« យ៉ូប ២១–២៤; ៣៨–៤០; ៤២ ៖ ការមើលឃើញការសាកល្បងដោយទស្សនវិស័យដ៏អស់កល្បមួយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូប ២១–២៤; ៣៨–៤០; ៤២ ៖ ការមើលឃើញការសាកល្បងដោយទស្សនវិស័យដ៏អស់កល្បមួយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ មេរៀនទី ៩៩
យ៉ូប ២១–២៤; ៣៨–៤០; ៤២
ការមើលឃើញការសាកល្បងដោយទស្សនវិស័យដ៏អស់កល្បមួយ
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា ? តើមានសំណួរផ្សេងទៀតដែលអ្នកបានសួរក្នុងអំឡុងពេលការសាកល្បងរបស់អ្នកដែរទេ ? ដោយគ្មានបានទទួលផល យ៉ូប និងមិត្តភក្តិរបស់លោកបានព្យាយាមកំណត់មូលហេតុនៃការរងទុក្ខរបស់យ៉ូប ។ ខណៈដែលព្រះមិនបានផ្តល់ហេតុផល ទ្រង់បានជួយយ៉ូបឲ្យមើលឃើញការសាកល្បងរបស់លោកក្នុងរបៀបដ៏ខ្ពង់ខ្ពស់ និងដ៏បរិសុទ្ធ ។ មេរៀននេះអាចផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីជួយអ្នកដទៃឲ្យមើលឃើញការសាកល្បងរបស់ពួកគេ ដោយទស្សនវិស័យដ៏អស់កល្បមួយ ។
ការរៀបចំសិស្ស ៖ ផ្តល់ឲ្យសិស្សនូវសំណួរ « ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យយើងជួបប្រទះនឹងការសាកល្បង ? » សូមអញ្ជើញពួកគេឲ្យស្វែងរកចម្លើយដោយប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ដូចជាព្រះគម្ពីរ ការបង្រៀនពីថ្នាក់ដឹកនាំសាសនាចក្រ ឬឪពុកម្តាយរបស់ពួកគេ ។ ពួកគេក៏អាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិពីរបៀបដែលពួកគេនឹងឆ្លើយសំណួរនេះផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីរឿងអាក្រក់បានកើតឡើង ?
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ។ អញ្ជើញសិស្សក្នុងថ្នាក់ឲ្យបង្កើតសំណួរពីរទៀតដែលសិស្សអាចសួរខណៈពេលដែលព្យាយាមយល់ពីការសាកល្បងរបស់ពួកគេ ។ បន្ថែមសំណួរទាំងពីរនេះទៅលើក្ដារខៀន ហើយដាក់លេខ ៥ និង ៦ ។ សំណួរទាំងនេះនឹងត្រូវបានយោងនៅមេរៀននេះ ។
-
« ខ្ញុំច្បាស់ជាធ្វើអ្វីៗគ្រប់យ៉ាងខុសហើយ ។ ហេតុអ្វីបានជាជីវិតខ្ញុំពិបាកម្ល៉េះ ? »
-
« ប្រសិនបើខ្ញុំធ្វើតាមដំណឹងល្អ ហេតុអ្វីបានជាខ្ញុំមិនអាចចៀសផុតពីការសាកល្បង និងការរងទុក្ខបាន ? »
-
« ខ្ញុំគិតថាព្រះស្រឡាញ់ខ្ញុំ ។ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យជីវិតខ្ញុំលំបាកម្ល៉េះ ? »
-
« ប្រសិនបើព្រះមានពិតមែន ហេតុអ្វីបានជាទ្រង់មិនបញ្ឈប់ការរងទុក្ខរបស់មនុស្ស ? »
-
-
សំណួរទាំងនេះអាចជួយដើម្បីដឹងថាសិស្សមួយចំនួនប្រហែលជាបានសួរសំណួរស្រដៀងគ្នានេះក្នុងអំឡុងពេលសាកល្បងដែរ ។ សូមលើកទឹកចិត្តសិស្សឲ្យមានចិត្តសប្បុរស និងការគោរព នៅពេលពួកគេពិភាក្សាសំណួរខាងក្រោម ។
-
តើមនុស្សអាចនឹងមានការសន្មតអ្វីខ្លះនៅពេលពួកគេសួរសំណួរបែបនេះ ?
បន្ទាប់ពីការពិភាក្សា អ្នកអាចអញ្ជើញសិស្សឲ្យពិចារណាសំណួរខាងក្រោមនេះ ។ ពួកគេអាចសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកគិតថាអ្នកអាចជួយនរណាម្នាក់ឲ្យងាកទៅរកព្រះអម្ចាស់ ហើយស្វែងរកចម្លើយចំពោះសំណួរប្រភេទនេះដែរឬទេ ? ហេតុអ្វីជួយ ឬហេតុអ្វីមិនជួយ ?
ការសិក្សាប្រភពដែលបានតែងតាំងដ៏ទេវភាពអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងការសិក្សារបស់យើង ។ សូមយកចិត្តទុកដាក់លើការយល់ដឹងដែលទ្រង់អាចនឹងបង្រៀនអ្នក នៅពេលអ្នកអានបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ក្នុងមេរៀននេះ ។ ពិចារណាពីរបៀបដែលការយល់ដឹងទាំងនេះអាចជួយអ្នកដទៃឆ្លើយសំណួរអំពីការសាកល្បងរបស់ពួកគេ ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការសាកល្បងផ្ទាល់ខ្លួនរបស់អ្នក ។
យ៉ូប និងមិត្តភក្តិរបស់លោក
សូមពិចារណាបង្ហាញរូបភាពរបស់យ៉ូប ដូចជារូបដែលមាននៅខាងដើមមេរៀននេះ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាដោយសង្ខេបជាមួយដៃគូអំពីអ្វីដែលពួកគេចងចាំអំពីដំណើររឿងរបស់យ៉ូប ។ បន្ទាប់មក អ្នកអាចចែកចាយដូចខាងក្រោម ៖
ក្នុងអំឡុងពេលការសាកល្បងរបស់យ៉ូប លោកមានមិត្តភក្តិបីនាក់បានទៅសួរសុខទុក្ខលោក ។ យ៉ូប និងមិត្តភក្តិរបស់លោកបានព្យាយាមកំណត់មូលហេតុនៃការរងទុក្ខរបស់លោក ។ ទស្សនៈមានកម្រិតរបស់ពួកគេនាំឲ្យមានការសន្មតមិនត្រឹមត្រូវ ។
ដោយប្រើខគម្ពីរខាងក្រោម សូមពិចារណាអំពីការអញ្ជើញសិស្សនៅខាងឆ្វេងដៃឲ្យសិក្សាពីអ្វីដែលយ៉ូបបានជឿអំពីការរងទុក្ខរបស់លោក និងសិស្សនៅខាងស្តាំដៃត្រូវសិក្សាពីអ្វីដែលមិត្តរបស់យ៉ូប អេលីផាសបានជឿ ។ ឬអ្នកអាចសង្ខេបខគម្ពីរទាំងនេះ ហើយបន្តទៅចំណងជើង « ទស្សនវិស័យដ៏អស់កល្បមួយ » ។ ការសង្ខេបនឹងផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់សិស្សក្នុងការសិក្សាសេចក្តីសន្និដ្ឋាននៃដំណើររឿងរបស់យ៉ូប និងដើម្បីពិភាក្សាលើសំណៅមេរៀននេះ ។
-
សូមអាន យ៉ូប ១៩:៦–១១ ដោយរកមើលអ្វីដែលយ៉ូបសន្មតអំពីព្រះ ។
-
សូមអាន យ៉ូប ២២:៥–១០ ដោយរកមើលអ្វីដែលអេលីផាសសន្មតអំពីយ៉ូប ។
-
តើមនុស្សម្នាក់ៗមានការសន្មតមិនត្រឹមត្រូវអ្វីខ្លះ ?
ប្រសិនបើសិស្សត្រូវការជំនួយដើម្បីយល់ពីអ្វីដែលពួកគេអាន អ្នកអាចពន្យល់ថា យ៉ូបទទួលអារម្មណ៍ថា ព្រះបានបណ្តាលឲ្យមានការសាកល្បងរបស់លោក ហើយបានបោះបង់លោក ។ អេលីផាសបានចោទប្រកាន់យ៉ូបថាធ្វើបាបអ្នកឯទៀត ។ លោកជឿថាការរងទុក្ខរបស់យ៉ូបគឺជាលទ្ធផលនៃអំពើទុច្ចរិត ។
ទស្សនវិស័យដ៏អស់កល្បមួយ
នៅពេលយ៉ូបបន្តតស៊ូក្នុងការសាកល្បងរបស់លោក ព្រះបានមានបន្ទូលទៅលោក ។ ព្រះបានសួរយ៉ូបនូវសំណួរជាច្រើនអំពីការបង្កើតពិភពលោក ដែលយ៉ូបមិនអាចឆ្លើយបាន ( សូមមើល យ៉ូប ៣៨–៤១ ) ។
សូមអាន យ៉ូប ៣៨:៤–៧ ដោយរកមើលឧទាហរណ៍នៃសំណួរដែលព្រះបានសួរយ៉ូប ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីការឆ្លើយតបរបស់ព្រះចំពោះអសមត្ថភាពរបស់យ៉ូបក្នុងការឆ្លើយតបទៅទ្រង់ ៖
វាដូចជាប្រសិនបើព្រះបានមានព្រះបន្ទូលដោយអត់ធ្មត់ និងដោយសប្បុរសទៅកាន់យ៉ូបថា « ប្រសិនបើឯងមិនអាចឆ្លើយសូម្បីតែសំណួររបស់យើងអំពីផែនដីដែលយើងបានបង្កើតផង តើវាអាចទៅរួចទេដែលឯងយល់អំពីច្បាប់ដ៏អស់កល្បជានិច្ច ? តើមានការសន្មតដែលឯងបានធ្វើមិនត្រឹមត្រូវទេ ? តើឯងយល់ពីការជំរុញចិត្តរបស់យើង និងរបៀបដែលផែនការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើងដំណើរការដែរឬទេ ? ហើយតើឯងអាចមើលឃើញជាមុននូវជោគវាសនារបស់ឯងដែរឬទេ ? »
ព្រះទ្រង់ជ្រាបថា ផ្នែកដ៏សំខាន់នៃបទពិសោធន៍ជីវិតរមែងស្លាប់របស់យើងគឺការមិនដឹងអ្វីគ្រប់យ៉ាង ។ មានអ្វីមួយអំពីការទុកចិត្តលើទ្រង់ ដែលអនុញ្ញាតឲ្យយើងរីកចម្រើនដើម្បីប្រែក្លាយដូចជាទ្រង់ ។ ( « Trust God and Let Him Prevail » Liahona ខែសីហា ឆ្នាំ២០២២ ទំព័រ ៥ )
-
តើសេចក្ដីថ្លែងការណ៍នេះជួយឲ្យអ្នកយល់អ្វីខ្លះអំពីព្រះ និងការសាកល្បង ?
នៅពេលសិស្សឆ្លើយ សូមពិចារណាដោយចង្អុលបង្ហាញថា ព្រះមិនបានផ្តល់ហេតុផលសម្រាប់ការរងទុក្ខរបស់យ៉ូបទេ ។
សូមអាន យ៉ូប ៤២:១–៦ ដោយរកមើលចម្លើយរបស់យ៉ូបចំពោះព្រះអម្ចាស់ ។
-
តើការឆ្លើយតបរបស់យ៉ូប មានអ្វីដែលអ្នកចាប់អារម្មណ៍ ?
-
តើអ្នកបានរៀនអ្វីខ្លះពីដំណើររឿងរបស់យ៉ូប ដែលអាចជួយយើងយល់កាន់តែច្បាស់អំពីការសាកល្បងរបស់យើង ?
សិស្សអាចរកឃើញសេចក្តីពិតជាច្រើន រួមទាំង ព្រះអាចជួយយើងឲ្យមើលឃើញការសាកល្បងរបស់យើងដោយទស្សនវិស័យដ៏អស់កល្បមួយ ។
យ៉ូបបានទទួលស្គាល់ការយល់ដឹងមានកម្រិតរបស់លោកធៀបនឹងចំណេះដឹងរបស់ព្រះ ហើយយ៉ូបបានផ្លាស់ប្ដូររបៀបដែលលោកគិតពីការសាកល្បងរបស់លោក ។ លោកបានដឹងថា ការរងទុក្ខរបស់លោកមិនមែនជាលទ្ធផលនៃអំពើបាប ឬការដាក់ទណ្ឌកម្មដ៏ទេវភាពនោះទេ ។ ព្រះបានប្រទានពរដល់យ៉ូបយ៉ាងខ្លាំងនៅចុងបញ្ចប់នៃជីវិតរបស់លោក ( សូមមើល យ៉ូប ៤២:១២–១៣ ) ។
ការយល់ដឹងអំពីការសាកល្បង
យើងប្រហែលជាមិនតែងតែយល់អំពីមូលហេតុសម្រាប់បញ្ហាប្រឈមរបស់យើងជានិច្ចនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានប្រទានប្រភពដ៏ទេវភាព ដែលអាចជួយយើងឲ្យគិតពីការសាកល្បងរបស់យើងជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ។
សូមពិចារណាផ្តល់ឲ្យសិស្សនូវសំណៅមេរៀនដែលមានចំណងជើងថា « ស្វែងយល់ពីការសាកល្បង » ។ សិស្សអាចបំពេញកិច្ចការនេះដោយខ្លួនឯង ដើម្បីអាចមានពេលគិតពិចារណាផ្ទាល់ខ្លួន ។ ឬពួកគេអាចសិក្សាសំណៅមេរៀនជាគូ ឬជាក្រុមតូចៗ ដើម្បីបង្កើនការយល់ដឹង ឬការចូលរួមរបស់សិស្ស ។
ជំនួសឲ្យការប្រើសំណៅមេរៀននោះ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកពាក្យដូចជា « ទុក្ខលំបាក » ឬ « ការសាកល្បង » នៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីទទួលបានការយល់ដឹងដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីការសាកល្បង ។
នៅពេលសិស្សបំពេញសំណៅមេរៀនរួចហើយ សូមពិចារណាអញ្ជើញពួកគេឲ្យអានសំណួរទាំងប្រាំមួយឡើងវិញអំពីការសាកល្បងដែលបានសរសេរនៅលើក្ដារខៀននៅពេលចាប់ផ្តើមថ្នាក់ ។ បន្ទាប់មក អ្នកអាចដឹកនាំការពិភាក្សាក្នុងថ្នាក់មួយជាមួយនឹងសំណួរដូចជាខាងក្រោម ៖
-
តើអ្នកបានរៀនអ្វីខ្លះដែលអាចជួយនរណាម្នាក់ដែលមានសំណួរទាំងនេះគិតពីការសាកល្បងរបស់ពួកគេដោយនូវទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើអ្នកបានឃើញការបង្រៀនដែលអ្នកបានសិក្សាពិតនៅក្នុងការសាកល្បងរបស់អ្នកដោយរបៀបណា ?
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកស្តាប់នូវអ្វីដែលអ្នកដទៃកំពុងចែកចាយ ?
អ្នកក៏អាចមើល « Why Do Bad Things Happen to Good People? » ( ៤:៣៩ )ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgផងដែរ ។ សូមអញ្ជើញសិស្សឲ្យរកមើលអ្វីដែល ប្រូក បានរៀនពីការសាកល្បងរបស់គាត់ ។
សេចក្ដីបញ្ចប់
អនុញ្ញាតឲ្យសិស្សសម្តែងជាជួយអ្នកដទៃគិតពីការសាកល្បងរបស់ពួកគេដោយនូវទស្សនវិស័យដ៏អស់កល្បមួយ ។ អ្នកអាចធ្វើដូចនេះបានដោយដាក់សិស្សជាគូ ។ ផ្តល់គ្រាប់ឡុកឡាក់មួយគ្រាប់ដល់គូនីមួយៗ ។ សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ។ អ្នកអាចកែប្រែការណែនាំ ប្រសិនបើមិនមានគ្រាប់ឡុកឡាក់ទេ ។
សូមយោងទៅលើសំណួរទាំងប្រាំមួយអំពីការសាកល្បងដែលបានសរសេរនៅលើក្ដារខៀន នៅពេលអ្នក និងដៃគូរបស់អ្នកបំពេញសកម្មភាពខាងក្រោមនេះ ៖
-
ជ្រើសរើសបុគ្គលម្នាក់ឲ្យបោះគ្រាប់ឡុកឡាក់ ។
-
ប្រសិនបើអ្នកបោះគ្រាប់ឡុកឡាក់ សូមសួរដៃគូរបស់អ្នកនូវសំណួរនៅលើក្ដារខៀន ដែលត្រូវនឹងលេខគ្រាប់ឡុកឡាក់ដែលអ្នកបានបោះ ។ ( ឧទាហរណ៍ ប្រសិនបើអ្នកបោះចំលេខ មួយ អ្នកនឹងសួរ « ខ្ញុំច្បាស់ជាធ្វើអ្វីៗគ្រប់យ៉ាងខុសហើយ ។ ហេតុអ្វីបានជាជីវិតខ្ញុំពិបាកម្ល៉េះ ? » )
-
ប្រសិនបើអ្នកមិនបានបោះគ្រាប់ឡុកឡាក់ទេ សូមឆ្លើយសំណួរដែលដៃគូរបស់អ្នកសួរ ។ ប្រើការយល់ដឹងដែលអ្នកទទួលបានពីថ្នាក់ ដើម្បីជួយដៃគូរបស់អ្នកគិតពីការសាកល្បងរបស់ពួកគេដោយនូវទស្សនវិស័យដ៏អស់កល្បមួយ ។ រួមបញ្ចូលគំនិត ឬអារម្មណ៍ដែលអ្នកមានអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។
-
ប្តូរកិច្ចការ ហើយធ្វើសកម្មភាពនេះម្តងទៀត ។ ប្រសិនបើបោះគ្រាប់ឡុកឡាក់ចំលេខដដែល ចូរបោះម្តងទៀត ។
សូមពិចារណាការបញ្ចប់ដោយបន្ថែមសាក្សីរបស់អ្នកទៅនឹងអ្វីដែលសិស្សបានចែកចាយនៅថ្ងៃនេះ ។