ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៧:១–២១—« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន »


« ម៉ូសេ ៧:១–២១—‹ ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ហេណុក និង​ប្រជាជន​របស់​លោក

ម៉ូសេ ៧ ៖ មេរៀន​ទី ១៦

ម៉ូសេ ៧:១–២១

« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅក្នុង​ប្រវត្តិសាស្រ្ត​ទាំងមូល មនុស្ស​បាន​ព្យាយាម​ស្ថាបនា​សង្គម ដែល​គ្មាន​ភាពក្រីក្រ ឬ​អំពើហិង្សា ។ ព្រះអម្ចាស់​បាន​ហៅ​សង្គម​បែប​នេះ​ថា ស៊ីយ៉ូន ( សូម​មើល ម៉ូសេ ៧:១៨ ) ។ ប្រហែល​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​សង់​ក្រុង​ស៊ីយ៉ូន គឺ​ត្រូវ​ចាប់ផ្ដើម​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ហេណុក និង​ប្រជាជន​របស់​លោក​មាន ។

សិក្សា​ព្រះគម្ពីរ

ដើមឈើ​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​ដើម​រេដ​វូដ ។ វា​អាច​លូត​បាន​ដល់​កម្ពស់​ជាង ៣០០ ហ្វីត ( ៩២ ម៉ែត្រ ) ។

ដើមឈើ

សូម​កត់សម្គាល់​កម្ពស់​របស់​ស្ត្រី​នៅក្នុង​រូបភាព​នេះ ប្រៀបធៀប​ទៅនឹង​ដើម​រេដ​វូដ ។

គួរឲ្យ​ភ្ញាក់ផ្អើល ឫស​ដើម​រេដ​វូដ​មាន​ជម្រៅ​ត្រឹមតែ ៣–៦ ហ្វីត ( ១–២ ម៉ែត្រ ) ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏ដោយ ឫស​ទាំងនេះ​បាន​លាត​សន្ធឹង​ជាច្រើន​រយ​ហ្វីត ( លើសពី​១០០​ម៉ែត្រ ) ហើយ​បាន​ប្រទាក់​ជាប់​នឹង​ឫស​នៃ​ដើមឈើ​ផ្សេងៗ​ទៀត ។ ការចាក់​ឫស​ភ្ជាប់​គ្នា​នេះ​ហើយ ធ្វើឲ្យ​ដើម​រេដ​វូដ​ឈរ​យ៉ាង​រឹងមាំ​រយៈពេល​រាប់រយ​ឆ្នាំ​តទល់​នឹង​ខ្យល់ និង​ទឹក​ជំនន់ ( សូម​មើល រីឆាត អេក វីងគ្លីល « Web of Friendship » New Era ខែ​សីហា ឆ្នាំ​២០០៣ ទំព័រ​១០–១១ ) ។

ឫស

សូម​ចំណាយ​ពេល​មួយ​នាទី ហើយ​គិត​អំពី​គ្រួសារ វួដ ឬ​សាខា​របស់​អ្នក ។ តើ​ពួកគេ​អាច​ប្រៀបធៀប​ទៅនឹង​ដើម​រេដ​វូដ​យ៉ាង​ដូចម្តេច ? តើ​មនុស្ស​នៅ​ជុំវិញ​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ចូលទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​សិក្សា សូម​ឆាប់​ដឹងពី​ចំណាប់​អារម្មណ៍​ដែល​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​អាច​បង្រៀន​អ្នក​ពី​របៀប​ដើម្បី​បង្កើន​កម្លាំង ដែល​អ្នក​ទទួល​អារម្មណ៍​ពី​ព្រះ និង​ពី​មនុស្ស​ជុំវិញ​អ្នក ។

កម្លាំង​នៅ​ស៊ីយ៉ូន

នៅក្នុង​ការនិមិត្ត​មួយ ព្រះអម្ចាស់​បាន​ហៅ​ព្យាការី​ហេណុក​ឲ្យ​ផ្សាយ​អំពី​ការប្រែចិត្ត និង​ពិធីបុណ្យ​ជ្រមុជទឹក​ទៅកាន់​ទីក្រុង​មួយ​ចំនួន ។ ប្រជាជន​ដែល​បាន​ដើរ​តាម​ហេណុក បាន​មក​ជួប​ជុំ​គ្នា ។

សូម​អាន ម៉ូសេ ៧:១៣, ១៦–១៧ ដោយ​ស្វែងរក​ភាពផ្ទុយគ្នា​រវាង​ប្រជាជន​ដែល​កំពុង​ព្យាយាម​ធ្វើតាម​ព្រះអម្ចាស់ និង​ប្រជាជន​ដែល​បាន​ប្រឆាំង​នឹង​ពួកគេ ។

តើ​អ្នក​ស្ងើច​សរសើរ​អ្វីខ្លះ អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប្រជាជន ដែល​បាន​ព្យាយាម​ដើរតាម​ទ្រង់ ?

រូបតំណាង​គូសសម្គាល់ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ធ្វើឲ្យ​ប្រជាជន​របស់​ព្រះអម្ចាស់​ខុសប្លែក​ពី​គេ​នោះ សូម​អាន ម៉ូសេ ៧:១៨–២១ ។ អ្នក​អាច​គូស​សម្គាល់​បុគ្គលិក​លក្ខណៈ​ដែល​ប្រជាជន​របស់​ព្រះអម្ចាស់​មាន ។ ( កំណត់​ចំណាំ ៖ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ការ ត្រូវ​បណ្តាសា មាន​ន័យ​ថា ការត្រូវបាន​បង្ខាំង​ពី​ពរជ័យ​ដោយសារតែ​ភាពទុច្ចរិត ។ សូមមើល « បណ្តាសា បណ្តាសា​ទាំងឡាយ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិម៉ូសេ ៧:១៨ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសេ ៧:១៨ គឺ « ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួកគេ​មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ » ។ សូម​ហាត់​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ និង​សេចក្ដីយោង ដោយ​ការអាន​វា​ឮៗ​បី​បួន​ដង ។ រាល់​ពេល​ដែល​អ្នក​អាន សូម​បាំង​ពីរ​បី​ពាក្យ ។ សូម​មើល​ថា តើ​នៅ​ទីបំផុត អ្នក​អាច​បាំង​ពាក្យ​ទាំងអស់​បាន​ដែរ​ឬ​ទេ ។

នៅពេល​មនុស្ស​មួយ​ក្រុម​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ទាំងនេះ នោះ​ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​ពួកគេ ( សូម​មើល នីហ្វៃ​ទី​៤ ) ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ស្ថាបនា​សាមគ្គីភាព​ជាមួយ​អ្នកដទៃ​តាម​របៀប​ណា ?

  • តើ​អ្នក​គិត​ថា វា​មាន​លក្ខណៈ​បែបណា​ដើម្បី​មាន​សាមគ្គីភាព​ជាមួយ​អ្នកដទៃ ?

  • ហេតុអ្វី​បានជា​វា​អាច​ជា​រឿង​ពិបាក​ដើម្បី​ស្ថាបនា​សាមគ្គីភាព ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ពួកយើង​ចម្រុះ​គ្នា​ច្រើន ហើយ​ជួនកាល​យើង​មិន​ចុះ​សម្រុង​គ្នា ពុំ​អាច​មក​រួមគ្នា​តែ​មួយ​តាម​មូលដ្ឋាន​គ្រឹះ​ផ្សេង ឬ​នៅ​ក្រោម​ឈ្មោះ​ផ្សេង​នោះ​ទេ ។ … មាន​តែ​នៅក្នុង និង​តាមរយៈ​ភាពស្មោះត្រង់ និង​សេចក្តី​ស្រឡាញ់​របស់​យើង​ម្នាក់ៗ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ទើប​យើង​អាច​មាន​សង្ឃឹម​ថា រួម​មក​តែមួយ​បាន ។ ( « រួម​មក​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​៧៨–៧៩ )

តើ​អ្នក​គិត​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព​កាន់តែ​ខ្លាំង​ជាមួយ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​កាន់តែ​មាន​សាមគ្គីភាព​ជាមួយ​អ្នក​ដទៃ ។ នេះ​អាច​ជា​គ្រួសារ​របស់​អ្នក សមាជិក​សាសនាចក្រ ឬ​អ្នកដទៃ ។ សូម​ជ្រើសរើស​រឿង​មួយ ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ថ្ងៃនេះ ហើយ​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​វា ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើតាម​គំរូ​ដ៏​សុចរិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សេចក្តី​សុចរិត​គឺជា​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ដែល​រួមមាន « យុត្តិធម៌ បរិសុទ្ធ គុណធម៌ ស្មោះត្រង់ ប្រកប​ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ប្រកប​ដោយ​ការចៀសវាង​ពី​អំពើបាប » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សុចរិត សេចក្តី​សុចរិត » បណ្ណាល័យ​ដំណឹងល្អ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទានពរ​ដល់​យើង នៅពេល​យើង​ព្យាយាម​ធ្វើជា​មនុស្ស​សុចរិត ។

ប្រធាន រ័សុល អិម ណិលសុន

នៅពេល​យើង​ព្យាយាម​រស់នៅ​តាម​ក្រឹត្យវិន័យកាន់តែ​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដួងចិត្ត និង​ធម្មជាតិ​ជា​មនុស្ស​របស់​យើង​នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ ព្រះអង្គ​សង្គ្រោះ លើក យើង​ឡើង​ផុត​ពី​ឥទ្ធិពល​នៃ​ពិភពលោក​ដ៏​ធ្លាក់​នេះ ដោយ​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​សេចក្តី​សប្បុរស ភាពរាបសា ចិត្ត​ល្អ ចេះលត់ដំ​ខ្លួន មានភាព​សុខសាន្ត និង សេចក្តី​សម្រាក ។ ( « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​៩៧ )

ហេតុអ្វី​វា​គឺជា​ពរជ័យ​មួយ ពេល​រស់នៅ​ជាមួយ​មនុស្ស​ដែល​ព្យាយាម​រស់នៅ​ដូចជា​ប្រជាជន​របស់​ហេណុក ? តើ​ការសម្រេច​ចិត្ត​មិន​សុចរិត​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​កាន់តែ​មាន​ភាពសុចរិត ។ សូម​ជ្រើសរើស​កិច្ចការ​មួយ ហើយ​ដាក់​ផែនការ​ដើម្បី​ធ្វើ​វា មុន​ពេល​អ្នក​ចូល​គេង​នៅ​យប់​នេះ ។

ជម្រើស គ

តើ​ខ្ញុំ​អាច​ធ្វើតាម​ព្រះអម្ចាស់ និង​ថែទាំ​ដល់​អ្នកក្រីក្រ​ដោយ​របៀបណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ដូច​ខាងក្រោម​នេះ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅពេល​យើង​ខិតខំ​ធ្វើតាម​បុព្វហេតុ​នៃ​ទីក្រុង​ស៊ីយ៉ូន យើង​ម្នាក់ៗ​គួរតែ​ពិចារណា​ដោយ​ការអធិស្ឋាន​ថា តើ​យើង​កំពុង​ធ្វើ … អ្វីៗ​ទាំងអស់​ដែល​គាប់​ព្រះទ័យ​នៅក្នុង​ព្រះនេត្រ​ព្រះអម្ចាស់​ចំពោះ​ជនក្រីក្រ និង​ខ្វះខាត​ដែរ​ឬ​ទេ ។ ( « Come to Zion » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ទំព័រ​៣៩ )

ក្រៅពី​ខាង​ហិរញ្ញវត្ថុ តើ​មនុស្ស​ក្រីក្រ ឬ​អ្នក​ខ្វះខាត​ត្រូវការ​អ្វីខ្លះ​ទៀត ? តើ​ព្រះអម្ចាស់​អាច​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ថែទាំ​នរណា​ម្នាក់​ដែល​នៅក្នុង​ស្ថានភាព​បែប​នេះ​យ៉ាង​ដូចម្តេច ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ថ្ងៃនេះ ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះអម្ចាស់​ម្នាក់ ឬ​ច្រើន​នាក់ ។ សូម​ដាក់​ផែនការ​ដើម្បី​ធ្វើ​វា មុន​ចុងបញ្ចប់​នៅ​ថ្ងៃនេះ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ហេណុក និង​ប្រជាជន​របស់​លោក​មាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បុគ្គលិក​លក្ខណៈ​នៃ​ស៊ីយ៉ូន ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​អភិវឌ្ឍ រួមទាំង​អ្វី​ដែល​អ្នក​ដាក់​ផែនការ​ដើម្បី​ធ្វើ​នៅ​ថ្ងៃនេះ​ផងដែរ ។

  • បុគ្គលិក​លក្ខណៈ​មួយ​ដែល​អ្នក​បាន​សិក្សា រួម​ទាំង​របៀប​ដែល​បុគ្គលិក​លក្ខណៈ​នេះ​អាច​ជួយ​អ្នក និង​អ្នកដទៃ​ឲ្យ​ក្លាយ​ដូចជា​ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​ផងដែរ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?