« ម៉ូសេ ៧:៥៣–៦៩—ស្តេចនៃស៊ីយ៉ូននឹងរក្សារាស្ត្ររបស់ទ្រង់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ម៉ូសេ ៧ ៖ មេរៀនទី ១៨
ម៉ូសេ ៧:៥៣–៦៩
ស្តេចនៃស៊ីយ៉ូននឹងរក្សារាស្ត្ររបស់ទ្រង់
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះបរមងារមួយរបស់ព្រះអង្គសង្គ្រោះគឺជា « ស្ដេចនៃស៊ីយ៉ូន » ( ម៉ូសេ ៧:៥៣ ) ។ ទ្រង់ឃុំគ្រងរាស្ត្ររបស់ទ្រង់ ហើយនៅថ្ងៃចុងក្រោយ ទ្រង់នឹងរក្សាពួកគេពីសេចក្ដីលំបាកវេទនាដ៏ធំដែលនឹងកើតឡើង ។ មេរៀននេះអាចជួយអ្នកឲ្យមើលឃើញ និងដឹងគុណចំពោះអ្វីដែលព្រះអម្ចាស់កំពុងធ្វើ ដើម្បីជួយអ្នកឲ្យយកឈ្នះលើការសាកល្បងក្នុងជំនាន់របស់យើង ។
សិក្សាព្រះគម្ពីរ
នៅពេលយើងគិតអំពីការយាងមកជាលើកទីពីរ ពេលខ្លះយើងគិតថា វាជារឿងដ៏គួរឲ្យខ្លាចមួយ ។ ប៉ុន្ដែនៅពេលព្រះយេស៊ូវយាងមកម្ដងទៀត ពិភពលោកនេះនឹងបានកើតម្ដងទៀត ហើយផ្លាស់ប្រែទៅជាស្ថានសួគ៌ ។
សូមសិក្សាខគម្ពីរខាងក្រោមនេះ ដើម្បីមើលឃើញការលំបាកមួយចំនួនដែលបានព្យាករទុកមក ។ សូមពិចារណាដាក់ស្លាកការលំបាកនីមួយៗថា « ថ្ងៃចុងក្រោយ » ឬ « ការយាងមកជាលើកទីពីរ » ។
តើព្រឹត្តិការណ៍ដែលបានព្យាករទាំងនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ?
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖
នៅពេលដ៏ខ្លីខាងមុខនេះ យើងនឹងឃើញការបើកសម្តែង ដ៏មហិមា អំពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដែលលោកិយនេះមិន ធ្លាប់ បានឃើញពីមុនមក ។ នៅចន្លោះពេលឥឡូវនេះ និងពេលដែលទ្រង់យាងមក « ទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង » [ យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣៦ ] នោះទ្រង់នឹងប្រទានឯកសិទ្ធិ ពរជ័យ និងអព្ភូតហេតុរាប់មិនអស់មកលើមនុស្សស្មោះត្រង់ ។ ( « ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ៩៥ )
តើទស្សនវិស័យរបស់ប្រធាន ណិលសុន អាចជះឥទ្ធិពលយ៉ាងដូចម្តេច លើអារម្មណ៍របស់អ្នកអំពីការយាងមកជាលើកទីពីរ ?
ហេណុក និងប្រជាជនរបស់លោកបានកសាង « ទីក្រុងនៃបរិសុទ្ធភាព គឺក្រុងស៊ីយ៉ូន » ( ម៉ូសេ ៧:១៩ ) ។ ព្រះអម្ចាស់បានសន្យាថា ពួកគេនឹង « បានរស់នៅដោយសុខជារៀងដរាបតទៅ » ( ម៉ូសេ ៧:២០ ) ។ បន្ទាប់មក ហេណុកបានឃើញ និងយំសោកចំពោះការបំផ្លិចបំផ្លាញដែលបានកើតឡើងក្នុងអំឡុងពេលទឹកជំនន់ ។ ដោយស្វែងរកការលួងលោម នោះហេណុកបានទូលសួរថា តើព្រះអម្ចាស់នឹងមានសេចក្តីមេត្តាករុណាចំពោះប្រជាជនដែលបានមកបន្ទាប់ពីទឹកជំនន់នោះដែរឬទេ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានបង្រៀន និងបានបង្ហាញហេណុកអំពីព្រះអង្គសង្រ្គោះ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល ម៉ូសេ ៧:៤២–៥៧ ) ។
សូមអាន ម៉ូសេ ៨:៥៣ ហើយគូសសម្គាល់ព្រះបរមងារដែលព្រះអង្គសង្គ្រោះបានប្រើ ដើម្បីពិពណ៌នាអំពីព្រះអង្គផ្ទាល់ ។
សូមធ្វើការកត់ចំណាំមួយនៅជាប់នឹង ខទី ៥៣ ហើយឆ្លើយនឹងសំណួរខាងក្រោមនេះចំនួនពីរ ៖
-
តើអ្វីដែលព្រះអម្ចាស់បានចែកចាយនៅក្នុងខគម្ពីរនេះអាចលួងលោមហេណុកយ៉ាងដូចម្ដេច ?
-
តើព្រះយេស៊ូវគ្រីស្ទប្រៀបដូចជាស្តេចដ៏មានអំណាច និងពេញដោយសេចក្ដីស្រឡាញ់ចំពោះយើងយ៉ាងដូចម្ដេច ?
-
តើឃ្លាអ្វីផ្សេងទៀតក្នុងខគម្ពីរនេះពិពណ៌នាអំពីពរជ័យ ដែលអ្នកនឹងចង់បានពីការធ្វើតាមស្តេចនៃស៊ីយ៉ូន ?
ហេណុកបានទូលសួរព្រះអម្ចាស់ថា តើទ្រង់នឹងមកផែនដីម្តងទៀតដែរឬទេ ។ ព្រះអម្ចាស់បានបង្ហាញហេណុកអំពីថ្ងៃចុងក្រោយ និងរឿងដែលទ្រង់នឹងធ្វើសម្រាប់មនុស្សដែលខិតខំធ្វើតាមទ្រង់ ។
សូមអាន ម៉ូសេ ៧:៦០–៦២ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានសន្យាថានឹងធ្វើ ។ សូមគូសសម្គាល់រាល់ពេលដែលប្រើពាក្យ យើង និងកិរិយាសព្ទដែលបន្ដពីពាក្យនេះ ។ អ្នកក៏អាចគូសសម្គាល់រាល់ពេលដែលព្រះអម្ចាស់ប្រើពាក្យ របស់យើង ផងដែរ និងអត្ថន័យដែលពាក្យទាំងនេះប្រាប់ ។
ទោះបីជាហេណុកបានឃើញក្នុងការនិមិត្តនូវទឹកជំនន់ដ៏សាហាវនៅសម័យណូអេក៏ដោយ ក៏ព្រះអម្ចាស់បានបង្ហាញហេណុកពីរបៀបដែលទ្រង់នឹងប្រមូលមនុស្សទៅកាន់ទ្រង់ ហើយថែរក្សាពួកគេដែរ ។
ចេញពី ម៉ូសេ ៧:៦២ យើងរៀនថា ដើម្បីរក្សារាស្ដ្ររបស់ទ្រង់នៅថ្ងៃចុងក្រោយ ព្រះអម្ចាស់នឹង ៖
-
ចាត់សេចក្ដីសុចរិតឲ្យចុះមកពីស្ថានសួគ៌ ។
-
ចាត់សេចក្ដីពិតឲ្យចេញពីផែនដីទៅ ។
-
ប្រមូលផ្តុំរាស្ដ្ររបស់ទ្រង់ទៅទីក្រុងស៊ីយ៉ូន ។
មេរៀននេះទាំងប៉ុន្មានទៀត នឹងនិយាយអំពីការសន្យាទាំងនេះនីមួយៗមកពីព្រះអម្ចាស់ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះចាត់ « សេចក្ដីសុចរិត … ឲ្យចុះមកពីស្ថានសួគ៌ » ដោយរបៀបណា ?
សូមសិក្សាបទគម្ពីរដែលពាក់ព័ន្ធ ហើយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើព្រះបានធ្វើអ្វីខ្លះរួចទៅហើយដើម្បីចាត់ « សេចក្ដីសុចរិត … ឲ្យចុះមកពីស្ថានសួគ៌ » ( ម៉ូសេ ៧:៦២ ) ?
( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:២០–២១—យ៉ូសែប ស្ម៊ីធ តំណាលពីព្រឹត្តិការណ៍នៃការស្តារឡើងវិញ ) ។
-
តើមាន « សេចក្ដីសុចរិត … ចុះមកពីស្ថានសួគ៌ » អ្វីខ្លះដែលព្រះបានសន្យាថានឹងនៅតែកើតឡើង ?
( សូមមើល ម៉ូសេ ៧:៦៣—ព្រះអម្ចាស់មានបន្ទូលទៅកាន់ហេណុកនៅក្នុងការនិមិត្តអំពីអនាគតកាល ) ។
-
តើអ្នកបានឃើញព្រះចាត់ « សេចក្ដីសុចរិត … ឲ្យចុះមកពីស្ថានសួគ៌ » មកក្នុងជីវិតរបស់អ្នកផ្ទាល់តាមរបៀបណា ?
ជម្រើស ខ
តើព្រះចាត់ « សេចក្ដីពិត … ឲ្យចេញពីផែនដីទៅ » ដោយរបៀបណា ?
សូមសិក្សាបទគម្ពីរដែលពាក់ព័ន្ធ ហើយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើព្រះបានធ្វើអ្វីខ្លះរួចទៅហើយដើម្បីចាត់ « សេចក្ដីពិត … ឲ្យចេញពីផែនដីទៅ » ( ម៉ូសេ ៧:៦២ ) ?
( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៤–៣៥, ៥១–៥៣, ៦០—យ៉ូសែប ស្ម៊ីធ តំណាលពីការណែនាំរបស់មរ៉ូណៃមកកាន់លោក ) ។
-
តើមាន « សេចក្ដីពិត … ឲ្យចេញពីផែនដីទៅ » អ្វីខ្លះដែលព្រះបានសន្យាថានឹងនៅតែកើតឡើង ?
( សូមមើល នីហ្វៃទី១ ១៤:២៤–២៦—នីហ្វៃមើលឃើញនៅក្នុងការនិមិត្តនូវអ្វីដែលសាវកយ៉ូហានបានឃើញ ) ។
-
តើអ្នកបានឃើញព្រះចាត់ « សេចក្ដីពិត … ឲ្យចេញពីផែនដីទៅ » នៅក្នុងជីវិតរបស់អ្នកផ្ទាល់តាមរបៀបណា ?
ជម្រើស គ
តើព្រះកំពុងប្រមូលផ្តុំរាស្ដ្ររបស់ទ្រង់ទៅកាន់ទីក្រុងស៊ីយ៉ូនដោយរបៀបណា ?
សូមសិក្សាបទគម្ពីរដែលពាក់ព័ន្ធ ហើយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើព្រះបានធ្វើអ្វីរួចទៅហើយ ដើម្បីប្រមូលផ្តុំរាស្ដ្ររបស់ទ្រង់ទៅកាន់ទីក្រុងស៊ីយ៉ូន ?
( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១១—យ៉ូសែប ស្ម៊ីធ តំណាលពីការនិមិត្តនៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ) ។
-
តើព្រះបានសន្យាអ្វីខ្លះអំពីការប្រមូលផ្ដុំនៅពេលអនាគតទៅកាន់ទីក្រុងស៊ីយ៉ូន ?
( សូមមើល នីហ្វៃទី១ ២២:១១–១២—នីហ្វៃសង្ខេបការព្យាកររបស់អេសាយ ) ។
-
តើអ្នកបានឃើញព្រះប្រមូលផ្តុំរាស្ដ្ររបស់ទ្រង់ទៅកាន់ទីក្រុងស៊ីយ៉ូន នៅក្នុងជីវិតរបស់អ្នកផ្ទាល់យ៉ាងដូចម្តេច ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមើលឃើញ និងដឹងគុណចំពោះអ្វីដែលព្រះអម្ចាស់កំពុងធ្វើ ដើម្បីជួយអ្នកឲ្យយកឈ្នះលើការសាកល្បងក្នុងជំនាន់របស់យើង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
របៀបមួយដែលព្រះកំពុងរក្សាអ្នកពីការលំបាកនៅជំនាន់របស់យើង ។
-
អ្វីដែលអ្នកបានរៀនអំពីបុគ្គលិកលក្ខណៈ និងនិស្ស័យនៃព្រះចេញពីរបៀបដែលទ្រង់កំពុងរក្សាអ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?