ថ្នាក់​សិក្ខាសាលា
អេសាយ ២៩ ៖ « ការណ៍​អស្ចារ្យ ហើយ​ចម្លែក »


« អេសាយ ២៩ ៖ ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ២៩ ៖ ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ ៖ មេរៀន​ទី ១១៨

អេសាយ ២៩

« ការណ៍​អស្ចារ្យ ហើយ​ចម្លែក »

Joseph Smith's First Vision

តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​មរមន​អស្ចារ្យ​យ៉ាងណា​ចំពោះ​អ្នក ? អេសាយ​បានពិពណ៌នា​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​ការចេញ​មក​នៃ​ព្រះគម្ពីរមរមន ដូចជា « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » ( អេសាយ ២៩:១៤ ) ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​មាន​អំណរគុណ​ចំពោះ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​មរមន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ឲ្យ​និយមន័យ​ពាក្យ​ស្ញប់ស្ញែង និង​អស្ចារ្យ ។ ដោយ​ប្រើ​និយមន័យ​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ខគម្ពីរ ឬ​ដំណើររឿង​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ស្ញប់ស្ញែង ឬ​អស្ចារ្យ​សម្រាប់​ពួកគេ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការក្បត់​សាសនា

ការមើលឃើញ​ពី​តម្រូវការ​សម្រាប់​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ វា​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការយល់​ពី​ការក្បត់​សាសនា​ដ៏​ធំ ។

ដើម្បី​ធ្វើ​ដូច្នេះ សូម​ប្រាប់​សិស្ស​ថា​ពួកគេ​នឹង​ព្យាយាម​ទស្សន៍ទាយ​ពី​ព្រឹត្តិការណ៍​មួយ​ដោយ​ផ្អែក​លើ​តម្រុយ​នានា ។ បន្ទាប់មក​បង្ហាញ​ឃ្លា​ខាងក្រោម​ម្តងមួយៗ នៅពេល​សិស្ស​ព្យាយាម​ទស្សន៍ទាយ « ការក្បត់​សាសនា​ដ៏​ធំ » ។ នៅពេល​សិស្ស​កំណត់​វា​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​លើកដៃ​របស់​ពួកគេ​ឡើង ប៉ុន្តែ​មិន​ទាន់​ចែកចាយ​ចម្លើយ​នៅឡើយ​ទេ ។

ប្រើ​ឃ្លា​ខាងក្រោម​នេះ​ដើម្បី​កំណត់​ថា​ព្រឹត្តិការណ៍​អ្វី​ត្រូវ​បាន​ពិពណ៌នា ៖

  • « សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី » ( អេសាយ ៦០:២ )

  • « អំណត់​ខាង​ឯ​ការ​ឮ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​វិញ » ( អេម៉ុស ៨:១១ )

  • « ឆ្កែ​ព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា » ( កិច្ចការ ២០:២៩ )

  • « សេចក្តី​ក្បត់​សាសនា » ( ថែស្សាឡូនីច ទី២ ២:៣ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​យល់​អំពី​ការក្បត់​សាសនា​ដ៏​ធំ ។

បើចាំបាច់ អ្នក​អាច​ចែកចាយ​ថា ការក្បត់​សាសនា​ដ៏​ធំ​សំដៅ​ទៅលើ « មាន​នូវ​ការរីករាលដាល​នៃ​ការធ្លាក់ចុះ​ចេញពី​ដំណឹងល្អ និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ដែល​បានកើត​ឡើង​បន្ទាប់ពី​ការសុគត​របស់​ព្រះអង្គសង្រ្គោះ និង​ពួក​សិស្ស​របស់​ទ្រង់ ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ទំព័រ ៣៧ ) ។

ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​មើល « What Is the Restoration? » ដែល​មាន​នៅ​ឯ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទីទី ០:៣២ ដល់ ២:០៩ ។

5:13

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការពន្យល់​ដល់​សិស្ស​ថា ការព្យាករ​របស់​អេសាយ​ជា​ច្រើន​បានសំដៅ​ទៅលើ​រយៈពេល​ខុសៗ​គ្នា ហើយ​មាន​ការបំពេញ​ជា​ច្រើន ។ ឧទាហរណ៍ អេសាយ ២៩ គឺជា​ការព្យាករ​មួយ​សម្រាប់​ប្រជាជន​របស់​អេសាយ​ថា ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ឆាប់ៗ​នេះ ។ ទោះជា​យ៉ាងណា ការព្យាករ​របស់​លោក​នៅក្នុង អេសាយ ២៩ ក៏​អាច​យោង​ទៅ​ការក្បត់​សាសនា​ដ៏​ធំ ( សូមមើល នីហ្វៃទី២ ២៧ ) ។

សូម​អាន អេសាយ ២៩:៨–១០ ដោយ​រកមើល​ការពិពណ៌នា​អំពី​ការក្បត់សាសនា​ដ៏​ធំ ។

  • តើ​វគ្គបទគម្ពីរ​នេះ​ពិពណ៌នា​អំពី​មនុស្ស​ដែល​បាន​បោះបង់ ឬ​មិន​ដែល​បានចូល​ទៅ​រក​សេចក្ដីពិត​របស់​ព្រះអម្ចាស់​ដោយសារ​ការក្បត់​សាសនា​ដ៏​ធំ​យ៉ាង​ដូចម្ដេច ?

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មនុស្ស​ជាច្រើន​នៅតែ​ស្រេកឃ្លាន ភ្ញាក់ផ្អើល ឬ​ដេក​លក់​ខាងវិញ្ញាណ ។ យើង​ក៏​អាច​ធ្វើ​ការជ្រើសរើស​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់​ដែរ ។ សូម​ចំណាយពេល​បន្តិច​ដើម្បី​ពិចារណា​ពី​របៀប​ដែល​អ្នក ឬ​អ្នក​ដែល​អ្នក​ស្រឡាញ់​អាច​មាន​អារម្មណ៍​បែប​នេះ ។

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹងគុណ​ចំពោះ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ ហើយ​ងាក​មក​រក​ទ្រង់​ទាំងទ្វេ ។

ការណ៍​អស្ចារ្យ ហើយ​ចម្លែក

សូម​អាន អេសាយ ២៩:៤ ដើម្បី​កំណត់​នូវ​អ្វី​ដែល​អេសាយ​បានព្យាករ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង ដើម្បី​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការក្បត់សាសនា​ដ៏​ធំ ។

ដើម្បី​ជួយ​សិស្ស​យល់​ថា ខទី ៤ គឺ​សំដៅ​ទៅ​លើ​ព្រះគម្ពីរ​មរមន នោះ​អ្នក​អាច​ផ្តល់​ដល់​សិស្ស​នូវ​ឯកសារ​យោង​ខគម្ពីរ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

  • នីហ្វៃទី២ ៣៣:១៣

  • មរមន ៨:២៣

  • កថាខណ្ឌ​ចុងក្រោយ « ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ » ចេញពី​ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​បង្ហាញ​ឯកសារ​យោង​ទាំងអស់​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​វា​ឲ្យ​បានច្រើន​តាម​ដែល​ពួកគេ​ត្រូវការ ដើម្បី​កំណត់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បានប្រទាន​ពរ​ដល់​យើង ។ សិស្ស​អាច​ជ្រើសរើស​ឯកសារ​យោង​ទាំងនេះ​មួយ ឬ​ច្រើន និង​ឯកសារ​យោងឆ្លង ឬ​ភ្ជាប់​វា​ទៅ អេសាយ ២៩:៤ ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន អេសាយ ២៩:១១–១២ ហើយ​ស្វែងរក​ឃ្លា​ផ្សេង​ទៀត​ដែល​អាច​យោង​ទៅ​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ សិស្ស​អាច​គូស​ចំណាំ « បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ … សៀវភៅ​នេះ » ( អេសាយ ២៩:១២ ) ។ ឃ្លា​នេះ​សំដៅ​ទៅ​លើ យ៉ូសែប ស្ម៊ីធ ដែល​បាន​ទទួល​ការសិក្សា​ត្រឹមត្រូវ​បាន​តិចតួច​បំផុត ។ ប្រសិនបើ​សិស្ស​មិន​ដឹង អ្នក​អាច​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅលើ​ព្រឹត្តិការណ៍​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដែល​មាន​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦២–៦៥ ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ អេសាយ ២៩:១៣–១៤ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន អេសាយ ២៩:១៣–១៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​ដើម្បី​យក​ឈ្នះ​លើ​ការក្បត់​សាសនា​ដ៏​ធំ ។

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់​ពី​អ្វី​ជា​ការណ៍​អស្ចារ្យ ហើយ​ចម្លែក ៖

Official portrait of President Russell M. Nelson taken January 2018

ការណ៍​អស្ចារ្យ [ ហើយ​ចម្លែក ] នោះ​នឹង​រួមបញ្ចូល​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ ( « Scriptural Witnesses »Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៤៦ )

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​យើង​អាច​រៀន​បាន​ដោយ​របៀបណា អេសាយ ២៩:១៣–១៤ ?

    សិស្ស​អាច​ចែកចាយ​អ្វីមួយ​ស្រដៀង​ទៅ​នឹង​ខាងក្រោម ៖ ព្រះអម្ចាស់​បានស្ដារ​ឡើងវិញ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ដើម្បី​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការក្បត់​សាសនា​ដ៏​ធំ ។

    សូម​ពន្យល់​ថា ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​គឺជា « ជា​ការតាំង​ឡើងវិញ​របស់​ព្រះ​នូវ​សេចក្ដីពិត និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅក្នុង​ចំណោម​មនុស្ស​លោក​នៅលើ​ផែនដី » ( « ការសាង​ឡើងវិញ​នៃ​ដំណឹងល្អ » សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​មើល​វីដេអូ « What Is the Restoration? » ចាប់ពី​នាទី​ទី ២:០៩ ដល់​នាទី​ទី ៥:១៣ ។

    5:13

    ដើម្បី​ជួយ​សិស្ស​វិភាគ​ពី​សេចក្តីពិត​នេះ សូម​ពិចារណា​ដាក់​ពួកគេ​ជា​ក្រុម ដើម្បី​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម ។

  • តើ​សេចក្តីពិត​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​យកឈ្នះ​លើ​ការលំបាក​ខាងវិញ្ញាណ​ដែល​បណ្តាល​មកពី​ការក្បត់​សាសនា​ដ៏​ធំ​ដោយ​របៀបណា ?

ពរជ័យ​នៃ​ការណ៍​អស្ចារ្យ ហើយ​ចម្លែក

ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​មើលឃើញ​ពី​របៀប​ដែល​ការស្ដារឡើងវិញ និង​ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការក្បត់​សាសនា​ដ៏​ធំ ។

សរសេរ​សំណួរ « តើ​ព្រះអម្ចាស់​អាច​ប្រទាន​ពរ​ដល់​ខ្ញុំ​តាមរយៈ​ការស្ដារឡើងវិញ និង​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ? » នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។ សូម​អាន អេសាយ ២៩:១៨–១៩ ហើយ​សរសេរ​អ្វី​ដែល​អ្នក​រកឃើញ​ដែល​ឆ្លើយ​សំណួរ​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​បន្ថែម​ចម្លើយ និង​គំនិត​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ នៅពេល​ពួកគេ​បន្ត​រៀនសូត្រ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ការណ៍​អស្ចារ្យ និង​ចម្លែក​នៃ​ព្រះគម្ពីរ​មរមន​អាច​ប្រទានពរ​ដល់​យើង នោះ​អ្នក​អាច​ចែកចាយ​ការបង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​វីដេអូ​ខាងក្រោម​ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

« ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាងណា បើ​គ្មាន​គម្ពីរ​នេះ ? » ចាប់ពី​នាទីទី ៥:៣៨ ដល់ ៨:៤៤ ។

15:2

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​សិស្ស​ឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន ឬ​ការស្ដារ​ឡើងវិញ​គឺ​អស្ចារ្យ​ចំពោះ​ពួកគេ ។ ត្រូវ​ប្រាកដ​ថា​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​សកម្មភាព​ដោយ​ជោគជ័យ ។

អ្នក​អាច​ដាក់បង្ហាញ​ការណែនាំ​សម្រាប់​សកម្មភាព​នីមួយៗ​នៅលើ​ក្ដារខៀន ។

សូម​បំពេញ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម​នេះ ៖

សកម្មភាព​ទី ១

កំណត់​ខគម្ពីរ​មួយ ឬ​ដំណើររឿង​មួយ​ចេញពី​ព្រះគម្ពីរ​មរមន ដែល​នាំ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​មាន​ប្រយោជន៍ អ្នក​អាច​មើល​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ។

ពន្យល់​ពី​មូលហេតុ​ដែល​វា​អស្ចារ្យ​ចំពោះ​អ្នក ។

សកម្មភាព​ទី ២

ស្វែងរក​គោលលទ្ធិ ពិធីបរិសុទ្ធ ពរជ័យ ឬ​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( ពួក​ព្យាការី​សម័យ​ទំនើប ព្រះវិហារ​បរិសុទ្ធ បព្វជិតភាព ជាដើម ) ដែល​ជួយ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ពន្យល់​ពី​មូលហេតុ​ដែល​វា​អស្ចារ្យ​ចំពោះ​អ្នក ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ជា​ក្រុម​តូចៗ ហើយ​ចែកចាយ​ការពន្យល់​របស់​ពួកគេ ។

សូម​ពិចារណា​អំពី​ការបញ្ចប់​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ការស្ដារឡើងវិញ និង​ព្រះគម្ពីរ​មរមន ។ សូម​ពិចារណា​ចែកចាយ​អារម្មណ៍​របស់​អ្នក​ពី​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​ការស្ដារឡើងវិញ ឬ​ព្រះគម្ពីរ​មរមន ។

ទន្ទេញ

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អេសាយ ២៩:១៣–១៤ គឺ « ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ជា ‹ ការណ៍​អស្ចារ្យ ហើយ​ចម្លែក › » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។