« របាក្សត្រ ទី២ ១៧–២០ ៖ ការស្វែងរកគោលការណ៍នៅក្នុងបទគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« របាក្សត្រ ទី២ ១៧–២០ ៖ ការស្វែងរកគោលការណ៍នៅក្នុងបទគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ មេរៀនទី ៩១
របាក្សត្រ ទី២ ១៧–២០
ការស្វែងរកគោលការណ៍នៅក្នុងបទគម្ពីរ
តើអ្នកធ្លាប់ឆ្ងល់ទេ ថាតើអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីចូលទៅជិតព្រះយេស៊ូវគ្រីស្ទនោះ ? ស្ដេចយ៉ូសាផាតក្នុងព្រះគម្ពីរសញ្ញាចាស់ជាគំរូដ៏អស្ចារ្យមួយក្នុងការធ្វើដូច្នេះ ។ រាស្ដ្ររបស់ទ្រង់បានឃ្លាតឆ្ងាយពីព្រះ ហើយចូលរួមក្នុងការថ្វាយបង្គំរូបព្រះ ។ យ៉ូសាផាតបានជ្រើសរើសធ្វើតាមព្រះយេហូវ៉ា ហើយបានជួយរាស្ដ្ររបស់ទ្រង់ឲ្យធ្វើដូចគ្នា ។ មេរៀននេះអាចជួយសិស្សរៀនសម្គាល់គោលការណ៍នៃដំណឹងល្អពីបទគម្ពីរ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលពួកគេកំពុងរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាលក្ខណៈគ្រួសាររបស់ពួកគេ ។ ពួកគេអាចមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយគោលការណ៍មួយដែលពួកគេបានរកឃើញ និងរបៀបដែលវាជួយពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យុថ្កានៃសុវត្ថិភាព
សូមបង្ហាញរូបភាពខាងក្រោមពីមនុស្សម្នាក់កំពុងឡើងភ្នំ ។
-
ប្រសិនបើអ្នកឡើងភ្នំ តើអ្នកត្រូវការឧបករណ៍អ្វីខ្លះ ?
-
ហេតុអ្វីបានជាឧបករណ៍នេះចាំបាច់ ?
-
ប្រសិនបើយើងប្រៀបធៀបជីវិតរបស់យើងទៅនឹងការឡើងភ្នំ តើព្រះអម្ចាស់បានប្រទានអ្វីខ្លះដល់អ្នក ដើម្បីជួយអ្នកឲ្យទទួលបានជោគជ័យដោយសុវត្ថិភាព ?
សិស្សអាចចែកចាយចម្លើយផ្សេងៗគ្នា ។ នៅពេលពួកគេឆ្លើយ សូមថ្លែងអំណរគុណដល់ពួកគេចំពោះការឆ្លើយតបរបស់ពួកគេ ហើយសួរថាហេតុអ្វីបានជារឿងទាំងនេះអាចជួយបាន ។ ចម្លើយខាងក្រោមគឺជាចំណុចសំខាន់នៃមេរៀននេះ ។
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
អ្នក និងខ្ញុំអាចធានាបាននូវការឈានដល់គោលដៅស័ក្តិសមនៅក្នុងជីវិតដោយការយល់ដឹង និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវដែលមានឫសគល់នៅក្នុងសេចក្តីពិតដែលបានបង្ហាញឲ្យឃើញ ។
គោលការណ៍ទាំងឡាយគឺជាយុថ្កានៃសុវត្ថិភាព ។ វាប្រៀបដូចជាយុថ្កាដែកដែលអ្នកឡើងភ្នំប្រើដើម្បីឡើងទៅដល់ខាងលើភ្នំដែលខ្ពស់ចោតខ្លាំង ។ វានឹងជួយអ្នកមានទំនុកចិត្តក្នុងកាលៈទេសៈថ្មី និងមិនធ្លាប់ស្គាល់ ។ វានឹងផ្តល់ឲ្យអ្នកនូវការការពារនៅក្នុងព្យុះនៃជីវិត ។ ( « The Power of Correct Principles » Ensign ខែឧសភា ឆ្នាំ១៩៩៣ ទំព័រ ៣២ )
របៀបមួយក្នុងចំណោមរបៀបដែលព្រះវរបិតាសួគ៌បានប្រទានដល់យើងពេញដោយក្ដីស្រឡាញ់នូវគោលការណ៍សេចក្តីពិតគឺតាមរយៈព្រះគម្ពីរទាំងឡាយ ។ នៅពេលយើងសិក្សាព្រះគម្ពីរ យើងស្វែងរកដើម្បីកំណត់គោលការណ៍ទាំងនេះ ឬសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិត ដែលអាចជួយយើងក្នុងជីវិតរបស់យើង ។
វាអាចនឹងមានប្រយោជន៍ក្នុងការឲ្យសិស្សជញ្ជឹងគិតអំពីសមត្ថភាពបច្ចុប្បន្នរបស់ពួកគេក្នុងការកំណត់គោលការណ៍នៅក្នុងព្រះគម្ពីរ ។ នេះគឺជារបៀបមួយដែលអាចធ្វើការណ៍នេះបាន ។
សូមចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ខ្ញុំក្នុងការកំណត់គោលការណ៍ទាំងឡាយកម្រិតណា ?
-
តើខ្ញុំយល់ច្បាស់អំពីរបៀបដែលគោលការណ៍ទាំងឡាយអាចជួយខ្ញុំក្នុងជីវិតរបស់ខ្ញុំប៉ុនណា ?
នៅពេលអ្នកសិក្សាមេរៀននេះអំពីជីវិតរបស់យ៉ូសាផាត សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសម្គាល់គោលការណ៍នៃសេចក្តីពិតដែលអាចជួយអ្នក ។
គោលការណ៍ទាំងឡាយពីជីវិតរបស់យ៉ូសាផាត
បន្ទាប់ពីបិតាទ្រង់បានសុគត យ៉ូសាផាតឡើងសោយរាជ្យនៅស្រុកយូដា ។ អ៊ីស្រាអែល និងយូដាបានឃ្លាតចេញពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ពួកគេថ្វាយបង្គំរូបព្រះក្លែងក្លាយ ។
សូមអាន របាក្សត្រ ទី២ ១៧:៣–៤; ១៩:៤ និងមើលពីរបៀបដែលអ្នករៀនអំពីយ៉ូសាផាត ។ ( ចំណាំ ៖ ព្រះបាលសំដៅលើព្រះក្លែងក្លាយ ) ។
-
តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីយ៉ូសាផាត ?
នៅពេលយ៉ូសាផាតឡើងកាន់អំណាច ប្រជារាស្រ្តរបស់ទ្រង់បានក្បត់សាសនា ។ យ៉ូសាផាតបានធ្វើការខិតខំប្រឹងប្រែងជាច្រើននៅទូទាំងនគររបស់ទ្រង់ ដើម្បីជួយរាស្ដ្ររបស់ទ្រង់ឲ្យដើរតាមព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) ។ ក្នុងគ្រានោះ ពួកខ្មាំងសត្រូវរបស់យ៉ូសាផាតបានឡើងមកច្បាំងនឹងប្រជារាស្ត្ររបស់ទ្រង់ ។ អ្វីដែលបានកើតឡើងនៅក្នុងកាលៈទេសៈទាំងនេះបង្ហាញពីគោលការណ៍ផ្សេងៗគ្នា ។
សូមពិចារណាពន្យល់ពីជំនាញសិក្សាខាងក្រោម ដើម្បីកំណត់ពីគោលការណ៍ទាំងឡាយ ។
របៀបមួយដើម្បីកំណត់គោលការណ៍មួយគឺរកមើលថាតើកិច្ចការពីរទាក់ទងគ្នាយ៉ាងដូចម្តេច ។ ឧទាហរណ៍ ៖ ដោយសារ ក, ខ កើតឡើង ។ ឬដោយសារបុគ្គលម្នាក់ធ្វើរឿង ក ព្រះអម្ចាស់សន្យា ឬប្រទានរឿង ខ ។
សូមអានខគម្ពីរខាងក្រោមជាថ្នាក់ ដើម្បីផ្តល់ឱកាសឲ្យសិស្សអនុវត្តប្រើប្រាស់ជំនាញនេះ ។
សូមអាន របាក្សត្រ ទី២ ១៧:៦ និង ១៩:៣ ដោយរកមើលគោលការណ៍ទាំងឡាយនៅក្នុងជីវិតរបស់យ៉ូសាផាត ។ ( ចំណាំ ៖ ទីខ្ពស់ និងរូបព្រះគឺជាកន្លែងថ្វាយបង្គំព្រះក្លែងក្លាយ ) ។
គោលការណ៍មួយចំនួនដែលសិស្សអាចកំណត់គឺ ៖
-
នៅពេលយើងផ្ដោតជីវិតរបស់អ្នកលើព្រះ នោះយើងអាចកាន់តែងាយយកអំពើអាក្រក់ចេញពីជីវិតរបស់យើង ( សូមមើល របាក្សត្រ ទី២ ១៧:៦ ) ។
-
នៅពេលយើងយកអំពើអាក្រក់ចេញពីជីវិតរបស់យើង នោះយើងកាន់តែរៀបចំខ្លួនដើម្បីស្វែងរកព្រះ ( សូមមើល របាក្សត្រ ទី២ ១៩:៣ ) ។
-
ហេតុអ្វីបានជាគោលការណ៍ទាំងនេះមានប្រយោជន៍ ?
បន្ទាប់ពីកំណត់គោលការណ៍ពីខគម្ពីរមុនជាថ្នាក់ហើយ សូមអញ្ជើញសិស្សឲ្យអនុវត្តការកំណត់គោលការណ៍ជាក្រុមតូចៗ ឬដោយខ្លួនឯង ។ សូមឲ្យពួកគេប្រើខគម្ពីរខាងក្រោម ។
សូមអាន របាក្សត្រ ទី២ ២០:១–៩, ១៤–១៧, ២០–២២ ដោយរកមើលគោលការណ៍សេចក្តីពិតបន្ថែមទៀត ។
គោលការណ៍មួយចំនួនដែលសិស្សអាចកំណត់គឺ ៖
-
នៅពេលយើងតមអាហារ និងអធិស្ឋានសម្រាប់ការជួយសង្រ្គោះ នោះព្រះអម្ចាស់គង់នៅជាមួយយើងនៅក្នុងការប្រឈមឧបសគ្គរបស់យើង ( សូមមើល របាក្សត្រ ទី២ ២០:១–៤, ១៤–១៧ ) ។
-
នៅពេលយើងស្វែងរកព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងស្ដាប់ឮ ហើយជួយយើង ( សូមមើល របាក្សត្រ ទី២ ២០:៩ ) ។
-
នៅពេលយើងជឿលើព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ នោះយើងនឹងរីកចម្រើនឡើង ( សូមមើល របាក្សត្រ ទី២ ២០:២០ ) ។
-
នៅពេលយើងសរសើរតម្កើងព្រះអម្ចាស់តាមរយៈតន្ត្រីដ៏សុចរិត នោះទ្រង់នឹងប្រទានពរយើង ( សូមមើល របាក្សត្រ ទី២ ២០:២១–២២ ) ។
ប្រសិនបើសិស្សពិបាកក្នុងការកំណត់គោលការណ៍ទាំងឡាយ សូមពិចារណាសរសេរគោលការណ៍មួយចំនួន ឬទាំងអស់ខាងលើនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យរកមើលថាខគម្ពីរណាមួយដែលបានសិក្សាបង្រៀនគោលការណ៍នីមួយៗនោះ ។
ការយល់ដឹងអំពីគោលការណ៍ទាំងឡាយ
សម្រាប់សកម្មភាពខាងក្រោម សិស្សអាចប្រើគោលការណ៍ណាមួយខាងលើ ឬពួកគេអាចប្រើគោលការណ៍ដែលពួកគេបានរៀនថ្មីៗនេះក្នុងការសិក្សាផ្ទាល់ខ្លួន ឬការសិក្សាជាគ្រួសាររបស់ពួកគេ ។
សូមជ្រើសរើសគោលការណ៍ដែលអ្នកចង់ស្វែងយល់បន្ថែមអំពី ។ រៀបចំសុន្ទរកថាដែលមានរយៈពេលពីរនាទីអំពីសេចក្តីពិតនេះ ដែលរួមមានដូចខាងក្រោម ៖
-
ខគម្ពីរមួយ ឬខគម្ពីរជាច្រើនដែលអ្នកអាននៅក្នុង របាក្សត្រទី២ អំពីគោលការណ៍នេះ ហើយហេតុអ្វីបានជាអ្នកជ្រើសរើសវា
-
បទគម្ពីរ ឬប្រសាសន៍របស់ព្យាការីផ្សេងទៀត ដែលជួយអ្នកយល់ពីគោលការណ៍នេះ
-
គ្រាមួយនៅពេលព្រះអង្គសង្គ្រោះ ឬអ្នកផ្សេងទៀតនៅក្នុងបទគម្ពីរ ឬប្រវត្តិសាសនាចក្របានធ្វើជាគំរូដល់គោលការណ៍នេះ
-
របៀបដែលអ្នកមានអារម្មណ៍ថាគោលការណ៍នេះមកពីព្រះអម្ចាស់អាចជួយយើង ឬរក្សាយើងឲ្យមានសុវត្ថិភាព
-
បទពិសោធន៍មួយ នៅពេលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានប្រព្រឹត្តតាមគោលការណ៍នេះ និងពរជ័យណាមួយពីព្រះអម្ចាស់ដែលបានមកជាលទ្ធផលនៃការធ្វើតាម
សិស្សអាចចែកចាយសុន្ទរកថារបស់ពួកគេជាមួយដៃគូ ឬក្រុមតូច ។ ឬអ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ដែលបានសិក្សាគោលការណ៍ផ្សេងៗដើម្បីចែកចាយសុន្ទរកថារបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ នៅចន្លោះសុន្ទរកថារបស់សិស្សម្នាក់ៗ អ្នកអាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយមតិយោបល់ ឬសំណួរដែលពួកគេមានអំពីគោលការណ៍ដែលសិស្សបានចែកចាយ ។
ត្រូវប្រាកដថា អ្នកបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់សិស្សដើម្បីរៀបចំ និងចែកចាយសុន្ទរកថារយៈពេលពីរនាទីរបស់ពួកគេ ។
-
ចេញពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ហេតុអ្វីបានជាវាមានប្រយោជន៍ក្នុងការខិតខំស្វែងរកគោលការណ៍ដែលព្រះអម្ចាស់បានប្រទានដល់យើងនៅក្នុងព្រះគម្ពីរ ?
-
តើអ្នកអាចប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះនៅក្នុងការសិក្សាជាគ្រួសារ និងផ្ទាល់ខ្លួនអ្នកដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ ដោយភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនទៅនឹងជីវិតរបស់ពួកគេពីព្រះគម្ពីរ ។ សំណួរពីមុនគឺជាឧទាហរណ៍នៃការលើកទឹកចិត្តសិស្សឲ្យភ្ជាប់អ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់សិក្ខាសាលាជាមួយនឹងការសិក្សារបស់ពួកគេនៅផ្ទះ ។ អ្នកប្រហែលជាចង់រកមើលរបៀបផ្សេងទៀតដើម្បីធ្វើកិច្ចការនេះ ។ អ្នកក៏អាចសួរថាតើអ្វីដែលពួកគេកំពុងរៀននៅផ្ទះភ្ជាប់ទៅនឹងអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់សិក្ខាសាលាយ៉ាងដូចម្តេច ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការណ៍នេះ សូមមើល « អភិវឌ្ឍ និងសួរសំណួរដែលជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់ពួកគេ ទៅនឹងបទពិសោធន៍នៅក្នុងថ្នាក់រៀន » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ) ។