ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក​ទី ១០ ៖ អេម៉ុស–ម៉ាឡាគី


« វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក​ទី ១០ ៖ អេម៉ុស–ម៉ាឡាគី » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក​ទី ១០ ៖ អេម៉ុស–ម៉ាឡាគី » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ម៉ាឡាគី ៖ មេរៀន​ទី ១៦០

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១០

អេម៉ុសម៉ាឡាគី

teen doing homework

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​គិត​ពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បានដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដកពិសោធន៍​ក្នុង​អំឡុង​ពេល​ការសិក្សា​ថ្មីៗ​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យមក​រៀន ដោយ​បាន​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​រូបភាព​ដែល​តំណាង​ឲ្យ​ទេពកោសល្យ ឬ​ជំនាញ​ដែល​ពួកគេ​បាន​អភិវឌ្ឍ របៀប​ដែល​ពួកគេ​រីកចម្រើន ឬ​បទពិសោធន៍​ដែល​ពួកគេ​មាន​កាល​ពី​ឆ្នាំមុន ឬ​ឆ្នាំ​មុនៗ​នេះ​បន្តិច ។ ប្រសិនបើ​ពួកគេ​មិន​អាច​រកឃើញ​រូបភាព​ទេ ពួកគេ​អាច​មាន​ឧទាហរណ៍​មួយ​ដើម្បី​ចែកចាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ថ្នាក់​របស់​អ្នក​ប្រហែល​ជា​ផ្តោត​ទៅ​លើ​លទ្ធផល​ផ្សេងៗ​គ្នា​នៅក្នុង​អេម៉ុស​តាមរយៈ​ម៉ាឡាគី​ពី​លទ្ធផល​ដែល​បាន​វាយតម្លៃ​នៅ​ក្នុង​មេរៀន​នេះ ។ បើ​ដូច្នេះ សូម​បត់បែន​សកម្មភាព​នេះ​ដើម្បី​វាយតម្លៃ​ពី​ការរីកចម្រើន​ដែល​សិស្ស​បាន​ដកពិសោធន៍​ចេញពី​លទ្ធផល​ដែល​អ្នក​បាន​ជ្រើសរើស ។ ដូច​គ្នា​នេះ​ដែរ អ្នក​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​គ្រប់​សកម្មភាព​ទាំងអស់​នោះ​ទេ ។ អ្នក​អាច​ជ្រើសរើស​សកម្មភាព​ដែល​អ្នក​មាន​អារម្មណ៍​ថា​ទាក់ទង​ជា​ពិសេស ឬ​មាន​ប្រយោជន៍​សម្រាប់​សិស្ស​របស់​អ្នក ។

នៅក្នុង​មេរៀននេះ សិស្ស​នឹង​មាន​ឱកាស​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ​ដូច​ខាងក្រោម ៖

  1. ពន្យល់​អំពី​តួនាទី​របស់​ពួកព្យាការី ។ ( កំណត់ចំណាំ  សកម្មភាព​នេះ​គឺ​ផ្អែក​លើ​ការបង្រៀន​ពី​មេរៀន​ទី ១៣៨ ៖ អេសេគាល ៣ និង​មេរៀន​ទី ១៤៩ ៖ « អេម៉ុស ៣; ៧ » ) ។

  2. ពន្យល់​ព្រះ​បរមងារ តួនាទី គុណលក្ខណៈ និង​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ( កំណត់ចំណាំ ៖ សកម្មភាព​នេះ​ទាញ​ចេញ​ពី​ការ​សិក្សា​ទូទៅ​របស់​សិស្ស​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ) ។

  3. រក្សា​ព្រះ​បញ្ញត្តិ​ដើម្បី​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ( កំណត់ចំណាំ ៖ សកម្មភាព​នេះ​គឺ​ផ្អែកលើ​ការបង្រៀន​ពី​មេរៀន​ទី ១៤២ ៖ « ដានីយ៉ែល ១ » ) ។

អ្នក​អាច​ជំនួស​សកម្មភាព​ទាំងនេះ​ជាមួយ​នឹង​សកម្មភាព​វាយតម្លៃ​សម្រាប់​មេរៀន​នៃ​ការរៀបចំ​ជីវិត ។ ការវាយតម្លៃ​សម្រាប់​មេរៀន​នៃ​ការរៀបចំ​ជីវិត​មាន​នៅ​ក្នុង ឧបសម្ព័ន្ធ នេះ ។

របៀប​ដែល​អ្នក​រីកចម្រើន

ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​រូបភាព​ដែល​តំណាង​ឲ្យ​ទេពកោសល្យ ឬ​ជំនាញ​ដែល​ពួកគេ​បាន​អភិវឌ្ឍ របៀប​ដែល​ពួកគេ​រីកចម្រើន ឬ​បទពិសោធន៍​ដែល​ពួកគេ​មាន​កាល​ពី​ឆ្នាំមុន ឬ​ឆ្នាំ​មុនៗ​នេះ​បន្តិច ។ ប្រសិនបើ​សិស្ស​មិន​មាន​រូបភាព​ទេ ពួកគេ​អាច​ចែកចាយ​ឧទាហរណ៍​មួយ ។ ពិចារណា​បង្ហាញ​រូបភាព​ដែល​បង្ហាញ​ពី​របៀប​ដែល​អ្នក​រីកចម្រើន​ក្នុង​ជីវិត​របស់​អ្នក ។

  • ហេតុ​អ្វី​បាន​ជា​ល្អ​ក្នុង​ការ​ផ្អាក​ម្តងម្កាល ហើយ​ចំណាំ​នូវ​អ្វី​ដែល​យើង​បាន​រៀន ឬ​របៀប​ដែល​យើង​រីកចម្រើន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​បាន​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ចូល​មក​កាន់​តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គូរ​ប្រអប់​ពីរ​ដូច​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

Study Journal Boxes

នៅ​ក្នុង​ប្រអប់​នីមួយៗ​សូម​គូរ ឬ​សរសេរ​វិធី​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​រីកចម្រើន ឬ​ចូល​មក​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ឆ្នាំ​នេះ ។ វា​អាច​ដូចជា « រូបភាព » ពី​បទពិសោធន៍​របស់​អ្នក ។ វា​អាច​រួមមាន ៖

  • វិធី​ដែល​អ្នក​កំពុង​ព្យាយាម​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះ​វរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ។ វា​អាច​រួមបញ្ចូល​គោលដៅ និង​ផែនការ​ដែល​អ្នក​បាន​ដាក់​ពេញ​មួយ​ឆ្នាំ ។ ប្រសិនបើ​អ្នក​បាន​ដាក់​ផែនការ​មួយ ពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ សូម​ពិចារណា​បញ្ចូល​បទគម្ពីរ​ទាំង​នោះ ។

  • បទគម្ពីរ ឬ​ការ​បង្រៀន​ដែល​បាន​ជួយ ឬ​ពង្រឹង​អ្នក ។ អ្នក​ប្រហែល​ជា​ចង់​បញ្ចូល​ខគម្ពីរ ឬ​ជំពូក​នានា​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដទៃ ។

  • បទពិសោធន៍​រីកចម្រើន​ដែល​អ្នក​បាន​មាន ដូច​ជា​ការ​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន ការ​បម្រើ​អ្នកដទៃ មាន​អារម្មណ៍​ថា​មាន​ជំនួយ​របស់​ព្រះអម្ចាស់​ក្នុង​ការ​សាកល្បង ឬ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​គំរូ​ពី​ព្រះគម្ពីរ ឬ​មិត្ត​រួម​ថ្នាក់ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួក​គេ​បាន​គូរ ឬ​សរសេរ ។ ដោយសារ​នេះ​ជា​ការ​បញ្ចប់​វគ្គ​សិក្សា​នេះ វា​អាច​ជា​ជំនួយ​ដើម្បី​មាន​សិស្ស​ច្រើន​នាក់​ចែកចាយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា នៅពេល​សិស្ស​ចែកចាយ សូម​រក​មើល​វិធី​ដើម្បី​ជួយ​ពួកគេ​ដឹង​ថា​អ្នក​ឲ្យ​តម្លៃ​លើ​ការ​ឆ្លើយតប​របស់​ពួកគេ ។ មុនពេល​សិស្ស​ចែកចាយ អ្នក​អាច​និយាយ​រឿង​ដូចជា « យើង​ចូលចិត្ត​ស្តាប់​អូលីវីយ៉ា » ឬ « ខ្ញុំ​ពិតជា​ចូលចិត្ត​គំនិត និង​បទពិសោធន៍​របស់​យ៉ូសែប​ណាស់ » ។ វា​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឈម​នឹង​សិស្ស និង​ធ្វើ​ទំនាក់ទំនងតាម​កែវ​ភ្នែក​ជាមួយ​ពួកគេ​នៅពេល​ពួកគេ​ចែកចាយ ។ បន្ទាប់​ពី​ពួកគេ​ចែកចាយ ពាក្យ « អរគុណ » ដោយ​ស្មោះ ឬ « ខ្ញុំ​ចូលចិត្ត​ស្តាប់​គំនិត​របស់​អ្នក​ណាស់ » ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ។ សម្រាប់​ការបំពាក់បំប៉ន​អំពី​កិច្ចការ​នេះ សូម​មើល « បង្កើត​បរិយាកាស​មួយ ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​ការគោរព ហើយ​ដឹង​ថា ការរួម​ចំណែក​របស់​ពួកគេ​មាន​តម្លៃ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សកម្មភាព​នេះ​នឹង​ក្លាយ​ជា​ការ​ប្រើប្រាស់​ពេលវេលា​ដ៏​ល្អ​សម្រាប់​មេរៀន​ភាគ​ច្រើន អ្នក​អាច​ផ្តល់​ឱកាស​ដល់​សិស្ស​គ្រប់​រូប​ដើម្បី​ចែកចាយ​រឿង​មួយ​ដែល​ពួកគេ​គូរ ឬ​សរសេរ ។ ឧទាហរណ៍ អ្នក​អាច​រៀបចំ​តុ​ជា​រង្វង់ ហើយ​សុំ​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​ទៅ​មុន ។ បន្ទាប់​មក​ដើរ​ជុំវិញ​រង្វង់​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ចែកចាយ ។ អនុញ្ញាត​ឲ្យ​សិស្ស​រំលង ប្រសិន​បើ​ពួកគេ​មិន​ចង់​ចែកចាយ​ទេ ។ នៅពេល​ពួកគេ​ចែកចាយ សូម​រកមើល​វិធី​ដើម្បី​ទទួលស្គាល់​ការខិតខំ​របស់​សិស្ស ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ និង​បញ្ជាក់​អំពី​អំណាច​នៃ​ព្រះគម្ពីរ ។

សូម​ពន្យល់​ពី​តួនាទី​នៃ​ពួកព្យាការី​របស់​ព្រះអម្ចាស់

សិស្ស​ប្រហែល​ជា​បាន​រៀន​អំពី​តួនាទី​របស់​ព្យាការី​របស់​ព្រះអម្ចាស់​នៅក្នុង​មេរៀន​ទី ១៣៨ ៖ « អេសេគាល ១–៣; ៣៣ » និង​មេរៀន​ទី ១៤៩ ៖ « អេម៉ុស ៣, ៧ » ។ សូម​ពិចារណា​ឲ្យ​សិស្ស​ប៉ុន្មាន​នាទី​ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​ទាំងនេះ ។ ពួកគេ​អាច​ធ្វើ​ការណ៍​នេះ​ដោយ​ពិនិត្យ​មើល អេសេគាល ៣:១០–១១, ១៦–១៧, អាម៉ុស ៣:៧ រួម​ជាមួយ​នឹង​កំណត់ចំណាំ​ណា​មួយ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​បទគម្ពីរ ឬ​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​អំពី​តួនាទី​របស់​ពួកព្យាការី ។

ដើម្បី​ណែនាំ​សកម្មភាព​ខាងក្រោម អ្នក​អាច​ពន្យល់​ថា សាសនាចក្រ​ដាក់​ធនធាន​លើ​អនឡាញ​សម្រាប់​អ្នក​ដែល​ចង់​រៀន​អំពី​ប្រធានបទ​មួយ​ចំនួន ។ ធនធាន​មួយ​គឺ ប្រធានបទ និង​សំណួរ នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ។

សូម​ប្រើ​ការណែនាំ​ខាង​ក្រោម​ដើម្បី​សរសេរ​​អត្ថបទ​ជា​ប្រយោគ​បី​ប្រយោគ​អំពី​ព្យាការី ដែល​អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ៖

  1. សូម​សរសេរ​ប្រយោគ​ដំបូង​របស់​អ្នក​ដោយ​ប្រើ​អ្វី​ដែល​អ្នក​រៀន​អំពី​តួនាទី​របស់​ពួកព្យាការី​មក​ពី អេសេគាល ៣:១០–១១, ១៦–១៧ ។

  2. សូម​សរសេរ​ប្រយោគ​ទីពីរ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​រៀន​អំពី​តួនាទី​របស់​ព្យាការី​មក​ពី អេម៉ុស ៣:៧ ។

  3. សូម​សរសេរ​ប្រយោគ​ទី​បី​ដោយ​ផ្អែក​លើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​សញ្ញាចាស់​អំពី​តួនាទី​របស់​ពួកព្យាការី ។

បន្ទាប់​ពី​សិស្ស​បាន​សរសេរ​អត្ថបទ​របស់​ពួកគេ​ហើយ អ្នក​អាច​បង្ហាញ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ​អំពី ពួកព្យាការី ពី​ប្រធានបទ និង​សំណួរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា ហើយ​មើល​ថា​តើ​មាន​អ្វី​ដែល​ពួកគេ​ចង់​បន្ថែម​ទៅ​ក្នុង​អត្ថបទ​របស់​ពួកគេ​ឬ​អត់ ។

ក៏​ដូចជា​ពួកព្យាការី​ពី​បុរាណ​ដែរ នោះ​ពួកព្យាការី​សម័យ​បច្ចុប្បន្ន​ថ្លែង​ទីបន្ទាល់​អំពី ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន ដំណឹងល្អ​ របស់​ទ្រង់ ។ ពួក​លោក​បង្ហាញ​ឲ្យ​ស្គាល់​នូវ​ព្រះហឫទ័យ និង​លក្ខណៈ​ពិត​របស់​ព្រះ ។ ពួក​លោក​មាន​ប្រសាសន៍​យ៉ាង​ក្លាហាន និង​ច្បាស់លាស់ ដោយ​ថ្កោល​ទោស​ចំពោះ​អំពើ​បាប និង​ព្រមាន​អំពី​ផលវិបាក​ទាំងឡាយ​របស់​អំពើបាប ។ ពេល​ខ្លះ ពួកលោក​អាច​នឹង​ត្រូវបាន​បំផុសគំនិត ឲ្យ​ព្យាករ​អំពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។ ( Topics and Questions « Prophets » បណ្ណាល័យ​ដំណឹងល្អ )

សូម​ពិចារណា​ដាក់​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​ចែកចាយ​អ្វី​ដែល​ពួក​គេ​បាន​សរសេរ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ប្រយោគ​មួយ ឬ​ច្រើន​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

ព្រះ​បរមងារ តួនាទី និង​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវគ្រីស្ទ

បង្ហាញ​រូបភាព​ជាច្រើន​នៃ​ព្រឹត្តិការណ៍​ព្រះគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​បង្ហាញ​ពី​ព្រះអង្គសង្គ្រោះ ឬ​ព្រះចេស្ដា​របស់​ទ្រង់ ។ រូបភាព​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ខ្លះៗ ៖

Collage
  • តើ​រូបភាព​នីមួយៗ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

រូបភាព​ទាំងនេះ​បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្កើត​ពិភពលោក បាន​ប្រោស​មនុស្ស​ដែល​បាន​មើល​សត្វ​ពស់​នៅលើ​ដំបង គាំទ្រ​ដល់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នៅក្នុង​គុក​ភ្លើង ហើយ​បិទ​មាត់​តោ ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​រំឭក​សិស្ស​ថា សត្វ​ពស់​នៅលើ​ដំបង គឺជា​និមិត្តសញ្ញា​នៃ​ព្រះអង្គសង្គ្រោះ​នៅលើ​ឈើឆ្កាង ( សូម​មើល យ៉ូហាន ៣:១៤ ) ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​រឿង​មួយ ឬ​ពីរ​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ​នៅ​ឆ្នាំ​នេះ ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក ។ រឿង​ទាំង​នេះ​អាច​មក​ពី​រឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ឬ​វា​អាច​ជា​ព្រះ​បរមងារ​មួយ​របស់​ព្រះអង្គសង្គ្រោះ និមិត្តសញ្ញា​របស់​ទ្រង់ ឬ​តួនាទី​មួយ​របស់​ទ្រង់ ។ ប្រសិន​បើ​អាច សូម​បញ្ចូល​សេចក្តី​យោង​បទគម្ពីរ​ជាមួយ​ការ​យល់ដឹង​របស់​អ្នក ។ ពន្យល់​ពី​មូលហេតុ​ដែល​ការ​យល់ដឹង​នេះ​មាន​អត្ថន័យ​សម្រាប់​អ្នក ។

សូមអញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​ចែកចាយ ។ រកមើល​វិធី​ដើម្បី​ជួយ​សិស្ស​ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ និង​តួនាទី​ជាច្រើន​ដែល​ទ្រង់​បំពេញ​នៅ​ក្នុង​ជីវិត​របស់​យើង ។

ការ​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​របស់​ព្រះអម្ចាស់

សូម​ពិចារណា​ពី​ការ​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​សួរ​សិស្ស​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​ដំណើរ​រឿង​ដែល​មាន​នៅក្នុង ដានីយ៉ែល ១ ។ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ប័ណ្ណប្រកាស​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ដែល​ពួកគេ​បាន​បង្កើត​នៅ​ក្នុង​មេរៀនទី ១៤២ ៖ « ដានីយ៉ែល ១ » ឬ​ដើម្បី​ព្យាយាម​ចងចាំ​នូវ​អ្វី​ដែល​ពួកគេ​បាន​រួមបញ្ចូល​នៅលើប័ណ្ឌនោះ ។

Daniel Refusing the King’s Meat and Wine, by Del Parson
  • តើ​អ្នក​នៅ​ចាំ​អ្វីខ្លះ​អំពី​រឿង​នេះ ?

នៅ​ក្នុង​មេរៀន​ទី ១៤២ ៖ « ដានីយ៉ែល ១ » សិស្ស​បាន​រៀន​ថា ការ​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​របស់​ព្រះអម្ចាស់​នាំ​មក​នូវ​ពរជ័យ​ខាង​រូបកាយ និង​ខាងវិញ្ញាណ ។ ដោយ​ជា​ផ្នែក​នៃ​មេរៀន​នោះ អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ប្រយោគ​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖ « រឿង​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺ … »

ដើម្បី​ជួយ​សិស្ស​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​ពី​របៀប​ដែល​ពួកគេ​បាន​បញ្ចប់​សេចក្តីថ្លែងការណ៍​នោះ ។ បន្ទាប់មក​បង្ហាញ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ។

សូម​ឆ្លើយ​សំណួរ​មួយ ឬ​ច្រើនខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​ខិតខំ​អ្វីខ្លះ​ដើម្បី​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ ពេល​ព្យាយាម​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ?

  • តើ​អ្នក​បាន​ឃើញ​ព្រះ​ប្រទាន​ពរ​ដល់​អ្នក ឬ​អ្នក​ដទៃ​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ​តាម​រយៈ​ការ​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដែរ​ឬ​ទេ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​នឹង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កែសម្រួល​ការខិតខំឬ ការតាំងចិត្ត​របស់​ពួកគេ​ដើម្បី​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ តាម​ការចាំបាច់ ។