ថ្នាក់​សិក្ខាសាលា
ពុម្ពគំរូ​សម្រាប់​ការបង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់


« ពុម្ពគំរូ​សម្រាប់​ការបង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពុម្ពគំរូ​សម្រាប់​ការបង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀន​ទី ២០៧

ពុម្ពគំរូ​សម្រាប់​ការបង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

Studying General Conference on Mobile Device

វា​ជា​ការ​ដ៏​បំផុសគំនិត​ដោយ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​នៅតែ​មាន​ព្រះ​បន្ទូល​ទៅកាន់​អ្នក​បម្រើ​ដែល​ទ្រង់​បានជ្រើសរើស​នា​សព្វ​ថ្ងៃ​នេះ ។ ពេញ​មួយ​ឆ្នាំ​នៃ​ថ្នាក់​សិក្ខាសាលា សិស្ស​នឹង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​សិក្សា​សារលិខិត​របស់​ទ្រង់ តាមរយៈ​ពួកអ្នកបម្រើ​ទាំងនេះ ។ អ្នក​អាច​ប្រើ​គំរូ​នេះ​ជា​ឧបករណ៍​មួយ​ដើម្បី​ជួយ​បង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ការរៀបចំ​សិស្ស ៖ ចែកចាយ​ជាមួយ​សិស្ស​នូវ​ចំណង​ជើង​នៃ​សុន្ទរកថា​ដែល​ពួកគេ​នឹង​សិក្សា​នៅក្នុង​ថ្នាក់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន មើល ឬ​ស្តាប់​គ្រប់​ផ្នែក​ទាំងមូល ឬ​ផ្នែក​មួយ​នៃ​សុន្ទរកថា​មុន​ចូលរៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ដួងចិត្ត​របស់​ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​នៅ​ពេល​ពួកគេ​សិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន​សម្រាប់​ការសិក្សា​សុន្ទរកថា​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ

កំណត់ចំណាំ ៖ សម្រាប់​របៀប​ដែល​យើង​ប្រើប្រាស់​ពុម្ព​គំរូ​នេះ សូមមើល មេរៀនទី ២០៨ ៖ « សង្ឃឹម​អ៊ីស្រាអែល » ។

ពុម្ពគំរូ​នេះ​អាច​ជួយ​អ្នក​បង្រៀន​សិស្ស​របស់​អ្នក​នូវ​សារលិខិត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ មេរៀន​នេះ​មិន​មាន​គោលបំណង​ធ្វើ​ជា​មេរៀន​ឯករាជ្យ​នោះ​ទេ ។ វា​មាន​គំនិត​បង្រៀន និង​ការរៀនសូត្រ​ជាច្រើន​ដែល​អ្នក​អាច​ប្រើ​បាន​គ្រប់​ពេល​ដែល​អ្នក​បង្រៀន​សុន្ទរក​ថា​ពី​អ្នក​ដឹកនាំ​សាសនាចក្រ ។

ដើម្បី​រៀបចំ​មេរៀន​អំពី​សុន្ទរកថា​មួយ ​ដំបូង​សូម​សិក្សា​សុន្ទរកថា​ដែល​អ្នក​ដាក់​ផែនការ​នឹង​បង្រៀន ដោយ​រកមើល​ថា​តើ​សេចក្តីពិត​មួយ​ណា​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​សិស្ស​របស់អ្នក​ឲ្យ​យល់ និង​អនុវត្តតាម ។ ដើម្បី​ជួយ​អ្នក​ធ្វើការ​សម្រេចចិត្ត​នេះ ( ១ ) យក​ចិត្ត​ទុកដាក់​លើ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ( ២ ) ចងចាំ​ពី​គោលបំណង​របស់​អ្នកនិពន្ធ​ដែល​បានបំផុសគំនិត ( ៣ ) រកមើល​សេចក្តីពិត​ដែល​នាំ​ឲ្យ​មាន​ការប្រែចិត្តជឿ​កាន់តែ​ខ្លាំងឡើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ និង ( ៤ ) ពិចារណា​ពី​តម្រូវការ និង​សមត្ថភាព​របស់​សិស្ស​របស់​អ្នក ។

បន្ទាប់មក​ពិចារណា​ជ្រើសរើស​គំនិត​ពី​ពុម្ពគំរូ​នេះ—ឬ​ប្រើ​គំនិត​ផ្ទាល់ខ្លួន​របស់អ្នក—ដែលអ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​របស់អ្នក​ឲ្យ​ស្គាល់ យល់ និង​អនុវត្ត​សេចក្តីពិត​នេះ​ដែលអ្នក​បាន​ជ្រើសរើស​ចេញពី​សុន្ទរកថា​នេះ ។ អ្នក​អាច​ជ្រើសរើស​ប្រើ​គំនិត​មួយ​ពី​ផ្នែក​នីមួយៗ​នៃ​ពុម្ពគំរូ​នេះ​នៅក្នុង​មេរៀន​របស់​អ្នក ។

សូម​ពិចារណា​ផ្តល់​ឲ្យ​សិស្ស​នូវ​សុន្ទរកថា​ដែល​បាន​បោះពុម្ព ឬ​ជា​ឌីជីថល​ដែល​សិស្ស​នឹង​សិក្សា ។ អ្នក​ក៏​អាច​បង្កើត​សំណៅ​មេរៀន​នៃ​ផ្នែក​ខ្លះ​នៃ​សុន្ទរកថា​ដែល​អ្នក​ជ្រើសរើស​ផ្តោតលើ ។

វិធីសាស្រ្ត​ដើម្បី​ចាប់ផ្ដើម​មេរៀន

សូម​គិត​អំពី​វិធី​មួយ​ដើម្បី​ចាប់ផ្តើម​មេរៀន​ដែល​អាច​បង្កើត​ចំណាប់​អារម្មណ៍​ក្នុង​គំនិត ឬ​ដួងចិត្ត​របស់​សិស្ស​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​នៃ​ការរៀន​សូត្រ ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ខ្លះៗ ៖

សំណួរ ឬ​សេចក្តី​ថ្លែងការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ការគិត​ពិចារណា ។ ចែកចាយ​សំណួរ ឬ​សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ការគិត​ពិចារណា​អំពី​សារលិខិត​ដែល​ទាក់ទង​នឹង​អ្នក​ឡើង​និយាយ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​វា​ដោយ​សង្ខបៗ ឬ​កត់ត្រា​ចម្លើយ​ដំបូង​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​ចំណងជើង​នៃ​សុន្ទរកថា​នោះ​នៅលើ​ក្ដារខៀន ហើយ​សួរ​សិស្ស​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​គិត​ថា​ប្រធានបទ​នេះ​មាន​សារៈសំខាន់​សម្រាប់​សម័យ​របស់​យើង ។

មេរៀន​ដែល​ប្រើ​វត្ថុ រូបភាព ឬ​វីដេអូ ។ ចែកចាយ និង​ពិភាក្សា​ដោយ​សង្ខេបៗ​អំពី​មេរៀន​ដែល​ប្រើ​វត្ថុ រូបភាព ឬ​វីដេអូ​ដែល​សាសនាចក្រ​បានអនុម័ត ដែល​ទាក់ទង​នឹង​សារលិខិត​របស់​អ្នក​ឡើង​និយាយ ។

ចែកចាយ​ដំណើររឿង​មួយ ។ ចែកចាយ​ដំណើររឿង​មួយ​ពី ឬ​ដែល​ទាក់ទង​នឹង​សារលិខិត​របស់​អ្នកឡើង​និយាយ ។ ពេល​ខ្លះ វា​អាច​ជា​ការល្អ​បំផុត​ក្នុង​ការចែកចាយ​ដំណើរ​រឿង​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ដើម​មេរៀន ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស ។ ក្រោយ​មក​នៅ​ក្នុង​មេរៀន ដំណើររឿង​នេះ​អាច​ត្រូវ​បាន​បញ្ចប់​ដើម្បី​បង្ហាញ​អំពី​គោល​បំណង​នៃ​សារលិខិត​របស់​អ្នក​និយាយ​បាន ។

សំណួរ​អំពី​ប្រធានបទ ។ ចែកចាយ​ប្រធានបទ​នៃ​សុន្ទរកថា​នោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន ឬ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​នូវ​សំណួរ​ណា​មួយ​ដែល​ពួកគេ ឬ​អ្នក​ផ្សេងទៀត​អាច​មាន​អំពី​ប្រធានបទ​នោះ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែង​រកចម្លើយ​ក្នុង​អំឡុង​ពេល​មេរៀន ។

សាច់រឿង​ដែល​ទាក់ទង ។ អ្នក​អាច​បង្ហាញ​សាច់រឿង​ដែល​ទាក់ទង—ឬ​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សាច់រឿង—ពី​ក្មេង​ជំទង់​ម្នាក់​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការស្តាប់ និង​អនុវត្ត​តាម​សារលិខិត​របស់​អ្នក​ឡើង​និយាយ ដែល​សិស្ស​ក្នុង​ថ្នាក់​នឹង​សិក្សា ។

ស្វ័យ​វាយតម្លៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​វាយ​តម្លៃ​ដោយ​ខ្លួនឯង ឬ​ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង អាកប្បកិរិយា ឬ​ការអនុវត្ត​តាម​ប្រធានបទ​ដែល​បានពិភាក្សា​នៅក្នុង​សុន្ទរកថា​បច្ចុប្បន្ន​របស់​ពួកគេ ។ របៀប​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន​គឺ​តាមរយៈ​ការជញ្ជឹងគិត ឬ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ដែល​ឆ្លុះបញ្ចាំង​ពី​ខ្លួន​ឯង ។ អ្នក​អាច​ប្រើ​សំណួរ​ដែល​អាច​មាន​នៅក្នុង​សុន្ទរកថា​នោះ ឬ​សរសេរ​សុន្ទរកថា​ដោយ​ខ្លួន​ឯង ។

វិធីសាស្រ្ត​ដើម្បី​សិក្សា​សារលិខិត

ដើម្បី​ជួយ​សិស្ស​ឲ្យ​សិក្សា​សុន្ទរកថា សូម​ពិចារណា​ប្រើ​គំនិត​របស់​អ្នក គំនិត​មួយ ឬ​ច្រើន​ខាងក្រោម ឬ​ការបញ្ចូល​គ្នា​នៃ​គំនិត​ជាច្រើន ។

ជ្រើសរើស​ផ្នែក​នៃ​សុន្ទរកថា​ដែល​មាន​ប្រយោជន៍ ទាក់ទង និង​ត្រឹមត្រូវ​តាម​សមត្ថភាព​របស់​សិស្ស​បំផុត ។ ឧទាហរណ៍ វា​អាច​ជា​ការល្អ​ក្នុង​ការ​ឲ្យ​សិស្ស​អាន​ផ្នែក​ខ្លីៗ និង​អាច​គ្រប់គ្រង​បាន ជាជាង​សុំ​ឲ្យ​ពួកគេ​អាន​សុន្ទរកថា​ទាំងមូល ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​ពេញ​មួយ​វគ្គសិក្សា​របស់​ពួកគេ ដោយ​កត់ត្រា​ការបំផុសគំនិត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ​ឧបករណ៍​ឌីជីថល​របស់​ពួកគេ ។ គំនិត​សិក្សា​បន្ថែម​អាច​រក​បាន​នៅ​ក្នុង « ការសិក្សា​សុន្ទរកថា​ទាំងឡាយ​នៃ​សន្និសីទ​ទូទៅ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រកមើល ។ សិស្ស​ទំនងជា​នឹង​ទទួលបាន​ជោគជ័យ​ជាង​ប្រសិនបើ​ពួកគេ​មាន​អ្វីមួយ​ដែល​ពួកគេ​កំពុង​ស្វែងរក​នៅពេល​ពួកគេ​សិក្សា ។ មាន​កិច្ចការ​ជាច្រើន​ដែល​សិស្ស​អាច​រកមើល ដូចជា ៖

  • ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​អាច​ស្វែងរក​សេចក្តីពិត​ដែល​បានបំផុសគំនិត​អំពី​ព្រះអង្គ​សង្រ្គោះ ទីបន្ទាល់ ឬ​គំរូ​របស់​ទ្រង់ ឬ​ការបង្រៀន​អំពី​ព្រះចេស្ដា​របស់​ទ្រង់ ពលិកម្ម​ធួន សេចក្តីស្រឡាញ់ និង​បុគ្គលិកលក្ខណៈ ជាដើម ។

  • ឆ្លើយ​សំណួរ ឬ​កង្វល់ ។ ប្រសិនបើ​អ្នក​ប្រើ​គំនិត « សំណួរ​អំពី​ប្រធានបទ » នៅក្នុង​ផ្នែក « វិធីសាស្រ្ត​ដើម្បី​ចាប់ផ្ដើម​មេរៀន » នៃ​ពុម្ពគំរូ​នេះ បន្ទាប់មក​សិស្ស​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា ។ ឬ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ចម្លើយ​ចំពោះ​សំណួរ ឬ​កង្វល់​ផ្ទាល់ខ្លួន​ដែល​ពួកគេ ឬ​អ្នក​ដទៃ​ទៀត​អាច​មាន ។ បន្ទាប់ពី​សិស្ស​បានបញ្ចប់​ការសិក្សា​ហើយ សូម​អញ្ជើញ​ពួកគេ​ចែកចាយ​អ្វីដែល​ពួកគេ​បានរកឃើញ ។ ប្រសិនបើ​អ្នក​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​ដែល​សិស្ស​បានរកឃើញ​ពី​មុន នោះ​សិស្ស​អាច​សរសេរ​ចម្លើយ​របស់ពួកគេ​នៅក្រោម​សំណួរ​ទាំងនេះ ។ បន្ទាប់មក ពួកគេ​អាច​ពន្យល់​ពី​ចម្លើយ​របស់​ពួកគេ ។

  • របៀប​ដើម្បី​ជួយ​ដល់​សាច់រឿង​ដែល​ទាក់ទង ។ ប្រសិនបើ​អ្នក​ប្រើប្រាស់​គំនិត « សាច់រឿង​ដែល​ទាក់ទង » នៅក្នុង​ផ្នែក « វិធីសាស្រ្ត​ដើម្បី​ចាប់ផ្ដើម​មេរៀន » បន្ទាប់មក​សិស្ស​អាច​រកមើល​របៀប​ដែល​សារលិខិត​របស់​អ្នក​ឡើង​និយាយ​អាច​ជួយ​ដល់​បុគ្គល​នៅក្នុង​សាច់រឿង​នេះ ។

  • ពាក្យ ឬ​ឃ្លា​ដែល​បំផុតគំនិត ។ សិស្ស​អាច​គូសចំណាំ ឬ​កត់ត្រា​គំនិត​អំពី​ពាក្យ ឬ​ឃ្លា​ដែល​បំផុសគំនិត ឬ​មាន​ន័យ​ចំពោះ​ពួកគេ ។

  • សេចក្តីពិត​ដ៏​នៅអស់កល្ប​ជានិច្ច ការអញ្ជើញ និង​ពរជ័យ​ដែល​បានសន្យា ។ សិស្ស​អាច​រកមើល​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ការអញ្ជើញ និង​ពរជ័យ​ដែល​បានសន្យា​ដែល​មាន​នៅក្នុង​សុន្ទរកថា​នោះ ។ ពួកគេ​អាច​គូសម្គាល់​កិច្ចការ​នីមួយៗ​ទាំងនេះ​តាម​របៀប​ផ្សេងៗ​គ្នា ឬពួកគេអាចកត់ត្រាវានៅក្នុងទិនានុប្បវត្តិរបស់ពួកគេនៅក្រោមជួរឈរបីដាច់ដោយឡែកពីគ្នា។

សិក្សា​រៀងៗ​ខ្លួន ។ ជារឿយៗ សិស្ស​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​ដោយ​ខ្លួន​ឯង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ផ្នែក​នៃ​សុន្ទរកថា​នោះ ហើយ​បន្ទាប់មក​រាយការណ៍​ទៅ​ថ្នាក់ ឬ​ក្រុម​តូចមួយ​នូវ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

ការសិក្សា​ជា​ក្រុម​តូចៗ ។ អ្នក​អាច​ចាត់​សិស្ស​ឲ្យ​សិក្សា​ជាក្រុម​តូចៗ ។ ការណ៍​នេះ​អាច​មាន​ន័យ​ថា ពួកគេ​ប្តូរ​វេន​គ្នា​អាន​កថាខណ្ឌ ឬ​ពួកគេ​ទាំងអស់​ស្តាប់​នៅពេល​សមាជិក​ម្នាក់​នៃ​ក្រុម​អាន ។

ប្រើ​សំឡេង ឬ​វីដេអូ​នៃ​សុន្ទរកថា ។ អ្នក​អាច​ចាក់សំឡេង ឬ​វីដេអូ​នៃ​ផ្នែក​នៃ​សុន្ទរកថា​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​បំផុត​សម្រាប់​សិស្ស​របស់​អ្នក​សិក្សា ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​ដោយ​ប្រើ​កំណែ​សុន្ទរកថា​ដែល​បាន​បោះពុម្ព ឬជា​ឌីជីថល ។ ពួកគេ​អាច​គូសសម្គាល់​សេចក្តី​ថ្លែងការណ៍​ដែល​ឆ្លើយ​សំណួរ​ជាក់លាក់​មួយ ឬ​ពួកគេ​ផ្ទាល់​គិត​ថា​មាន​អត្ថន័យ ។ ពួកគេ​ក៏​អាច​កត់ត្រា​គំនិត ឬ​ចំណាប់​អារម្មណ៍​ណាមួយ​នៅពេល​ពួកគេ​សិក្សា ។

ដាក់​លេខ​កថាខណ្ឌ និង​ប្តូរ​សុន្ទរកថា​គ្នា ។ សរសេរ ឬ​វាយ​បញ្ចូល​លេខ​កថាខណ្ឌ​នៅលើ​ច្បាប់​ចម្លង​នៃ​សុន្ទរកថា ។ ផ្តល់​ច្បាប់ចម្លង​ដល់​សិស្ស​ម្នាក់ៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដើម្បី​ស្វែងរក ។ សិស្ស​អាច​អាន​កថាខណ្ឌ​មួយ ឬ​ច្រើន​ដោយ​គូសចំណាំ​វា និង​សរសេរ​កំណត់​ចំណាំ​នៅលើ​គែម​ក្រដាស​នោះ ។ ក្រដាស​នេះ​អាច​ហុច​ទៅ​សិស្ស​បន្ទាប់​ដោយ​ធ្វើ​តាម​លំនាំ​ស្រដៀង​គ្នា​នេះ ។ បន្ទាប់​ពី​ពួកគេ​សិក្សា​គ្រប់​កថាខណ្ឌ​អស់ហើយ សូម​ប្រគល់​ក្រដាស​នោះ​ទៅ​ឲ្យ​សិស្ស​ជា​ម្ចាស់​ក្រដាស​វិញ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មើល​យោបល់​ដែល​សមាជិក​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​បានចែកចាយ ។

បទគម្ពីរ​ដែល​បាន​ដក​ស្រង់ ឬ​ទាក់ទងគ្នា ។ សិស្ស​អាច​ស្វែងរក​បទគម្ពីរ​ដែល​បានដកស្រង់​នៅក្នុង​សុន្ទរកថា ឬ​កំណត់ចំណាំ​នេះ ។ សិស្ស​អាច​អាន​ខគម្ពីរ និង​កត់ចំណាំ​អំពី​របៀប​ដែល​សុន្ទរកថា​នោះ​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បទគម្ពីរ​ដែល​បានដកស្រង់ ឬ​ក៏​របៀប​ដែលបទគម្ពីរ​ដែល​បានដកស្រង់ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សារលិខិត​របស់​សុន្ទរកថា​នោះ ។ សិស្ស​អាច​គូសចំណាំ​ខគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​ជា​សៀវភៅ​របស់​ពួកគេ ឬ​ភ្ជាប់​ទៅកាន់​វា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

វិធីសាស្រ្ត​ធ្វើ​ឲ្យ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ

គោលបំណង​នៃ​ផ្នែក​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត និង​ពិភាក្សា​អំពី​សុន្ទរកថា​ដែល​ពួកគេ​បាន​សិក្សា ។ អ្នក​អាច​ប្រើ​គំនិត​របស់​អ្នក ឬ​សកម្មភាព​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​ការពិភាក្សា ។ សូម​ពិចារណា​សួរ​សំណួរ​តាមដាន​ដូច​ខាងក្រោម​នេះ​នៅពេល​សិស្ស​ចែកចាយ ។ ជម្រើស​ទាំង​នេះ​អាច​សម្រេច​បាន​ដោយ​ខ្លួន​ឯង ជាមួយ​ដៃ​គូ ឬ​នៅ​ក្នុង​ក្រុម​តូច​មួយ ។

សូម​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​សិស្ស​របស់​អ្នក​បានសិក្សា​សុន្ទរកថា​ដោយ​រកមើល​សេចក្តីពិត​ដ៏​បំផុសគំនិត​អំពី​ព្រះយេស៊ូវគ្រីស្ទ សូម​ពិចារណា​ដាក់​រូបភាព​ទ្រង់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ជុំវិញ​រូបភាព​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​អំពី​ទ្រង់​នៅក្នុង​សុន្ទរកថា​នោះ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បានសរសេរ និង​របៀប​ដែល​ជួយ​ពួកគេ​កាន់តែ​ស្គាល់ ស្រឡាញ់ ឬ​មាន​បំណង​ប្រាថ្នា​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។

សម្តែង ។ សិស្ស​អាច​ស្រមៃ​ថា​មាន​នរណា​ម្នាក់​សួរ​ពួកគេ​នូវ​សំណួរ​ដែល​ទាក់ទង​នឹង​សុន្ទរកថា​នេះ ។ ពួកគេ​អាច​អនុវត្ត​ការឆ្លើយតប​ទៅនឹង​មិត្តភក្តិ​រូប​នោះ​ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បានរៀន​មកពី​សុន្ទរកថា​នោះ ។ ឬ ប្រសិនបើ​អ្នក​បានប្រើ​មតិយោបល់ « របៀប​ដើម្បី​ជួយ​ដល់​សាច់រឿង​ដែល​ទាក់ទង » បន្ទាប់មក​សិស្ស​អាច​សម្តែង​ជាមួយ​ដៃគូ ឬ​ជាមួយក្រុម​តូចៗ​ពី​របៀប​ដែល​ពួកគេ​ជួយ​បុគ្គល​រូប​នោះ​នៅក្នុង​សាច់រឿង ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បានរៀន ។

បង្រៀនគ្នា​ទៅវិញ​ទៅមក ។ សិស្ស​អាច​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​ដែល​សារលិខិត​ដកស្រង់​ចេញពី​សុន្ទរកថា​នេះ​ទាក់ទង ឬ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ ឬ​ពួកគេ​អាច​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ប្រធានបទ និង​របៀប​ដែល​ពួកគេ​បានរៀន​ជួយ​ពួកគេ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ។

រៀបចំ​ការ​ឡើង​និយាយ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សុន្ទរកថា ឬ​មេរៀន​មួយ​ដែល​មាន​រយៈពេល​ពី​បី​ទៅ​ប្រាំ​នាទី ដែល​បង្រៀន​អំពី​សារលិខិត​ដែល​ពួកគេ​បាន​សិក្សា ។ សិស្ស​អាច​ដាក់​បញ្ចូល​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​សេចក្ដី​យោង​បន្ថែម​នៃ​បទគម្ពីរ​ដែល​គាំទ្រ​ដល់​សារលិខិត​នោះ ។ ពួកគេ​អាច​អនុវត្ត​ចែកចាយ​សុន្ទរកថា​របស់​ពួកគេ​ជាមួយ​ដៃគូ ជា​ក្រុមតូចៗ ឬ​ជា​ថ្នាក់ ។

កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត និង​អារម្មណ៍​របស់​ពួកគេ កាល​ពួកគេ​បានសិក្សា​សុន្ទរកថា​នោះ ។ សិស្ស​អាច​កត់ត្រា​សកម្មភាព​ណាមួយ​ដែល​ព្រះ​វិញ្ញាណ​បាន​បំផុសគំនិត​ឲ្យ​ពួកគេ​ធ្វើ ។ តាម​ការគួរ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ដែល​ស្មគ្រ័ចិត្ត​ចែកចាយ ។

បង្កើត​អ្វី​មួយ ។ ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​សុន្ទរកថា​នោះ សិស្ស​អាច​មាន​ពេល​បង្កើត​រូបភាព គូរ​គំនូរ ប័ណ្ណ​ប្រកាស meme និង​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមជាដើម ។ វា​អាច​ជា​ការរំឭក ឬ​អ្វី​មួយ​ដើម្បី​បំផុស​គំនិត​ដល់​អ្នក​ដទៃ ។ សិស្ស​អាច​ចែកចាយ​ជាមួយ​ថ្នាក់ ឬ​ក្រុម​តូច​មួយ​នូវ​អ្វី​ដែល​ពួកគេ​បានបង្កើត ។

ចែកចាយ​ជាមួយនឹង​អ្នក​ដទៃ ។ អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សារលិខិត​ដកស្រង់​ពី​សុន្ទរកថា​នោះ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ចែកចាយ សិស្ស​អាច​រួមបញ្ចូល​ទីបន្ទាល់​សាមញ្ញ ឬ​ការអញ្ជើញ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​បានបង្រៀន ។

វិធីសាស្រ្ត​ដើម្បី​អនុវត្ត​តាម​សារលិខិត

គោលបំណង​នៃ​ផ្នែក​នេះ​គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍​មកពី​ការសិក្សា​សុន្ទរកថា​នេះ ។ អ្នក​អាច​ប្រើ​គំនិត​របស់​អ្នក​មួយ ឬ​ច្រើន​ខាងក្រោម ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក ។

Two people sitting at a table. Text boxes representing communication.សម្រាប់​គំនិត​បន្ថែម សូមមើល លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ស្វែងរក ឬ​អនុវត្ត​តាម​ការអញ្ជើញ ។ ជួនកាល សុន្ទកថា​ទាំងឡាយ​បញ្ចូល​នូវ​ការអញ្ជើញ​មួយ ឬ​ច្រើន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការអញ្ជើញ​ទាំងនេះ ហើយ​ពិចារណា​ដោយ​ការអធិស្ឋាន​នូវ​អ្វី​ដែល​ពួកគេ​ទទួលអារម្មណ៍​ថា​ព្រះអម្ចាស់​នឹង​ឲ្យ​ពួកគេ​ធ្វើ ដើម្បី​អនុវត្ត​តាម​ការអញ្ជើញ​មួយ ។ ពួកគេ​ក៏​អាច​ពិចារណា​អំពី​របៀប​ដែល​ការ​ធ្វើ​តាម​ការអញ្ជើញ​នោះ​អាច​ជួយ​ពួកគេ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ធ្វើ​តាម​ការបំផុសគំនិត ។ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​អាច​មាន​នៅពេល​សិក្សា​សុន្ទរកថា​នោះ ។ ពួកគេ​អាច​ទទួល​បាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​ដាក់​គោលដៅ​ផ្ទាល់ខ្លួន​មួយ​របស់​ពួកគេ ឬ​ចែកចាយ​សារលិខិត​នេះ​ជាមួយ​បុគ្គល​ម្នាក់​ទៀត ។

ដាក់​ផែនការ ។ សិស្ស​អាច​ឆ្លើយ​សំណួរ​ដូចជា​ខាងក្រោម​នេះ​នៅក្នុង​ទិនានុប្បវត្តិ ឬ​ឧបករណ៍​ឌីជីថល ដើម្បី​ជួយ​ពួកគេ​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន ៖

  • តើ​ខ្ញុំ​ដាក់​ផែនការ​ធ្វើអ្វី​ខ្លះ ?

  • ហេតុអ្វី​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរតែ​ធ្វើ​បែប​នេះ ?

  • តើ​ខ្ញុំ​មាន​ផែនការ​ធ្វើ​វា​នៅ​ពេលណា ?

  • តើ​ខ្ញុំ​អាច​សុំ​ឲ្យ​នរណា​ជួយ​ខ្ញុំ ?

  • តើ​ព្រះអង្គសង្រ្គោះ​អាច​ជួយ​ខ្ញុំ​ដោយ​របៀប​ណា ?