ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៤:១–៤—« សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គ​រហូត »


« ម៉ូសេ ៤:១–៤—‹ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គ​រហូត › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ព្រះអង្គ​សង្គ្រោះ

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ មេរៀន​ទី ១០

ម៉ូសេ ៤:១–៤

« សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គ​រហូត »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅក្នុង​ជីវិត​មុន​ផែនដី ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គោរព​ប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​សួគ៌​យ៉ាង​ខ្ជាប់ខ្ជួន ទោះបីជា​វា​លំបាក​យ៉ាងណា​ក៏​ដោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចង់​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ ដូច​ទ្រង់​ធ្វើ​ដែរ ។

សិក្សា​ព្រះគម្ពីរ

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បាន​តំណាល​ពី​មេរៀន​មួយ ដែល​លោក​បាន​រៀន​ពី​យុវវ័យ​របស់​លោក ។ សូម​មើល​វីដេអូ​ខាងក្រោម​អំពី​ដំណើររឿង​របស់​ប្រធាន ម៉នសុន ។ ឬ​សូម​អាន​ដំណើររឿង​សង្ខេប ដែល​មាន​បន្ទាប់ពី​វីដេអូ​នេះ ។

21:4

ដំណើររឿង​សង្ខេប ៖ នៅពេល​ប្រធាន ថូម៉ាស អេស ម៉នសុន អាយុ​ប្រាំបី​ឆ្នាំ លោក និង​មិត្ត​ម្នាក់​ចង់​សម្អាត​ស្មៅ​នៅក្បែរ​ផ្ទះ​តូច​របស់​គ្រួសារ​ពួកគេ ដោយ​ការដុត​ស្មៅ​ទាំងនោះ ។ ដោយ​មាន​ឈើគូស​ក្នុង​ដៃ ដែល​ពួកគេ​មិន​គួរ​មាន​នោះ ពួកគេ​បាន​ដុត​ស្មៅ ដោយ​ជឿ​ថា វា​នឹង​ឆេះ​តែ​កន្លែង​ដែល​ពួកគេ​ចង់​ឲ្យ​វា​ឆេះ​ប៉ុណ្ណោះ ។ ជាអកុសល ភ្លើង​បាន​រាលដាល​យ៉ាង​រហ័ស ដែល​បង្ក​គ្រោះថ្នាក់​ដល់​តំបន់ ដើមឈើ និង​ផ្ទះ​តូចៗ​នៅ​ជុំវិញ​នោះ ។ ពេល​ដឹង​ថា ពួកគេ​ត្រូវការ​ជំនួយ ពួកគេ​បាន​រត់​ទៅ​រក​គ្រួសារ និង​អ្នកជិតខាង ដែល​បាន​ជួយ​ពន្លត់​ភ្លើង ហើយ​ជួយ​សង្គ្រោះ​តំបន់​ជុំវិញ​នោះ ។

ប្រធាន ម៉នសុន បាន​ពន្យល់​ពី​មេរៀន​ដែល​លោក​បាន​រៀន​ពី​បទពិសោធន៍​របស់​លោក ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ខ្ញុំ​បាន​រៀន​នូវ​មេរៀន​ពិបាកៗ​ជាច្រើន ប៉ុន្តែ​ជា​មេរៀន​សំខាន់​នា​គ្រា​នោះ—ផ្នែក​ដែល​សំខាន់​គឺ​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ។

មាន​ច្បាប់ និង​ក្រឹត្យក្រម​ដើម្បី​ជួយ​យើង​ឲ្យ​ប្រាកដ​ថា មាន​សុវត្ថិភាព​ខាង​រូបកាយ ។ ក៏​ដូចជា​ព្រះអម្ចាស់ បាន​ប្រទាន​ការណែនាំ និង បទបញ្ញត្តិ​ដើម្បី​ជួយ​យើង​ឲ្យ​ប្រាកដ​ថា យើង​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ ដើម្បី​យើង​អាច​បត់​ចង្កូត​ដោយ​ជោគជ័យ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នេះ ហើយ​ត្រឡប់​ទៅ​ជួប​ព្រះវរបិតា​សួគ៌​យើង​វិញ​នៅ​ទីបំផុត ។ ( « Obedience Brings Blessings » Liahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ​៩០ )

ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការគោរព​ប្រតិបត្តិ​សំខាន់​ខ្លាំង​ម៉្លេះ​ចំពោះ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ?

យើង​បាន​រស់នៅ​ក្នុង​ជីវិត​មុន​ផែនដី​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​យើង ។ ពេល​នៅ​ទីនោះ យើង​បាន​រៀន​ពី​ផែនការ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ម៉ូសេ ៤:១–៤ មាន​នូវ​ដំណើររឿង​អំពី​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ យើង​ឃើញ​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​របស់​សាតាំង នៅពេល​ទ្រង់ និង​សាតាំង​ឆ្លើយតប​នឹង​ព្រះហឫទ័យ​របស់​ព្រះវរបិតា​សួគ៌​តាម​របៀប​ផ្សេងគ្នា ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ូសេ ៤:១–៤ ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​បាន​អំពី​ការជំរុញ​ចិត្ត និង​អាកប្បកិរិយា​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​របស់​សាតាំង ។ សូម​គូស​សម្គាល់​អ្វី​ដែល​អ្នក​រកឃើញ​អំពី​សាតាំង​ដោយ​ពណ៌​មួយ ។ សូម​ជ្រើសរើស​ពណ៌​មួយ​ទៀត ដើម្បី​គូស​សម្គាល់​ការជំរុញ​ចិត្ត និង​អាកប្បកិរិយា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទាក់ទង​នឹង​ផែនការ​ដែល​បាន​ស្នើឡើង​របស់​សាតាំង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

វា​មិនមែន​ជា​ករណី​ធម្មតា​ទេ ដែល​ព្រះយេស៊ូវ​គាំទ្រ​ដល់​ផែនការ​របស់​ព្រះវរបិតា ហើយ​សំណើ​របស់​លូស៊ីហ្វើរ​ហាក់បី​ដូចជា​ខុសគ្នា​តែ​បន្តិច​ប៉ុណ្ណោះ ។ សំណើ​របស់​លូស៊ីហ្វើរ​នឹង​បំផ្លាញ​ផែនការ​នេះ តាមរយៈ​ការលុប​ចោល​ឱកាស​របស់​យើង​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ ។ ផែនការ​របស់​លូស៊ីហ្វើរ​មាន​មូលដ្ឋាន​លើ​ការបង្ខិត​បង្ខំ ដែល​ធ្វើឲ្យ​បុត្រាបុត្រី​ផ្សេងទៀត​ទាំងអស់​របស់​ព្រះ—យើង​ទាំងអស់​គ្នា—ចាំបាច់​ត្រូវ​ក្លាយជា​អាយ៉ង​របស់​វា ។ …

ហើយ​សូម​ឲ្យ​យើង​ចាំ​ថា សាតាំង​មិន​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង​ទេ ។ វា​មិន​ចាប់​អារម្មណ៍​នឹង​ទុក្ខវេទនា ឬ​សេចក្ដីស្លាប់​ដើម្បី​នរណា​ម្នាក់​ឡើយ ។ វា​នឹង​មិន​បង្ហូរ​ឈាម​របស់​វា​ទេ ។ វា​ចង់​បាន​សិរី​រុងរឿង កិត្តិយស និង​ព្រះចេស្ដា​របស់​ព្រះ ដោយ​មិន​ចំណាយ​អ្វី​ទាំងអស់ ។ ( « A Message at Christmas » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ ] ទំព័រ​៣–៤ នៅលើ​គេហទំព័រ speeches.byu.edu )

សូម​ជញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​រៀន​បាន មកពី​ការស្ម័គ្រ​ព្រះទ័យ​របស់​ព្រះគ្រីស្ទ​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ និង​មកពី​ការទទូច​របស់​សាតាំង​អំពី​ការធ្វើ​ការ​តាម​វិធី​ផ្ទាល់ខ្លួន​របស់​វា ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

នៅ​អំឡុង​ព្រះជន្ម​របស់​ទ្រង់ តើ​ព្រះគ្រីស្ទ​បាន​គោរព​ប្រតិបត្តិ​តាម​របៀប​ណាខ្លះ?

ព្រះអង្គ​សង្គ្រោះ

ដំណើរ​រឿង​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​ចេញពី​គំរូ​របស់​ព្រះយេស៊ូវ​បាន ។ វគ្គ​បទគម្ពីរ​នីមួយៗ​បង្ហាញ​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​គោរព​ប្រតិបត្តិ​តាម សូម្បីតែ​នៅពេល​ដែល​វា​ពិបាក​ក្ដី ។ នៅពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ សូម​គូស​សម្គាល់​ឃ្លា ដែល​បង្ហាញ​ថា ព្រះយេស៊ូវ​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​របស់​ទ្រង់ ។

  • លូកា ២:៤៩ ( កាល​អាយុ​១២​ឆ្នាំ )

  • យ៉ូហាន ៨:២៨–២៩ ( ជា​មជ្ឈិមវ័យ )

  • ម៉ាថាយ ២៦:៣៦–៣៩ ( នៅក្នុង​សួនច្បារ​គែតសេម៉ានី )

  • នីហ្វៃ​ទី​៣ ១១:១០–១១ ( ពេល​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​អ្វី​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​អ្វីខ្លះ ឬ​បាន​ធ្វើ​អ្វីខ្លះ ដែល​អាច​បំផុស​គំនិត​នរណា​ម្នាក់​ឲ្យ​ជ្រើសរើស​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ ទោះបីជា​ពេល​មាន​ការលំបាក​ក៏ដោយ​នោះ ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្ញុំ ដើម្បី​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

ព្រះអង្គ​សង្គ្រោះ

ដោយសារ​សាតាំង « បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស » ( ម៉ូសេ ៤:៣ ) វា​មិន​អាច​នៅក្នុង​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​បាន​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ត​គោរព​ប្រតិបត្តិ​តាម ។ អ្នក​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម ។

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

អែលឌើរ រ៉ូបឺត ឌី ហែល

សិទ្ធិ​ជ្រើសរើស—សមត្ថភាព​របស់​យើង​ក្នុង​ការជ្រើសរើស និង​ប្រព្រឹត្ត​សម្រាប់​ខ្លួន​យើង—គឺជា​ធាតុ​សំខាន់​នៃ​ផែនការ​នេះ ។ បើ​គ្មាន​សិទ្ធិ​ជ្រើសរើស​ទេ នោះ​យើង​នឹង​មិន​អាច​ធ្វើ​ការជ្រើសរើស​បាន​ត្រឹមត្រូវ និង​រីកចម្រើន​ទៅមុខ​បាន​ទេ ។ ប៉ុន្តែ​ដោយមាន​សិទ្ធិ​ជ្រើសរើស យើង​ក៏​អាច​នឹង​ធ្វើ​ការជ្រើសរើស​ខុស ប្រព្រឹត្ត​អំពើបាប និង​បាត់បង់​ឱកាស​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តងទៀត​ផងដែរ ។ ដោយ​ហេតុ​នេះ​ហើយ ទើប​ត្រូវ​មាន​ព្រះអង្គសង្រ្គោះ​មួយ​អង្គ ដើម្បី​មក​រង​ទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ប្រោសលោះ​យើង ប្រសិនបើ​យើង​នឹង​ប្រែចិត្ត ។ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ ទ្រង់​បាន​នាំមក​នូវ « ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា ដើម្បី​ធ្វើឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នូវ​សេចក្ដី​យុត្តិធម៌ » [ អាលម៉ា ៤២:១៥ ] ។ ( « Agency: Essential to the Plan of Life » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទំព័រ​២៤ )

ព្រះអម្ចាស់​បាន​ប្រទាន​ឧបករណ៍​ជាច្រើន​ឲ្យ​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ឧបករណ៍​មួយ​ក្នុង​ចំណោម​ឧបករណ៍​ទាំងនោះ​គឺ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ។

រូបតំណាង​គូសសម្គាល់ សូម​ជ្រើសរើស​ផ្នែក​មួយ​មកពី​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ។ សូម​សិក្សា​ផ្នែក​នោះ ។ សូម​រកមើល​ការអញ្ជើញ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក ដើម្បី​ខិត​កាន់តែ​ជិត​ព្រះ ។ សូម​គូស​សម្គាល់​អ្វី​ដែល​អ្នក​រកឃើញ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ចង់​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ ដូច​ទ្រង់​ធ្វើ​ដែរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ សូម្បីតែ​នៅពេល​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​លំបាកៗ​ក៏ដោយ ។

  • អ្វី​ដែល​អ្នក​បាន​រៀន​មកពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្ដី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ដែល​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?