« ម៉ាឡាគី ៤ ៖ អំណាចនៃការផ្សារភ្ជាប់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ម៉ាឡាគី ៤ ៖ អំណាចនៃការផ្សារភ្ជាប់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ាឡាគី ៖ មេរៀនទី ១៥៩
ម៉ាឡាគី ៤
អំណាចនៃការផ្សារភ្ជាប់
នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ព្រះអង្គសង្គ្រោះបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច តាមរយៈកូនសោនៃការផ្សារភ្ជាប់ ។ ម៉ាឡាគីបានព្យាករថា ព្រះអង្គសង្គ្រោះនឹងស្ដារកូនសោទាំងនេះឡើងវិញដើម្បី « បង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ( ម៉ាឡាគី ៤:៦ ) ។ មេរៀននេះអាចជួយសិស្សបង្វែរចិត្តរបស់ពួកគេមកឯឪពុកម្តាយ បុព្វការីជន និងកូនចៅជំនាន់ក្រោយរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីដើម្បីរុករកលើគេហទំព័រ FamilySearch.org ឬកម្មវិធី FamilySearch Tree ។ ឧទាហរណ៍ ពួកគេអាចចុចលើសាច់ញាតិនៅក្នុងមែកធាងគ្រួសាររបស់ពួកគេ ដើម្បីស្វែងយល់បន្ថែមអំពីពួកគេ ។ ឬពួកគេអាចបំពេញសកម្មភាពពង្សប្រវត្តិមួយចំនួនដែលមាននៅលើគេហទំព័រ ឬនៅក្នុងម៉ឺនុយ « ច្រើនទៀត » នៅលើកម្មវិធីនេះ ។ ប្រសិនបើសិស្សមិនមានសិទ្ធិចូលប្រើធនធានទាំងនេះទេ ពួកគេអាចជួបជាមួយឪពុកម្តាយ ឬសមាជិកគ្រួសារ ដើម្បីរៀនអ្វីថ្មីអំពីបុព្វការីជនម្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឫស និងមែក
សូមពិចារណាអញ្ជើញសិស្សឲ្យគូរដើមឈើដែលមានឫស និងមែកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សក៏អាចគូររូបនេះដាក់នៅលើក្ដារខៀនបានផងដែរ ។
-
ហេតុអ្វីបានជាទាំងឫស និងមែកចាំបាច់សម្រាប់សុខភាពដើមឈើ ?
សូមអញ្ជើញសិស្សឲ្យសរសេរឈ្មោះរបស់ពួកគេនៅលើដើមឈើដែលពួកគេបានគូរ ។
-
ប្រសិនបើដើមនៃដើមឈើនោះតំណាងឲ្យអ្នក តើឬស និងមែកអាចតំណាងឲ្យនរណា ?
ប្រសិនបើចាំបាច់ សូមពន្យល់ថានៅក្នុងបទគម្ពីរ ព្រះអម្ចាស់តែងតែប្រើប្រាស់ពាក្យប្រៀបធៀបអំពីដើមឈើដែលមានឫស និងមែក ដើម្បីបង្រៀនអំពីគ្រួសារ ។ អ្នកក៏អាចមើល « By the Hand of Elijah the Prophet » ( ៣:៣២ ) ចាប់ពីនាទីទី ០:០០ ដល់ ០:៣៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
3:32សូមអញ្ជើញសិស្សឲ្យដាក់ស្លាកឫស បុព្វការីជន និងមែក កូនចៅ ។ សូមផ្ដល់សេចក្តីណែនាំដូចខាងក្រោម ៖
-
នៅនឹងនឹងឫសនៅក្នុងគំនូររបស់អ្នក សូមសរសេរការពិពណ៌នាសង្ខេបអំពីអារម្មណ៍របស់អ្នកចំពោះបុព្វការីជនរបស់អ្នក ( ឪពុកម្តាយ និងជីដូនជីតា ជាដើម ) ។
-
នៅជិតនឹងមែកនៅក្នុងគំនូររបស់អ្នក សូមសរសេរអ្វីដែលអ្នកសង្ឃឹមសម្រាប់អនាគតកូនចៅរបស់អ្នក ឬអ្វីដែលអ្នកស្រមៃនៅពេលអ្នកគិតអំពីពួកគេ ( កូនៗ និងចៅៗ ជាដើម ) ។
នៅពេលអ្នកសិក្សា ម៉ាឡាគី ៤ សូមពិចារណាពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីពង្រឹង និងការពារឫស និងមែកនៃមែកធាងគ្រួសាររបស់អ្នក ។ អ្នកអាចនឹងការអធិស្ឋានស្ងាត់ៗ ដោយទូលសូមព្រះវរបិតាសួគ៌ដើម្បីជួយអ្នកឲ្យយល់ពីអ្វីដែលអ្នកអាចធ្វើដើម្បីពង្រឹងគ្រួសារដ៏អស់កល្បជានិច្ចរបស់អ្នក ។
ដោយសារសិស្សមកពីស្ថានភាពក្នុងផ្ទះផ្សេងៗគ្នា វាជារឿងសំខាន់ក្នុងការនិយាយអំពីគោលលទ្ធិនៃគ្រួសារដ៏អស់កល្បជានិច្ចដោយការយកចិត្តទុកដាក់ និងការយល់ដឹង ។ សូមរំឭកសិស្សថា ព្រះអង្គសង្គ្រោះជ្រាបយ៉ាងច្បាស់អំពីកាលៈទេសៈរបស់ពួកគេ ហើយអាចផ្តល់នូវក្តីសង្ឃឹម និងការប្រោសឲ្យជា ជាចាំបាច់សម្រាប់គ្រួសារកាលពីអតីត បច្ចុប្បន្ន និងអនាគតរបស់ពួកគេ តាមរយៈដង្វាយធួនរបស់ទ្រង់ ។
ការព្យាកររបស់ម៉ាឡាគី
សូមអាន ម៉ាឡាគី ៤:១ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីឫស និងមែកនៅក្នុងការព្យាករនៃការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
ផ្អែកលើអ្វីដែលអ្នកបានរៀនអំពីឫស និងមែក តើអ្នកគិតថាព្រះអង្គសង្គ្រោះកំពុងបង្រៀនអ្វីខ្លះ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ដូចខាងក្រោមនេះ ៖
បើគ្មានការផ្សារភ្ជាប់ដែលបង្កើតក្រុមគ្រួសារដ៏អស់កល្បជានិច្ច ហើយភ្ជាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀតទេ នោះយើងនឹងត្រូវបានទុកចោលនៅក្នុងភាពអស់កល្បជានិច្ច ដោយគ្មានទាំងឫស ឬមែក— ដែលគ្មានទាំងបុព្វការីជន ឬកូនចៅទេ ។ ( « អំណាចនៃការផ្សារភ្ជាប់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ២១ )
ជញ្ជឹងគិតថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកមិនអាចត្រូវបានផ្សារភ្ជាប់ ឬរួបរួមជារៀងរហូតជាមួយគ្រួសារដែលអ្នកស្រឡាញ់ ។
ម៉ាឡាគី ៤:៥–៦ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីឲ្យពួកគេអាចងាយរកវាឃើញ ។
សូមអាន ម៉ាឡាគី ៤:៥–៦ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងធ្វើ ដើម្បីឲ្យក្រុមគ្រួសារអាចត្រូវបានផ្សារភ្ជាប់ជាមួយគ្នា ។ លេខយោងអាចជួយនៅពេលអ្នកអាន ។
-
តើអ្នកយល់អ្វីខ្លះអំពីការព្យាករនេះ ? តើអ្នកមានសំណួរអ្វីខ្លះ ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការយល់ដឹងពីការព្យាកនេះ សូមពិចារណាអញ្ជើញពួកគេឲ្យភ្ជាប់ ឬធ្វើសេចក្តីយោងបទគម្ពីរ ម៉ាឡាគី ៤:៥–៦ ទៅ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១៣–១៦; ១៣៨:៤៧–៤៨ ។ សិស្សអាចអានវគ្គបទគម្ពីរទាំងនេះ ដោយស្វែងរកការយល់ដឹងបន្ថែមអំពីការព្យាកររបស់ម៉ាឡាគី ។
សូមជួយសិស្សឲ្យរកឃើញថា ព្រះអង្គសង្គ្រោះបានបញ្ជូនអេលីយ៉ាមកដើម្បីស្ដារកូនសោនៃការផ្សារភ្ជាប់ ហើយបង្វែរចិត្តរបស់គ្រួសារមកឯគ្នា ទៅវិញទៅមក ។ ការសន្យានេះត្រូវបានបំពេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៨៣៦ នៅពេលដែលអេលីយ៉ាបានបង្ហាញខ្លួនដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ កូនសោនៃការផ្សារភ្ជាប់ដែលលោកបានស្ដារឡើងវិញ ធ្វើឲ្យពិធីបរិសុទ្ធដ៏ពិសិដ្ឋមានគុណតម្លៃនៅលើផែនដី និងនៅស្ថានសួគ៌ ។ ការណ៍នេះរួមបញ្ចូលទាំងពិធីបរិសុទ្ធដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមពិចារណាអំពីការបង្ហាញរូបភាពនៃព្រះវិហារបរិសុទ្ធមួយ និងសេចក្តីថ្លែងការណ៍ដូចខាងក្រោម ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីអែលឌើរ គ្រីស្តូហ្វឺសិន ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានពរដល់យើងដោយអំណាចនៃការផ្សារភ្ជាប់របស់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ៖
[ នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ] យើងឃើញពីភាពអស្ចារ្យ និងភាពពិសិដ្ឋនៃអំណាចនៃការផ្សារភ្ជាប់—វាធ្វើឲ្យបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ទទួលបានសេចក្តីសង្គ្រោះ និងភាពលើកតម្កើងដែលវាមានជាសកលសម្រាប់បុត្រាបុត្រីរបស់ព្រះនៅគ្រប់ទីកន្លែង និងគ្រប់ពេលខណៈពេលរស់នៅលើផែនដី ។ គ្មានទ្រឹស្ដី ឬទស្សនវិជ្ជា ឬសិទ្ធិអំណាចណាផ្សេងអាចប្រៀបផ្ទឹមនឹងឱកាសដែលរួមបញ្ចូលពិធីការទាំងអស់នេះទេ ។ អំណាចនៃការផ្សារភ្ជាប់នេះគឺជាការបង្ហាញដ៏ឥតខ្ចោះអំពីសេចក្ដីយុត្តិធម៌ ក្តីមេត្តា និងក្តីស្រឡាញ់របស់ព្រះ ។ …
ការបើកសម្តែងដ៏ខ្ពង់ខ្ពស់ និងបរិសុទ្ធបំផុតនៃអំណាចនៃការផ្សារភ្ជាប់គឺនៅក្នុងការរួបរួមដ៏អស់កល្បរបស់បុរស និងស្ត្រីនៅក្នុងចំណងអាពាហ៍ពិពាហ៍ និងការផ្សារភ្ជាប់មនុស្សលោកទៅគ្រប់ជំនាន់របស់ពួកគេ ។ ( « អំណាចនៃការផ្សារភ្ជាប់ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ២០, ២១ )
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ចេញពីសេចក្តីថ្លែងការណ៍នេះ ?
-
តើកិច្ចការព្រះវិហារបរិសុទ្ធបានជួយអ្នកឲ្យមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយ ឬបង្វែរចិត្តអ្នកមកឯសមាជិកគ្រួសារពីអតីត បច្ចុប្បន្ន ឬអនាគតយ៉ាងដូចម្ដេច ?
ការបង្វែរចិត្តយើង
សកម្មភាពខាងក្រោមអាចជួយសិស្សពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយបុព្វការីជនរបស់ពួកគេ និងធ្វើការសម្រេចចិត្តដែលនឹងផ្តល់ពរដល់កូនចៅរបស់ពួកគេ ។ អាស្រ័យលើពេលវេលាដែលមាន អ្នកអាចអញ្ជើញសិស្សឲ្យបំពេញសកម្មភាពមួយ ឬទាំងពីរនេះ ។ សូមពិចារណាកែសម្រួលសេចក្តីណែនាំនេះដើម្បីបំពេញតាមតម្រូវការសិស្សរបស់អ្នក ។ ឧទាហរណ៍ អ្នកអាចលុប ឬកែប្រែការណែនាំដែលតម្រូវឲ្យប្រើប្រាស់បច្ចេកវិទ្យា ប្រសិនបើសិស្សរបស់អ្នកមិនមាន ។
សកម្មភាព ក ៖ បង្វែរដួងចិត្តអ្នកទៅកាន់បុព្វការីជន ។
បំពេញកិច្ចការមួយ ឬច្រើនខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមគិតពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះ និងព្រះចេស្ដានៃការផ្សាភ្ជាប់របស់ទ្រង់ពង្រឹងបុព្វការីជនរបស់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយពួកគាត់ ។ កត់ត្រាអ្វីដែលអ្នករៀននៅជិតនឹង « ឫស » នៃគំនូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
សូមសរសេរអនុស្សាវរីយ៍វិជ្ជមានដែលអ្នកមានអំពីឪពុក ឬម្តាយ ឬជីតា ឬជីដូន ឬអានអំពីបុព្វការីជននៅក្នុងផ្នែក « កម្រងអនុស្សាវរីយ៍ » នៅលើគេហទំព័រ FamilySearch.org ឬកម្មវិធីរបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ គិតអំពីមូលហេតុដែលព្រះអង្គសង្គ្រោះអាចនឹងសព្វព្រះទ័យឲ្យអ្នកភ្ជាប់ជាមួយបុព្វការីជនរូបនេះ ។
-
សិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៦–១៨ ដោយរកមើលមូលហេតុដែលការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ និងកិច្ចការព្រះវិហារបរិសុទ្ធផ្សេងទៀតសម្រាប់បុព្វការីជនរបស់អ្នក គឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះ ។
-
ស្វែងរក « ពង្សប្រវត្តិ » នៅក្រោមប្រធានបទនៅក្នុងផ្នែកសន្និសីទទូទៅនៅក្នុងបណ្ណាល័យដំណឹងល្អ ។ ជ្រើសរើសសុន្ទរកថាមួយ ហើយសិក្សាវាខ្លះៗ ឬទាំងអស់ ។
-
ស្វែងរកមែកធាងគ្រួសាររបស់អ្នកសម្រាប់បុព្វការីជនដែលត្រូវការពិធីបុណ្យជ្រមុជទឹក ។ ប្រសិនបើអាចធ្វើបាន សូមចូលទៅកាន់គេហទំព័រ temples.ChurchofJesusChrist.org ហើយធ្វើការណាត់ជួបដើម្បីបញ្ចប់ពិធីបុណ្យជ្រមុជទឹក ។
សកម្មភាព ខ ៖ បង្វែរដួងចិត្តរបស់អ្នកទៅកូនចៅរបស់អ្នក ។
បំពេញកិច្ចការមួយ ឬច្រើនខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះ និងព្រះចេស្ដានៃការផ្សារភ្ជាប់របស់ទ្រង់ជួយអ្នកពង្រឹងកូនចៅរបស់អ្នក ។ កត់ត្រាអ្វីដែលអ្នករៀននៅជិតនឹង « មែក » នៃគំនូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ពិនិត្យមើលសំណួរដែលបានសួរនៅក្នុងការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយគិតពិចារណាពីរបៀបដែលចម្លើយរបស់អ្នកអាចផ្តល់ពរដល់គ្រួសាររបស់អ្នកឥឡូវនេះ និងគ្រួសាររបស់អ្នកនាពេលអនាគត ។ សំណួរទាំងនេះអាចរកបាននៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។
-
សូមស្វែងរក បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ដោយរកមើលឃ្លាដែលអាចរៀបចំអ្នកដើម្បីផ្ដល់ពរដល់អនាគតស្វាមី ឬភរិយា និងកូនៗរបស់អ្នក ។
-
សូមសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥–១៧; ៦៨:២៥–២៨ ដោយរកមើលអ្វីដែលព្រះអម្ចាស់បង្រៀនអំពីអាពាហ៍ពិពាហ៍ និងការចិញ្ចឹមកូន ។ គិតអំពីរបៀបដែលជម្រើសដែលអ្នកធ្វើនៅពេលនេះអាចមានឥទ្ធិពលលើអាពាហ៍ពិពាហ៍នាពេលអនាគតរបស់អ្នក និងរបៀបដែលអ្នកនឹងចិញ្ចឹមកូនរបស់អ្នក ។
-
សរសេរសំបុត្រមួយច្បាប់ទៅអនាគតស្វាមី ឬភរិយា ឬកូនៗរបស់អ្នក ពន្យល់ពីអ្វីដែលអ្នកកំពុងធ្វើឥឡូវនេះ ដើម្បីមានភាពស័ក្តិសមក្នុងការចូលព្រះវិហារបរិសុទ្ធ និងដើម្បីរៀបចំសម្រាប់គ្រួសារដ៏អស់កល្បជានិច្ច ។
នៅពេលពួកគេបានបញ្ចប់ហើយ សូមពិចារណាអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ពីសកម្មភាពនេះ ។ ការណ៍នេះអាចរួមបញ្ចូលអ្វីដែលពួកគេបានសរសេរនៅជាប់នឹងឫស ឬមែកក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សិស្សក៏អាចចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ និងតួនាទីរបស់ទ្រង់ក្នុងការជួយយើងឲ្យទទួលបានពរជ័យនៃគ្រួសារដ៏អស់កល្បជានិច្ចមួយផងដែរ ។
ទន្ទេញ
អ្នកអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះក្នុងអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ាឡាគី ៤:៥–៦ គឺ « អេលីយ៉ា ‹ នឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ › » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ » ។