« ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែកទី ២—‹ ព្រោះអ្នកបានធ្លាក់ នោះអ្នកនឹងអាចបានប្រោសលោះ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ មេរៀនទី ១២
ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែកទី ២
« ព្រោះអ្នកបានធ្លាក់ នោះអ្នកនឹងអាចបានប្រោសលោះ »
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា បានចាប់ផ្ដើមនូវបញ្ហាប្រឈមនានាដែលពួកលោកមិនធ្លាប់ឆ្លងកាត់ពីមុនមក ។ ពួកលោកបានប្រឈមមុខនឹងការស្លាប់ខាងសាច់ឈាម និងការស្លាប់ខាងវិញ្ញាណ ( អំពើបាប ) ។ ប៉ុន្ដែព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះអង្គសង្គ្រោះមួយអង្គ ដើម្បីយកឈ្នះលើឥទ្ធិពលនៃការធ្លាក់នេះ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍នៃអំណរនៃការប្រោសលោះពីការធ្លាក់តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សិក្សាព្រះគម្ពីរ
តើច្បាប់ទំនាញផែនដីអាចត្រូវបានប្រៀបធៀបទៅនឹងផលប៉ះពាល់នៃការធ្លាក់របស់អ័ដាម និងអេវ៉ាយ៉ាងដូចម្តេច ?
សូមស្រមៃថា អ្នកធ្លាក់ចេញពីលើយន្តហោះមួយដោយគ្មានឆត្រយោងឡើយ ។ តើអ្នកនឹងមានសង្ឃឹមក្នុងការរស់រានមានជីវិតយ៉ាងដូចម្ដេច ? ឥឡូវនេះ សូមស្រមៃថា មុនពេលអ្នកធ្លាក់ចេញពីលើយន្តហោះនោះ មិត្តម្នាក់បានពាក់ឆត្រយោងឲ្យអ្នក ។ តើច្បាប់ទំនាញផែនដីអាចត្រូវបានប្រៀបធៀបទៅនឹងផលប៉ះពាល់នៃការធ្លាក់របស់អ័ដាម និងអេវ៉ាយ៉ាងដូចម្តេច ? តើឆត្រយោងអាចត្រូវបានប្រៀបធៀបទៅនឹងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ? ( សូមមើល ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែឧសភា ឆ្នាំ២០១៩ អំពីរបៀបដែលលោកបានប្រើរឿងប្រៀបប្រដូចនេះ ) ។
ដោយសារតែការធ្លាក់ នោះយើងទាំងអស់គ្នាដកពិសោធន៍ការស្លាប់ខាងវិញ្ញាណ ។ ការណ៍នេះមានន័យថា យើងបានកើតចូលក្នុងពិភពលោកមួយ ដែលបែកចេញពីវត្តមានរបស់ព្រះ ។ យើងនឹងប្រព្រឹត្តអំពើបាប ។ យើងក៏ប្រឈមមុខនឹងការលំបាក ជំងឺ ភាពទន់ខ្សោយ និងការស្លាប់ខាងសាច់ឈាមផងដែរ ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះបានប្រទានសេចក្ដីសម្រាកពីការពុះពាររបស់យើងទាំងអស់ ។
តើសេចក្តីថ្លែងការណ៍មួយណាក្នុងចំណោមសេចក្តីថ្លែងការណ៍ខាងក្រោមដែលពិតចំពោះអ្នក ?
-
ខ្ញុំមិនដឹងទេថា ហេតុអ្វីបានជាខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ។
-
ខ្ញុំយល់ពីមូលហេតុដែលខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនអាចពន្យល់វាដល់អ្នកផ្សេងបានឡើយ ។
-
ខ្ញុំអាចពន្យល់ពីសេចក្តីត្រូវការរបស់យើង ដើម្បីមានព្រះអង្គសង្គ្រោះដល់នរណាម្នាក់ផ្សេងទៀតបាន ។
-
ខ្ញុំទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ។
ដោយជាផ្នែកមួយនៃការធ្លាក់ នោះលោកអ័ដាម និងនាងអេវ៉ាត្រូវចាកចេញពីសួនច្បារអេដែន ។ ប៉ុន្តែព្រះអម្ចាស់បានបន្តប្រទានពរដល់ពួកលោក ។ ទ្រង់បានប្រទានព្រះបញ្ញត្តិដល់ពួកលោក ដើម្បីជួយពួកលោកឲ្យយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ ។
សូមអាន ម៉ូសេ ៥:៥–៩ ហើយធ្វើការកត់ចំណាំអំពីអ្វីដែលព្រះបានបញ្ជា ។
តើលោកអ័ដាម និងនាងអេវ៉ាបានរៀនសូត្រអ្វីខ្លះមកពីទេវតា និងមកពីព្រះវិញ្ញាណបរិសុទ្ធ ?
សូមបន្ថែមសេចក្ដីពិតដូចតទៅនេះទៅកាន់កំណត់ចំណាំរបស់អ្នក ៖ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចត្រូវបានប្រោសលោះពីការធ្លាក់នេះបាន ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក ឥឡូវត្រូវធ្វើដូចម្តេចទៀត ? នៅចុងបញ្ចប់នៃមេរៀននេះ ។
សម្រាប់ជម្រើសនីមួយៗ សូមបំពេញជំហានខាងក្រោមនេះ ។ សូមឆ្លើយតបនឹងខិត្តប័ណ្ណនេះ ឬបន្ថែមគំនិតនានាទៅកាន់គម្រោងមេរៀនអង្គការបឋមសិក្សា ដែលអ្នកបានបង្កើតនៅក្នុងមេរៀនមុន ។
-
សូមសរសេរចំណងជើងថា « ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » នៅលើទំព័រមួយ ។
-
សូមសិក្សាឯកសារនេះដើម្បីរៀនពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ប្រោសលោះយើងពីឥទ្ធិពលនៃការធ្លាក់ ។
-
សង្ខេបអ្វីដែលអ្នកបានរៀន ។
ជម្រើស ក
តើព្រះយេស៊ូវសង្គ្រោះយើងពីការស្លាប់ខាងវិញ្ញាណយ៉ាងដូចម្ដេច ?
សូមគិតអំពីគ្រាដែលអ្នកបានធ្វើអំពើបាប ហើយមានអារម្មណ៍ថាបានឃ្លាតឆ្ងាយខាងវិញ្ញាណពីព្រះវរបិតាសួគ៌ ។
សូមអានអត្ថបទខាងក្រោមនេះ ។ សូមគូសសម្គាល់របៀបដែលព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកឲ្យយកឈ្នះលើការឃ្លាតឆ្ងាយខាងវិញ្ញាណពីព្រះ ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះសេចក្ដីមេត្តាករុណាអាចឈ្នះ ដល់អស់អ្នកដែលបានប្រែចិត្ត ហើយអាចអនុញ្ញាតឲ្យពួកគេត្រឡប់ទៅទីវត្តមានរបស់ព្រះវិញ ។ វាជាការណ៍ល្អដល់យើង ដើម្បីពិចារណាពីគោលលទ្ធិដ៏អស្ចារ្យនេះ ។ គ្មាននរណាម្នាក់អាចត្រឡប់ទៅព្រះវិញបាន ដោយសារតែកិច្ចការល្អរបស់ខ្លួនផ្ទាល់នោះទេ យើងទាំងអស់គ្នាត្រូវការអត្ថប្រយោជន៍នៃពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។ មនុស្សទាំងអស់មានបាប ហើយមានតែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ទើបយើងអាចទទួលបានសេចក្ដីមេត្តាករុណា ហើយរស់នៅជាមួយព្រះបាន ។ ( ចូរស្មោះត្រង់ចំពោះព្រះ និងកិច្ចការរបស់ទ្រង់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ១១៩ )
ជម្រើស ខ
តើព្រះយេស៊ូវគ្រីស្ទអាចជួយយើងយ៉ាងដូចម្តេច នៅពេលយើងងាកទៅរកទ្រង់នៅក្នុងការលំបាកនៃជីវិតរមែងស្លាប់ទាំងឡាយ ?
សូមគិតអំពីការលំបាក ជំងឺ និងភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់នេះ ដែលអ្នកបានប្រឈមមុខ ។
សូមអានអត្ថបទខាងក្រោមនេះ ។ សូមគូសសម្គាល់អ្វីដែលដង្វាយធួនរបស់ព្រះយេស៊ូវជួយយើងឲ្យយកឈ្នះ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
គ្មានការឈឺចាប់ខាងសាច់ឈាម របួសខាងវិញ្ញាណ និងការឈឺចិត្តក្នុងព្រលឹង ការចុកចាប់ ជំងឺ ឬភាពកម្សោយណា ដែលអ្នក ឬខ្ញុំជួបក្នុងជីវិតនេះ ដែលព្រះអង្គសង្គ្រោះមិនបានដកពិសោធន៍ជាមុននោះទេ ។… នោះទើបទ្រង់មានការយល់ចិត្ដដ៏ឥតខ្ចោះ ហើយអាចលាតព្រះហស្ដនៃសេចក្តីមេត្តាកុរណារបស់ទ្រង់មករកយើងបាន ។ ទ្រង់អាចឈោងព្រះហស្ដ ប៉ះ ជួយសង្គ្រោះ ប្រោស និងពង្រឹងយើង ហួសពីអ្វីៗដែលយើងអាចធ្វើបាន ហើយជួយយើងឲ្យធ្វើអ្វីដែលយើងមិនអាចធ្វើបាន ដោយការពឹងតែទៅលើអំណាចយើងផ្ទាល់នោះ ។ ( « Bear Up Their Burdens with Ease » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ៩០ )
ជម្រើស គ
តើព្រះយេស៊ូវសង្គ្រោះយើងពីការស្លាប់ខាងសាច់ឈាមយ៉ាងដូចម្ដេច ?
សូមគិតអំពីមនុស្សដែលអ្នកស្គាល់ ដែលបានទទួលមរណភាព ។ សូមស្រមៃថា តើវាមានសភាពយ៉ាងណា បើអ្នកត្រូវបែកពីពួកគេជាអចិន្ត្រៃយ៍នោះ ។
សូមអានអត្ថបទខាងក្រោមនេះ ។ សូមគូសសម្គាល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យយកឈ្នះលើការស្លាប់ខាងសាច់ឈាម ។
-
កូរិនថូស ទី១ ១៥:២០–២២
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
ជារៀងរាល់ថ្ងៃខ្ញុំមានពរដោយដឹងថា ដោយសារតែដង្វាយធួនរបស់ទ្រង់ នៅថ្ងៃណាមួយ ខ្ញុំអាចរស់ឡើងវិញដើម្បីរស់នៅជារៀងរហូតនៅក្នុងគ្រួសារដ៏ជាទីស្រឡាញ់មួយ ។ ខ្ញុំដឹងរឿងទាំងនោះតាមរយៈ វិធីតែមួយគត់ ដែលយើងគ្រប់គ្នាអាចដឹង ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់គំនិត និងដួងចិត្តខ្ញុំថាវាគឺជារឿងពិត—ពុំមែនតែម្ដងឡើយ ប៉ុន្តែជារឿយៗ ។ ខ្ញុំត្រូវការការលួងលោមចិត្តជាបន្តបន្ទាប់នោះ ។ យើងទាំងអស់គ្នាដកពិសោធន៍រឿងសោកនាដកម្មដែលយើងចាំបាច់ត្រូវការការបញ្ជាក់ជាថ្មីមកពីព្រះវិញ្ញាណ ។ ( « His Spirit to Be with You » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ៨៦ )
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
នៅពេលយើងអាចទទួលអារម្មណ៍ថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដំណើរការក្នុងជីវិតរបស់យើង នោះយើងនឹងពោរពេញដោយសេចក្ដីអំណរ ។ ( « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ៨៤ )
សូមអាន ម៉ូសេ ៥:១០–១១ ។ សូមគូសសម្គាល់ពីអារម្មណ៍របស់លោកអ័ដាម និងនាងអេវ៉ា នៅពេលពួកគេបានយល់ពីអ្វីដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនឹងធ្វើសម្រាប់ពួកគេ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរលិខិតថ្លែងអំណរគុណថ្វាយទៅព្រះអង្គសង្គ្រោះចំពោះអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍នៃអំណរនៃការប្រោសលោះពីការធ្លាក់តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ខិត្តប័ណ្ណពេញលេញរបស់អ្នក ឬគម្រោងមេរៀនដែលបានធ្វើបច្ចុប្បន្នភាព ។
-
ផ្នែកមួយនៃលិខិតថ្លែងអំណរគុណទៅកាន់ព្រះអង្គសង្គ្រោះ ចំពោះអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?