដែល​អ្នក​អាច​គោរព​ប្រតិបត្តិ​តាម​កាន់តែ​ស្មោះត្រង់​ជាងមុន ។ ឥឡូវ​នេះ សូម​ស្វែងរក​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប​នៅក្នុង​សន្និសីទ​ទូទៅ រកមើល​ការណែនាំ​អំពី​របៀប​ដែល​អ្នក​អាច​រស់នៅ​តាម​ព្រះបញ្ញត្តិ​ទាំងនោះ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ឧទាហរណ៍ អ្នក​អាច​ស្វែងរក​ការណែនាំ​អំពី ការដឹងគុណព្រហ្មចារីភាព ។

ជម្រើស ខ

តើ​ការកាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​អាច​ការពារ​ខ្ញុំ​ពី​អំពើបាប​បាន​យ៉ាង​ដូចម្ដេច ?

ពរជ័យ​មួយ​ដែល​តែងតែ​មកពី​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ គឺ​ការកាន់តែ​ខិត​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ លើសពី​នេះ​ទៀត ព្រះអម្ចាស់​ក៏​អាច​ប្រទាន​ព្រះបញ្ញត្តិ​ឲ្យ​យើង ដើម្បី​រក្សា​យើង​ឲ្យ​មាន​សុវត្ថិភាព​ពី​គ្រោះថ្នាក់​ផងដែរ ។

ទាំង​ណូអេ និង​បងប្រុស​របស់​យ៉ារេឌ​ទទួល​បាន​ពរជ័យ តាមរយៈ​ការធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នៅពេល​ពួកលោក​បាន​សាងសង់​ទូក ។ សូម​អាន​ឃ្លា​ខាងក្រោម​នេះ​អំពី​ណូអេ និង​បងប្រុស​របស់​យ៉ារេឌ ។ នៅពេល​អ្នក​អាន សូម​រកមើល​ភាពស្រដៀង​គ្នា​នៅក្នុង​ព្រះបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ព្យាការី​មួយ​រូបៗ ។

រូបតំណាង​តំណ​ភ្ជាប់អ្នក​អាច​ដាក់​តំណភ្ជាប់​វគ្គបទគម្ពីរ​ទាំងនេះ​បាន ។

  • ណូអេ——លោកុប្បត្តិ ៦:១៤កំណត់​ចំណាំ ៖ ពរ​ជ័រ​គឺជា​សារធាតុ​ដូចជា​ជ័រ​ដែល​ប្រើ​សម្រាប់​ការពារ​ការជ្រាប​ទឹក ) ។

  • បងប្រុស​របស់​យ៉ារេឌ—អេធើរ ២:១៦–១៧

រូបតំណាង​កត់​ចំណាំសូម​ធ្វើ​ការកត់​ចំណាំ​មួយ​នៅក្បែរ លោកុប្បត្តិ ៦:១៤ ហើយ​ពន្យល់​ពី​របៀប​ដែល​ការធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​បាន​រក្សា​ណូអេ​ឲ្យ​មាន​សុវត្ថិភាព ។

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​យើង​អាច « ពរ​ជ័រ [ ជីវិត​របស់​យើង ] ទាំង​ខាងក្នុង​ខាងក្រៅ » ខាង​វិញ្ញាណ ដើម្បី​ការពារ​អំពើបាប​មិន​ឲ្យ​ចូល​ពន្លិច​យើង​បាន ?

សូម​ពិចារណា​ដាក់​តំណភ្ជាប់​កំណាព្យ​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ១៩២៤–២០១៥ ) ទៅនឹង លោកុប្បត្តិ ៦:១៤ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ទឹក​ទាំងអស់​នៅលើ​ពិភពលោក

ទោះ​វា​ខំ​យ៉ាងណា

ក៏​មិន​អាច​ពន្លិច​នាវា​តូច​បំផុត​បាន​ឡើយ

លុះត្រា​តែ​វា [ ចូល ] ទៅ​ខាងក្នុង ។

ហើយ​សេចក្ដី​អាក្រក់​ទាំងអស់​ក្នុង​លោក

អំពើ​បាប​ដ៏​ខ្មៅ​ងងឹត​បំផុត

មិន​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​បាន​ឡើយ សូម្បី​តែបន្តិច

លុះត្រាតែ​អ្នក​អនុញ្ញាត​ឲ្យ​វា​ចូល ។

( អ្នកនិពន្ធ​មិនស្គាល់​ឈ្មោះ ។ បាន​ដកស្រង់​ដោយ ប៊យដ៍ ឃេ ផាកកឺ « The Spirit of Revelation » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ទំព័រ​២៤ )

តើ​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ណាខ្លះ​ឲ្យ​អ្នក ដែល​អាច​ជួយ​ការពារ​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ពី​អំពើបាប ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ព្រះបញ្ញត្តិ​មួយ ឬ​ពីរ និង​ពរជ័យ​នានា​ដែល​អ្នក​បាន​ទទួល តាមរយៈ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងនេះ ។

  • របៀប​ដែល​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក គឺ​ដូចជា​ណូអេ​ពរ​ជ័រ​ទៅនឹង​ទូក​កុំ​ឲ្យ​ទឹក​ជ្រាបចូល​ដែរ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?