« ពុម្ពគំរូសម្រាប់ការបង្រៀនសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ ៖ ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ពុម្ពគំរូសម្រាប់ការបង្រៀនសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ ៖ ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២០៧
ពុម្ពគំរូសម្រាប់ការបង្រៀនសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
វាជាការដ៏បំផុសគំនិតដោយដឹងថាព្រះអង្គសង្គ្រោះនៅតែមានព្រះបន្ទូលទៅកាន់អ្នកបម្រើដែលទ្រង់បានជ្រើសរើសនាសព្វថ្ងៃនេះ ។ ពេញមួយឆ្នាំនៃថ្នាក់សិក្ខាសាលា សិស្សនឹងមានឱកាសជាច្រើនដើម្បីសិក្សាសារលិខិតរបស់ទ្រង់ តាមរយៈពួកអ្នកបម្រើទាំងនេះ ។ អ្នកអាចប្រើគំរូនេះជាឧបករណ៍មួយដើម្បីជួយបង្រៀនសារលិខិតមកពីថ្នាក់ដឹកនាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការរៀបចំសិស្ស ៖ ចែកចាយជាមួយសិស្សនូវចំណងជើងនៃសុន្ទរកថាដែលពួកគេនឹងសិក្សានៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យអាន មើល ឬស្តាប់គ្រប់ផ្នែកទាំងមូល ឬផ្នែកមួយនៃសុន្ទរកថាមុនចូលរៀន ។ សូមអញ្ជើញសិស្សឲ្យរៀបចំដួងចិត្តរបស់ពួកគេប្រកបដោយការអធិស្ឋាន ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេនៅពេលពួកគេសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចធ្វើបានសម្រាប់ការសិក្សាសុន្ទរកថាមកពីថ្នាក់ដឹកនាំសាសនាចក្រ
កំណត់ចំណាំ ៖ សម្រាប់របៀបដែលយើងប្រើប្រាស់ពុម្ពគំរូនេះ សូមមើល មេរៀនទី ២០៨ ៖ « សង្ឃឹមអ៊ីស្រាអែល » ។
ពុម្ពគំរូនេះអាចជួយអ្នកបង្រៀនសិស្សរបស់អ្នកនូវសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ មេរៀននេះមិនមានគោលបំណងធ្វើជាមេរៀនឯករាជ្យនោះទេ ។ វាមានគំនិតបង្រៀន និងការរៀនសូត្រជាច្រើនដែលអ្នកអាចប្រើបានគ្រប់ពេលដែលអ្នកបង្រៀនសុន្ទរកថាពីអ្នកដឹកនាំសាសនាចក្រ ។
ដើម្បីរៀបចំមេរៀនអំពីសុន្ទរកថាមួយ ដំបូងសូមសិក្សាសុន្ទរកថាដែលអ្នកដាក់ផែនការនឹងបង្រៀន ដោយរកមើលថាតើសេចក្តីពិតមួយណាដែលមានសារៈសំខាន់បំផុតចំពោះសិស្សរបស់អ្នកឲ្យយល់ និងអនុវត្តតាម ។ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តនេះ ( ១ ) យកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ( ២ ) ចងចាំពីគោលបំណងរបស់អ្នកនិពន្ធដែលបានបំផុសគំនិត ( ៣ ) រកមើលសេចក្តីពិតដែលនាំឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំងឡើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ និង ( ៤ ) ពិចារណាពីតម្រូវការ និងសមត្ថភាពរបស់សិស្សរបស់អ្នក ។
បន្ទាប់មកពិចារណាជ្រើសរើសគំនិតពីពុម្ពគំរូនេះ—ឬប្រើគំនិតផ្ទាល់ខ្លួនរបស់អ្នក—ដែលអ្នកមានអារម្មណ៍ថានឹងជួយសិស្សរបស់អ្នកឲ្យស្គាល់ យល់ និងអនុវត្តសេចក្តីពិតនេះដែលអ្នកបានជ្រើសរើសចេញពីសុន្ទរកថានេះ ។ អ្នកអាចជ្រើសរើសប្រើគំនិតមួយពីផ្នែកនីមួយៗនៃពុម្ពគំរូនេះនៅក្នុងមេរៀនរបស់អ្នក ។
សូមពិចារណាផ្តល់ឲ្យសិស្សនូវសុន្ទរកថាដែលបានបោះពុម្ព ឬជាឌីជីថលដែលសិស្សនឹងសិក្សា ។ អ្នកក៏អាចបង្កើតសំណៅមេរៀននៃផ្នែកខ្លះនៃសុន្ទរកថាដែលអ្នកជ្រើសរើសផ្តោតលើ ។
វិធីសាស្រ្តដើម្បីចាប់ផ្ដើមមេរៀន
សូមគិតអំពីវិធីមួយដើម្បីចាប់ផ្តើមមេរៀនដែលអាចបង្កើតចំណាប់អារម្មណ៍ក្នុងគំនិត ឬដួងចិត្តរបស់សិស្សដើម្បីជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់បទពិសោធន៍នៃការរៀនសូត្រ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗ ៖
សំណួរ ឬសេចក្តីថ្លែងការណ៍ដែលធ្វើឲ្យមានការគិតពិចារណា ។ ចែកចាយសំណួរ ឬសេចក្ដីថ្លែងការណ៍ដែលធ្វើឲ្យមានការគិតពិចារណាអំពីសារលិខិតដែលទាក់ទងនឹងអ្នកឡើងនិយាយ ហើយអញ្ជើញសិស្សឲ្យពិភាក្សាអំពីវាដោយសង្ខបៗ ឬកត់ត្រាចម្លើយដំបូងរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចសរសេរចំណងជើងនៃសុន្ទរកថានោះនៅលើក្ដារខៀន ហើយសួរសិស្សថាហេតុអ្វីបានជាពួកគេគិតថាប្រធានបទនេះមានសារៈសំខាន់សម្រាប់សម័យរបស់យើង ។
មេរៀនដែលប្រើវត្ថុ រូបភាព ឬវីដេអូ ។ ចែកចាយ និងពិភាក្សាដោយសង្ខេបៗអំពីមេរៀនដែលប្រើវត្ថុ រូបភាព ឬវីដេអូដែលសាសនាចក្របានអនុម័ត ដែលទាក់ទងនឹងសារលិខិតរបស់អ្នកឡើងនិយាយ ។
ចែកចាយដំណើររឿងមួយ ។ ចែកចាយដំណើររឿងមួយពី ឬដែលទាក់ទងនឹងសារលិខិតរបស់អ្នកឡើងនិយាយ ។ ពេលខ្លះ វាអាចជាការល្អបំផុតក្នុងការចែកចាយដំណើររឿងឲ្យបានគ្រប់គ្រាន់នៅដើមមេរៀន ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្ស ។ ក្រោយមកនៅក្នុងមេរៀន ដំណើររឿងនេះអាចត្រូវបានបញ្ចប់ដើម្បីបង្ហាញអំពីគោលបំណងនៃសារលិខិតរបស់អ្នកនិយាយបាន ។
សំណួរអំពីប្រធានបទ ។ ចែកចាយប្រធានបទនៃសុន្ទរកថានោះ ហើយអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀន ឬនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេនូវសំណួរណាមួយដែលពួកគេ ឬអ្នកផ្សេងទៀតអាចមានអំពីប្រធានបទនោះ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យស្វែងរកចម្លើយក្នុងអំឡុងពេលមេរៀន ។
សាច់រឿងដែលទាក់ទង ។ អ្នកអាចបង្ហាញសាច់រឿងដែលទាក់ទង—ឬអញ្ជើញសិស្សឲ្យបង្កើតសាច់រឿង—ពីក្មេងជំទង់ម្នាក់ដែលអាចទទួលបានអត្ថប្រយោជន៍ពីការស្តាប់ និងអនុវត្តតាមសារលិខិតរបស់អ្នកឡើងនិយាយ ដែលសិស្សក្នុងថ្នាក់នឹងសិក្សា ។
ស្វ័យវាយតម្លៃ ។ សូមអញ្ជើញសិស្សឲ្យធ្វើការវាយតម្លៃដោយខ្លួនឯង ឬឆ្លុះបញ្ចាំងពីការយល់ដឹង អាកប្បកិរិយា ឬការអនុវត្តតាមប្រធានបទដែលបានពិភាក្សានៅក្នុងសុន្ទរកថាបច្ចុប្បន្នរបស់ពួកគេ ។ របៀបមួយដែលពួកគេអាចធ្វើបានគឺតាមរយៈការជញ្ជឹងគិត ឬកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរដែលឆ្លុះបញ្ចាំងពីខ្លួនឯង ។ អ្នកអាចប្រើសំណួរដែលអាចមាននៅក្នុងសុន្ទរកថានោះ ឬសរសេរសុន្ទរកថាដោយខ្លួនឯង ។
វិធីសាស្រ្តដើម្បីសិក្សាសារលិខិត
ដើម្បីជួយសិស្សឲ្យសិក្សាសុន្ទរកថា សូមពិចារណាប្រើគំនិតរបស់អ្នក គំនិតមួយ ឬច្រើនខាងក្រោម ឬការបញ្ចូលគ្នានៃគំនិតជាច្រើន ។
ជ្រើសរើសផ្នែកនៃសុន្ទរកថាដែលមានប្រយោជន៍ ទាក់ទង និងត្រឹមត្រូវតាមសមត្ថភាពរបស់សិស្សបំផុត ។ ឧទាហរណ៍ វាអាចជាការល្អក្នុងការឲ្យសិស្សអានផ្នែកខ្លីៗ និងអាចគ្រប់គ្រងបាន ជាជាងសុំឲ្យពួកគេអានសុន្ទរកថាទាំងមូល ។
សូមអញ្ជើញសិស្សឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួនពេញមួយវគ្គសិក្សារបស់ពួកគេ ដោយកត់ត្រាការបំផុសគំនិតនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬឧបករណ៍ឌីជីថលរបស់ពួកគេ ។ គំនិតសិក្សាបន្ថែមអាចរកបាននៅក្នុង « ការសិក្សាសុន្ទរកថាទាំងឡាយនៃសន្និសីទទូទៅ » នៅលើគេហទំព័រ ChurchofJesusChrist.org ។
រកមើល ។ សិស្សទំនងជានឹងទទួលបានជោគជ័យជាងប្រសិនបើពួកគេមានអ្វីមួយដែលពួកគេកំពុងស្វែងរកនៅពេលពួកគេសិក្សា ។ មានកិច្ចការជាច្រើនដែលសិស្សអាចរកមើល ដូចជា ៖
-
ព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចស្វែងរកសេចក្តីពិតដែលបានបំផុសគំនិតអំពីព្រះអង្គសង្រ្គោះ ទីបន្ទាល់ ឬគំរូរបស់ទ្រង់ ឬការបង្រៀនអំពីព្រះចេស្ដារបស់ទ្រង់ ពលិកម្មធួន សេចក្តីស្រឡាញ់ និងបុគ្គលិកលក្ខណៈ ជាដើម ។
-
ឆ្លើយសំណួរ ឬកង្វល់ ។ ប្រសិនបើអ្នកប្រើគំនិត « សំណួរអំពីប្រធានបទ » នៅក្នុងផ្នែក « វិធីសាស្រ្តដើម្បីចាប់ផ្ដើមមេរៀន » នៃពុម្ពគំរូនេះ បន្ទាប់មកសិស្សអាចស្វែងរកចម្លើយចំពោះសំណួរទាំងនេះ នៅពេលពួកគេសិក្សា ។ ឬអ្នកអាចអញ្ជើញពួកគេឲ្យរកមើលចម្លើយចំពោះសំណួរ ឬកង្វល់ផ្ទាល់ខ្លួនដែលពួកគេ ឬអ្នកដទៃទៀតអាចមាន ។ បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សាហើយ សូមអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើអ្នកសរសេរសំណួរទាំងនេះនៅលើក្ដារខៀនដែលសិស្សបានរកឃើញពីមុន នោះសិស្សអាចសរសេរចម្លើយរបស់ពួកគេនៅក្រោមសំណួរទាំងនេះ ។ បន្ទាប់មក ពួកគេអាចពន្យល់ពីចម្លើយរបស់ពួកគេ ។
-
របៀបដើម្បីជួយដល់សាច់រឿងដែលទាក់ទង ។ ប្រសិនបើអ្នកប្រើប្រាស់គំនិត « សាច់រឿងដែលទាក់ទង » នៅក្នុងផ្នែក « វិធីសាស្រ្តដើម្បីចាប់ផ្ដើមមេរៀន » បន្ទាប់មកសិស្សអាចរកមើលរបៀបដែលសារលិខិតរបស់អ្នកឡើងនិយាយអាចជួយដល់បុគ្គលនៅក្នុងសាច់រឿងនេះ ។
-
ពាក្យ ឬឃ្លាដែលបំផុតគំនិត ។ សិស្សអាចគូសចំណាំ ឬកត់ត្រាគំនិតអំពីពាក្យ ឬឃ្លាដែលបំផុសគំនិត ឬមានន័យចំពោះពួកគេ ។
-
សេចក្តីពិតដ៏នៅអស់កល្បជានិច្ច ការអញ្ជើញ និងពរជ័យដែលបានសន្យា ។ សិស្សអាចរកមើលសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ការអញ្ជើញ និងពរជ័យដែលបានសន្យាដែលមាននៅក្នុងសុន្ទរកថានោះ ។ ពួកគេអាចគូសម្គាល់កិច្ចការនីមួយៗទាំងនេះតាមរបៀបផ្សេងៗគ្នា ឬពួកគេអាចកត់ត្រាវានៅក្នុងទិនានុប្បវត្តិរបស់ពួកគេនៅក្រោមជួរឈរបីដាច់ដោយឡែកពីគ្នា។
សិក្សារៀងៗខ្លួន ។ ជារឿយៗ សិស្សអាចទទួលបានជោគជ័យក្នុងការសិក្សាដោយខ្លួនឯង ។ សូមអញ្ជើញសិស្សឲ្យសិក្សាផ្នែកនៃសុន្ទរកថានោះ ហើយបន្ទាប់មករាយការណ៍ទៅថ្នាក់ ឬក្រុមតូចមួយនូវអ្វីដែលពួកគេបានរកឃើញ ។
ការសិក្សាជាក្រុមតូចៗ ។ អ្នកអាចចាត់សិស្សឲ្យសិក្សាជាក្រុមតូចៗ ។ ការណ៍នេះអាចមានន័យថា ពួកគេប្តូរវេនគ្នាអានកថាខណ្ឌ ឬពួកគេទាំងអស់ស្តាប់នៅពេលសមាជិកម្នាក់នៃក្រុមអាន ។
ប្រើសំឡេង ឬវីដេអូនៃសុន្ទរកថា ។ អ្នកអាចចាក់សំឡេង ឬវីដេអូនៃផ្នែកនៃសុន្ទរកថាដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់បំផុតសម្រាប់សិស្សរបស់អ្នកសិក្សា ។ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើតាមដោយប្រើកំណែសុន្ទរកថាដែលបានបោះពុម្ព ឬជាឌីជីថល ។ ពួកគេអាចគូសសម្គាល់សេចក្តីថ្លែងការណ៍ដែលឆ្លើយសំណួរជាក់លាក់មួយ ឬពួកគេផ្ទាល់គិតថាមានអត្ថន័យ ។ ពួកគេក៏អាចកត់ត្រាគំនិត ឬចំណាប់អារម្មណ៍ណាមួយនៅពេលពួកគេសិក្សា ។
ដាក់លេខកថាខណ្ឌ និងប្តូរសុន្ទរកថាគ្នា ។ សរសេរ ឬវាយបញ្ចូលលេខកថាខណ្ឌនៅលើច្បាប់ចម្លងនៃសុន្ទរកថា ។ ផ្តល់ច្បាប់ចម្លងដល់សិស្សម្នាក់ៗ ហើយអញ្ជើញសិស្សឲ្យជ្រើសរើសអ្វីមួយដើម្បីស្វែងរក ។ សិស្សអាចអានកថាខណ្ឌមួយ ឬច្រើនដោយគូសចំណាំវា និងសរសេរកំណត់ចំណាំនៅលើគែមក្រដាសនោះ ។ ក្រដាសនេះអាចហុចទៅសិស្សបន្ទាប់ដោយធ្វើតាមលំនាំស្រដៀងគ្នានេះ ។ បន្ទាប់ពីពួកគេសិក្សាគ្រប់កថាខណ្ឌអស់ហើយ សូមប្រគល់ក្រដាសនោះទៅឲ្យសិស្សជាម្ចាស់ក្រដាសវិញ ហើយអនុញ្ញាតឲ្យពួកគេមើលយោបល់ដែលសមាជិកផ្សេងទៀតនៅក្នុងថ្នាក់បានចែកចាយ ។
បទគម្ពីរដែលបានដកស្រង់ ឬទាក់ទងគ្នា ។ សិស្សអាចស្វែងរកបទគម្ពីរដែលបានដកស្រង់នៅក្នុងសុន្ទរកថា ឬកំណត់ចំណាំនេះ ។ សិស្សអាចអានខគម្ពីរ និងកត់ចំណាំអំពីរបៀបដែលសុន្ទរកថានោះជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីបទគម្ពីរដែលបានដកស្រង់ ឬក៏របៀបដែលបទគម្ពីរដែលបានដកស្រង់ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីសារលិខិតរបស់សុន្ទរកថានោះ ។ សិស្សអាចគូសចំណាំខគម្ពីរនៅក្នុងព្រះគម្ពីរជាសៀវភៅរបស់ពួកគេ ឬភ្ជាប់ទៅកាន់វានៅក្នុងបណ្ណាល័យដំណឹងល្អ ។
វិធីសាស្រ្តធ្វើឲ្យការយល់ដឹងកាន់តែស៊ីជម្រៅ
គោលបំណងនៃផ្នែកនេះគឺដើម្បីជួយសិស្សឲ្យជញ្ជឹងគិត និងពិភាក្សាអំពីសុន្ទរកថាដែលពួកគេបានសិក្សា ។ អ្នកអាចប្រើគំនិតរបស់អ្នក ឬសកម្មភាពមួយ ឬច្រើនដូចខាងក្រោមដើម្បីជួយសិស្សឲ្យចូលរួមក្នុងការពិភាក្សា ។ សូមពិចារណាសួរសំណួរតាមដានដូចខាងក្រោមនេះនៅពេលសិស្សចែកចាយ ។ ជម្រើសទាំងនេះអាចសម្រេចបានដោយខ្លួនឯង ជាមួយដៃគូ ឬនៅក្នុងក្រុមតូចមួយ ។
សូមផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើសិស្សរបស់អ្នកបានសិក្សាសុន្ទរកថាដោយរកមើលសេចក្តីពិតដ៏បំផុសគំនិតអំពីព្រះយេស៊ូវគ្រីស្ទ សូមពិចារណាដាក់រូបភាពទ្រង់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅជុំវិញរូបភាពអ្វីដែលពួកគេបានរកឃើញអំពីទ្រង់នៅក្នុងសុន្ទរកថានោះ ។ បន្ទាប់មក ពួកគេអាចចែកចាយអ្វីដែលពួកគេបានសរសេរ និងរបៀបដែលជួយពួកគេកាន់តែស្គាល់ ស្រឡាញ់ ឬមានបំណងប្រាថ្នាដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។
សម្តែង ។ សិស្សអាចស្រមៃថាមាននរណាម្នាក់សួរពួកគេនូវសំណួរដែលទាក់ទងនឹងសុន្ទរកថានេះ ។ ពួកគេអាចអនុវត្តការឆ្លើយតបទៅនឹងមិត្តភក្តិរូបនោះដោយផ្អែកលើអ្វីដែលពួកគេបានរៀនមកពីសុន្ទរកថានោះ ។ ឬ ប្រសិនបើអ្នកបានប្រើមតិយោបល់ « របៀបដើម្បីជួយដល់សាច់រឿងដែលទាក់ទង » បន្ទាប់មកសិស្សអាចសម្តែងជាមួយដៃគូ ឬជាមួយក្រុមតូចៗពីរបៀបដែលពួកគេជួយបុគ្គលរូបនោះនៅក្នុងសាច់រឿង ដោយប្រើអ្វីដែលពួកគេបានរៀន ។
បង្រៀនគ្នាទៅវិញទៅមក ។ សិស្សអាចបង្រៀនគ្នាទៅវិញទៅមកអំពីរបៀបដែលសារលិខិតដកស្រង់ចេញពីសុន្ទរកថានេះទាក់ទង ឬមានអត្ថន័យចំពោះពួកគេ ។ ឬពួកគេអាចចែកចាយជាមួយគ្នានូវអ្វីដែលពួកគេបានរៀនអំពីប្រធានបទ និងរបៀបដែលពួកគេបានរៀនជួយពួកគេឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ។
រៀបចំការឡើងនិយាយ ។ អ្នកអាចអញ្ជើញសិស្សឲ្យបង្កើតសុន្ទរកថា ឬមេរៀនមួយដែលមានរយៈពេលពីបីទៅប្រាំនាទី ដែលបង្រៀនអំពីសារលិខិតដែលពួកគេបានសិក្សា ។ សិស្សអាចដាក់បញ្ចូលនូវបទពិសោធន៍ផ្ទាល់ខ្លួន ឬសេចក្ដីយោងបន្ថែមនៃបទគម្ពីរដែលគាំទ្រដល់សារលិខិតនោះ ។ ពួកគេអាចអនុវត្តចែកចាយសុន្ទរកថារបស់ពួកគេជាមួយដៃគូ ជាក្រុមតូចៗ ឬជាថ្នាក់ ។
កត់ត្រាគំនិត និងអារម្មណ៍របស់អ្នក ។ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរគំនិត និងអារម្មណ៍របស់ពួកគេ កាលពួកគេបានសិក្សាសុន្ទរកថានោះ ។ សិស្សអាចកត់ត្រាសកម្មភាពណាមួយដែលព្រះវិញ្ញាណបានបំផុសគំនិតឲ្យពួកគេធ្វើ ។ តាមការគួរ អ្នកអាចសុំឲ្យសិស្សដែលស្មគ្រ័ចិត្តចែកចាយ ។
បង្កើតអ្វីមួយ ។ ដោយប្រើអ្វីដែលពួកគេបានរៀននៅក្នុងសុន្ទរកថានោះ សិស្សអាចមានពេលបង្កើតរូបភាព គូរគំនូរ ប័ណ្ណប្រកាស meme និងការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ។ វាអាចជាការរំឭក ឬអ្វីមួយដើម្បីបំផុសគំនិតដល់អ្នកដទៃ ។ សិស្សអាចចែកចាយជាមួយថ្នាក់ ឬក្រុមតូចមួយនូវអ្វីដែលពួកគេបានបង្កើត ។
ចែកចាយជាមួយនឹងអ្នកដទៃ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យចែកចាយសារលិខិតដកស្រង់ពីសុន្ទរកថានោះជាមួយគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ ។ នៅពេលពួកគេចែកចាយ សិស្សអាចរួមបញ្ចូលទីបន្ទាល់សាមញ្ញ ឬការអញ្ជើញឲ្យធ្វើតាមអ្វីដែលបានបង្រៀន ។
វិធីសាស្រ្តដើម្បីអនុវត្តតាមសារលិខិត
គោលបំណងនៃផ្នែកនេះគឺដើម្បីផ្តល់ឱកាសដល់សិស្សអនុវត្តនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍មកពីការសិក្សាសុន្ទរកថានេះ ។ អ្នកអាចប្រើគំនិតរបស់អ្នកមួយ ឬច្រើនខាងក្រោម ដើម្បីបំពេញតម្រូវការសិស្សរបស់អ្នក ។
សម្រាប់គំនិតបន្ថែម សូមមើល លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន នៅលើគេហទំព័រ ChurchofJesusChrist.org ។
ស្វែងរក ឬអនុវត្តតាមការអញ្ជើញ ។ ជួនកាល សុន្ទកថាទាំងឡាយបញ្ចូលនូវការអញ្ជើញមួយ ឬច្រើន ។ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកការអញ្ជើញទាំងនេះ ហើយពិចារណាដោយការអធិស្ឋាននូវអ្វីដែលពួកគេទទួលអារម្មណ៍ថាព្រះអម្ចាស់នឹងឲ្យពួកគេធ្វើ ដើម្បីអនុវត្តតាមការអញ្ជើញមួយ ។ ពួកគេក៏អាចពិចារណាអំពីរបៀបដែលការធ្វើតាមការអញ្ជើញនោះអាចជួយពួកគេខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធ្វើតាមការបំផុសគំនិត ។ លើកទឹកចិត្តសិស្សឲ្យធ្វើតាមចំណាប់អារម្មណ៍ដែលពួកគេអាចមាននៅពេលសិក្សាសុន្ទរកថានោះ ។ ពួកគេអាចទទួលបានអារម្មណ៍បំផុសគំនិតឲ្យធ្វើការផ្លាស់ប្ដូរមួយចំនួននៅក្នុងជីវិតរបស់ពួកគេ ដើម្បីដាក់គោលដៅផ្ទាល់ខ្លួនមួយរបស់ពួកគេ ឬចែកចាយសារលិខិតនេះជាមួយបុគ្គលម្នាក់ទៀត ។
ដាក់ផែនការ ។ សិស្សអាចឆ្លើយសំណួរដូចជាខាងក្រោមនេះនៅក្នុងទិនានុប្បវត្តិ ឬឧបករណ៍ឌីជីថល ដើម្បីជួយពួកគេអនុវត្តអ្វីដែលពួកគេបានរៀន ៖
-
តើខ្ញុំដាក់ផែនការធ្វើអ្វីខ្លះ ?
-
ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែធ្វើបែបនេះ ?
-
តើខ្ញុំមានផែនការធ្វើវានៅពេលណា ?
-
តើខ្ញុំអាចសុំឲ្យនរណាជួយខ្ញុំ ?
-
តើព្រះអង្គសង្រ្គោះអាចជួយខ្ញុំដោយរបៀបណា ?